ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការបិទច្រកព្រំដែន ជាឯកតោភាគី របស់ទាហានថៃ ដោយមិនបានជូនដំណឹងឬពិភាក្សាជាមួយកម្ពុជា ហើយបែរជាថា ខ្លួនមិនបានបិទច្រក ដោយគ្រាន់តែកែសម្រួលពេលម៉ោងបិទ-បើក ដោយទម្លាកកំហុសមកកម្ពុជា ថាជាអ្នកបិទច្រកព្រំដែននោះ គឺជាល្បិចពិសពុល ខុសពីសារជាតិជាមនុស្ស ដែលពិភពលោកបានស្គាល់ចរិតថៃ ច្បាស់ណាស់ សូម្បីតែក្មេងមត្តេយ្យ ក៏ស្គាល់មារយាទចចកថៃ នេះដែរ។

លោកទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានសរសេរក្នុងគណនី និងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ថា «សារចំហជូនអ្នកជិតខាងខ្ញុំ «ថៃ» !

ខ្ញុំពិតជាមិនសរសើរមិនបាន ដែលថៃ ត្រូវពិភពលោកស្គាល់ថា ជាប្រទេសសម្បូរល្បិច។ ពេលនេះ ខ្ញុំកាន់តែភ្លឺភ្នែក និងសូមសរសើររាល់ភាពប៉ិនប្រសប់ក្នុងការរៀបល្បិចកិច្ចកលពិសពុល។ ជាក់ស្ដែង ថៃ បានបង្កើតល្បិចថ្មីមួយទៀត គឺ «បើកតែបិទ» ពោលគឺ ធ្វើជាបើកទ្វារតាមច្រកព្រំដែន តែមិនឱ្យមានការឆ្លងកាត់ជាធម្មតា ជាប្រក្រតីជាទូទៅដូចកាលពីដើម។ សូមសរសើរ ចេះរកនឹកឃើញ! តែសូមពិចារណាមើលថា បើបើកតែទ្វារច្រក តែមិនឱ្យមនុស្សឆ្លងកាត់ជាសាធារណៈ ជាធម្មតា ជាប្រក្រតី ជាទូទៅ ដូចកាលមុនខ្លួនបិទដោយឯកតោភាគីនោះ តើនេះជាចរិតមនុស្សអី ឬជារ៉ូបូត?»។

លោកទូច សុខៈ បន្តថា «ខ្ញុំចាត់ទុកថា ជាល្បិចស្មោកគ្រោកថ្មីរបស់ថៃ ដែលមិនចេះអៀនខ្លួន ក្នុងស្ថានភាពត្រដរខ្យល់ រកកល់នឹងរំលំដួលរដ្ឋាភិបាល ដែលរងសម្ពាធជុំទិសពីមហាជនអាវលឿង យុវជនជាបញ្ញវន្ត បណ្ដាបក្សនយោបាយនានា ពិសេសពីយោធាដែលមើលឃើញថា រដ្ឋាភិបាលថៃ បច្ចុប្បន្នគ្មានសមត្ថភាពដឹកនាំ គ្រប់ គ្រងប្រទេស ធ្វើឱ្យបាក់មុខមាត់លើឆាកអន្តរជាតិនោះ។

ខ្ញុំជឿថា គ្មាននរណាម្នាក់ គេមិនដឹងអំពីមហិច្ឆតាខុសតម្រា ដែលថៃ កំពុងលេងល្បិចថ្មី ដោយចេតនាទុច្ចរិតនេះ ដោយធ្វើជាបើកទ្វារច្រក យ៉ាងកម្សត់ តែមិនឱ្យមានការឆ្លងកាត់ជាទូទៅ ដោយថតរូបភាពផ្សព្វផ្សាយតាមបណ្ដាញព័ត៌មាន បំភាន់សាធារណមតិជាតិខ្លួន និងអន្តរជាតិ ដើម្បីទម្លាក់បន្ទុកមកខាងកម្ពុជា ថាបិទច្រកព្រំ ដែនតែម្ខាង មិនបើកទៅវិញនោះ។ អស់សំណើច!»។

