Loading...

រំលាយបក្សប្រឆាំងក្រសួងមហាផ្ទៃ ដាក់ពាក្យប្តឹងទៅតុលាការកំពូល តាមបណ្តឹងបក្ស២

​ dara chan​​ | ថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០១៧​ | នយោបាយ | | 0 | ម៉ោង 2:29 am

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ តាមរយៈក្រុមមេធាវីតំណាងដោយអាណត្តិ ៥រូប បានដាក់ ពាក្យបណ្តឹងចូលទៅកាន់តុលាការកំពូល នៅ ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ដើម្បីប្តឹង សុំរំលាយគណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) យោងតាមពាក្យបណ្តឹងរបស់គណបក្សនយោបាយចំនួន២ គឺគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា។ ក្រុមមេធាវី អះអាងថា មានភ័ស្តុតាងគ្រប់គ្រាន់ និងរឹងមាំ សម្រាប់ជាមូលដ្ឋានឱ្យតុលាការកំពូល សម្រេចក្នុងការ រំលាយគណបក្សសង្គ្រោះជាតិ តាមផ្លូវច្បាប់បាន។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់គណបក្សនយោបាយចំនួន២ គឺគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាប្រធាន និងគណបក្សយុវជនកម្ពុជា ដែលមានលោកពេជ្រ ស្រស់ ជាប្រធានរួចមក នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ តាមរយៈក្រុមមេធាវី៥រូប បានដាក់ពាក្យបណ្តឹងចូលទៅកាន់តុលាការកំពូល រួចហើយ ដើម្បីប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង)។

នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលក្រុមមេធាវី បានដាក់ចូលទៅតុលាការកំពូលនោះ គឺមានកម្មវត្ថុប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើភ័ស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថា គណបក្សសង្គ្រោះជាតិ បាននិងកំពុងអនុវត្តផែនការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ នៅកម្ពុជា ក្រោមរូបភាព នៃបដិវត្តន៍ពណ៌ ដោយយកគំរូ តាមប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជា បណ្តាប្រទេសមួយចំនួន នៅមជ្ឈិមបូព៌ា ហើយដោយគប់គិតគ្នា ជាសម្ងាត់ជាមួយបរទេស។ ភ័ស្តុតាងទាំងនោះ រួមមានវីដេអូឃ្លីបចំនួន៣ ក្នុងចំណោមវីដេអូឃ្លីបជាច្រើន ព្រមទាំងវីដេអូឃ្លីបសារភាពផ្ទាល់របស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពីបទក្បត់ជាតិ “សន្ទិដ្ឋិភាពជាមួយបរទេស” នោះផងដែរ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

យោងតាមសេចក្តីសង្ខេបពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលក្រុមមេធាវី បានយកទៅ ដាក់ជូនតុលាការកំពូល នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ នោះ មានខ្លឹមសារដូចខាងក្រោម ៖

១.ពាក្យបណ្តឹងដែលបានដាក់នៅតុលាការកំពូល គឺមានកម្មវត្ថុ ប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយនៃព្រះរាជាណាចក្រកម្ពុជា។

