Loading...

ប្រពន្ធប្រើកូនឲ្យហៅប្តីចេញពីវង់ផឹក ប្តីមិនចេញ ប្រពន្ធតាមដល់វង់ផឹក ចាក់ស្រាចោល រួចព្រមានមិនឲ្យដេកជិត

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 2:24 am

បុរសនេះក្រោយពីប្រពន្ធដណ្តើមយកដបស្រាស ទៅចាក់ចោលខានផឹក ថែមទាំងគំរាមលែងឱ្យដេកជិតផងនោះ ក៏ស្រក់ទឹកភ្នែកតក់ៗ ព្រោះតែស្តាយស្រាផង ស្តាយកិត្តិយស ខ្មាសមិត្តភក្តិរួមវង់ផឹកផង។ ចំណែកមិត្តភក្តិទាំងនោះ បានសម្តែងការហួសចិត្តមិនគួរស្ត្រីជាប្រពន្ធបំបាក់មុខប្តីយ៉ាងនេះសោះ ព្រោះស្រាមិនថ្លៃទេ តែកិត្តិយសពិបាករក…។

នាងព្រះ សឿ អាយុ៣៨ឆ្នាំ រស់នៅភូមិទួលស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា នាងមានឪពុកឈ្មោះសន ស៊ុយ ស្លាប់ដោយរោគាពាធជាច្រើនឆ្នាំមកហើយ នៅតែម្តាយឈ្មោះជីម ចេម អាយុ៧០ឆ្នាំ ដែលគាត់នៅក្នុងបន្ទុកប្អូនស្រីពៅរបស់នាង។ កាលពីក្រមុំ រូបនាងត្រូវបានឪពុកម្តាយរៀបចំឱ្យមានប្តីឈ្មោះបួ សេម អាយុបងនាង១ឆ្នាំ ដោយបង្កើតបានកូន៤នាក់ (ប្រុស៣ ស្រី១) ដែលសព្វថ្ងៃមានទាំងកូនប្រសាថែមទៀតផង។ តាមពិតប្តីនាងជាមនុស្សស្លូតបូត អ្នកភូមិណាក៏ស្រលាញ់ចូលចិត្តដែរ ទាស់តែម៉្យាងឱ្យតែស្រវឹងម្តងៗ គឺស្រវឹងខូច មិនចេញទៅធ្វើការងារអ្វីទេ ជួនកាលបន្ទាប់ពីស្វាងស្រវឹងក៏នៅឈឺក្បាលវិលមុខ ដើរមិនរួច ខាតការងារអស់១អាទិត្យ ព្រោះតែអាការសាហាវហ្នឹង។ គេមិនសូវមានលុយផឹកស្រាបៀរនោះឡើយ ចូលចិត្តផឹកតែស្រាស ជួនកាលទៀត ខ្លួនឯងអត់លុយទេ តែក្លើប្រមឹកជាអ្នកទិញស្រា ក៏អូសដៃចូលវង់ផឹកមួយថ្ងៃទល់ល្ងាច ហៅមិនចេញទេ នៅតែអួទីនួ អែប្រមែភ្លេចការងារ។ នាងឧស្សាហ៍ណែនាំដែរ តែគេមិនស្តាប់ ក៏ជេរបាវតែម្តង នាំឱ្យផ្អើលអ្នកជិតខាង តែមនុស្សស្បែកក្រាស់ ជេរមិនឈឺទេ ទាល់តែលេងឱ្យធ្ងន់ដៃទើបបាន។

