Tuesday, July 8, 2025
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្ន សម្រាលកូនប្រុស

ហ៊ិន ច័ន្ទនីរ័ត្ន សម្រាលកូនប្រុស

ភ្នំពេញ ៖ តារាសម្តែង និជាពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន បានសម្រាលកូនប្រុសដំបូង ដោយសុវត្ថិភាព ទាំងម្តាយនិងកូន នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យ អរៀនដា អន្តរជាតិ (Orienda International Hospital០ ក្នុងរាជធានីភ្នំពេញ ដោយមានវត្តមានប្តី នៅតាមផ្តល់កម្លាំងចិត្តជាប់ជានិច្ច។

 ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះរូបថតនាងជាមួយស្វាមី និងកូនដែលទៀបកើត នៅមន្ទីរពេទ្យ អរៀនដា អន្តរជាតិ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ជាមួយសំណេរថា «ជម្រាបសួរលោកតា លោកយាយ អ៊ំ ពូ មីង ! អូនឈ្មោះ  ឌី ពេជ្ររ័ត្នបញ្ញាបុត្រ  អូនកើតថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥ ។ អូនសូមអរគុណ លោកតា លោក យាយ អ៊ំ ពូ មីង ដែលបានជូនពរអូន និងម៉ាក់ មានសុខភាពល្អ ពេលនេះអូននិងម៉ាក់ មានសុខភាពជាទេ កុំបារម្ភអី»។

គួរបញ្ជាក់ថា មុនពេលសម្រាលកូនដំបូងនេះ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ហ៊ិន ច័ន្ទនីរ័ត្ន ថ្លែងថា នាងហាក់ទទួលបានសញ្ញាពីទារកក្នុងផ្ទៃ ដែលបង្ហាញឲ្យនាងដឹងថា ជិតដល់វេលាត្រូវឆ្លងទន្លេហើយ ដោយកូននាង កម្រើកញឹកញាប់ ធ្វើឲ្យនាងគេងក្នុង១យប់ បានតែចន្លោះពី ២ទៅ៣ម៉ោងប៉ុណ្ណោះ ដែលបញ្ហានេះមិនមែនតែរូបនាងម្នាក់ទេ ពោលគឺស្ត្រីមានផ្ទៃពោះភាគច្រើន នៅពេលកៀកថ្ងៃសម្រាលកូន សុទ្ធតែជួបប្រទះអាការបែបនេះ  ។

 មានការកត់សម្គាល់ថា អំឡុងពេលដែលហ៊ិន ច័ន្ទនីរ័ត្ន ជិតសម្រាលកូនទី១នេះ ស្វាមីរបស់នាង លោកឌី ពេជ្រ មិនទៅណាឆ្ងាយពីភរិយាទេ គឺលោកនៅផ្ទះ មើលថែប្រពន្ធជាប់ជានិច្ច  ដោយជាញឹកញាប់ លោកតែងតែអង្អែលពោះភរិយា ក៏ដូចជាអង្អែលកូនក្នុងផ្ទៃ ដោយក្តីស្រឡាញ់ និងការទន្ទឹងរង់ចាំដ៏អន្ទះសា ចង់ឃើញកូនរបស់ខ្លួន សម្រាលមកក្រៅ។

ហ៊ិន ច័ន្ទនីរ័ត្ន បានសម្រេចចិត្តយកកូន នៅឆ្នាំ២០២៥ ដូចគ្នាទៅនឹងអ្នកនាងសារ៉ាយ សក្ខណា និងភីយ៉ា ជាដើម ខណៈដែលអ្នក អ៊ុន អាលីហ្សា ដែលទៅរស់នៅតាមស្វាមី នៅអាមេរិក ក៏ត្រៀមសម្រាលកូននៅខែកក្កដា នេះដែរ ។ អ្វីដែល នីរ័ត្ន ធ្វើឲ្យស្វាមីពេញចិត្តស្ដូក ក្នុងការបង្កើតកូនទី១នេះ គឺលោកពេជ្រ ចង់បានកូនប្រុស ហើយពេលនេះ នាងបានឲ្យកាដូធំនេះមកស្វាមីដូចបំណងហើយ។

ប្រភពបានឲ្យដឹងថា ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី នឹងធ្វើពិធីចេញខែ (បង្កក់កូន) នៅថ្ងៃទី៨ ខែសីហា ខាងមុខនេះ ដែលប្រាកដណាស់ថា ពេលនោះនឹងមានតារារួមអាជីពជាច្រើន ចូលរួមជាមិនខាន ។

  គួរបញ្ជាក់ថា មុនពេលសម្រាលកូនប្រុសដំបូងនេះ នៅពេលមានផ្ទៃពោះ៩ខែ ហ៊ិន ច័ន្ទនីរ័ត្ន បានថតបង្អួត ក្បាលពោះយ៉ាងស្អាតសិចស៊ី មិនមានស្នាមបែកសង្វារដូចនារីមនាផ្ទៃពោះខ្លះនោះទេ ធ្វើឲ្យស្វាមីនាងកាន់តែស្រឡាញ់ពេញចិត្ត ហើយស្ទាបអង្អែល ថើបផ្ទៃពោះភរិយា ជាញឹកញាប់ជាងថើបថ្ពាល់និងមាត់ទៅទៀត ទើបនារីជាច្រើន ចូលទៅខម្មិនថា នីរ័ត្ន ជានារីសំណាង មានប្ដីចេះយល់ចិត្ត។ ប៉ុន្ដែនីរ័ត្ន មិនដេកចាយលុយប្ដីនោះទេ ព្រោះគេឃើញទោះជាកៀកដល់ថ្ងៃសម្រាលទៅហើយ ក៏នាងនៅតែលក់អីវ៉ាន់តាម Online ដដែល បើទោះជាគេហៅថានាងថា «ជំទាវៗ» ក្ដី ។

 សូមរំលឹកថាអតីត Freshie លេខ១ កាលពីឆ្នាំ២០០៧ ហ៊ិន ច័ន្ទនីរ័ត្ន បានរៀបការកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ជាមួយបុរសពោះម៉ាយកូន១ លោកឌី ពេជ្រ ត្រូវជាក្មួយរបស់សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា  និងជាកូនប្រុសរបស់លោក ឌី ចូច ដែលជាប្អូនជីដូនមួយសម្ដេចហ៊ុន សែន ។ នីរ័ត្ន បានផ្អាកអាជីពសិល្បៈ តាំងពីនាងពពោះ ៦ខែ ខណៈដែលកាលពីថ្ងៃទីកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នាងបានធ្វើកម្មវិធីទាយភេទកូន ប្រុសឬស្រី ? «Gender Reveal» ដែលជាលទ្ធផលគឺ នាងពពោះកូនប្រុស ។

ទស្សនិកជនជឿថា ច័ន្ទនីរ័ត្ន នឹងវិលត្រឡប់មករកអាជីពពិធីការិនី (MC) នៅទូរទស្សន៍បាយ័ន វិញ នៅចុងឆ្នាំ២០២៥ ប៉ុន្ដែអាជីពសម្ដែងរបស់នាង ទំនងជាត្រូវបញ្ចប់ហើយ បើទោះជាស្វាមីមិនហួងហែងក្ដី តែតាមព័តមានថា ក្រៅពីថតរឿងទាក់ទងប្រវត្តិថ្នាក់ដឹកនាំ នាងគ្មានគម្រោងវិលមកសម្ដែងរឿងផ្សេងទៀតទេ ៕

RELATED ARTICLES