Loading...

នាយចយ ត្រៀមរៀបការជាមួយកូនក្រមុំអ្នកពោធិសាត់

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 1:58 am

មួយរយៈចុងក្រោយនេះ តារាកំប្លែងលោកភិច សែ ហៅនាយចយ ដែលជាកូនក្រុមក្នុងក្រុមកំប្លែងរបស់នាយក្រឹម នោះត្រូវបានអ្នកលេងបណ្ដាញសង្គម មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែអ្នកកំប្លែងដែលគេតែងតែគិតថា មានមុខមាត់មិនសូវស្អាតបាត មិនសង្ហានោះ បែរជាអាចរកបានសង្សារជាស្រីស្អាតម្នាក់ មិនចាញ់តារាសម្ដែងឡើយ។

អ្នកលេងបណ្ដាញសង្គម Facebook បានសរសេរសាបង្ហោះដោយភ្ជាប់ជាមួយរូបថតនាយចយ ជាមួយស្រីស្រស់នោះ ហើយបង្កប់អត្ថន័យថា ”នៅលើលោកនេះ ស្នេហ៍ពិតប្រាកដជាមានមែន” និងខ្លះទៀតសរសេរថា ”អ្នកមានលុយ រូបសង្ហា មិនប្រាកដថាអាចធ្វើអ្វីបានទាំងអស់នោះទេ”។ ការថ្លែងបែបនេះ គឺច្បាស់ណាស់ថា ពេលនេះមិនដឹងជាមានប្រុសៗប៉ុន្មាននាក់ទេ ដែលកំពុងតែលួចច្រណែននាយចយ ដែលរកបានសង្សារជាស្រីស្អាត ហើយពួកគេបានបង្ហាញពីភាពផ្អែមល្ហែមស្នេហ៍កៀកកើយគ្នាគូរឲ្យច្រណែន។

ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នាយចយ ឬភិច សែ បាននិយាយដោយសប្បាយរីករាយថា ស្រីស្អាតដែលលោកបានកៀកកើយគ្នាផ្អើលអ្នកលេង Facebook នោះ គឺប្រាកដជាសង្សាររបស់លោកមែន ហើយនាងជាកូនក្រមុំអ្នកខេត្តពោធិសាត់ ដែលបានស្រលាញ់គ្នាជាមួយលោកជិត១ឆ្នាំទៅហើយ។

នាយចយ អាយុ២៤ឆ្នាំ អះអាងថា ”សង្សារខ្ញុំឈ្មោះ ”ឌី” អាយុ១៨ឆ្នាំ ជាសិស្សដែលរៀននៅវិទ្យាល័យមួយ នៅខេត្តពោធិសាត់ ហើយខ្ញុំទាក់ទងស្រលាញ់ដោយខ្លួនឯង គ្មានអ្នកណាណែនាំឲ្យទេ។ ពួកខ្ញុំស្រលាញ់គ្នាជិត១ឆ្នាំ ហើយឪពុកម្ដាយទាំងសងខាងក៍ពេញចិត្តពួកយើងដែរ តែខ្ញុំមិនទាន់បានភ្ជាបពាក្យជាមួយអូនឌី ទេ”។

 

