Loading...

ហ៊ិន ច័ន្ទនីរ័ត្ន ព្រមថត បើត្រូវថ្លៃ

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០១៧​ | តារាខ្មែរ | | 0 | ម៉ោង 3:07 am

ហ៊ិន ច័ន្ទនីរ័ត្ន តាំងពីចូលជាពិធីការិនីនៅប៉ុស្តិ៍បាយ័ន មក នាងបាត់បង់ឱកាសថតភាពយន្ត និងខារ៉ាអូខេ ស្ទើរតែទាំងស្រុង ទើបមានព័ត៌មានលេចឮថា ស្រីស្អាតគួរឱ្យក្នាញ់រូបនេះ ត្រូវសង្សារថ្មីដែលជាកូនអ្នកមានទ្រព្យនោះហួងហែងខ្លាំង បានជានីរ័ត្ន បង្ខំចិត្តបោះបង់ចោលអាជីពចាស់កណ្តាលផ្លូវ និងខ្លះទៀតថា នីរ័ត្ន ត្រូវប៉ុស្តិ៍បាយ័ន ចងជើងបិទផ្លូវជាប់មិនឱ្យនាងថតភាពយន្តណាផ្សេងក្រៅពីប៉ុស្តិ៍បាយ័ន ឡើយ។

ក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះ ហ៊ិន ច័ន្ទនីរ័ត្ន បានលើកឡើងថា នាងមិនបោះបង់អាជីពសម្តែងចោលទាំងស្រុងទេ គឺនៅតែថតអីចឹង ប្រសិនបើគេហ៊ានឱ្យថ្លៃខ្ពស់តាមចិត្តដែលនាងចង់បាននោះ។

ហ៊ិន ច័ន្ទនីរ័ត្ន វាចាថា “មានឯណាបង ខ្ញុំនៅតែថតតើ! ថ្មីៗហ្នឹង ខ្ញុំមានគេទាក់ទងឱ្យថតរឿងវិញដែរ តែមិនត្រូវថ្លៃគ្នា ទើបខ្ញុំមិនទាន់ថត ព្រោះខ្ញុំចង់បានតម្លៃខ្លួនមួយដែលសមរម្យ មិនជាថ្លៃពេក ក៏មិនថោកពេកដែរ។ ចំណែកខាងប៉ុស្តិ៍បាយ័ន គាត់មិនបានហាមឃាត់យើងក្នុងការថតរឿងនោះទេ សំខាន់លើយើងខ្លួនឯង តើមានពេលដែរឬអត់?”។

ហ៊ិន ច័ន្ទនីរ័ត្ន មិនប្រាប់ថា តម្លៃខ្លួនដែលនាងចង់បានពីផលិតករនោះប៉ុន្មានឡើយ តែតាមប្រភពថា នីរ័ត្ន ដែលល្បីឈ្មោះយូរហើយនោះ ប្រហែលជាមិនយកថ្លៃខ្លួនដែលក្រោមតារាកំប្លែងនាយពែកមី នាយចឺម ដែលថត១ថ្ងៃ ទារថ្លៃ៥០០ដុល្លារនោះ ខណៈដែលតារាសម្តែងកំពុងល្បី នាងឌុច លីដា ទារថ្លៃ១រឿង ៥០០០ដុល្លារ ឬ១ថ្ងៃ ជាង៣០០ដុល្លារឯណោះ ដូចនេះ គេយល់ថា តម្លៃខ្លួនដែលនីរ័ត្ន ព្រមថតនោះ គឺមិនក្រោម៥០០ដុល្លារ ក្នុង១ថ្ងៃទេ។

អ្នកខ្លះថា ស្រីស្អាតនីរ័ត្ន ប្រសិនបើនាងវិលត្រឡប់មករកអាជីពចាស់សាជាថ្មីវិញនោះ នឹងធ្វើឱ្យ នាងលេចធ្លោទាំងអាជីពសម្តែង និងពិធីការិនីព្រមគ្នា ជាមិនខាន តែអ្នកខ្លះទៀតថា ស្រីស្អាតរូបនេះនឹងមិនចូលថតរឿងទាំងកណ្តាលថ្ងៃ ឬយប់អធ្រាត្រដូចមុនទៀតឡើយ ព្រោះពេលនេះ នាងមានគូស្នេហ៍ថ្មីជា ប្រុសរូបសង្ហា ជិះរថយន្តទំនើបម៉ាក Range Rover ពណ៌ខ្មៅ ដែលនីរ័ត្ន ឧស្សាហ៍ជិះរថយន្តជាមួយនោះ គឺមិនចង់ឱ្យនីរ័ត្ន វិលត្រឡប់ទៅថតភាពយន្តឡើយ។