២.ពាក្យបណ្តឹងនេះ គឺផ្អែកលើភ័ស្តុតាង គ្រប់គ្រាន់ ដែលបង្ហាញថា គណបក្សសង្គ្រោះជាតិ បាននិងកំពុងអនុវត្តផែនការដោយឃុបឃិតគ្នាជាសម្ងាត់ជាមួយបរទេសក្នុងការផ្តួលរំលំរដ្ឋអំណាច ស្របច្បាប់នៅកម្ពុជា ក្រោម ទម្រង់នៃបដិវត្តន៍ពណ៌ ដូចគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជាបណ្តាប្រទេសមួយចំនួន នៅមជ្ឈិមបូព៌ា។ យើងបានរកឃើញ វីដេអូឃ្លីបចំនួន៣ ក្នុងចំណោមវីដេអូឃ្លីបជា ច្រើន និងភស្តុតាងជាច្រើនទៀត ដែលដាក់ជូន តុលាការកំពូលថ្ងៃនេះ និងខ្លះទៀត ដែលយើង មានក្នុងដៃរបស់យើងរួចហើយ។ សម្តីផ្ទាល់ខ្លួន របស់លោកកឹម សុខា ក្នុងឋានៈថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ នៅក្នុងវីដេអូឃ្លីបទាំង៣ ដែលយើងរកឃើញនេះ គឺជាភ័ស្តុតាងដ៏រឹងមាំ ផង និងជាសក្ខីកម្មដ៏ច្បាស់លាស់ ដែលមិន អាចប្រកែកបានអំពីផែនការឃុបឃិតគ្នាជា សម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋ អំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់ បដិវត្តពណ៌ ដែលបាននិងកំពុងអនុវត្តដោយ គណបក្សសង្គ្រោះជាតិ រួមនិងអង្គការមិនមែន រដ្ឋាភិបាល និងបរទេសមួយចំនួន ជ្រកក្រោម ទិសស្លោកនយោបាយភូតកុហកបោកប្រាស់ គឺ “ការផ្លាស់ប្តូរជាវិជ្ជមាន” ការញុះញង់បំផ្លើស ដើម្បីបំផុសចលនាប្រជាជនក្រោមស្លាកសិទ្ធិមនុស្ស និងស្លាកប្រជាធិបតេយ្យ ព្រមទាំងការ ចោទប្រកាន់ដោយមិនត្រឹមត្រូវខុសពីការពិត ជាក់ស្តែងគ្រប់ពេលវេលាថា រដ្ឋអំណាចបច្ចុប្បន្ន ជារដ្ឋអំណាចផ្តាច់ការ ដើម្បីបង្កើតជាលេស សម្រាប់ការធ្វើបដិវត្តន៍ពណ៌ ក្នុងខណៈពេលដែល រដ្ឋអំណាចស្របច្បាប់បច្ចុប្បន្នកំពុងអនុវត្តយ៉ាង ខ្ជាប់ខ្ជួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការចាត់តាំងឱ្យមាន ការបោះឆ្នោតយ៉ាងទៀងទាត់ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមសុខសន្តិភាព ពេញបរិបូរណ៍ និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សកម្មភាពខុសច្បាប់ជាច្រើន ដែលបាន និងកំពុងអនុវត្តដោយគណបក្សសង្គ្រោះជាតិ  គឺមានភាពស៊ីចង្វាក់គ្នាទៅនឹងផែនការសម្ងាត់ នៃការធ្វើបដិវត្តន៍ពណ៌ ដូចសំដីរបស់លោកកឹម សុខា នៅក្នុងវីដេអូឃ្លីប ជាសក្ខីកម្មមិនអាចប្រកែកបាន ក្នុងនោះ រួមមានទាំងការបញ្ជូន មនុស្សទៅហ្វឹកហាត់ និងទទួលការបណ្តុះបណ្តាល ជាប្រចាំនៅបរទេស អំពីរបៀបនៃការធ្វើបដិវត្តពណ៌ ដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់របស់កម្ពុជា។

បន្ថែមលើវីដេអូឃ្លីបទាំង៣ខាងលើ នៅ មានភស្តុតាងជាច្រើនទៀត ដែលបង្ហាញថា គណបក្សសង្គ្រោះជាតិ ក្រៅពីផែនការឃុបឃិត គ្នាជាសម្ងាត់ជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរដ្ឋអំណាចស្របច្បាប់គណបក្ស នេះ ក៏មានចំណងចំណុះឱ្យបរទេស និងក្រោមការបង្គាប់បញ្ជារបស់បរទេសផងដែរ ដែលជា ការបំពានច្បាប់ស្តីពិគីណបក្សនយោបាយ។

៣.អង្គហេតុនៃសកម្មភាពខុសច្បាប់របស់គណបក្សសង្គ្រោះជាតិ គឺបានបំពានទៅនឹង មាត្រា៦ថ្មី (ពីរ) និងមាត្រា៧ នៃច្បាប់ស្តីពី គណបក្សនយោបាយ។

-មាត្រា៦ថ្មី (ពីរ) នៃច្បាប់ស្តីពីគណបក្ស នយោបាយ ចែងថា “គ្រប់គណបក្សនយោបាយ មិនត្រូវធ្វើសកម្មភាពណាមួយ ដូចខាងក្រោម ៖

