Loading...

អ៊ីវ៉ា មានផលិតកម្ម២ ទាក់ទង ពេលនេះនាងកំពុងពិចារណា

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 3:34 am

ប៉ុន្មានឆ្នាំចុងក្រោយនេះ អាជីពចម្រៀងរបស់កញ្ញាឃីន ស្រីនាថ ហៅអ៊ីវ៉ា ហាក់ពិបាកទាញសំឡេងគាំទ្រ ដោយសារតែពុំសូវមានបទផ្ទុះបុកចំបេះដូងយុវវ័យ ខណៈដែលបទចម្រៀងរបស់នាងក៏មានតិចនៅលើទីផ្សារផងនោះ។

កន្លងមកធ្លាប់ផ្ទុះដំណឹងថា អ៊ីវ៉ា គ្រោងចេញពីសាន់ដេ ចូលថោន នៅពេលដែលសាន់ដេ លើកស្ទួយតែសុខ ពិសី ធ្វើឱ្យនាងអន់ចិត្ត។ ប៉ុន្តែក្រោយមក អ៊ីវ៉ា ក៏សុខចិត្តបន្តកុងត្រាថ្មីជាមួយសាន់ដេ ក្នុងរយៈពេលខ្លី ដែលតាមដំណឹងថា នៅសល់រយៈពេលតែខ្ទង់កន្លះឆ្នាំទៀតប៉ុណ្ណោះ នាងនឹងផុតកុងត្រាជាមួយសាន់ដេ។

យោងតាមដំណឹងចុងក្រោយគួរឱ្យទុកចិត្តពីអ្នកសិល្បៈស្និទ្ធជាមួយអ៊ីវ៉ា បានបង្ហើបឱ្យដឹងថា អ៊ីវ៉ា ត្រូវបានផលិតកម្មរស្មីហង្សមាស តាមទាក់ទង ពោលគឺបើនាងចង់ចេញពីសាន់ដេ នោះហង្សមាស នឹងទទួលយកនាងភ្លាម និងជួយជ្រោមជ្រែងឱ្យនាងទាញបានការគាំទ្រខ្លាំងទៀតផង។ ប៉ុន្តែទន្ទឹមនោះ ផលិតកម្មថោន ក៏ចង់បាននាងផងដែរ។

ក្នុងជំនួបជាមួយអ៊ីវ៉ា ថ្មីៗនេះ នាងបានទទួលស្គាល់ថា ពិតជាមានផលិតកម្មធំៗ ២ទាក់ទងនាងមែន តែនាងសុំមិនបញ្ជាក់ថា ជាផលិតកម្មណាមួយឱ្យពិតប្រាកដនោះទេ។

អ៊ីវ៉ា និយាយថា “មានផលិតកម្មធំៗផ្សេងទៀត ទាក់ទងខ្ញុំមែន ប៉ុន្តែបច្ចុប្បន្ន ខ្ញុំនៅជាប់កុងត្រាជាមួយសាន់ដេ នៅឡើយ គឺរយៈពេលជាងកន្លះឆ្នាំទៀត ទើបចប់កុងត្រា ដូច្នេះ ខ្ញុំកំពុងស្ថិតក្នុងការពិចារណា មិនទាន់សម្រេចថា ត្រូវចាកចេញឬយ៉ាងណានោះទេ”។

អ៊ីវ៉ា អះអាងថា បើនាងចេញពីសាន់ដេ ទៅផលិតកម្មផ្សេងនោះ គឺនាងនឹងទៅស្ងាត់ៗ ហើយចេញបទចម្រៀងនៅផលិតកម្មថ្មី ធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលតែម្តង។

អ៊ីវ៉ា សុំមិនបញ្ជាក់ថា រស្មីហង្សមាស និងថោន ស្ថិតក្នុងជម្រើសរបស់នាង ឬយ៉ាងណានោះទេ ត្បិតអីក្នុងដំណាក់កាលនេះ នាងជាតារាចម្រៀងរបស់សាន់ដេ ដែលមិនអាចនិយាយអ្វីច្រើនលើសពីនេះបានទេ។

