Loading...

ម្តាយបកអាក្រាតកូនស្រីស្វាក់ប្តីគេ២នាក់ រហូតធ្លាក់ខ្លួនក្ររហាម ទុកគាត់ឲ្យរស់នៅក្រវេទនានិងរងភាពអាម៉ាស់

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 2:46 am

ជាទូទៅ គោក្របីវាមានក្រយៅក្រឡាច់ បើធ្លាក់ទៅដល់ដៃម្ចាស់ណាចិញ្ចឹម ធ្វើឱ្យម្ចាស់នោះធ្លាក់ខ្លួនរហាម ហើយបើជាមនុស្សក្រយៅក្រឡាច់ អាចធ្វើឱ្យក្រុមគ្រួសារឪពុកម្តាយរស់វេទនា។ យ៉ាងណាមិញ នារីម្នាក់នេះ នៅក្មេងសោះរកប្តីកំលោះមិនបាន ក៏លង់ស្នេហ៍ប្តីគេដល់ទៅ២នាក់ ត្រូវប្រុសបោកប្រាស់ឱ្យលក់ដីធ្លី ទុកឱ្យម្តាយវេទនាធ្លាក់ខ្លួនក្រទាំងម៉ែទាំងកូន…។

នារីស្វាក់តែប្តីគេនេះ មានឈ្មោះហៃ ផាត អាយុ៣០ឆ្នាំ ស្អាតបាតគួរសមដែរ រស់នៅភូមិថ្នល់កែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានចេញបាត់ពីផ្ទះទៅហើយ បន្ទាប់ពីជួបរឿងអាស្រូវម្តងហើយម្តងទៀត បណ្តាលឱ្យអាម៉ាស់មុខ ប៉ុន្តែត្រូវបានស្ត្រីចំណាស់ជាម្តាយរៀបរាប់ពីរឿងកូនស្រីនេះជំនួសទាំងមួហ្មង។

លោកយាយសុខ សឿង បង្ហាញរូបថតនាងលោកហៃ ផាត

លោកយាយសុខ សឿង អាយុ៧៩ឆ្នាំ ជាម្តាយ រស់នៅមូលដ្ឋានដូចខាងលើបានឱ្យដឹងថា គាត់មានប្តីឈ្មោះគឹម ហៃ បានទទួលមរណភាពកន្លងហួសជាច្រើនឆ្នាំមកហើយ។ គាត់មានកូន៨នាក់ (ប្រុស៤ ស្រី៤) ក្នុងនោះកូនស្រីពៅ ឈ្មោះហៃ ផាត ជាកូនទំនើងនិយាយមិនស្តាប់ នាំទុក្ខដល់គាត់ឱ្យស្រក់ទឹកភ្នែកឥតល្ហែ។ តាំងពីធំពេញក្រមុំពេលណាមក កូនស្រីនេះចូលចិត្តដើរលេងសប្បាយភ្លើតភ្លើន ទោះជាគាត់និងបងៗវាវាយប្រដៅយ៉ាងណា ក៏គ្មានប្រសិទ្ធភាពដែរ គឺបើវាថាទៅដើរលេងសមុទ្រ ក៏ទៅបាត់ជាមួយមិត្តភក្តិប្រុសៗ ហើយបើថាទៅលេងបុណ្យមើលល្ខោនឆ្ងាយពីផ្ទះរាប់គីឡូ ក៏ទៅបាត់មួយរំពេច ដោយផាត់ក្រែមថែមម្សៅក្រអូបឆួល។ ថ្វីត្បិតតែគាត់ជាអ្នកស្រែ តែប្តីគាត់ជាប់សែស្រឡាយចិន ពូកែរកស៊ីណាស់ ដោយសន្សំលុយនិងមាស មានលទ្ធភាពទិញគោក្របីដីស្រែបានច្រើនគួរសមដែរ។ មុនពេលប្តីទទួលមរណភាព បានបន្សល់ទុកកេរអាករចែកកូនគ្រប់គ្នា សូម្បីតែកូនស្រីពៅ ក៏បានទទួលចំណែកច្រើនជាងបងៗវាទៅទៀត តែគំនិតវាចោលម្សៀតចាញ់តែបោកប្រុស ក៏រលាយអស់ទៅ។