១.ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។

២.ធ្វើវិទ្វង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញ។

៣.ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។

៤.បង្កើតកងកម្លាំងប្រដាប់អាវុធ។

៥.ធ្វើការញុះញង់ដែលអាចនាំឱ្យមានការបែកបាក់ជាតិ។

៦.ប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាព របស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទ- មជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយ សម្រាប់គណបក្សនយោបាយរបស់ខ្លួន។

៧.យល់ព្រមដោយចំហ ឬដោយតុណ្ហីភាព ឬឃុបឃិតជាមួយទណ្ឌិតជាប់ទោសពី បទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឱ្យធ្វើសកម្មភាពណា មួយ ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់ គណបក្សនយោបាយរបស់ខ្លួន។

៨.គាំទ្រ ឬរៀបចំផែនការ ឬឃុបឃិត ជាមួយរាល់បុគ្គល ដែលធ្វើសកម្មភាពក្នុងគោលបំណងប្រឆាំងនឹងផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា ដូចមានចែងពីចំណុចទី១ ដល់ចំណុចទី៥ ខាងលើ។

អំពើ និងសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ ដូចបង្ហាញខាងលើ គឺជាទង្វើបំពានមាត្រា ៦ថ្មី (ពីរ) នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រង់ចំណុចទី២ ចំណុចទី៣ ចំណុចទី៥ និង ចំណុចទី៨។

-មាត្រា៧ នៃច្បាប់ស្តីពីគណបក្សនយោបាយចែងថា “គ្រប់គណបក្សនយោបាយមិន ត្រូវស្ថិតនៅក្រោមចំណុះ ឬការបង្គាប់បញ្ជា របស់គណបក្សនយោបាយបរទេស ឬរបស់រដ្ឋាភិបាលបរទេស”។ អំពើ និងសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ គឺបានបំពានមាត្រា៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

៤-មាត្រា៤៤ថ្មី (ពីរ) នៃច្បាប់ស្តីពីគណបក្សនយោបាយ ចែងថា “ដោយមិនទាន់គិត ដល់ទោសព្រហ្មទណ្ឌផ្សេងទៀត គណបក្ស នយោបាយដែលបានប្រព្រឹត្តបទល្មើសនឹងមាត្រា ៦ថ្មី (ពីរ) នៃច្បាប់នេះ និងមាត្រា៧ នៃច្បាប់ ស្តីពីគណបក្សនយោបាយ តុលាការអាចសម្រេច ដូចខាងក្រោម ៖

-ផ្អាកសកម្មភាពគណបក្សនយោបាយ នោះមិនលើសពី៥ឆ្នាំ។

-រំលាយគណបក្សនយោបាយនោះ។

ដោយសារអំពើរបស់គណបក្សសង្គ្រោះជាតិខាងលើ ជាអំពើល្មើសច្បាប់ ដែលមាន លក្ខណៈធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់សន្តិភាព សន្តិសុខ និងឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា យើងខ្ញុំជាមេធាវីតំណាងដោយអាណត្តិ របស់ក្រសួងមហាផ្ទៃ បានសំណូមពរដល់តុលាការ កំពូល ដូចខាងក្រោម ៖

ទី១-សម្រេចរំលាយគណបក្សសង្គ្រោះជាតិ  តាមបញ្ញត្តិមាត្រា ៤៤ថ្មី (ពីរ) នៃច្បាប់ ស្តីពីគណបក្សនយោបាយ។

ទី២-ហាមឃាត់ការធ្វើសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តាមបញ្ញត្តិមាត្រា៤៥ថ្មី កថាខណ្ឌទី៣ នៃច្បាប់ ស្តីពីគណបក្សនយោបាយ។

