Loading...

កំលោះចាស់ ប៉ះស្នេហ៍ទី១ បោកប្រាស់ លុះប៉ះស្នេហ៍ទី២ ស្គាល់តែសុភមង្គល

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០១៧​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 8:48 am

ជារឿងគួរឱ្យអាណិតផង អស់សំណើចផង ខណៈដែលបុរសម្នាក់នេះទ្រាំនៅកំលោះចាស់អាយុជាង៣០ឆ្នាំ ទើបរៀបការប្រពន្ធ ប៉ះស្រីបោកប្រាស់ រត់ចោលរាត្រីផ្សំដំណេក វេចទាំងលុយចំណងដៃ ទៅបាត់ស្រមោល។ ទោះយ៉ាងណា ដើម្បីប៉ះប៉ូវការខូចចិត្តនេះ បុរសអភ័ព្វសម្រេចសាងស្នេហ៍ជាថ្មី ជាមួយស្រីមេម៉ាយកូន២ ស្គាល់តែសុភមង្គល…។

លោកអេប ព្រំ អាយុ36ឆ្នាំ រស់នៅភូមិស្តុកធ្លក ឃុំទទុង ស្រុកដងទង់ ខេត្តកំពត បានរៀបរាប់ថា រូបលោកជាកូនពៅ ក្នុងចំណោមបងប្អូន6នាក់ ឪពុកស្លាប់ នៅតែម្តាយឈ្មោះកិល ហេន អាយុ78ឆ្នាំ។ កាលពីកុមារ លោកបានរៀនសូត្រដល់ថ្នាក់ទី8 នៃអនុវិទ្យាល័យត្រពាំងត្រាញ់ ក៏ឈប់ទៅ ដោយងាកមកធ្វើស្រែចម្ការវិញ។ តាំងពីចូលវ័យកំលោះអាយុ18ឆ្នាំមក មិនខ្វះទេក្រមុំៗក្នុងភូមិឱ្យដៃ តែលោកមិនភ្លើតភ្លើននឹងកាមតណ្ហាដូចកំលោះខ្លះនោះទេ ក៏ស៊ូនៅលីវរហូតក្លាយជាកំលោះចាស់ ត្រូវមាត់អ្នកស្រុកបង្អាប់ថា នៅយូររបៀបនេះ ចៀសមិនផុតពីបានប្រពន្ធមេម៉ាយ។ លុះមានវ័យ34ឆ្នាំ លោកបានចេញពីស្រុក ទៅរកស៊ីនៅប្រទេសថៃ ជាមួយបងប្អូនឯទៀត ដែលពេលទៅដល់ដំបូងបានចូលធ្វើកម្មករក្នុងរោងចក្រផលិតអំបោះ ដោយបានប្រាក់ខែគ្រប់គ្រាន់ រហូតមានសេសសល់សន្សំទុក និងផ្ញើជូនម្តាយចាស់ជរាមិនដែលដាច់។ នៅរោងចក្រដែលលោកទៅធ្វើការនោះមាននារីម្នាក់ ឈ្មោះរិន ស្រីមុំ សព្វថ្ងៃអាយុ26ឆ្នាំ ឧស្សាហ៍លេងសើចជាមួយលោក ដោយប្រាប់លោកនិងបងប្អូនឯទៀតថា រូបនាងជាស្រីមេម៉ាយកូន1 ស្រុកកំណើតនៅខេត្តបាត់ដំបង បានលែងលះប្តី ព្រោះតែមិនចុះសម្រុងនឹងគ្នា។