នាងហៃ ផាត ដែលត្រូវម្តាយបង្កើតបកអាក្រាតរឿងស្វាក់ប្តីគេ២នាក់

ដូនចាស់អភ័ព្វ បន្តទៀតថា “ដូងមួយធ្លាយវាមានតក់មាននាឡិ” គឺកូនៗទាំង៨នាក់នោះ គេមានគ្រួសារ និងជីវភាពសមរម្យ ចូលចំណោមអ្នកភូមិឯទៀតបាន ចង្រៃតែកូនស្រីពៅ ហិនហោចគ្មានសល់។ គាត់រំព្ញកថា កូនស្រីនេះភ្លើតភ្លើនយូរៗទៅ ក៏ត្រូវរ៉ូវជាមួយបុរសម្នាក់ឈ្មោះយ៉ុន អាយុ៥៦ឆ្នាំ មានប្រពន្ធកូន និងចៅទៅហើយ។ មុនដំបូង អាប្រុសនោះធ្វើជាផ្តល់លុយកាក់ជួយនាងផាត ជាហូរហែ លុះក្រោយមក អាប្រុសនោះបញ្ឆោតឱ្យលក់ដី និងគ្រឿងអលង្ការម្តងបន្តិចៗ ដែលលុយលក់បាននេះ គេយកទៅឱ្យប្រពន្ធដើមគេសោះ។ មិនយូរប៉ុន្មាន ប្តីឈ្មោះយ៉ុន នោះ ក៏ដោះដៃចោលទៅ ស្រាប់តែកូនស្រីទំនើងទាក់បានប្តីគេម្នាក់ទៀត ឈ្មោះធី អាយុ៥០ឆ្នាំ ជាអ្នកស្រុកក្រាំងចេក។ អានោះចំតួបោកប្រាស់តែម្តង ដែលមុនដំបូង វាសរសើរនាងផាត ថាស្អាតណាស់ វាសុខចិត្តលែងប្រពន្ធដើមមកយកនាងផាត មួយជីវិត។ លុះយកគ្នាបានតែ៧ខែ ក៏រលាយទ្រព្យសម្បត្តិធ្លាក់ខ្លួនក្ររហាម លុះឃើញយើងអស់អីរលីងពីខ្លួន អាប្រុសនោះក៏រត់ចោលបាត់ទៅទៀត។

នាងហៃ ផាត

លោកយាយសុខ សឿង បកអាក្រាតមារយាទអាក្រក់របស់កូនស្រីពៅ ទៀតថា តាំងពីប្តីទី១ ដល់ទី២ នាងផាត ស៊ីជោរតាមតែប្រុសបញ្ជោររហូត។ តាមពិតកូនស្រីនេះ រស់នៅជាមួយគាត់ ក៏បានកេរអាករច្រើនជាងបងៗ ព្រោះគាត់រំពឹង បានស៊ីពោះលោះកម្លាំង ផ្ញើប្រាណនឹងកូនស្រីនេះទម្រាំដល់ថ្ងៃស្លាប់ បើកូនចង់បានអ្វីក៏បំពេញបំណងវាភ្លាមៗ លុះវារកប្តីបាននាំមកបង្ហាញគាត់ៗ ក៏មិនហ៊ានដេញគេដែរ ក៏ទទួលស្គាល់ជាកូនប្រសាទៅ ព្រោះគេអះអាងថា បានលែងលះប្រពន្ធដើមដាច់ស្រេចអស់ហើយ។ មុនដំបូង អាប្រុសជាអ្នកឱ្យលុយផ្គត់ផ្គង់ជីវភាព លុះមិនបានប៉ុន្មានក៏លួងលោមនាងផាត ឱ្យលក់មាស យកលុយទៅស៊ីចាយសប្បាយហ៊ឺហា ហិនហោចអស់។ បន្ទាប់ពីអស់មាស វាចាប់ផ្តើមលក់ដីម្តង១ដុំៗ លុះអស់ដីស្រែ ក៏យកប្លង់ដីផ្ទះទៅដាក់នៅធនាគារ។ លុះគ្មានលុយសងគេៗ មករឹបអូសអស់ទៅ ហើយក៏គ្មានពេលទៅរកស៊ីឯណាដែរ ឯលុយកាក់ដីនោះក៏មិនយកទៅធ្វើដើមទុនអ្វីទេ ដឹងតែឌុបគ្នាទៅច្រៀងខារ៉ាអូខេ ស៊ីផឹកខ្ជះខ្ជាយ ដែលជួនកាលអាប្តីហេងស៊យនោះ យកលុយទៅឱ្យប្រពន្ធដើម និងកូនៗគេឯណោះសោះ។

