Loading...

សៅ ឧត្តម ចូលផលិតកម្ម LD ឡើងកូដបទ ”សុំទោស”

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 1:58 am

អតីតបេក្ខភាព Cambodian Idol រដូវកាលទី១ ដែលធ្វើដំណើរមកពីខេត្តស្វាយរៀង លោកសៅ ឧត្តម បរាជ័យក្នុងការលើកពានប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក ដែលរៀបចំដោយប៉ុស្ដិ៍ហង្សមាស ព្រោះតែនី រតនា ជាអ្នកឈ្នះពាន កាលពីឆ្នាំ២០១៥ នោះ ពេលនេះបុរសសង្ហាដែលទុកពុកមាត់តិចៗ ធ្វើឲ្យស្រីៗក្នាញ់នេះ បានក្លាយទៅជាតារាចម្រៀងជាផ្លូវការ របស់ផលិតកម្ម LD Picture ហើយ ដោយថែមទាំងមានការចុះកុងត្រាជាមួយគ្នាទៀតផង។

បទចម្រៀងដែលសៅ ឧត្តម ចេញបើកឆាកនៅលើថាស CD របស់ផលិតកម្ម LD នោះគឺបទ ”សុំទោស” ដែលកំពុងតែទទួលបានការគាំទ្រច្រើនពីយុវ័យដែលលេងបណ្ដាញសង្គម Facebook។

មហាជនជាច្រើនបានចាប់អារម្មណ៍សៅ ឧត្តម ដែលមកផ្ញើប្រាណជាមួយផលិតកម្ម LD ដែលពីមុនជាផលិតកម្មមួយនេះ បានផ្ដោតតែលើការផលិតរឿងដុំបញ្ចាំងនៅតាមរោងកុន និងរឿងភាគតាមទូរទស្សន៍នោះ តែពេលនេះ LD បានឈានមួយក្រឺតថែមទៀត គឺការក្លាយខ្លួនទៅជាផលិតកម្មដែលប្រជែងលើទីផ្សារចម្រៀងដែរ នៅពេលនេះ ហើយតារាចម្រៀងដែលខ្លួនចេញបើកឆាកមុនគេ គឺបុរសរូបសង្ហាមកពីខេត្តស្វាយរៀង សៅ ឧត្តម។

​​លោកលៀក លីដា ថៅកែផលិតកម្ម LD Picture បានឲ្យដឹងថា ពេលនេះ សៅ ឧត្តម ពិតជាអ្នកចម្រៀងប្រចាំផលិតកម្ម LD ពិតប្រាកដមែន ហើយចាប់ពីពេលនេះតទៅ គឺក្នុង១ខែ យ៉ាងហោចណាស់ ឧត្តម មានបទថ្មីពី២ទៅ៣បទដែរ ដែលចេញនៅ LD។

លោកលីដា អះអាងថា ”LD ពិតជាបានវិវឌ្ឍខ្លួនពីការផលិតកុន ទៅបន្ថែមការផលិតបទចម្រៀងមែន ហើយពេលនេះ យើងចេញបទបើកឆាក គឺលោកសៅ ឧត្តម បទ ”សុំទោស” ហ្នឹងតាមការធ្វើតេស្ដឃើញថា មានការគាំទ្ររច្រើន ព្រោះជាបទ Original Songs ដែលធ្វើភ្លេងដោយលោកមករា និងនិពន្ធទំនុកច្រៀង ដោយលោកងួន សុបិន្ត។ សម្រាប់ខ្ញុំគិតថា ការធ្វើបទចម្រៀងយើងពិបាករកប្រាក់ចំណេញណាស់ នៅពេលនេះ អីចឹងគឺខ្ញុំនឹងឲ្យតារាចម្រៀងរបស់ខ្ញុំបានលេងជាភាពយន្ដរបស់ LD ដែរ នៅពេលដែលគាត់បានក្លាយជាតារាចម្រៀងរបស់ LD នេះ។ LD កំពុងត្រូវការតារាចម្រៀងបន្ថែមទៀត ដើម្បីឲ្យដំណើរការល្អ តែអ្នកអាចក្លាយទៅជាតារាចម្រៀង LD បានទាល់តែមានចរិតល្អ រូបសម្បត្តិអាចធ្វើជាតួកុនបាន និងមានសំឡេងល្អ ទើបអាចទៅរួច ហើយចំណុចទាំងនេះ សៅ ឧត្តម គាត់មាន។ និយាយទៅ ដូចខ្ញុំបញ្ជាក់អីចឹងថា តារាចម្រៀង LD នឹងក្លាយជាតួឯកក្នុងភាពយន្ដរបស់ LD អីចឹងបើមិនមានរូបសម្បត្តិស្រស់ស្អាតទេ ធ្វើតួឯក ក៍មិនកើតដែរ។ ចំណែកសៅ ឧត្តម បន្ដិចទៀត លោកអ្នកនឹងបានឃើញគាត់លេងជាតួឯក ក្នុងរឿងរបស់ LD ឆាប់ៗនេះជាមិនខាន ហើយខ្ញុំជឿថា បទចម្រៀងរបស់ឧត្តម ”សុំទោស” នឹងល្បីខ្លាំងនៅពេលដែលរឿងភាគ ”អាពាហ៍ពិពាហ៍ចម្លែក” របស់ LD នឹងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃទី២៩ ខែឧសភា នេះ ហើយចាប់ពីម៉ោង៧ដល់៨យប់ ពីថ្ងៃច័ន្ទដល់សុក្រ ក្នុងនោះយើងដាក់បទ ”សុំទោស” អមរឿងភាគនោះតែម្ដង”។