ហ៊ិន ច័ន្ទនីរ័ត្ន បន្ថែមថា “ប្រុសម្នាក់ណាជិះឡានជាមួយខ្ញុំរាល់ថ្ងៃហ្នឹង? អូ! សង្ស័យតែបងម្នាក់ធ្វើការនៅបាយ័ន គាត់ជំនួយការប៉ុស្តិ៍បាយ័ន ហ្នឹងទេ មើលទៅ? អ្នកធ្វើការជាមួយគ្នាតើ! មានអ្នកណាប្លែកអីមកជិះឡានជាមួយខ្ញុំផង អត់មានទេ”។

ហ៊ិន ច័ន្ទនីរ័ត្ន នៅតែព្យាយាមលាក់មុខគូស្នេហ៍ថ្មី មិនចង់ឱ្យគេដឹងថាប្រុសនោះជាអ្នកណាឡើយ ស្របពេលដែលមានដំណឹងថា ប្រុសកូនអ្នកមាននោះ ស្រលាញ់ច័ន្ទនីរ័ត្ន ខ្លាំងណាស់ រហូតរំអុកសុំនាងរៀបការជាញឹកញាប់ទៀតផង តែនីរ័ត្ន តែងតែប្រកែក ព្រោះនាងនៅចង់ពិនិត្យមើលបុរសនោះឱ្យគ្រប់ជ្រុងជ្រោយជាមុនសិន។

ហ៊ិន ច័ន្ទនីរ័ត្ន ជាស្រីស្អាតម្នាក់ ដែលប្រុសៗមិនតិចរូបទេ ស្រមើស្រមៃចង់ថ្នាក់ថ្នមកាយានាង ជាពិសេសលោកផ្កាយ២ ដ៏មានឥទ្ធិពលម្នាក់ ដែលតារាល្បីៗជាច្រើនស្គាល់នោះ ក៏តាមស្រលាញ់នីរ័ត្ន ជាយូរមកហើយ ដោយមិនខ្វល់ខ្វាយរឿងនីរ័ត្ន មានសង្សារថ្មីឡើយ។ តែប្រុសនោះក៏ខកចិត្តខ្លាំងដែរ នៅពេលដែលបានពឹងក្រុមម៉ែយ៉ែមឱ្យទាក់ទងនីរ័ត្ន ញាំបាយជាច្រើនលើក ជាថ្នូរលុយធីបរាប់ពាន់ដុល្លារ តែពិធីការិនីរូបនេះ បានច្រានចោលជានិច្ច ទើបធ្វើឱ្យលោកធំនោះអស់តម្រិះតែម្តង។

ក្រុមតារាសិល្បៈមួយចំនួនបានសរសើរនីរ័ត្ន ថា ជាតារាដែលមិនជ្រួលជ្រើមទៅតាមឥទ្ធិពលទឹកលុយឡើយ ពោលគឺប្រុសដែលអាចដណ្តើមបេះដូងនាងបាន គឺទាល់តែនាងស្រលាញ់ប្រុសនោះដែរ ទើបអាចទៅរួច បើថាយកលុយ ឡាន វីឡា មកដាក់អន្ទាក់ស្នេហ៍នាងនោះ តារារូបនេះមិនលោតឆត្រឡើយ។

ទោះជាយ៉ាងណា ពេលនេះ នីរ័ត្ន កំពុងហ៊ឺហាជិះឡាន Range Rover តម្លៃជាង៤ម៉ឺនដុល្លារ យ៉ាងកាលីព ហើយត្រូវគេសង្ស័យថា សង្សារថ្មីនាងជាអ្នកទិញឱ្យ តែនីរ័ត្ន ប្រកែកថា ឡាននោះជាលុយដែល នាងបានមកពីកម្លាំងញើសឈាមនាងផ្ទាល់។

ទស្សនិកជនរង់ចាំមើលថា តើហ៊ិន ច័ន្ទនីរ័ត្ន នឹងព្រមចូលរោងការ ជាមួយសង្សារថ្មី ដែលតាមស្អិតរាល់ថ្ងៃ ឬក៏នាងពិចារណាស្នេហ៍ លោកផ្កាយ២?…៕