គេថាតារាកំប្លែងពូកែសម្ដីពូកែទាក់ទងញ៉ែស្រីស្អាត ពិតជាមិនខុសមែន ជាក់ស្ដែងតារាកំប្លែងមាឌល្អិតនាយក្រិន កន្លងមកបានធ្វើឲ្យកក្រើកពេញចង្កោមអ្នកសិល្បៈ និងមហាជន ព្រោះតែនាយក្រិន មានស្រីស្អាតស្រលាញ់ច្រើន ហើយគ្រាន់តែលែងលះជាមួយប្រពន្ធទី១ នៅក្រុងព្រះសីហនុ ភ្លាម នាយក្រិន ក៍រកបានប្រពន្ធថ្មីទី២ ភ្លែតតែម្ដង ដែលនាំឲ្យតារាកំប្លែងរួមអាជីពសុំខ្មាស។ ដោយឡែក ពេលនេះនាយចយ វិញក៍មិនចាញ់នាយក្រិន ដែរ ព្រោះថាមាននារីៗខ្លះបានឃើញអ្នកកំប្លែងរូបនេះ ខ្លាចមិនហ៊ានចូលចិត្ត តែនាងឌី ជាស្រីស្អាតនៅខេត្តពោធិសាត់ ឯណោះវិញ បែរជាឃើញនាយចយ ស្ទុះទៅ ឱបថើបមិនព្រមព្រលែង ហើយថែមទាំងស្រលាញ់នាយចយ បាត់មុខមិនបានឡើយ។

នាយចយ បន្ថែមថា ”ពេលនេះខ្ញុំកំពុងតែប្រឹងសន្សំលុយដើម្បីរៀបការជាមួយអូន ”ឌី” តែខ្ញុំមិនទាន់ចូលស្ដីដណ្ដឹងទេ នឹងមានគម្រោងរៀបការទេ។ ខ្ញុំក៍មិនដឹងថា ខាងស្រីគេយកប៉ុន្មានដែរ គ្រាន់តែមើលទៅអាចយកច្រើនដែរ។ ខ្ញុំស្រលាញ់គាត់ គាត់ក៍ស្រលាញ់ខ្ញុំ អីចឹងពេលហ្នឹងពួកយើងនៅស្វែងយល់ចិត្តគ្នាជាតទៅទៀត ជាមុនសិន”។

នាយចយ ប្រាប់ថា ថ្វីត្បិតតែនាយនិងសង្សារ កំពុងមានបេះដូងជិតតែត្របាញ់រកគ្នាតែមួយមែន តែនាយនិងនាងឌី មិនសូវបានជួបគ្នាញឹកញាប់ទេ ព្រោះនាយជាប់ថតសិល្បៈច្រើន ចំណែកសង្សាររវល់នៅរៀន។ តែយ៉ាងណា នាយចយ សង្ឃឹមថា ស្នេហានេះនឹងមិនប្រែរប្រួលឡើយ បើទោះជាមានមិត្តភក្ដិនាងឌី ខ្លះបានពេបជ្រាយនាងចយ តាមបណ្ដាញសង្គមក្ដី តែនាងចយ តាំងចិត្តថា រូបគេគិតតែម្យាងគត់ គឺប្រឹងថតលេងកំប្លែងនិងថតកុន ដើម្បីយកប្រាក់មកស្ដីដណ្ដឹងនិងរៀបការជាមួយអូនឌី ឲ្យបាននាពេលឆាប់ៗនេះ។

ទស្សនិកជននិយាយថា សម្រាប់តារាកំប្លែងយុគសម័យថ្មី ក្រៅពីនាយក្រិននិងនាយចយ ដែលរកបានម្ចាស់បេះដូងសុទ្ធតែជាស្រីស្អាតនោះ គឺមានអ្នកខ្លាំងពូកែញ៉ែតារាស្រីស្អាតក្នុងសិល្បៈ កម្រនឹងគេចរួចពីកណ្ដាប់ដៃរូបគេនោះ គឺនាយចឺម ដែលសូម្បីតែអតីត Freshie លេខ១ នាងពុធ ស្រីខួច ក៍ធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកកំប្លែងរូបនេះដែរ ហើយពេលនេះ នាយចឺម លេងមួយក្បាច់ទៀត គឺញ៉ែទាល់តែបានស្រីស្អាតដើមទ្រួងទ្រលុកទ្រលន់នាងអៀ ម៉េងលិ ហៅនាងម៉ីម៉ី នាំឲ្យឧកញ៉ាៗមិនតិចរូបទេ ច្រណែនក្មួយប្រុសនាងក្រូចរូបនេះ៕