Loading...

លោកកឹម សុខា ផ្ញើសារពីក្នុងគុក “រូបកាយខ្ញុំជាប់ឃុំ តែមិនអាចឃុំឧត្តមគតិខ្ញុំបាន”

​ dara chan​​ | ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០១៧​ | នយោបាយ | | 0 | ម៉ោង 2:38 am

ភ្នំពេញ ៖ ក្នុងគម្រប់១ខែ នៃការជាប់ពន្ធនាគារ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានផ្ញើសារលិខិតពីក្នុងពន្ធនាគារ ដោយលោកបានលើកឡើងថា ការចោទប្រកាន់ថា លោកក្បត់ជាតិ ឃុបឃិតជាមួយបរទេសនោះ គឺជាការមួលបង្កាច់ទាំងស្រុង ព្រោះការប្រឡូកក្នុងឆាកនយោបាយ លោកគ្រាន់តែចង់ ធ្វើការផ្លាស់ប្តូរដោយអហិង្សា និងជាវិជ្ជមាន ក្នុងនាមជាបក្សប្រឆាំងប៉ុណ្ណោះ ហើយពេលនេះ ទោះបីរូបកាយលោកជាប់ឃុំ តែគ្មាននរណា ម្នាក់ឃុំឧត្តមគតិលោកបានឡើយ ជាមួយគ្នានេះ លោកកឹម សុខា បានផ្តាំពលរដ្ឋខ្មែរថា “កុំតក់ស្លុត រួមគ្នាការពារយុត្តិធម៌”។

សារលិខិតរបស់លោកកឹម សុខា ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ មានខ្លឹមសារថា “ខ្ញុំកឹម សុខា ជាអ្នកតំណាងរាស្ត្រ និងជាប្រធានគណបក្សសង្គ្រោះជាតិ សូមផ្ញើជូន ៖

-បងប្អូនជនរួមជាតិខ្មែរ ទាំងក្នុង និងក្រៅប្រទេស

-សហគមន៍អន្តរជាតិ

-សមត្ថកិច្ច និងស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា

អស់រយៈពេល១ខែហើយ (០៣ កញ្ញា ២០១៧-០៣ តុលា ២០១៧) ដែលរូបខ្ញុំត្រូវ បានសមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារ។

ស្ថិតក្នុងឱកាសនេះ ខ្ញុំសូមផ្ញើសារសម្តែង មតិជាសាធារណៈ ដូចខាងក្រោម ៖

១-ការដែលសមត្ថកិច្ច សម្រុកចូលក្នុង គេហដ្ឋានរបស់ខ្ញុំ ដោយរំលោភលើសិទ្ធិលំនៅឋានឯកជន និងបានចាប់ខ្លួនខ្ញុំទាំងពាក់កណ្តាលអធ្រាត្រ ក្នុងខណៈដែលខ្ញុំសម្រាន្តលង់លក់ ដែលមិនមានធ្វើសកម្មភាពអ្វីសោះ ដោយយកលេសថា ជាបទល្មើសជាក់ស្តែង គឺជាការរំលោភច្បាប់ និងអភ័យឯកសិទ្ធិសភា ជាពិសេស រំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់បំផុត។

