Loading...

ក្រុមមេធាវីថា ការប្តឹងរំលាយបក្សប្រឆាំង មិនអាចទៅរួច

​ dara chan​​ | ថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០១៧​ | នយោបាយ | | 0 | ម៉ោង 2:39 am

ភ្នំពេញ ៖ ក្រុមមេធាវី និងអ្នកច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានពិនិត្យទិដ្ឋភាពច្បាប់ និងលើកឡើងស្រដៀងគ្នាទៅនឹងអាយុជីវិតរបស់គណបក្សសង្គ្រោះជាតិ ដែលមានអាសនៈតំណាងរាស្ត្រនៅរដ្ឋសភាចំនួន៥៥រូប និងមានប្រជាពលរដ្ឋបោះឆ្នោតឱ្យប្រមាណ៣លាននាក់ ថា មិនអាចបាត់ឈ្មោះទៅរួចបន្ទាប់ ពីគណបក្សប្រឆាំងមួយនេះ ត្រូវគណបក្សនយោបាយចំនួន២ គឺគណបក្សយុវជនកម្ពុជារបស់លោកពេជ្រ ស្រស់ និងគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រកាសប្តឹងរំលាយពីបទក្បត់ជាតិជាប្រព័ន្ធ។

ក្នុងចំណោមមេធាវីទាំងអស់ របស់គណបក្សសង្គ្រោះជាតិ ក៏ដូចជាមេធាវីការពារក្តី លោកកឹម សុខា បានបញ្ជាក់ក្នុងន័យដូចគ្នាថា តាមទិដ្ឋភាពច្បាប់ ការប្តឹងរំលាយគណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ដ៏ធំនៅ កម្ពុជា មិនអាចទៅរួចទេ។

មេធាវីជូង ជូងី បានបញ្ជាក់ថា លោក កឹម សុខា មកដល់ពេលនេះ តុលាការមិនទាន់ បានកាត់ទោស ចេញសាលក្រមថា ក្បត់ជាតិ នៅឡើយទេ។ ដូច្នេះការប្រកាសប្តឹងរបស់ គណបក្សនយោបាយចំនួន២នោះ មិនអាចបាន ជោគជ័យឡើយ ហើយប្រជាពលរដ្ឋរាប់លាន នាក់ ក៏នៅគាំទ្រគណបក្សសង្គ្រោះជាតិ គាំទ្រ លោកកឹម សុខា និងមិនបានចាត់ទុកថា លោក កឹម សុខា ក្បត់ជាតិនោះដែរ។

លោកជូង ជូងី បានមានប្រសាសន៍ថា  “និយាយពីផ្លូវច្បាប់ ខ្ញុំនិយាយយ៉ាងខ្លីថា អត់ អាចប្តឹងទៅបានទេ ពីព្រោះថា ឯកឧត្តមកឹម សុខា តុលាការអត់ទាន់ចោទប្រកាន់ជាផ្លូវការ នៅឡើយទេ ស្ថិតនៅក្នុងការស៊ើបអង្កេត អត់ ទាន់មានសាលក្រមថា គាត់មានទោសអីនៅ ឡើយទេ។ អ៊ីចឹងនិយាយពីផ្លូវច្បាប់ គឺអត់អាច ប្តឹងរំលាយបានជោគជ័យទេ ខ្ញុំនិយាយដោយ ខ្លីប៉ុណ្ណឹង។ អាហ្នឹងគឺសិទ្ធិគាត់ប្តឹង គាត់មាន សិទ្ធិប្តឹង ប៉ុន្តែជាពិនិត្យតាមផ្លូវច្បាប់ គាត់អត់ ទាន់មានទោសផងហ្នឹង។ អ៊ីចឹងទៅថា ក្បត់ជាតិ ម៉េច? ហើយប្រជាពលរដ្ឋជាងរាប់លាននាក់ នៅគាំទ្រគាត់ អត់យល់ថាគាត់ក្បត់ជាតិផង ហ្នឹង”។

លោកជូង ជូងី មេធាវីការពារក្តីលោកកឹម សុខា

ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មនៃគណបក្សសង្គ្រោះជាតិ និងជាមេធាវី មួយរូបលោកស្រីម៉េង សុភារី បានបញ្ជាក់ថា មិនដឹងថា មានមូលដ្ឋានអ្វីដែលគណបក្សយុវជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សគ្មានអាសនៈក្នុងរដ្ឋសភា ចង់ប្តឹងរំលាយគណបក្សសង្គ្រោះជាតិ? ព្រោះបើសិនជាផ្អែកទៅលើស្ថានភាពសំណុំរឿងរបស់លោក កឹម សុខា មិនទាន់ត្រូវបានតុលាការកាត់ក្តី ហើយក៏មិនទាន់មានសាលក្រមចូលជាស្ថាពរដែរ ហើយបច្ចុប្បន្ន កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ចតុលាការតែប៉ុណ្ណោះ។