នាងព្រះ សឿ ពេលផ្តល់សម្ភាសន៍

នាងសឿ បន្តទៀតថា កាលពីប៉ុន្មានខែមុន កំពុងជាប់ដៃធ្វើចម្ការសុខៗ ស្រាប់តែប្តីនេះទៅចូលវង់ផឹកជាមួយក្លើ ទោះជានាងប្រើកូនតាមហៅក៏គេមិនព្រមចេញ។ ដោយខឹងខ្លាំងពេក នាងក៏តាមទៅដល់វង់ផឹក រួចដណ្តើមបានដបស្រាទៅចាក់ចោលខ្ទេច បានទាំងព្រមានប្តីប្រមឹកនេះ មិនឱ្យដេកជិតទៀតផង។ តាំងពីព្រមានម្តងមក ប្តីអន់ចង់បន្តិចដែរ លុះនាងស្រុះស្រួលត្រូវរ៉ូវឱ្យដេកជិតវិញ ភ្លេចៗខ្លួន ស្រាប់តែឆ្កែកន្ទុយខ្វៀន នៅតែខ្វៀនដដែល។ អីចឹងបើត្រូវលែងលះគ្នាក៏បានដែរ នាងមិនស្តាយប៉ុនក្រចកទេ ទោះជារួមរស់តទៅទៀត ក៏យ៉ាប់ខ្លួនដែរ។ ទោះយ៉ាងណា បើប្តីមិនស្រវឹងវិញ នាងហ៊ានអួតថា គ្មានបុរសណាបានប្រហែលប្តីនេះទេ តែបើមានជើងបបួលជួបជុំជល់កែវ ក៏វិលក្បុងលែងដឹងអ្វីទាំងអស់ បើម៉្លឹងៗទ្រាំមិនបានទេ។

ដោយឡែក លោកបួ សេម អាយុ៣៩ឆ្នាំ ជាប្តី ដែលទើបនឹងចេញពីវង់ផឹកក្នុងពិធីរៀបមង្គលការបងប្អូន បន្ទាប់ពីកូនប្រុសទី៣ តាមទៅហៅ បានបំភ្លឺថា មុននេះ លោកផឹកស្រាបៀរ Anchor ៤ប្រាំកំប៉ុង សាបដូចទឹក គ្មានស្រវឹងអីទេ ចាញ់ស្រាស ដាក់តែកន្លះលីត្រ ស្រាយចិញ្ចើម សម្បើមយក្សបាត់ទៅហើយ។ លោកត្អូញត្អែរថា ខ្លួនកើតមកមួយជាតិនេះជាមនុស្សរងកម្ម ត្រូវប្រពន្ធត្រួតក្បាល ឬទុកលោកជាកូន មិនមែនជាប្តីនោះទេ។ នាងគំរាមប្តីសព្វគ្រប់អស់ហើយ តែលោកមិនចង់បែកបាក់ ព្រោះអាណិតកូនៗ មិនចង់ឱ្យគេសើចចំអកថា ជាមនុស្សប្រុសវាយដំប្រពន្ធកូន ទើបលោកចេះតែទ្រាំឱ្យប្រពន្ធគាបសង្កត់តាមចិត្ត។

លោកបួ សេម ពេលផ្តល់សម្ភាន៍

លោកបួ សេម បន្តថា តើសមអីដែលប្រពន្ធទៅបំបាក់មុខប្តីនៅក្នុងចំណោមមិត្តភក្តិ ដោយដណ្តើមដបស្រាទៅចាក់ចោល ថែមទាំងជេរប្រទេចប្តីអត់ញញើត។ តាមពិត ស្រាដែលនាងចាក់ចោលនោះ មិត្តភក្តិគេទិញមក អស់លុយហោប៉ៅគេសោះ គ្រាន់តែពួកគេហៅលោកឱ្យចូលវង់តែប៉ុណ្ណឹង មិនគួរណាប្រពន្ធទៅបំបាក់កិត្តិយសប្តីគ្មានប្រណី។ បើប្តីគេក្រៅពីរូបលោក ច្បាស់ជាប្រពន្ធប៉ោងសំពត់ រត់មិនសព្វដីមិនខានឡើយ។ ប៉ុណ្ណឹងហើយនាងនៅតែគំរាមលោកមិនឱ្យដេកក្បែរទៀត តែលោកព្យាយាមខាំមាត់ សង្កត់ចិត្ត រហូតស្រក់ទឹកភ្នែកនៅពេលប្រពន្ធចាក់ស្រាចោលនោះ។ ពុំមែនលោកយំស្តាយស្រានោះទេ តែស្តាយកិត្តិយសជាប្រុស ត្រូវមិត្តភក្តិបង្អាប់ ព្រោះតែប្រពន្ធមិនស្គាល់ញាតិ។ ព្រោះតែខឹងពេក លោកបានវាយពាងទឹកបែកអស់មួយ ឱ្យវាធូរទ្រូងបន្តិច ស្រាប់តែប្រពន្ធផ្ទុះកំហឹងបង្អត់អាហាររាត្រីប្តីរាប់ខែ ទម្រាំត្រូវរ៉ូវគ្នាវិញ។ ឥឡូវនាងចងចិញ្ចើមដាក់ប្តីទៀត ហើយមុខនាងកាចជាងមុខខ្លាទៅទៀត ច្បាស់ជាចង់ដាក់លក្ខខណ្ឌស្អីទៀតហើយ។