អ្នកស្រីផន រ៉េន

លោកយាយអភ័ព្វ ទម្លាយរឿងកូនស្រីទំនើងទៀតថា គាត់ឆ្លាតដែរ ដោយចេះលាក់ប្លង់ដីមួយក្រវេច មិនឱ្យកូនស្រីរកឃើញ ទុកគ្រាន់សង់ខ្ទមនៅ កុំអីហ្មត់ទៀត។ ជារៀងរាល់ថ្ងៃ កូនស្រីនេះតែងរំអុកគាត់ឱ្យលក់ដីផ្ទះនេះយកលុយសងគេ ព្រោះវានៅជំពាក់គេជាង៣លានរៀលទៀត តែគាត់មិនព្រមធ្វើតាម។ សព្វថ្ងៃ គាត់រស់ក្រោមភាពអាម៉ាស់មុខ ព្រោះតែកូនស្រីទំនើងបំបាក់កិត្តិយស តែក៏សរសើរសំណាងខ្លះៗដែរ ត្រង់គាត់មិនពិបាកលាងអាចម៍ច្របាច់នោមចៅ ដោយសារកូនស្រីនេះចេះពន្យារកំណើតមិនឱ្យមានកូនជាមួយប្តីណាឡើយ។ គាត់ក៏ធ្លាប់ឃើញម៉ែឪគេខ្លះត្រូវកូនស្រីទំនើងផើមព្រៃជាមួយប្រុសមិនស្គាល់ប្រវត្តិ លុះបានកូនខ្ចី ក៏យកមកទម្លាក់ឱ្យម៉ែឪបំបៅទឹកដោះគោ រួចកូនទំនើងនោះហាច់តាមប្រុសទៅបាត់ទៀត។

អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការ បំភ្លឺពីនាងហៃ ផាត អាយុ៣០ឆ្នាំ ដែលត្រូវម្តាយបូល ពុតនោះបានឡើយ ព្រោះនាងចេញពីផ្ទះបាត់ សូម្បីទូរស័ព្ទក៏គ្មានដែរ។

អ្នកស្រីសុន ម៉ៅ

អ្នកស្រីផន រ៉េន អាយុ៥៣ឆ្នាំ និងអ្នកស្រីសុន ម៉ៅ អាយុ៤៥ឆ្នាំ ជាញាតិ បានឱ្យដឹងស្របគ្នាថា រឿងរ៉ាវនេះសុទ្ធតែពិតទាំងអស់ ហើយទោះជាដូនចាស់ជាម្តាយរៀបរាប់១០ម៉ោង ក៏មិនចប់រឿងកូនស្រីក្រយៅក្រឡាច់នេះដែរ។ ទោះយ៉ាងណា ធម្មតាម្តាយកាត់ទឹកមិនដាច់ កាត់សាច់មិនបាន ទោះជាកូនធ្វើបាបយ៉ាងណាក៏ចេះតែទ្រាំទឹកភ្នែកទឹកសំបោរយ៉ាងនេះទៅ។

គួរបញ្ជាក់ថា ប្រុសសម័យនេះចេះណាស់ ខ្លះមានប្រពន្ធកូនទៅហើយ ក៏យករូបស្រស់សង្ហារបស់ខ្លួនទៅបោកប្រាស់ក្រមុំស្រុកស្រែឱ្យលង់ខ្លួន។ ជួនកាលបុរសនេះឋានៈសូហ្វ័រឡានគេសោះ ក៏បើករថយន្តទំនើបទៅបង្អួតស្រីរងគ្រោះ ធ្វើឱ្យគ្នាជឿស្មានថាជាថៅកែធំ ឬឯកឧត្តម ក៏ឱ្យខ្លួនទៅគេ រួចលក់ទាំងកេរអាករយកលុយឱ្យប្រុសស្នេហ៍ថែមទៀត ទីបំផុត បានត្រឹមទឹកភ្នែកជូតក្បាលជង្គង់ ព្រោះតែខ្វះការពិចារណា៕