លោកស្រីម៉េង សុភារី បានមានប្រសាសន៍ថា “ខ្ញុំយល់ឃើញថា បច្ចុប្បន្ននេះ យើងឃើញថា គណបក្សសង្គ្រោះជាតិ នេះ ទទួលបាននូវការគំរាមកំហែង ក៏ដូចជាមានការចាប់ចងនូវថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ហើយក៏មានការគំរាមកំហែងជាបន្តបន្ទាប់ដែរ ហើយទន្ទឹមនឹងនោះ ក៏យើងឃើញថា មានគណបក្សចំនួន ២ ដែលមានគម្រោងថា នឹងប្តឹងសុំឱ្យមានការរំលាយគណបក្សសង្គ្រោះជាតិ ហើយយើងដឹងថា គណបក្សទាំង២នោះ គឺពុំមានអាសនៈ អ្វីសោះនៅក្នុងរដ្ឋសភា ហើយក៏ដូចជាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កន្លងទៅនេះ យើងឃើញថា គណបក្សមួយនោះក៏មិនទទួលបាន សំឡេងឆ្នោតអ្វីដែរ ហើយគណបក្សមួយទៀត ក៏ឃើញថា បានទទួលសំឡេងតិចតួចបំផុត ហើយដែលគាត់មកមានបំណងប្តឹងរំលាយគណបក្សសង្គ្រោះជាតិនេះ មិនដឹងថា គាត់ផ្អែកលើមូលដ្ឋានអីដែលចង់រំលាយគណបក្សសង្គ្រោះ ជាតិ? បើសិនជាផ្អែកទៅលើស្ថានភាពសំណុំរឿងរបស់ឯកឧត្តមកឹម សុខា ក៏មិនត្រឹមត្រូវដែរ ពីព្រោះសំណុំរឿងឯកឧត្តមកឹម សុខា មិនទាន់ត្រូវបានតុលាការកាត់ក្តី ហើយក៏មិនទាន់មានសាលក្រមចូលជាស្ថាពរដែរ ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ចតុលាការតែប៉ុណ្ណោះ ហើយតាមយើងពិនិត្យមើលទៅក្នុងរដ្ឋធម្មនុញ្ញរបស់យើង គឺ ត្រូវចាត់ទុកថា ជាមនុស្សអត់ទោស ដរាបណាមិនទាន់មានសាលក្រមផ្តន្ទាទោសជាស្ថាពរនៅឡើយទេ។ ដូច្នេះខ្ញុំយល់ឃើញថា ការប្តឹងរបស់គណបក្សផ្សេងៗនេះ ដែលមានបំណង ប្តឹងគណបក្សសង្គ្រោះជាតិ ពុំបានឈរលើមូលដ្ឋានច្បាប់គ្រប់គ្រាន់នៅក្នុងការប្តឹង ហើយគណបក្សសង្គ្រោះជាតិ ក៏ពុំមានមូលដ្ឋាន ឬក៏ពុំមានមូលហេតុណាមួយដែលអាចឱ្យមកប្តឹង គណបក្សសង្គ្រោះជាតិ សុំឱ្យរំលាយគណបក្ស បានដែរ។ ក៏ប៉ុន្តែបើយើងនិយាយអំពីទិដ្ឋភាព នយោបាយវិញ យើងឃើញថា អ្វីៗមិនស្ថិតស្ថេរ ទេ ច្បាប់មិនត្រូវបានយកមកអនុវត្តដោយ ពេញលេញនោះទេ។ ដូច្នេះបើសិនជាមានការ ចង់ប្តឹងរំលាយ ឬមួយក៏បែបណានោះ យើងពិបាកនឹងសន្និដ្ឋាន ប៉ុន្តែដូចខ្ញុំបានជម្រាបមុន អ៊ីចឹង បើពិនិត្យមើលលើទិដ្ឋភាពផ្លូវច្បាប់ ទី១ គណបក្សសង្គ្រោះជាតិ មានសមាជិកសភា នៅ ក្នុងរដ្ឋសភា ៥៥រូប ហើយមានសមាជិកក្រុម ប្រឹក្សាឃុំ-សង្កាត់ រហូតដល់៥០០៧រូប នៅទូទាំងប្រទេស ហើយមានក្រុមប្រឹក្សារាជធានីទៀតផង ហើយមិនត្រឹមតែប៉ុណ្ណោះ យើង ឃើញថា ស្ថាប័ន គ.ជ.ប ក៏ជាស្ថាប័នដែលកើតចេញពីសំឡេងរបស់គណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា ហើយនិងសំឡេងរបស់ គណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា តែឋិតក្នុងរដ្ឋាភិបាលផងដែរ។ អ៊ីចឹងបើសិន ជាមានការរំលាយគណបក្សសង្គ្រោះជាតិ ពិតមែននោះ យើងឃើញថា វាប៉ះពាល់ទៅដល់ ស្ថាប័នទាំងអស់ហ្នឹង ដូចជាស្ថាប័នរដ្ឋសភា ក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាស្ថាប័នគ.ជ.ប ដែរ ព្រោះស្ថាប័នគ.ជ.ប កើតឡើងដោយសារ ព្រមព្រៀងរវាងគណបក្សដែលមានសំឡេង នៅក្នុងរដ្ឋសភា ហើយកាន់អំណាច និងសំឡេង របស់គណបក្សដែលមានសំឡេងនៅក្នុងរដ្ឋសភា តែមិនកាន់អំណាច។ អ៊ីចឹងបើសិនជាយើង ពិនិត្យមើលលើទិដ្ឋភាពទាំងអស់ហ្នឹង គឺថា ការ រំលាយរបស់គណបក្សសង្គ្រោះជាតិ មិនអាច ធ្វើទៅបានទេ”។