លោកគី តិច មេធាវីមួយរូបតំណាងឱ្យក្រសួងមហាផ្ទៃ ដែលបានយកពាក្យបណ្តឹង ទៅដាក់ជូនតុលាការកំពូល នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នោះ បានបញ្ជាក់ប្រាប់ អ្នកកាសែត នៅមុខតុលាការកំពូលថា រូបលោក និងមេធាវី ចំនួន៤រូបទៀត ត្រូវបានក្រសួងមហាផ្ទៃ ប្រគល់សិទ្ធិជាមេធាវីតំណាងដោយ អាណត្តិ ដើម្បីដាក់ពាក្យប្តឹងទៅតុលាការកំពូល សុំរំលាយគណបក្សសង្គ្រោះជាតិ ហើយពាក្យបណ្តឹង ត្រូវបានក្រុមមេធាវីរបស់លោកយកមក ដាក់ជូនតុលាការកំពូល នៅព្រឹកនេះ រួចរាល់ ហើយ។ លោកមេធាវី បានថ្លែងថា តាមរយៈ ភ័ស្តុតាង ដែលបានដាក់ក្នុងពាក្យបណ្តឹងទៅ តុលាការកំពូលនេះ គឺគ្រប់គ្រាន់ និងរឹងមាំសម្រាប់ ជាមូលដ្ឋានឱ្យតុលាការកំពូល សម្រេចក្នុងការ រំលាយគណបក្សសង្គ្រោះជាតិ បានតាមផ្លូវច្បាប់។

លោកគី តិច មេធាវីតំណាងដោយអាណត្តិរបស់ក្រសួងមហាផ្ទៃ ផ្តល់សម្ភាសន៍ដល់អ្នកកាសែត

លោកគី តិច បានមានប្រសាសន៍ថា “ដើមហេតុនៃរឿងរ៉ាវនេះ គឺថា ទី១ យើងខ្ញុំជាមេធាវី ចំនួន៥រូប ដែលត្រូវបានក្រសួងមហាផ្ទៃ ចាត់ តាំងជាមេធាវីតំណាងដោយអាណត្តិ ដើម្បីរៀបចំពាក្យបណ្តឹងប្រមូលស្រាវជ្រាវភ័ស្តុតាង និងចុះហត្ថលេខាលើបណ្តឹង ដើម្បីយកមកដាក់ នៅតុលាការកំពូលថ្ងៃនេះ ហើយជាក់ស្តែង គឺ ខ្ញុំសូមបង្ហាញបងប្អូននេះ គឺជាលិខិតប្រគល់ សិទ្ធិ ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ហើយពួកខ្ញុំមានឈ្មោះខ្ញុំ ទី១ (មេធាវី គី តិច) ទី២ មេធាវី លី ច័ន្ទតុលា    ទី៣ មេធាវី គង់ ឌីលីន ទី៤ មេធាវី សាន់ ជួយ និងទី៥ មេធាវី ចេង ប៉េងហាប់ នេះជាសិទ្ធិ តំណាងក្នុងការប្តឹងមកតុលាការកំពូលថ្ងៃនេះ។ ទី២ គឺថា ថ្ងៃនេះយើងមកដាក់បណ្តឹងមួយ ដែល តំណាងឱ្យក្រសួងមហាផ្ទៃនេះ គឺដាក់បណ្តឹងប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ មកតុលាការកំពូល ដោយបណ្តឹងនេះ យើងមានភ័ស្តុតាង ដែលយើងប្រមូលបានចំនួន រហូតមកដល់ពេលនេះ យើងដាក់ភ័ស្តុតាងពីលេខរៀងទី១ដល់ លេខរៀងទី២១ ដោយ១លេខរៀងៗ គឺមានភ័ស្តុតាងជាកញ្ចប់នៅក្នុងហ្នឹង រហូតដល់កញ្ចប់ ទី២១នេះ គឺជាភ័ស្តុតាងពាក់ព័ន្ធនឹងបណ្តឹងនេះ”។