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បន្តថា «រឿងបិទច្រក តាមទំនើងរបស់ខ្លួននេះ ទំាងប្រជាជនថៃ ខ្លួនឯង ក៏បានដឹងនិងចូលរួមផ្សព្វផ្សាយយ៉ាងផុលផុស ទាំងក្នុងនិងក្រៅប្រទេស ទាំងខឹងសម្បា រិះគន់ ថ្កោលទោស តវ៉ាប្រឆាំង ព្រោះតែខាតប្រយោជន៍យ៉ាងសម្បើមរបស់ប្រជាជនថៃ ហើយពិភពលោកទាំងមូល ក៏បានដឹងនិងស្គាល់មារយាទថៃ ច្បាស់ជាងថ្ងៃទៅទៀតផង។ ទង្វើថៃ បែបនេះ វាកាន់តែជាកំណត់ត្រាបញ្ចូលក្នុងសំណុំរឿងថ្កោលទោសនិងដាក់បន្ទុកផ្លូវច្បាប់ លើថៃ ទៅវិញទេ។

ខ្ញុំនិយាយម្ដងទៀត បើថៃ ពិតមានសុចរិតភាព និងសេចក្ដីក្លាហានមែន មិនមែនត្រដរខ្យល់ទាក់ទងតាមទូរស័ព្ទ មកថ្នាក់ដឹកនាំកម្ពុជា ស្នើឱ្យមានការជួបជែកគ្នា ឬចរចាដើម្បីបើកច្រក ដែលខ្លួនបិទតែឯងនោះទេ។ យល់! លើសពីនេះ បើថៃ ចិត្តសឿងជាកូនប្រុស ជាប្រទេសស៊ីវិល័យ ដើរច្រាសទិសច្បាប់អន្តរជាតិ ចង់បើកច្រកទាំងអស់ជាផ្លូវការ ដូចដើមមែនវិញនោះ ថៃ ត្រូវចេញលិខិតប្រកាសនិរាករណ៍សេចក្ដីសម្រេចមុនៗ ដើម្បីបើកជាចំហ និង/ឬថ្លែងជាសាធារណៈ បញ្ជាក់ទឹកចិត្តស្មោះដល់ភាគីកម្ពុជា និងពិភពលោក ឱ្យដឹងថា ខ្លួនព្រមបើកច្រកដំណើរការដូចដើមទាំងស្រុងឡើងវិញ ដោយកុំបន្តអូសក្រឡា ឬរកកន្លែងចុះចត ដើម្បីគេចវេះពីភាពអា ម៉ាស់របស់ខ្លួន ដែលពេលនេះ ខ្លួនភ្ញាក់ដឹងខ្លួនដូចខ្មោច ៧ថ្ងៃនោះ។ សូមអ្នកជិតខាង កុំព្យាយាមទាញកម្ពុជា ទៅជជែកឬចរចារឿងបើក។ អ្វីដែលកម្ពុជា ជួយបាន នឹងជួយ។ តែសូមស្គាល់ថ្នាក់ដឹកនាំកម្ពុជា ផង! ហ៊ានទេ? បើកទៅ ហ៊ានស៊ីហ៊ានសង កុំខ្លាចអន់ ព្រោះល្បែងនយោបាយ វាអ្នកប្រើបែបនេះក្នុងកាលៈទេសៈបងប្អូនកំពុងឈ្លក់ទឹកហ្នឹង។ ហ៊ានទទួលខុស ហ៊ានទទួលត្រូវ ក្នុងនាមអ្នកនយោបាយដែលអួតថាមានវិជ្ជាជីវៈ ហើយចោទគេឯងថាគ្មានវិជ្ជាជីវៈនោះ។ កែខ្លួនទៅ ក្រែងអាណត្តិក្រោយ អាចមានសំឡេងក្នុងសភានឹងគេទៀត»។

លោកទូច សុខៈ បន្តទៀតថា «សូមបញ្ជាក់ឡើងវិញ កុំបើកចំហតែទ្វារ ដើម្បីបង្ហាញរូបភាពបង្អួតបំភាន់ ដោយស្មានតែអន្តរជាតិ មិនដឹង។ ជារួម កុំបើកចំហតែទ្វារ តែបិទមិនឱ្យមានការចេញចូលឆ្លងកាត់ជាទូទៅ ជាធម្មតា ជាប្រក្រតី ដូចកាលពីដើមនោះ។ នេះហៅថា «បើកតែបិទ» ក្នុងឧបាយកលពិសពុល ខុសពីសារជាតិជាមនុស្ស ស្មានតែពិភពលោកមិនស្គាល់ចរិតខ្លួនមែនទេ! សូម្បីតែក្មេងមត្តេយ្យ ក៏ស្គាល់មារយាទចចក របស់អស់លោកដែរ។ ឈប់បានឈប់ទៅ! កុំព្យាយាមបង្កើតប្រធានបទទប់កៅអីខ្លួន។ ទប់មិនជាប់ទេ ធុនៗហ្នឹងអីនោះ!