លោកស្រីម៉េង សុភារី បានមានប្រសាសន៍ បន្តថា “ដោយអំឡុងពេលនេះ គឺជាអំឡុងចុះ ឈ្មោះបោះឆ្នោត ហើយនិងការធ្វើបច្ចុប្បន្នភាព នៅឆ្នាំ២០១៧ ហើយការចុះឈ្មោះបោះឆ្នោត មានរយៈពេល៣០ថ្ងៃជាងហើយៗយើងឃើញ ថា ប្រជាពលរដ្ឋតាមស្ថិតិប៉ាន់ប្រមាណ មានប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោត រហូត ទៅដល់១លាន៦សែននាក់ ហើយជាក់ស្តែង ការចុះឈ្មោះបោះឆ្នោត យើងឃើញថា ទើបតែទទួលបានប្រជាពលរដ្ឋ២០ម៉ឺននាក់ជាង តែប៉ុណ្ណោះ សម្រាប់ការចុះឈ្មោះបោះឆ្នោត និងបច្ចុប្បន្នភាពនៅក្នុងឆ្នាំ២០១៧ នេះ។ អ៊ីចឹង មានចំនួនតិចមែនទែន។ ហេតុដូច្នេះ ក្នុងនាម នាងខ្ញុំជាប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត  ក៏ដូចជាក្នុងនាមគណបក្សសង្គ្រោះជាតិផងដែរ ស្នើសុំថា អញ្ជើញប្រជាពលរដ្ឋដែលទើប តែគ្រប់អាយុចុះឈ្មោះឆ្នោត ដែលកើតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០០ ហ្នឹង ឱ្យពួកគាត់អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ក៏ដូចជា ប្រជាពលរដ្ឋមិនទាន់ចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ សូមអញ្ជើញមកចុះឈ្មោះបោះឆ្នោត ព្រោះកាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោតហ្នឹង គឺជិតដល់ គឺនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ហើយក៏សូមសំណូមពរមួយទៀតដែរ គ្រប់គណបក្សនយោបាយទាំងអស់ មេត្តាងាកមករកការចរចាគ្នា គណបក្សសង្គ្រោះជាតិ ជឿជាក់ថា មានតែការចរចាគ្នាទេ ទើបអាចដោះស្រាយបញ្ហារបស់ពួកយើងបាន ហើយជាពិសេសនោះ កុំយកបញ្ហារឿងចាប់ រឿងចង ការគំរាមកំហែង ដើម្បីបំបាក់ស្មារតីដល់ប្រជាពលរដ្ឋ ក៏ដូចជាដល់សកម្មជនបក្សដទៃទៀត”។