ផ្ទះនាងព្រះ សឿ និងលោកបួ សេម

នាងព្រះ ភាជន៍ អាយុ២៩ឆ្នាំ ជាប្អូនបង្កើតខាងប្រពន្ធ បានឱ្យដឹងថា បងថ្លៃនាងជាមនុស្សស្លូតបូតទេ តែបើគាត់ផឹក គឺខូចដូចបងស្រីថាអីចឹង។ បើបងថ្លៃនេះចេញផឹកហើយ មានតែ៤ថ្ងៃទៅ១អាទិត្យ ទើបធ្វើការកើត ព្រោះបន្ទាប់ពីស្រវឹង ក៏នៅឈឺក្បាល ក្តៅរងាចេញពីផ្ទះមិនរួច តែបើមិនផឹកវិញ ដូចព្រះស៊ីម៉ងត៍នៅវត្ត។

នាងព្រះ ភាជន៍

លោកថោង លឿន អាយុ៤៦ឆ្នាំ ជាមិត្តភក្តិក្នុងវង់ផឹក បានឱ្យដឹងថា លោកមិនលូកដៃរឿងជម្លោះគ្រួសារក្លើម្រាក់នោះទេ គ្រាន់តែយល់ថា ទង្វើមិនសមរម្យរបស់នាងសឿ ដែលដណ្តើមយកស្រាទៅចាក់ចោលនោះ ដូចជាហួសហេតុបន្តិច។ តាមពិត ស្រានោះមិនមែនប្តីនាងទិញមកឯណា គឺពួកលោកប៉ុន្មាននាក់រៃលុយគ្នាទិញ គ្រាន់តែហៅលោកសេម ឱ្យចូលវង់ប៉ុណ្ណោះ តែនាងបំបាក់កិត្តិយសប្តី។ នេះហេតុតែលោកសេម ស្លូតពេក បើសិនជារូបលោកវិញ ប្រពន្ធខ្លាំងមិនស្គាល់ញាតិបែបនេះ ច្បាស់ជាប៉ោងសំពត់មិនខាន។

លោកថោង លឿន

គួរបញ្ជាក់ថា រឿងផឹកស៊ីតែងផ្តល់ជម្លោះក្នុងគ្រួសារតាំងពីក្រុងដល់ស្រែ ឆ្លងតំបន់ព្រៃ ព្រោះតែសម័យនេះ ស្រុកទេសមានសន្តិភាព មានឱកាសទំនេរច្រើន ទើបបុរសៗជុំជើងគ្នាជល់កែវ។ ទោះយ៉ាងណា បើយូរៗផឹកម្តង គួរតែប្រពន្ធបើកឱកាសឱ្យប្តីខ្លះទៅ តែបើប្តីនោះប្រមឹកជោក ឬត្រប៉ែរាល់ថ្ងៃត្រូវកែខៃ ចេញធម៌ក្តៅខ្លះៗទើបបាន។ ឯរឿងប្រពន្ធទៅដណ្តើមស្រាចាក់ចោល ប៉ះស្រាដែលទិញដោយមិត្តភក្តិនោះ ធ្វើឱ្យបាត់បង់កិត្តិយសប្តីមែន ដែលនាងជាប្រពន្ធ គួរវៀរចាកកុំធ្វើឱ្យប៉ះពាល់ដល់មិត្តភាព មិនល្អទេ៕