Loading...

ស្តារស្បែកក្រោយត្រូវកម្តៅថ្ងៃ

​ dara chan​​ | ថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០១៧​ | សម្រស់ | | 0 | ម៉ោង 7:54 am

បន្ទាប់ពីត្រូវកម្តៅថ្ងៃ អាចបណ្តាលឱ្យខ្លោចស្បែក និងបញ្ហាផ្សេងៗទៀត។ ដូច្នេះ វិធីស្តារស្បែកដូចតទៅនេះ អាចជួយបាន…

១-ស្អំត្រជាក់សិន ៖

បើស្បែកឡើងក្រហម ឈឺផ្សា ដោយសារកម្តៅថ្ងៃរោលភ្លាមៗ គួរបន្ថយសីតុណ្ហភាពស្បែក ដោយការស្អំត្រជាក់សិន គឺយកកន្សែងពោះគោជ្រលក់ទឹកត្រជាក់ ស្អំនៅបរិវេណនោះ រួចប្រើទឹកធម្មតា ឬទឹកត្រជាក់លុបលាងមុខ ចៀសវាងការប្រើសាប៊ូ ឬហ្វូមគ្រប់ប្រភេទ។ បើមានអាការរមាស់ផង កុំអេះឱ្យសោះប៉ុន្តែគួរប្រើវិធីស្អំត្រជាក់ ដើម្បីបន្ថយអាការនេះ។

២-ផ្តល់សំណើម ៖

លាបក្រែមចិញ្ចឹមស្បែក ដើម្បីផ្តល់សំណើមដល់ស្បែក នឹងជួយស្តារសភាពស្បែកឱ្យត្រឡប់មករកសភាពដើមវិញបាន។ គួរជ្រើសក្រែមចិញ្ចឹមស្បែក ដែលបៀមទឹក ដើម្បីឱ្យស្បែកលែងស្ងួត លែង របក មានសំណើមវិញ។ យកក្រែមចិញ្ចឹមស្បែក ទៅក្លាស្សេត្រជាក់សឹម យកទៅលាបបំពោកលើមុខបរិវេណដែលរបកឬស្ងួតនោះ ទុកមួយយប់ ដើម្បីឱ្យបរិវេណនោះ មានសំណើមឡើងវិញ។

៣-ផ្អាកខាត់ស្បែក ៖

មិនគួរធ្វើអ្វីដែលប៉ះពាល់ស្បែក ដូចជា ខាត់ស្បែក អេះស្បែកដែលរបកជាដើម ព្រោះស្បែកដែលស្ងួតក្រៀម មានសភាពទន់ខ្សោយ។ ការខាត់ស្បែក នឹងធ្វើឱ្យស្បែកងាយនឹងរលាក ងាយនឹងរបួស ស្បែកមានចេញឈាមក្លាយជាដំបៅ ដែលអាចក្លាយជាផ្លែសាច់លើផ្ទៃមុខ ធ្វើឱ្យពិបាកព្យាបាល។

៤-កុំប្រើអេអេចអេ (AHA) ៖

ក្នុងពេលស្បែករបក មិនគួរប្រើអេអេចអេ អាស៊ីដផ្លែឈើ ឬក្រែមធ្វើឱ្យសនោះទេ។ គួរផ្អាកជាបណ្តោះអាសន្នសិន ព្រោះវាអាចបណ្តាលឱ្យកើតមានការរបកកាន់តែច្រើន និងអាចរមាស់ផ្សា ក្រហាយផងដែរ។ បន្ទាប់ពីស្តារសភាពស្បែកដោយក្រែមចិញ្ចឹមឱ្យស្បែក បានរឹងមាំ លែងរបកទៀតហើយ សឹមប្រើក្រែមដែលជួយឱ្យស្បែកស (Whitening Cream) ដើម្បីព្យាបាលស្នាមក្រមៅ ស្នាមអុជខ្មៅ និងជាំមុខ ដែលកើតឡើងដោយសារត្រូវកម្តៅថ្ងៃ។ គួរប្រើរួមជាមួយឡេផ្តល់សំណើមស្បែក (Moisturizer) ព្រោះនឹងជួយបន្ថយការប៉ះពាល់ដល់ស្បែក ដោយសារក្រែមធ្វើឱ្យស។

៥-ពិសាទឹកស្អាតឱ្យបានច្រើន ៖

ចំពោះស្ត្រីដែលមិនសូវពិសាទឹក គួរចៀសវាង កាហ្វេ និងទឹកក្រូចហ្គាស់ ដោយបែរមកពិសាទឹកសុទ្ធឱ្យបានច្រើន ដើម្បីបំពេញ ជាតិទឹកឱ្យស្បែក និងគួរពិសាបន្លែផ្លែឈើឱ្យបានច្រើន ដើម្បីបានវីតាមីន C ទៅជួយស្តារសភាពស្បែកឱ្យបានរឹងមាំ។ ប៉ុន្តែចំពោះស្ត្រីដែលមិនសូវចូលចិត្តពិសា បន្លែផ្លែឈើ ក៏អាចពិសាវីតាមីន C គ្រាប់ជាអាហារបំប៉នជំនួសបាន។

៦-ចៀសវាងកម្តៅថ្ងៃមួយរយៈសិន ៖

ទោះបីអ្នកចូលចិត្តធ្វើការហាលថ្ងៃក្តី គួរសម្រាកស្បែកសិន ដោយចៀសវាងកម្តៅថ្ងៃក្តៅខ្លាំងក្នុងអំឡុងពេលស្តារស្បែកមួយរយៈនេះ ព្រោះស្បែកមានសភាពទន់ខ្សោយខ្លាំង បើត្រូវកម្តៅថ្ងៃទៀត នឹងកាន់តែពិបាក ​ធ្វើឱ្យកើតជាំមុខ អុជ​ខ្មៅខ្លាំង ដែលកាន់តែពិបាកក្នុងការព្យាបាល។

៧-លាបក្រែមការពារកម្តៅថ្ងៃប្រសិទ្ធភាពខ្ពស់ ៖

ដើម្បីជួយការពារស្បែកពីកម្តៅថ្ងៃ និងកាំរស្មីពីអំពូលភ្លើង។ គួរលាបឱ្យសមល្មម ដែលអាចការពារស្បែកបាន។ គួរលាបជាប្រចាំរាល់ថ្ងៃ ទោះបីមេឃស្រទុំក្តី ព្រោះនៅក្នុងផ្ទះ និងក្នុងការិយាល័យស្បែកក៏អាចក្រមៅ និងរងការបំផ្លាញពីកាំរស្មីយូវីបានដែរ​ ៕