លោកសំ សុគង់ និងលោកម៉េង សុភារី ជាមួយក្រុមមេធាវីការពារក្តីលោកកឹម សុខា

មេធាវីសំ សុគង់ បានបញ្ជាក់ថា បើមើលក្នុងទិដ្ឋភាពច្បាប់ អ្នកទាំង២ គឺគណបក្សយុវជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច មិនមានសិទ្ធិ ក្នុងការធ្វើបណ្តឹងប្តឹងរំលាយគណបក្សសង្គ្រោះជាតិទេ ដោយសារគណបក្សទាំង២ អត់មានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើជាដើមបណ្តឹង ព្រោះកាលណានរណាមួយអាចប្តឹង ទៅនរណាមួយបាន ទាល់តែវាមានទំនាក់ទំនង ហេតុនិងផល ហើយនិងមានការខូចខាត។ បានន័យថា បើមានការខូចខាត ទើបទាមទារនូវ ព្យសនកម្មដែលខូចខាតហ្នឹង ទើបគណបក្សទាំង ២នោះ អាចធ្វើដើមបណ្តឹងចំពោះស្ថាប័ន ឬចំពោះ បុគ្គលណាមួយ។ ប៉ុន្តែជាក់ស្តែងទៅ គណបក្សទាំង២ អត់មានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការ ធ្វើជាដើមបណ្តឹង ប្តឹងរំលាយគណបក្សសង្គ្រោះជាតិ នោះទេ ហើយមើលទិដ្ឋភាពច្បាប់មួយទៀត ទាក់ទិងនឹងគណបក្សនយោបាយហ្នឹង ក៏មិនអនុញ្ញាតឱ្យគណបក្សផ្សេង មកប្តឹងរំលាយគណបក្សផ្សេងមួយទៀតដែរ មានតែអាជ្ញាធរ ឬក៏តុលាការប៉ុណ្ណោះ ដែលមានសិទ្ធិក្នុងការប្តឹងនេះ។

លោកសំ សុគង់ បានមានប្រសាសន៍ថា យើងឃើញនៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ ជាពិសេស ច្បាប់ទើបវិសោធនកម្មថ្មីៗ វាជាសមត្ថកិច្ចរបស់តុលាការកំពូល ក្នុងការពិនិត្យនិងពិចារណាទៅលើបញ្ហាគតិយុត្ត ក៏ដូចជាបញ្ហានីតិវិធីផ្លូវច្បាប់ បើសិនជាមានបណ្តឹងមែន។ ប៉ុន្តែគ្រាន់តែថា យើងឃើញទិដ្ឋភាព របស់គណបក្សសង្គ្រោះជាតិ នេះ វាមិនអាច ឈានទៅដល់ការប្តឹងរំលាយទេ អាហ្នឹងបើតាម យើងមើល។ ទិដ្ឋភាពច្បាប់ បានចែងច្បាស់ ហើយ អ្នកដែលមានសិទ្ធិនៅក្នុងការធ្វើបណ្តឹង គឺអ្នកហ្នឹងដល់មានលក្ខណសម្បត្តិគ្រប់គ្រាន់ គឺទី១ អ្នកដែលប្តឹងហ្នឹង ត្រូវមានទំនាក់ទំនង ហេតុនិងផល អំពើ ហើយនិងការខូចខាត រវាង គ្នាទៅវិញទៅមក។ ហើយទី២ អ្នកដែលប្តឹង ហ្នឹង ត្រូវមានការខូចខាត ឬព្យសនកម្ម ឬការ ទទួលរងដោយសារភាគីម្ខាងទៀត អាហ្នឹងបាន គាត់មានគុណសម្បត្តិ ឬមានសិទ្ធិដែលច្បាប់ បានបញ្ញត្តិហាម មានសិទ្ធិក្នុងការធ្វើបណ្តឹង រដ្ឋប្បវេណី។ ប៉ុន្តែបើយើងពិនិត្យមើលគណបក្ស ទាំង២ហ្នឹង មិនមានគុណសម្បត្តិគ្រប់គ្រាន់ទេ ក្នុងការធ្វើជាដើមបណ្តឹង ហើយទាក់ទងនឹងថា គេប្តឹងបានៗ អាហ្នឹងជាការយល់ឃើញ ក៏ដូចជា ការបញ្ចោញទស្សនៈរបស់បុគ្គលដែលជាសេរីភាព ក្នុងការបញ្ចោញមតិ ប៉ុន្តែគ្រាន់តែយើងពិនិត្យ អំពីផ្លូវច្បាប់ វាអត់មានលក្ខណៈគ្រប់គ្រាន់”។