លោកមេធាវី គី តិច បានបន្តថា “សូមបញ្ជាក់ដែរ កុំឱ្យមានការយល់ច្រឡំគឺថា បណ្តឹង ថ្ងៃនេះ គឺយើងប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិទេ អត់មានពាក់ព័ន្ធទៅលើលោកកឹម សុខា ដែលកន្លងមក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធ នឹងក្បត់ជាតិទេ គឺសុំបញ្ជាក់ថា ថ្ងៃនេះយើង ប្តឹងសុំរំលាយគណបក្ស ហើយភ័ស្តុតាងនៅក្នុង នេះដែលយើងចាត់ទុកថា ជាភ័ស្តុតាងសំខាន់ គឺមាន៣ក្នុងនោះ មានសម្តីផ្ទាល់ខ្លួនរបស់លោក កឹម សុខា ក្នុងឋានៈជាអ្នកដឹកនាំគណបក្ស សង្គ្រោះជាតិ នៅក្នុងនោះក៏មានវីដេអូឃ្លីប៣ ដែលគាត់បានមានប្រសាសន៍ ពាក់ព័ន្ធបញ្ហា ដែលគាត់គណបក្សសង្គ្រោះជាតិនេះ ត្រូវបាន គាំពារឬការរៀចំផែនការ ដោយសហការជាមួយនឹងបរទេស អ៊ីចឹងបើយើងក្រឡេកមើល ចំណុចអស់នេះ មកផ្ទៀងផ្ទាត់នឹងច្បាប់គណបក្សនយោបាយ នៅក្នុងច្បាប់គណបក្សនយោបាយ គឺនៅក្នុងមាត្រា៦ថ្មី (២) និងមាត្រា៧ គឺបានបញ្ជាក់ ហើយបន្តិចទៀត ខ្ញុំសុំឱ្យមេធាវី របស់ខ្ញុំនឹងចែកជូនបងប្អូនអ្នកសារព័ត៌មាន ដើម្បី ឱ្យបានមើល ហើយសុំឱ្យពិនិត្យពិចារណាចុះឱ្យ បានត្រឹមត្រូវតាមហ្នឹងទៅ គឺថាអត់ខុសទេ ព្រោះអាហ្នឹងពាក់ព័ន្ធនឹងច្បាប់ បើយើងចុះមិនបាន មើលគឺវាអាចខុស ខុសតែលេខមួយ ក៏វាខុស ដែរ…”។

លោកមេធាវី គី តិច បញ្ជាក់បន្ថែមថា តាមរយៈភ័ស្តុតាងដែលបានដាក់ក្នុងពាក្យបណ្តឹង ទៅតុលាការកំពូលនេះ គឺគ្រប់គ្រាន់និងរឹងមាំ សម្រាប់ជាមូលដ្ឋានឱ្យតុលាការកំពូល សម្រេច ក្នុងការរំលាយគណបក្សសង្គ្រោះជាតិ បានតាមផ្លូវច្បាប់។

លោកលី ច័ន្ទតុលា មេធាវីមួយរូបទៀត តំណាងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ភ័ស្តុតាង ក្នុងការប្តឹងរំលាយគណបក្សសង្គ្រោះជាតិ នេះ  គឺភ័ស្តុតាងដោយយោងទៅលើការស្រាវជ្រាវ របស់ក្រសួងមហាផ្ទៃ ហើយក៏យោងទៅលើ ពាក្យបណ្តឹងដែលគណបក្សយុវជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច បានដាក់ទៅក្រសួង មហាផ្ទៃផងដែរ ហើយប្រភេទភ័ស្តុតាងដែល មាននេះមានច្រើនរូបភាព ពេលខ្លះជាវីដេអូ ការប្រជុំ ពេលខ្លះជាលិខិតឆ្លើយឆ្លង ជាឯកសារផ្សេងៗ ឬក៏ជាឯកសារបណ្តុះបណ្តាលជាសម្ងាត់ ដែលត្រូវបានយកមកចងក្រង ធ្វើជាភ័ស្តុតាង នៃបទល្មើសរបស់គណបក្សសង្គ្រោះជាតិ ទៅលើមាត្រា៦ថ្មី (២) និងមាត្រា៧ នៃច្បាប់ស្តី ពីគណបក្សនយោបាយ។

គួររំលឹកថា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ លោកពេជ្រ ស្រស់ ស្នើសុំឱ្យសម្តេច ឧបនាយករដ្ឋមន្ត្រី ស ខេង ប្រធានគណបក្ស យុវជនកម្ពុជា បានដាក់ពាក្យបណ្តឹងរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ចាត់វិធានការតាមនីតិវិធី  ដើម្បី ប្តឹងទៅតុលាការកំពូល រំលាយគណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។