សូមទទួលសេចក្ដីរាប់អានពីខ្ញុំជាអ្នកជិតខាងផងចុះ!»។
សូមបញ្ជាក់ថា ចាប់ពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ មេបញ្ជាការកងទ័ពភូមិភាគ២ របស់ថៃ បានបញ្ជាបិទច្រកព្រំដែនថៃ-កម្ពុជា ទាំង៧ខេត្ត រួមមាន ខេត្តព្រះវិហារ ខេត្តឧត្ដរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង ហើយច្រកព្រំដែនទាំងអស់ត្រូវបានភាគីថៃ បិទទាំងស្រុង ជាឯកតោភាគី នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដោយមិនបានជូនដំណឹង ឬពិភាក្សាជាមួយអាជ្ញាធរកម្ពុជា សោះឡើយ ។ ចំណែកកម្ពុជា បន្ទាប់ពីភាគីទាហានថៃ បានបញ្ជាបិទច្រកព្រំដែនមុន ជាឯកតោភាគី តាមទំនើងចិត្តបែបនេះ ក៏បានសម្រេចបិទតាមក្រោយដែរទៅ ។ ចំណែកភាគីថៃ បានថា ចាប់ពីយប់ថ្ងៃចន្ទ ទី២៣ ខែមិថុនាឆ្នាំ ២០២៥ តទៅ យានជំនិះទាំងអស់ នឹងត្រូវហាមឃាត់ មិនឱ្យចេញឬចូលច្រកព្រំដែនកម្ពុជា-ថៃ ខណៈការធ្វើដំណើរទាំងអស់ រួមទាំងភ្ញៀវទេសចរ និងពាណិជ្ជកម្មគ្រប់ប្រភេទ នឹងត្រូវបានហាមឃាត់ លើកលែងតែសិស្សសាលា អ្នកជំងឺ ឬសកម្មភាពមនុស្សធម៌មួយចំនួន ។
លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ថា អាជ្ញាធរថៃ ពិតជាបានបិទច្រកព្រំដែនទាំងស្រុង ជាឯកតោភាគីមែន ដោយលោកទើបតែទទួលបានព័ត៌មានផ្លូវការ ពីភាគីថៃ ពាក់ព័ន្ធនឹងដំណឹងបិទព្រំដែន ទាំង ៧ខេត្ត រវាងប្រទេសទាំងពីរ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ។ ដូច្នេះកម្ពុជា ធ្វើតាមក្រោយថៃ ដោយសម្រេចបិទច្រកព្រំដែនដែរ ព្រោះបើថៃ បិទទៅហើយ យើងក៏បើកមិនកើតដែរ ។

ទោះបីជាយ៉ាងណា នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដោយសារមានប្រជាពលរដ្ឋទាំងសងខាង (កម្ពុជា-ថៃ) ធ្វើដំណើរមកច្រើនកកកុញរាប់ពាន់នាក់ ដើម្បីឆ្លងដែនទៅប្រទេសរៀងខ្លួន ទើបអាជ្ញាធរខេត្ត ជាប់ព្រំដែននៃប្រទេសទាំង២ បានជួយសម្របសម្រួលបើកច្រកឱ្យប្រជាពលរដ្ឋបានឆ្លងដែនចូលទៅប្រទេសរបស់ខ្លួន ជាក់ស្តែងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈមនឹងច្រកបានក្លងលឹក ស្រុកអារញ្ញប្រះ ថេត ខេត្តស្រះកែវ ប្រទេសថៃ មានប្រជាពលរដ្ឋកម្ពុជា និងថៃ ឆ្លងដែលត្រឡប់ចូលទៅប្រទេសរបស់ខ្លួន រាប់ពាន់នាក់ ហើយអាជ្ញាធរបានបើកច្រកទាំងសងខាង រហូតដល់ម៉ោង៨យប់ ។ ប៉ុន្តែនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ច្រកព្រំដែនទាំងសងខាង ត្រូវបានបិទទាំងស្រុង លើកលែងតែសិស្សសាលា អ្នកជំងឺ ឬសកម្មភាពមនុស្សធម៌មួយចំនួនប៉ុណ្ណោះ ។