លោកសំ សុគង់

លោកសំ សុគង់ មានប្រសាសន៍បន្តថា “ដូចខ្ញុំបានលើកឡើងពីខាងលើថា គណបក្ស ទាំង២ហ្នឹង ក៏ដូចជាអ្នកផ្សេងៗទៀត មិនមែន ជាសមត្ថកិច្ចក្នុងការធ្វើការស៊ើបអង្កេតក្នុងការ ធ្វើការសន្និដ្ឋានថា ជាប្រព័ន្ធ ឬមិនជាប្រព័ន្ធទេ អាហ្នឹងជាសមត្ថកិច្ចរបស់តុលាការ ហើយតុលាការ កំពុងធ្វើការស៊ើបអង្កេត ក៏ដូចជាកំពុងចាត់ការ តាមនីតិវិធីដែរ ប៉ុន្តែយើងគិតថា មកដល់ពេល នេះ ឯកឧត្តមកឹម សុខា នៅតែជាជនសង្ស័យ ហើយក៏បើចំពោះការចោទគាត់នៅជាមនុស្ស មិនទាន់មានកំហុសនៅឡើយទេ ដោយសារ តុលាការ ពុំទាន់កាត់ទោសអីជាស្ថាពរទេ។ ខ្ញុំ គិតថា អ្នកដែលលើកអំពីការបញ្ចោញមតិថា អ៊ីចេះ ថាអ៊ីចុះ ថាអាចរំលាយបាន ឬក៏យ៉ាង ម៉េចនោះ គឺខ្ញុំចង់មានមតិថា គួរឱ្យពួកគាត់ហ្នឹង ពិនិត្យអំពីទិដ្ឋភាពច្បាប់ឱ្យបានជាក់លាក់ មុន នឹងនិយាយ ឬបញ្ចោញមតិ ចៀសវាងកុំឱ្យមាន ការភ័ន្តច្រឡំចំពោះអ្នកសិក្សា ក៏ដូចជាសា-ធារណជន ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស”។

ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងមេធាវីដ៏ល្បីមួយរូប លោកសុក សំអឿន បានបញ្ជាក់ថា លោកមិនទាន់ហ៊ាននិយាយ ដោយដាច់ណាត់នោះទេថា គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា មិនអាចប្តឹង សុំឱ្យរំលាយគណបក្សសង្គ្រោះជាតិ ព្រោះលោក មិនទាន់ដឹងច្បាស់ថា គណបក្សទាំងពីរ ផ្អែកលើ ភ័ស្តុតាងនិងមូលដ្ឋានអ្វីខ្លះ? ប៉ុន្តែលោកសង្កត់ធ្ងន់ថា ដើម្បីប្តឹងសុំឱ្យរំលាយគណបក្សសង្គ្រោះជាតិ លុះត្រាតែបទល្មើសនោះ ទាក់ទងនឹង គណបក្សសង្គ្រោះជាតិទាំងមូល។ បានន័យថា ករណីរបស់លោកកឹម សុខា គឺជារឿងបុគ្គល ដូច្នេះពុំអាចយកទៅភ្ជាប់នឹងគណបក្សសង្គ្រោះ ជាតិ បានឡើយ។ ម៉្យាងទៀត ប្រសិនបើករណី របស់លោកកឹម សុខា ឬគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងរឿងព្រហ្មទណ្ឌ មានតែព្រះរាជអាជ្ញាទេ ដែលជាអ្នកដើរតួជាដើមបណ្តឹង។