លោកពេជ្រ ស្រស់

ពាក្យបណ្តឹងរបស់លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា លេខ០៩៧/១៧ គ.យ.ក ចុះថ្ងៃទី០៤ តុលា ឆ្នាំ២០១៧ គោរពជូនសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកម្មវត្ថុ “ស្នើសុំក្រសួងមហាផ្ទៃ ចាត់ នីតិវិធីប្តឹងទៅតុលាការកំពូល ដើម្បីរំលាយ គណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយជាធរមាន” នោះ មានខ្លឹមសារថា “តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំមានកិត្តិយស សូមជម្រាបជូនសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជ្រាបថា ក្រោយពីមានការបែកធ្លាយជា សាធារណៈនូវវីដេអូឃ្លីបរបស់លោកកឹម សុខា ដែលត្រូវបានផ្សាយដោយព័ត៌មាន CBN (Cambodian Broadcasting Network) មានទីតាំង នៅប្រទេសអូស្ត្រាលី លោកកឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ ត្រូវបាននគរបាលចាប់ ខ្លួន និងត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពី បទ “សន្ទិដ្ឋិភាពជាមួយបរទេស” តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ ជាបទល្មើសក្បត់ជាតិ។ យោងតាមវីដេអូឃ្លីប ខាងលើ លោកកឹម សុខា បានរៀបរាប់អំពី ផែនការប្រព្រឹត្តអំពើក្បត់ជាតិរបស់ខ្លួន ដែល បានឃុបឃិត និងធ្វើតាមបញ្ជារបស់បរទេស។ ហើយលោកកឹម សុខា បាននិយាយដោយ មោទនភាពថា ផែនការក្បត់ជាតិនេះ ត្រូវបាន រៀបចំឡើងជាមួយបរទេស ចាប់តាំងពីឆ្នាំ ១៩៩៣ ដែលពេលនោះ លោកកកឹម សុខា ជាតំណាងរាស្ត្រ។ រូបលោកត្រូវបានបរទេស ហៅទៅបំពាក់បំប៉នយុទ្ធសាស្ត្រនៅប្រទេស របស់គេ មួយឆ្នាំម្តងៗ និងត្រូវបានរៀបចំឱ្យ ដកខ្លួនពីឆាកនយោបាយ ដោយលាឈប់ពី គណបក្សនយោបាយ នៅឆ្នាំ២០០២ ដើម្បីទៅ បង្កើតអង្គការក្រៅរដ្ឋាភិបាល ឈ្មោះថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ជាសកម្មភាពបន្តបន្ទាប់ នៅឆ្នាំ២០០៧ លោកកឹម សុខា ត្រូវ បានឱ្យវិលត្រឡប់ចូលនយោបាយវិញ ដោយ បង្កើតគណបក្សសិទ្ធិមនុស្ស ហើយបន្ទាប់មក ក៏បានបន្តបញ្ចូលគ្នាជាមួយនឹងគណបក្សសម រង្ស៊ី ទៅជាគណបក្សតែមួយ គឺគណបក្សសង្គ្រោះជាតិ។ នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ការបង្កើតគណបក្សសង្គ្រោះជាតិ មិនមែនជា រឿងចៃដន្យនោះឡើយ ពោលគឺអាចជាផែនការមួយ ដែលត្រូវបានរៀបចំឡើងដោយមានយុទ្ធសាស្ត្រច្បាស់លាស់ ពាក់ព័ន្ធនឹងការអនុវត្តតាម ការបង្គាប់បញ្ជារបស់បរទេស។

តាមរយៈសម្តីរបស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងវីដេអូឃ្លីប ដែលបានបែកធ្លាយនោះ បានបង្ហាញថា គណបក្ស សង្គ្រោះជាតិ បានធ្វើការឃុបឃិតគ្នាជាមួយ បរទេស ក្នុងគោលដៅធ្វើបដិវត្តន៍ពណ៌ ដោយ យកម៉ូដែលតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ ជាក់ស្តែង សកម្មភាពពេលកន្លងមក របស់ គណបក្សសង្គ្រោះជាតិ ជាពិសេស គឺសកម្មភាពនានានៅក្រោយការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នៅឆ្នាំ២០១៣ ដែលតែងតែ រៀបចំដឹកនាំធ្វើបាតុកម្មជាច្រើនលើកច្រើនសា រហូតដល់រៀបចំឱ្យមានព្រឹត្តិការណ៍បង្កហិង្សា នៅច្រើនកន្លែង ដូចជានៅចំណុចក្បាលថ្នល់ នៅផ្លូវវេងស្រេង និងនៅក្បែរស្ពានអាកាស ស្ទឹងមានជ័យ ដែលបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងបាត់បង់ជីវិត មនុស្សមួយចំនួន ដោយយកការចោទប្រកាន់ ពីភាពមិនប្រក្រតីនៃការបោះឆ្នោត ធ្វើជាលេស ក្នុងចេតនាអនុវត្តនូវផែនការសកម្មភាពដូច ដែលលោកកឹម សុខា បាននិយាយនៅក្នុង វីដេអូឃ្លីបខាងលើ។