លោកអេប ព្រំ

លោកព្រំ បន្តទៀតថា កាលនោះបងថ្លៃប្រុសរបស់លោកដែលនៅធ្វើការចេះតែចំអែចំអន់លោកថា “នៅដល់ណាទៀត កំលោះចាស់ប៉ះមេម៉ាយកូនមួយ ស្រួយដូចបាយក្តាំង!” ឯរូបលោកពេលបងថ្លៃផ្គូផ្គង ក៏បាក់ចិត្តទៅលើស្រីមុំ បន្តិចម្តងៗ រហូតណាត់ជួបនិយាយគ្នាតាមទូរស័ព្ទរាល់យប់។ លោកមិនបានដេញដោលសួរប្រវត្តិនាងច្បាស់ទេ គឺទាក់ទង បានត្រឹម1ខែ ក៏សម្រេចចិត្តឱ្យបងថ្លៃចែចូវតែម្តង តាមលក្ខណៈ “ក្រមុំដណ្តឹងម្តាយ មេម៉ាយដណ្តឹងចិត្ត”។ ពេលនោះស្រីមុំ អត់ប្រកែកទេ តែបានសុំថ្លៃផ្ទះចំនួន25.000បាត និងឱ្យលោកនាំនាងទៅរៀបការខាងប្រុសចុះ ព្រោះផ្ទះនាងគ្មានទីធ្លាសង់រោងការទេ។

នាងគឹម ធី

 

លោកអេប ព្រំ បន្តទៀតថា លោកក៏យល់ព្រមឱ្យលុយនាង25.000បាតភ្លាម រួចចេញមកស្រុកមុន ដើម្បីពឹងពាក់បងប្អូនឱ្យជួយ ដោយកក់ភ្លេងភ្លាត់ ចុងភៅ អាចារ្យ ផ្នួងទុកជាស្រេច ដោយខាងស្រីចាំតែចូលខ្លួនមករៀបការប៉ុណ្ណោះ។ លុះដល់ថ្ងៃចូលរោង ក៏លេចស្រីមុំ ទៅដល់ ដោយបណ្តើរបុរសម្នាក់មកជាមួយផង និងកុហកថា ជាបងប្រុសរបស់នាង លោកក៏ចាប់ដៃស្វាគមន៍បងប្រុសនោះយ៉ាងរាក់ទាក់។ ពេលរៀបការចូលមកដល់ ក៏មានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ ដោយបានចំណងដៃលើខ្នើយ 60ម៉ឺនរៀល ចំណងដៃក្នុងបញ្ជីជាង2លានរៀល។ ព្រឹកស្អែកឡើងត្រូវសារោង សាកន្ទេល ប្រពន្ធក៏ប្រាប់ថា នាងសុំទៅស្រុក1យប់ ដើម្បីយកលិខិតឆ្លងដែនទៅឱ្យក្មួយ ហើយយប់ស្អែក នឹងវិលមកផ្សំដំណេកវិញ។ លោកក៏អនុញ្ញាតឱ្យប្រពន្ធចេញទៅជាមួយបងប្រុសនោះ លុះនាងទៅបាត់1ថ្ងៃ ឆែកទូពិនិត្យក៏ដឹងថា បាត់លុយលើខ្នើយ លុយបញ្ជី និងទូរស័ព្ទលោក1គ្រឿង តម្លៃ7.000បាតទៀតផង។ លុះស៊ើបសួរទៅ ទើបដឹងថា បងប្រុសដែលជូននាងមកនោះ គឺជាប្តីរបស់នាងទេ គឺពួកហ្នឹងដើររកស៊ីបោកប្រាស់គេជាហូរហែ តែមិនដឹងទៅរកឯណាឃើញទេ បើមិនស្គាល់ផ្ទះពួកគេយ៉ាងនេះ។ លោកមិនបានប្តឹងផ្តល់អ្វីទេ នេះហេតុតែខ្លួនល្ងង់ខ្វះការពិចារណា ចំណែកបងថ្លៃមេអណ្តើកនោះ ក៏កប់យោបល់និយាយ លែងរួច។