លោកសុក សំអឿន បានមានប្រសាសន៍ថា “ខ្ញុំអត់ដឹងថា គណបក្ស២ហ្នឹង គេមានភ័ស្តុតាងអី ព្រោះយើងដឹងថា ក្បត់ជាតិ ដូច្នេះទាល់តែអំពើ មិនមែនគ្រាន់តែនិយាយទេ មិនមែនគ្រាន់តែសម្តី មតិអីហ្នឹង ព្រោះច្បាប់ធ្វើអីខ្លះ ថាក្បត់ជាតិនោះ? ហើយបើពាក់ព័ន្ធទៅនឹងរំលាយគណបក្ស ទាល់តែក្បត់ជាតិហ្នឹង ធ្វើជាគណបក្សទាំងមូលតែម្តង រួមម្តង បើសិនបុគ្គល ឯកជន អាហ្នឹងមិនចាត់ទុកជាអំពើក្បត់ជាតិរបស់បក្សទេ។ តើអំពើអីដែលចាត់ទុកថា ក្បត់ហ្នឹង ភ័ស្តុតាងអីទៅ? ពីព្រោះតាមពិតអ្នកដែលអាចប្តឹងបាន ទាល់តែព្រះរាជអាជ្ញា ឯយើង ជាប្រជាពលរដ្ឋធម្មតា ក៏អាចប្តឹងបានដែរ ក៏ប៉ុន្តែ រឿងបទល្មើសព្រហ្មទណ្ឌ យើងគ្រាន់តែជាអ្នក ផ្តើមបណ្តឹងទេ ហើយយើងត្រូវទទួលខុសត្រូវ ទៀត បើសិនការប្តឹងរបស់យើងអត់មានភ័ស្តុតាងអីច្បាស់ គេអាចប្តឹងពីបទបរិហារបង្កាច់កេរ្តិ៍បាន។ រឿងប្តឹង ប្រជាជនទាំងអស់មានសិទ្ធិ បានដូច្នេះវាមិនជាបញ្ហាអីទេ ក៏ប៉ុន្តែក្នុងច្បាប់និយាយថា បើយើងអត់មានភ័ស្តុតាងអីសោះ ហើយយើងចេះតែប្តឹងឱ្យគេមានបញ្ហា គេអាច ប្តឹងតបវិញ ពីបទបរិហារបង្កាច់កេរ្តិ៍”។

គួរបញ្ជាក់ដែរថា យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សយុវជនកម្ពុជា ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សនេះ បានយល់ព្រមចំពោះសំណើរបស់ក្រុម ការងារប្រតិបត្តិខេត្តត្បូងឃ្មុំ នៃគណបក្ស ហើយសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស បានសម្រេចជាឯកច្ឆន្ទ ចំពោះការដាក់ ពាក្យបណ្តឹងទៅកាន់តុលាការកំពូល ដើម្បីប្តឹងសុំឱ្យតុលាការកំពូល រំលាយគណបក្សសង្គ្រោះជាតិ ដោយហេតុថា ប្រធានគណបក្សសង្គ្រោះជាតិ បានប្រព្រឹត្តអំពើក្បត់ជាតិ មានលក្ខណៈ ជាប្រព័ន្ធ ដែលមិនអាចលើកលែងឱ្យបាន។ ម៉្យាងវិញទៀត ដើម្បីដាស់តឿនស្មារតីដល់អ្នកនយោបាយគ្រប់ជំនាន់ ត្រូវគិតផលប្រយោជន៍ ជាតិជាធំ និងកុំឱ្យអ្នកនយោបាយជំនាន់ក្រោយ យកគំរូតាមក្រុមគណបក្សសង្គ្រោះជាតិ ដែល ជាហេតុធ្វើឱ្យប្រទេសកម្ពុជា ធ្លាក់ក្នុងនឹមត្រួត- ត្រារបស់បរទេស ដូចសម័យកាលមុន។ ក្នុង ន័យនេះហើយ ទើបស្ថាបនិករបស់គណបក្ស យុវជនកម្ពុជា បានសម្រេចជាឯកច្ឆ័ន្ទ ចំពោះ ការដាក់នូវពាក្យបណ្តឹងទៅកាន់តុលាការកំពូល ដើម្បីស្នើសុំឱ្យតុលាការកំពូល រំលាយគណបក្ស សង្គ្រោះជាតិ តាមច្បាប់ស្តីពីគណបក្សនយោបាយ ចាស់និងថ្មី ដែលបានចែងជាធរមាន។

លោកពេជ្រ ស្រស់

ប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ បានបញ្ជាក់បន្ថែមលើសេចក្តីថ្លែងការណ៍នោះថា លោកកឹម សុខា មិនត្រឹមតែ ខ្លួនឯង នៅក្រោមបង្គាប់ជនបរទេស ឬអង្គការ ក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាលបរទេសទេ រួមទាំង គណបក្សសង្គ្រោះជាតិទាំងអស់ ទាំងពីតូច រហូត ដល់កំពូល គឺនៅក្រោមបង្គាប់សេណារីយោរបស់  ជនបរទេស ឬហៅថា ក្បត់ជាតិជាលក្ខណៈប្រព័ន្ធ។ ដូច្នេះកាលណាក្បត់ជាតិជាលក្ខណៈ ប្រព័ន្ធ មិនអាចចាប់តែលោកកឹម សុខា ហើយ អ្នកដែលពាក់ព័ន្ធមួយចង្កោមទៀតរួចខ្លួនទេ ត្រូវតែរំលាយអំពើក្បត់ជាតិជាប្រព័ន្ធហ្នឹងចេញ ព្រោះបើមិនរំលាយចេញទេ នឹងធ្វើឱ្យអ្នកនយោបាយជំនាន់ក្រោយ ទៅជាប្រធានបក្ស ប្រព្រឹត្ត បទល្មើស ដោយមិនគិតប្រយោជន៍ជាតិ អាយុ ជីវិតជាតិ និងបូរណភាព អធិបតេយ្យជាតិជាធំ។

