Loading...

ឃាត់ខ្លួនបុរសអ្នកបើករថយន្តម្នាក់ សង្ស័យលួចសម្ភារៈក្នុងរោងចក្រ

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០១៧​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 8:57 am

ភ្នំពេញ៖ បុរសអ្នកបើករថយន្តដឹកទំនិញក្នុងរោងចក្រ យូមក្វាង អុីនដាស្ទ្រី (ខេមបូឌា) ខូអិលធីឌី ម្នាក់ត្រូវបានសន្តិសុខរោងចក្រ ហ្គោ ថប់ វ័ន្ត ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចធ្វើការសាកសួរ ក្រោយពីដឹកទំនិញចេញពីរោងចក្រមកវិញ ឃើញលើសក្នុងវិក្កយបត្រដល់ទៅចំនួន០៤កេស។ ការឃាត់ខ្លួនធ្វើឡើងកាលពីម៉ោង១៧និង៣០នាទីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងរោងចក្រហ្គោល ថប់ វ័ន្ត ផ្លូវបេតុង ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ ពៅ លុយ អាយុ៣៧ឆ្នាំ មុខរបរបើកបររថយន្តរោងចក្រ យូមក្វាង អុីនដាស្ទ្រី (ខេមបូឌា) ខូអិលធីឌី ស្នាក់នៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ មានស្រុកកំណើតភូមិទី៩ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ ដើមបណ្តឹងឈ្មោះ លី ប៊ុនណា ភេទប្រុសអាយុ៤០ឆ្នាំ មុខរបររដ្ឋបាលរោងចក្រ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពពីសន្តិសុខឈ្មោះអ៊ែល សុខ អាយុ៣៧ឆ្នាំ បានប្រាប់សមត្ថកិច្ចថា នៅមុនឃាត់ខ្លួនជនខាងលើ គឺខណៈដែលគាត់កំពុងយាមនៅច្រកចេញរោងចក្រ ហ្គោល ថប់ វ័ន្ត ស្រាប់តែឃើញជនសង្ស័យបើករថយន្តមួយគ្រឿង ប្រភេទឃ្លុបជិត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-0473 ចេញពីរោងចក្រ ខណៈមកដល់ច្រកចេញគាត់ជាសន្តិសុខបានឃាត់ដើម្បីពិនិត្យក្នុងរថយន្ត ពេលដែលពិនិត្យនោះឃើញក្នុងរថយន្តមានទំនិញ (អំបោះដេ) ចំនួន២០កេសធំ ពេលនោះគាត់សុំវិក្កយប័ត្រសម្រាប់នាំអីវ៉ាន់ចេញមកមើល ស្រាប់តែក្នុងវិក្កយប័ត្រតម្រូវអោយដឹកចេញតែំចំនួន១៦កេសធំទៅវិញ ដោយមើលទៅមិនប្រក្រតី ក៏រាយការណ៍ប្រាប់រដ្ឋបាល និងឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា នៅមុនកើតហេតុ គាត់បានបើករថយន្តដឹកទំនិញ (អំបោះដេរ) ចេញពីរោងចក្រយូមក្វាង អុីនដាស្ទ្រី (ខេមបូឌា) ខូអិលធីឌីចំនួន៤៧កេស ដោយក្នុងនោះបានលួចចេញពីរោងចក្រយូមក្វាង (ដោយដាក់លើសចំនួន០៤កេស) ហើយបានបើករថយន្តយកទំនិញមកអោយរោងចក្រ ហ្គោល ថប់ វ័ន្តចំនួន២៧កេស នៅសល់នឹងយកទៅអោយរោងចក្រខេមបូ ហេនសាំមេន ដែលស្ថិតនៅកំបូលបន្តទៀត ខណៈបើករថយន្តចេញពីរោងចក្រ ហ្គោល ថប់ វ័ន្ត វិញត្រូវសន្តិសុខឃាត់តែម្តងដោយចោទថា លួចអំបោះដែលលើស០៤កេសនេះ ចេញពីរោងចក្រហ្គោល ថប់ វ័ន្ត ទៅវិញ តាមពិតខ្លួនលួចចេញពីរោងចក្រ យូម ក្វាង ទេ។

បច្ចុប្បន្នបុរសខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។