សៅ ឧត្តម បានឈានទៅវគ្គផ្ដាច់ព្រ័ត្រ្តក្នុងកម្មវិធីប្រលងចម្រៀង Cambodian Idol រដូវកាលទី១ជាមួយនី រតនា និងម៉ៅ ហាជី តែនៅទីបំផុត ម្ចាស់ពានបានធ្លាក់ទៅកណ្ដាប់ដៃនី រតនា ឯណោះទេ ទើបធ្វើឲ្យទាំងសៅ ឧត្តម និងម៉ៅ ហាជី មិនព្រមច្រៀងឲ្យហង្សមាស ជាដាច់ខាត ហើយខណៈពេលដែលហាជី ក្លាយទៅជាតារាចម្រៀងរបស់ផលិតកម្មថោន នោះ សៅ ឧត្តម ក៍ឈានចូលផលិតកម្ម LD តែម្ដង។ ចំពោះទឹកដមសំឡេងបទ ”សុំទោស” របស់សៅ ឧត្តម ដែលជាចម្រៀងលើកដំបូងនៅ LD នេះត្រូវបានទស្សនិកជននិយាយថា ឧត្តម មានសំឡេងពិរោះ សំឡេងថ្មី ហើយសំឡេងខ្ពស់ជាងម្ចាស់ពាននី រតនា ឬតារាចម្រៀងហង្សមាស លោកហ្សូណូ ទៀតផង ហើយប្រសិនបើ LD ចង់លើកស្ទួយរូបគេនោះ ទាំងការផលិតបទចម្រៀង នឹងផ្ដល់តំណែងឲ្យជាតួឯកនោះ ឧត្តម នឹងល្បីល្បាញក្នុងពេលឆាប់ៗជាមិនខាន។

ដោយឡែក លោកសៅ ឧត្តម បាននិយាយថា ”ខ្ញុំឃើញបទ ”សុំទោស” ហ្នឹងមានការគាំទ្ររច្រើនដែរ តែថាផ្ទុះយ៉ាងណានោះ ខ្ញុំមិនហ៊ានថាទេ គឺអាស្រ័យនៅលើមហាជនដែលគាត់ឲ្យតម្លៃ។ សម្រាប់ខ្ញុំមានគោលការណ៍ផ្ទាល់ខ្លួន គឺមិនច្រៀងបទ Copy ទេ តែរឿងថាខ្ញុំនឹងសម្ដែងភាពយន្ដនោះ ខ្ញុំមិនទាន់គិតដល់ចំណុចនេះទេ ហើយពេលនេះ ខ្ញុំក៍មិនទាន់កុងត្រាផ្ដាច់មុខឲ្យខាងផលិតកម្មណាដែរ គឺសេរីតែម្ដង។ ចំពោះរឿងថាហេតុអីបានជាខ្ញុំមិនចូលហង្សមាស នោះ គឺក្រោយប្រលងចប់ Cambodian Idol នោះខ្ញុំបានសុំហង្សមាស សម្រាកមួយរយៈសិន តែពេលដែលខ្ញុំទៅសុំគាត់ចូលវិញ គាត់ (ហង្សមាស) មិនយកយើង អីចឹងខ្ញុំក៍មិនដឹងជាធ្វើយ៉ាងម៉េចដែរ។ តែនៅពេលខាងមុខនេះ ខ្ញុំមានចេញបទ Original Songs ជាបន្ដរបន្ទាប់ដែរ”។

លោកលៀក លីដា អ្នកគ្រប់គ្រងផលិតកម្ម LD

លោកលៀក លីដា ប្រាប់ថាថ្វីត្បិតតែសៅ ឧត្តម មានការកុងត្រាជាមួយ LD មែន តែឧត្តម អាចថតសិល្បៈផ្សេងៗបាន នៅពេលដែលជូនដំណឹង ឬមានការអនុញ្ញាតពីក្រុមហ៊ុន៕