ជាមួយគ្នានោះ យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សហ៊្វុនស៊ិនប៉ិច ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ បានបញ្ជាក់ពីជំហររបស់ គណបក្ស ចំនួន៥ចំណុច ដូចខាងក្រោម ៖

១-សូមអរគុណរាជរដ្ឋាភិបាល ក្រោម ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិធានការទាន់ពេល វេលា ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនយោបាយនៃប្រទេសកម្ពុជា។ គ្មានសន្តិភាព និងស្ថិរភាពនយោបាយនេះ ប្រជាជាតិខ្មែរធ្លាប់ ស្ថិតក្នុងគ្រោះថ្នាក់ ហើយប្រជានុរាស្ត្រទទួល រងគ្រោះលំបាកវេទនាអស់ជាច្រើនទសវត្ស។

២-ដោយគោរពស្មារតីនៃច្បាប់ស្តីពីគណបក្សនយោបាយ និងវិសោធនកម្មបានចូលជា ធរមានរួចហើយ គណបក្សហ៊្វុនស៊ិនប៉ិច គាំទ្រ វិធានការដែលរាជរដ្ឋាភិបាល ចាត់ចំពោះបទល្មើសដែលលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានប្រព្រឹត្ត ដូចដែលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច បានមានព្រះបន្ទូលក្នុងឱកាស សមាជវិសាមញ្ញគណបក្សហ៊្វុនស៊ិនប៉ិច កាល ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ រួចមកហើយ នោះ គឺផ្ទុយពីស្មារតីមាត្រា៦ថ្មី និងមាត្រា៧។

៣-គេមិនអាចកាត់ផ្តាច់បទល្មើសនេះ ថា ជាបទល្មើសផ្ទាល់ខ្លួនរបស់លោកកឹម សុខា ហើយទាត់ចោលការទទួលខុសត្រូវរបស់គណបក្សសង្គ្រោះជាតិ ទាំងមូលនោះទេ ពីព្រោះ លោកកឹម សុខា បានផ្តល់ព័ត៌មានដល់អ្នកចូលរួមក្នុងឋានៈជាអ្នកដឹកនាំគណបក្សសង្គ្រោះជាតិ ហើយបានសារភាពថា ខ្លួនទទួលបញ្ជា និងទំនុកបម្រុងពីបរទេស ហើយបានអនុវត្តសម្រេច នូវជំហានដំបូង ពីរដំណាក់កាល គឺការបង្កើត អង្គការសិទ្ធិមនុស្ស និងការច្របាច់បញ្ចូលគ្នា នូវគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី ទៅជាគណបក្សសង្គ្រោះជាតិ តែមួយ ដើម្បីឈានទៅដល់ដំណាក់កាលចុងក្រោយ គឺការ ផ្តួលរំលំរដ្ឋាភិបាល។

៤-ក្នុងគោលបំណងអនុវត្តគោលការណ៍ នីតិរដ្ឋ ពោលគឺការអនុវត្តច្បាប់ស្តីពីគណបក្ស នយោបាយ និងច្បាប់ស្តីពីវិសោធនកម្មនៃគណបក្សនយោបាយ ទោះបីគណបក្សហ៊្វុនស៊ិនប៉ិច ខ្វះខាតធនធានក្តី ក៏គណបក្សនេះគោរពគោល- ការណ៍នីតិរដ្ឋ ដែលជាបាវចនាមួយរបស់ខ្លួន បានខិតខំរៀបចំសមាជវិសាមញ្ញ ដើម្បីធ្វើវិសោធនកម្មលក្ខន្តិកៈរបស់ខ្លួន ផ្លាស់ប្តូររូបសញ្ញា ដក ព្រះឆាយាល័ក្ខណ៍សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជារូបភាពរូបវន្តបុគ្គលចេញ ដើម្បី ឆ្លើយតបការតម្រូវរបស់ច្បាប់ខាងលើនេះ។