ប៉ុន្តែជាការគួរកត់សម្គាល់ នៅយប់ថៃទី២៤ ខែមិថុនា និងព្រឹកថ្ងៃទី២៥ ខែមិថុតាមប្រភពព័ត៌មានថា សម្រាប់ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ភាគីថៃ បើកច្រកទ្វារព្រំដែន ចំនួន៣ តែពេលម៉ោង ខុសគ្នា ៖ ទី១. ច្រកអន្តរជាតិចុងចម-អូរស្មាច់ ថៃ បើកនៅម៉ោង៦ព្រឹក។ ទី២. ច្រកអន្តរជាតិជាំសាងាំ ថៃ បើកនៅម៉ោង៧ព្រឹក។ ទី៣. ច្រកអន្តរជាតិសាយតះគូ-ជប់គគីរ ថៃបើកម៉ោង ៨ព្រឹក។ ប៉ុន្តែគ្រប់ច្រក ហាមនាំទំនិញចេញ-ចូល ហាមរថយន្ត ម៉ូតូនិងមធ្យោបាយគ្រប់ប្រភេទ ចេញ-ចូល និងមិនអនុញ្ញាតឲ្យជនបរទេសចេញ-ចូល លើកលែងសិស្សសាលា អ្នកជំងឺធ្ងន់។

ចំណែកស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ មានសភាពស្ងប់ស្ងាត់ ដោយភាគីថៃ បានបិទច្រកទាំងស្រុង ប៉ុន្តែភាគីថៃ ធ្វើការសម្របសម្រួលដល់ពលរដ្ឋខ្មែរ ដែលមានបំណងចាកចេញពីប្រទេសថៃ ចូលមកកម្ពុជាវិញ អនុញ្ញាតឱ្យសិស្សទាំងសងខាង អាចចេញចូលទៅសាលារៀន បានទាន់ពេលវេលា និង អនុញ្ញាតឲ្យអ្នកជំងឺដែលស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់ អាចចូលទៅកាន់មន្ទីរពេទ្យប្រទេសថៃ បាន។

ចំណែកភាគីកម្ពុជា នៅតែបន្តបើកទ្វាររង់ចាំទទួលពលករដែលចាកចេញពីប្រទេសថៃមកកម្ពុជា វិញ និងរង់ចាំទទួលពលករណាដែលមានបំណងចង់ចូលបម្រើការងាររោងចក្រ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រជេជាង នៅស្រុកស្រែអំបិល តាមការជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង។

នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ ងារជាតិមុខរបរនិងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក ដែលប្រចាំការនៅច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចត ច្រកដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានត្រៀមខ្លួនផ្តល់ព័ត៌មានស្តីអំពីឱកាសការងារ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ នៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ។

ដោយឡែកនៅច្រកទ្វារព្រំដែនអន្តរជាតិដូង របស់កម្ពុជា ឈមនឹងច្រកបានឡែម ប្រទេសថៃ នៅព្រឹកថ្ងៃទី២៥ខែមិថុនា ឆ្នា២០២៥ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង បានជូនដំណឹងដល់បងប្អូនពលករខ្មែរ និងសាធារណជនថា ចំពោះបងប្អូនពលករខ្មែរ ដែលមានបំណងចង់វិលត្រឡប់ចូលប្រទេសវិញ អាចធ្វើដំណើរមកតាមច្រកទ្វារព្រំដែនអន្តរជាតិដូង (ខាងខ្មែរ) ឬច្រកបានឡែម (ខាងថៃ) បានចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៤:០០រសៀល។ ករណីមានអ្វីប្រែប្រួល ប៉ុស្តិ៍នឹងធ្វើការជូនដំណឹងជាថ្មី៕ ខៀវទុំ