អ៊ីវ៉ា ជាតារាចម្រៀងដែលមានទឹកដមសំឡេងក្រអួនក្រអៅ និងមានរូបសម្រស់លេចធ្លោមួយរូបនៅទ្រនំសាន់ដេ ប៉ុន្តែការឈរជើងនៅសាន់ដេ មួយរយៈចុងក្រោយនេះ នាងហាក់ពិបាកទាញសំឡេងគាំទ្រ ដែលនាំឱ្យមានការលើកឡើងថា ដោយសារតែសាន់ដេ មិនជួយជ្រោមជ្រែងនាងពេញទំហឹងដូចជួយលើកស្ទួយសុខ ពិសី ទើបនាងពិបាកទាញការគាំទ្រ ហើយតាមដំណឹងថា អ៊ីវ៉ា ក៏អន់ចិត្តចំពោះបញ្ហានេះដែរ ទើបនាងចង់ផ្លាស់ប្តូរទ្រនំ។ ទន្ទឹមនឹងនោះ តារាចម្រៀងសាន់ដេ ក៏បានរត់ចេញជាបន្តបន្ទាប់ដែរ ទាំងលោកកែវ វាសនា ចេញពីសាន់ដេ ចូលថោន ហើយអ្នកនាងសុខ ស្រីនាង រត់ចូលរស្មីហង្សមាស ស្ងាត់ៗ និងកំពុងត្រៀមចេញបទថ្មីក្នុងពេលឆាប់ៗ។

មានការលើកឡើងថា ប្រសិនបើអ៊ីវ៉ា ចូលទ្រនំហង្សមាស ហើយហង្សមាស ជួយជ្រោមជ្រែងនាងពេញទំហឹងនោះ នាងនឹងមានឱកាសទាញបានភាពល្បីល្បាញជាងនៅទ្រនំសាន់ដេ ត្បិតអីក្រៅពីមានទឹកដមសំឡេងពីរោះក្រអួនក្រអៅហើយនោះ នាងក៏មានរូបសម្រស់ទាក់ទាញ និងមានប្រជាប្រិយភាពស្រាប់ ដូច្នេះពេលនាងចូលហង្សមាស នឹងទាញបានការគាំទ្រយ៉ាងឆាប់រហ័ស។

តាមប្រភពថា បើទោះបីរស្មីហង្សមាស មានតារាចម្រៀងប្រុសស្រីចំណូលថ្មីព្រោងព្រាត ស្ទើរគរជើងគ្នាហើយក្តី ក៏នៅតែចង់បានតារាចម្រៀងដែលមានសមត្ថភាពខ្ពស់ដូចអ៊ីវ៉ា ដែរ ក៏ព្រោះតែមិនពិបាកក្នុងការជួយជ្រោមជ្រែង ខណៈដែលមុននេះបន្តិច ក៏បានទាញសុខ ស្រីនាង ចូលច្រៀងស្ងាត់ៗផងនោះ។

ពាក់ព័ន្ធនឹងដំណឹងនេះ មិនអាចទាក់ទងសុំការបំភ្លឺពីខាងតំណាងផលិតកម្មរស្មីហង្សមាស បានទេ កាលពីថ្មីៗនេះ ហើយយើងនឹងរង់ចាំទទួលការបកស្រាយជានិច្ច។

តាមប្រភពជាអ្នកសិល្បៈស្និទ្ធជាមួយអ៊ីវ៉ា បានឱ្យដឹងថា រវាងផលិតកម្មថោន និងរស្មីហង្សមាស អ៊ីវ៉ា នឹងជ្រើសរស្មីហង្សមាស ទៅតាមសុខ ស្រីនាង ត្បិតអីនាងរំពឹងថា នឹងដណ្តើមបានភាពល្បីល្បាញឆាប់រហ័ស។

យ៉ាងណាក៏ដោយ អ៊ីវ៉ា បញ្ជាក់ថា នាងមិនទាន់សម្រេចចិត្តចាកចេញពីទ្រនំសាន់ដេ នៅឡើយទេ គឺកំពុងស្ថិតក្នុងការពិចារណា ខណៈដែលមិនទាន់បញ្ចប់កុងត្រានៅឡើយ។ មួយវិញទៀត នាងនៅតែដឹងគុណសាន់ដេ ជានិច្ច ពោលគឺដោយសារតែសាន់ដេ ជួយជ្រោមជ្រែង ទើបនាងមានថ្ងៃនេះ៕