លោកព្រំ បន្តទាំងតូចចិត្តថា បន្ទាប់ពីប៉ះប្រពន្ធបោកមក លោកនៅជំពាក់គេសងមិនទាន់រួចនៅឡើយ តែក៏មិនរត់ចោលបំណុលនោះដែរ។ លោកក្លាយជាពោះម៉ាយខាន់ស្លាមួយប៉ប្រិចភ្នែក និងត្រូវបានបងប្អូនណែនាំថា “សេះដាច់យកសេះតាម” ដោយចង្អុលបង្ហាញស្រីមេម៉ាយម្នាក់ទៀត ឈ្មោះ គឹម ធី អាយុ37ឆ្នាំ ដោយគ្រាន់តែសែនព្រេន1ព្រឹកប៉ុណ្ណោះ ដែលប្រពន្ធនេះមិនរត់ចោលរាត្រីផ្សំដំណេក ទៀតទេ ហើយលោកក៏ធ្វើឱ្យនាងមានផ្ទៃពោះភ្លាម ព្រោះតែធាតុត្រូវគ្នា។

នាងគឹម ធី ជាប្រពន្ធ បានឱ្យដឹងថា នាងមានប្តី មុនឈ្មោះប៉ូ កឺត បង្កើតបានកូន2នាក់ ក៏លែងលះគ្នាទៅ។ បន្ទាប់ពីដឹងថា លោកព្រំ ចាញ់បោកស្រី និងប្តីលាក់លៀមនោះ នាងអាណិតជាពន់ពេក លុះគេចូលចែចូវក៏យល់ព្រមតែម្តងទៅ ដោយនាំកូនទាំងពីរមក រួមរស់ជាមួយប្តីក្រោយនេះ។ នាងទទួលស្គាល់ថា ប្តីទី2នេះ ពិតជានៅកំលោះបរិសុទ្ធ ទើបគេមិនសូវចេះពិចារណា រហូតចាញ់បោកគេ តែប្តីនេះមានសមត្ថភាពខ្ពស់ណាស់ អាចធ្វើឱ្យនាងមានផ្ទៃពោះ4ខែទៅហើយ។

លោកយាយកិល ហេន

លោកយាយកិល ហេន អាយុ78ឆ្នាំ ជាម្តាយ បានឱ្យដឹងថា រឿងស្រីខូចម្នាក់ឈ្មោះរិន ស្រីមុំ បោកប្រាស់កូនគាត់នោះ ធ្វើឱ្យផ្អើលពេញទាំងស្រុក តែក៏មិនបានប្តឹងផ្តល់អ្វីដែរ នេះជាកំហុសយើងដែលខ្វះការពិចារណា កុំបន្ទោសចោរ។ សុខៗទៅយកស្រីដើរតែបោកគេមករៀបការ ហើយនាងនោះបានទាំងបណ្តើរគ្នាវាមកស៊ីផឹកទៀតផង លុះព្រឹកឡើងក៏បបួលគ្នាវេចលុយរត់បាត់។

អ្នកស្រីអេប ណាវី

អ្នកស្រីអេប ពុទ្ធា អាយុ43ឆ្នាំ, អ្នកស្រីអេប ណាវី អាយុ50ឆ្នាំ ជាបងបង្កើត បានឱ្យដឹងស្របគ្នាថា នេះជាបទពិសោធន៍មួយសម្រាប់ពួកគាត់ បើប្រហែសច្បាស់ជាចាញ់បោកគេយ៉ាងនេះឯង ហើយ ក៏មិនត្រូវបន្ទោសចោរនោះដែរ ត្រូវបន្ទោសខ្លួនឯង ទើបសម។

អ្នកស្រីអេប ពុទ្ធា

គួរបញ្ជាក់ថា មនុស្សសម័យនេះ មានមួយចំនួនដើររកស៊ីបោកប្រាស់កេងប្រវ័ញ្ច ទោះជាធ្លាប់ជាប់គុកពីរបីដង ក៏មិនរាងចាលដែរ។ មនុស្សបោកប្រាស់មានពាក្យសម្តីពីរោះផ្អែមល្ហែមណាស់ ជួនកាលស្រីស្អាតខ្លះ ក៏ហ៊ានឱ្យខ្លួនប្រាណទៅបុរសស៊ីចុកតាមស្រលាញ់ រួចក៏ប្រមូលយករបស់របរខ្ទេចខ្ទី សូម្បីតែខោខ្លីមិនទុកឱ្យផង៕