យោងតាមស្មារតីនៃច្បាប់ស្តីពីគណបក្សនយោបាយជាធរមាន ជាពិសេស ត្រង់មាត្រា ៦ថ្មី (ពីរ) មាត្រា៧, មាត្រា៣៨ថ្មី និងមាត្រា ៤៤ថ្មី (ពីរ) បានកំណត់យ៉ាងច្បាស់ថា គណបក្សនយោបាយណាដែលស្ថិតនៅក្រោមចំណុះ ឬការបង្គាប់បញ្ជារបស់បរទេស ឬធ្វើសកម្មភាព ប៉ះពាល់សន្តិសុខរដ្ឋ គឺអាចជាកម្មវត្ថុនៃការ សម្រេចរំលាយចោលដោយតុលាការកំពូល។

ផ្អែកតាមច្បាប់នេះ ក្រសួងមហាផ្ទៃ មាន សមត្ថកិច្ចក្នុងការប្តឹងទៅតុលាការកំពូល ដើម្បី រំលាយគណបក្សនយោបាយ ដែលប្រព្រឹត្តខុស ច្បាប់ ហើយដោយសារករណីនេះ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក៏ត្រូវបាន តុលាការសម្រេចចោទប្រកាន់ពីបទក្បត់ជាតិ ផងដែរ ជាពិសេស ក្នុងនាមខ្ញុំជាអ្នកនយោបាយ ជំនាន់ក្រោយ ដែលស្រលាញ់សន្តិភាព មិនចង់ ឱ្យប្រទេសកម្ពុជា ធ្លាក់ក្នុងសង្គ្រាមដូចប្រទេស មួយចំនួននៅមជ្ឈិមបូព៌ា ដូចនេះ ខ្ញុំក្នុងនាម ជាប្រធានគណបក្សយុវជនកម្ពុជា សូមស្នើសុំ សម្តេចក្រឡាហោម ដែលជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់វិធានការ តាមនីតិវិធី ដើម្បីប្តឹងទៅតុលាការកំពូល ដើម្បី រំលាយគណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយជាធរមាន…”។

ដោយឡែក គណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ក៏បានធ្វើពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ ស្នើសុំចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ផងដែរ។

ពាក្យបណ្តឹងរបស់គណបក្សហ៊្វុនស៊ិនប៉ិច លេខ ០៣៤៧,១៧ ហសប ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយ លោកយឹម សាវី អគ្គលេខាធិការប្រតិបត្តិ គោរពជូនសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកម្មវត្ថុ “សំណើសុំ ចាត់វិធានការតាមផ្លូវច្បាប់ តាមនីតិវិធី ដើម្បី រំលាយគណបក្សសង្គ្រោះជាតិ” យោងតាម មាត្រា៦ថ្មី មាត្រា៧ មាត្រា៣៨ថ្មី និងមាត្រា ៤៤ថ្មី (២) នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តី ពីគណបក្សនយោបាយនោះ មានខ្លឹមសារថា “តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទ សូមជម្រាបជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជ្រាបដូចតទៅ ៖

១.ក្នុងព្រះនាម សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ខ្ញុំ បាទសូមអរគុណរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិធានការទាន់ពេលវេលា ដើម្បី រក្សាសន្តិភាព និងស្ថិរភាព នយោបាយនៃ ប្រទេសកម្ពុជា។ គ្មានសន្តិភាពនិងស្ថិរភាព នយោបាយនេះ ប្រជាជាតិខ្មែរ ធ្លាប់ស្ថិតក្នុង គ្រោះថ្នាក់ ហើយប្រជានុរាស្ត្រទទួលរងគ្រោះ ទុក្ខលំបាកវេទនាអស់ជាច្រើនទសវត្ស។

លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ

២.ដោយគោរពស្មារតីនៃច្បាប់ស្តីពីគណបក្សនយោបាយ និងវិសោធនកម្មបន្តបន្ទាប់ បានចូលជាធរមានរួចហើយនោះ គណបក្ស ហ៊្វុនស៊ិនប៉ិច គាំទ្រវិធានការ ដែលរាជរដ្ឋាភិបាល បានចាត់ចំពោះបទល្មើសលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានប្រព្រឹត្ត ហើយដូច ដែលសម្តេចក្រុមព្រះក្នុងឋានៈជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានប្រកាសក្នុងឱកាសសមាជ វិសាមញ្ញគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ រួចមកហើយនោះ។ បទល្មើសដែលលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានប្រព្រឹត្តនោះ គឺផ្ទុយពី ស្មារតីមាត្រា៦ថ្មី

មាត្រា៧ និងមាត្រា៤៤ថ្មី (២) នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្ស នយោបាយ។

៣.គេមិនអាចកាត់ផ្តាច់បទល្មើសនេះថា  ជាបទល្មើសផ្ទាល់ខ្លួនរបស់លោកកឹម សុខា ហើយទាត់ចោលការទទួលខុសត្រូវរបស់គណបក្សសង្គ្រោះជាតិ ទាំងមូលនោះបានទេ ពីព្រោះ លោកកឹម សុខា បានផ្តល់ព័ត៌មានដល់អ្នកចូល រួមូនៅក្រៅប្រទេស ក្នុងឋានៈជាអ្នកដឹកនាំ គណបក្សសង្គ្រោះជាតិ ហើយបានសារភាពថា ខ្លួនទទួលបញ្ជា និងទំនុកបម្រុងពីបរទេស ហើយ បានអនុវត្តន៍សម្រេចនូវជំហានដំបូងពីដំណាក់កាល គឺការបង្កើតអង្គការសិទ្ធិមនុស្ស និងការ ច្របាច់បញ្ចូលគ្នានូវគណបក្សសិទ្ធិមនុស្ស និង គណបក្សសម រង្ស៊ី ទៅជាគណបក្សសង្គ្រោះជាតិតែមួយ ដើម្បីឈានទៅដល់ដំណាក់កាល ចុងក្រោយ គឺការផ្តួលរំលំរាជរដ្ឋាភិបាល ដោយ យកគំរូតាមប្រទេសយូហ្គោស្លវី និងស៊ែប៊ី។ សកម្មភាពរបស់គណបក្សសង្គ្រោះជាតិ នេះ ធ្វើឱ្យប៉ះពាល់អធិបតេយ្យជាតិ និងបែកបាក់ ឯកភាពជាតិ ល្មើសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

៤.ក្នុងគោលបំណងអនុវត្តគោលការណ៍ នីតិរដ្ឋ ពោលគឺការអនុវត្តច្បាប់ស្តីពីគណបក្ស នយោបាយ និងច្បាប់ ស្តីពីវិសោធនកម្មនៃច្បាប់ គណបក្សនយោបាយ ទោះបីគណបក្សហ៊្វុនស៊ិនប៉ិច ខូចខាតធនធានក្តី ក៏គណបក្សនេះ បានគោរពគោលការណ៍នីតិរដ្ឋ ដែលជាបាវចនា មួយរបស់ខ្លួន ហើយបានខិតខំរៀបចំសមាជវិសាមញ្ញ ដើម្បីធ្វើវិសោធនកម្មលក្ខន្តិកៈរបស់ គណបក្សខ្លួន ផ្លាស់ប្តូររូបសញ្ញាដកព្រះឆាយាលក្ខណ៍របស់សម្តេចព្រះ នរោត្តម រណប្ញទ្ធិ ជា រូបភាពរូបវន្តបុគ្គលចេញ ដើម្បីឆ្លើយតបតាម ការតម្រូវរបស់ច្បាប់ខាងលើនេះ។

៥.ក្នុងស្មារតីអនុវត្តគោលការណ៍នីតិរដ្ឋ ដូចគ្នា និងអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ មាត្រា៦ថ្មី មាត្រា៧ និងមាត្រា៤៤ថ្មី (២) ខ្ញុំបាទសូមស្នើសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់វិធានការតាម ផ្លូវច្បាប់ តាមនីតិវិធី ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ស្របតាមមាត្រា៣៨ថ្មី នៃច្បាប់ ដដែលខាងលើនេះ។

ខ្ញុំបាទសូមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាទទួលនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ”៕

ខៀវទុំ