៥-គណបក្សហ៊្វុនស៊ិនប៉ិច នឹងដាក់ពាក្យ បណ្តឹងទៅតុលាការកំពូល ដើម្បីឱ្យរំលាយ គណបក្សសង្គ្រោះជាតិ និងតាមស្មារតីអនុវត្ត នីតិរដ្ឋដូចគ្នា ស្របតាមមាត្រា៦ថ្មី មាត្រា៧ និងមាត្រា៤៤ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។

ក្នុងសេចក្តីថ្លែងការណ៍នោះ ក៏បានបញ្ជាក់ បន្ថែមថា គណបក្សហ៊្វុនស៊ិនប៉ិច “សូមធ្វើការ បញ្ជាក់បន្ថែមថា រដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា១ បានចែងថា “ប្រទេស កម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រ ទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិ ប្រជាធិបតេយ្យ សេរី ពហុបក្ស”។ ដូច្នេះ រដ្ឋធម្មនុញ្ញ មិនមានមាត្រាណាមួយ ដែលចែងថា ព្រះរាជាណាចក្រកម្ពុជា ត្រូវតែមានគណបក្ស ប្រឆាំង នោះទេ”។

ទោះបីយ៉ាងណា អនុប្រធានគណបក្ស សង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្ត បាត់ដំបង ព្រមទាំងជាអតីតសមាជិកគណបក្ស ហ៊្វុនស៊ិនប៉ិច លោកស្រីមួរ សុខហួរ បានប្រតិកម្ម ទៅនឹងការប្រកាសប្តឹងរំលាយគណបក្សប្រឆាំង ពីសំណាក់គណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយលោកស្រី ស្នើសុំព្រះអង្គកុំចូលរួមនៅក្នុងការបំផ្លិចបំផ្លាញ អ្នកប្រជាធិបតេយ្យ គឺសូមព្រះអង្គចូលរួម ជាមួយនឹងគណបក្សសង្គ្រោះជាតិ នៅក្នុងការ ការពារជាតិ សាសនា ព្រះមហាក្សត្រ  ឬយ៉ាងហោចណាស់ សូមព្រះអង្គកុំធ្វើអី នៅស្ងៀមទៅ ទុកឱ្យគណបក្សគេដទៃទៀតធ្វើទៅ គឺកុំ បំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា។

ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិតឈឹម ផលវរុណ បានលើកឡើងថា ការប្តឹងគណបក្សនយោបាយ នីមួយៗមានសិទ្ធិប្តឹង ដោយឈរលើជំហរពង្រឹង អធិបតេយ្យជាតិ ហើយមិនគាំទ្រចំពោះគណបក្សនយោបាយណាដែលមានចរិតក្បត់ជាតិ ប៉ុន្តែការសម្រេចយ៉ាងណា ជាសមត្ថកិច្ចរបស់ តុលាការកំពូល។

លោកឈឹម ផលវរុណ បានមានប្រសាសន៍ ថា “នេះគឺជាសិទ្ធិរបស់គណបក្សនីមួយៗ ដែល ឈរលើជំហរពង្រឹងអធិបតេយ្យជាតិ ហើយ មិនគាំទ្រចំពោះគណបក្សនយោបាយណាដែល មានចរិតក្បត់ជាតិ។ អាហ្នឹងគឺសិទ្ធិរបស់គណ បក្សនីមួយ ក្នុងការប្រើសិទ្ធិប្តឹងទៅតុលាការ ប៉ុន្តែតុលាការកំពូល ដែលជាស្ថាប័នមានសមត្ថកិច្ច គឺអនុវត្តទៅតាមនីតិវិធីដែលមានចែងនៅក្នុង ច្បាប់គណបក្ស ដែលនៅក្នុងនោះ គឺការប្តឹង ដែលទទួលយកចាត់ការ គឺត្រូវចេញតាមក្រសួង មហាផ្ទៃ។ ប៉ុន្តែច្បាប់គណបក្ស ក៏ពុំបានហាមថា មិនឱ្យគណបក្សណាប្តឹងទេ គណបក្សនីមួយៗ មានសិទ្ធិប្តឹងទាំងអស់ ហើយអាស្រ័យទៅនឹង តុលាការកំពូល ពិនិត្យទៅលើនីតិវិធី ដែលមាន ជាធរមានក្នុងការអនុវត្ត”៕

កុលបុត្រ