២-ការដែលសមត្ថកិច្ចចោទខ្ញុំថា ឃុបឃិត ឬត្រូវរ៉ូវជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល គឺជាការមួលបង្កាច់ទាំងស្រុង។ ខ្ញុំក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិ ដែលជាតំណាងឱ្យប្រជាពលរដ្ឋពាក់កណ្តាលប្រទេស តែងតែជ្រើសរើសយកការផ្លាស់ប្តូរតាមរយៈការបោះឆ្នោតដោយអហិង្សា។ គណបក្សប្រឆាំង ដែលមានសិទ្ធិនៅក្នុងរបបប្រជាធិបតេយ្យ មានតួនាទីប្រកួតប្រជែងយកការគាំទ្ររបស់ប្រជាពលរដ្ឋ ដើម្បីផ្លាស់ប្តូរគណបក្សកាន់អំណាច រកការដឹកនាំប្រទេស។ បើគណបក្សប្រឆាំង មិនមានបំណងចង់ផ្លាស់ប្តូរគណបក្សកាន់អំណាចទេ គេមិនហៅគណបក្សនោះថា បក្សប្រឆាំងឡើយ។ ការចូលប្រឡូកក្នុងឆាកនយោបាយរបស់ខ្ញុំ ក៏ដូចជាការបង្កើតគណបក្សសង្គ្រោះជាតិ គឺធ្វើដើម្បីការផ្លាស់ប្តូរដោយ អហិង្សា និងវិជ្ជមាន មិនមែនសម្រាប់លម្អ ប្រជាធិបតេយ្យក្លែងក្លាយ។ ដូច្នេះរាល់ទង្វើ របស់ខ្ញុំមិនមានភាពខុសច្បាប់ ហើយផ្ទុយទៅវិញ គឺជាសិទ្ធិនិងតួនាទីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលតម្រូវឱ្យកម្ពុជា គោរពលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មិនមែនឯកបក្ស ដែលលម្អដោយគណបក្ស មិនហ៊ានប្រឆាំងគណបក្សកាន់អំណាចនេះទេ។

ខ្ញុំ កឹម សុខា ពុំដែលបាន និងក៏មិនមានផែនការណាមួយ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ ឬធ្វើឱ្យបាត់បង់អធិបតេយ្យ បូរណភាពទឹកដី និងធនធានធម្មជាតិខ្មែរឡើយ។ ផ្ទុយទៅវិញ ខ្ញុំតែងតែទាមទារឱ្យមានការដោះស្រាយដោយអហិង្សា តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

៣-ក្នុងឱកាសនេះដែរ ខ្ញុំសូមអំពាវនាវ ជូនចំពោះ ៖

ក.ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់អំណាច ស្របតាមរដ្ឋធម្មនុញ្ញ មាត្រា៥១ថ្មី ៖

“មិនតក់ស្លុត រួបរួមគ្នាការពារយុត្តិធម៌”

ខ្ញុំសូមឱ្យស្មារតីស្នេហាជាតិ និងលទ្ធិប្រជាធិបតេយ្យ ស្ថិតនៅរស់រវើកក្នុងឆន្ទៈប្រជាពលរដ្ឋខ្មែរ។ ខ្ញុំជឿជាក់ថា ការផ្លាស់ប្តូរមួយ ដែលខ្មែរចង់បាន គឺបានសម្រេចពាក់កណ្តាលហើយនោះគឺការផ្លាស់ប្តូរនូវរបត់គំនិត និងការចូលរួមយ៉ាងសកម្មក្នុងឆាកនយោបាយរបស់ប្រជាពលរដ្ឋខ្មែរ។ ការផ្លាស់ប្តូរនេះ បានរីកសាយទូទាំងប្រទេសយើង។ គ្មានអំណាចណា អាចយកឈ្នះលើអំណាចឆន្ទៈប្រជាពលរដ្ឋឡើយ សូមជនរួមជាតិរួបរួមគ្នា និងទាមទារ ឱ្យបាននូវយុត្តិធម៌សម្រាប់ខ្មែរទាំងអស់គ្នា។

សូមប្រជាពលរដ្ឋខ្មែរចងចាំថា ខ្ញុំនឹងនៅ ជាមួយបងប្អូន។ ទោះរូបកាយខ្ញុំត្រូវជាប់ឃុំ តែគ្មាននរណាម្នាក់អាចឃុំឧត្តមគតិខ្ញុំបានឡើយ។ ឆន្ទៈខ្ញុំតែងតែនៅជាប់នឹងបងប្អូនជានិច្ច។ សូម កុំតក់ស្លុត !

ខ.សហគមន៍អន្តរជាតិ ៖

ក្នុងពេលថ្មីៗកន្លងមកនេះ សហគមន៍ អន្តរជាតិតែងតែនិយាយថា លទ្ធិប្រជាធិបតេយ្យកម្ពុជា កំពុងធ្វើដំណើរទៅរកគ្រោះថ្នាក់ ហើយឥឡូវនេះ លទ្ធិប្រជាធិបតេយ្យកម្ពុជា បានធ្លាក់នៅដង្ហើមចុងក្រោយហើយ។ ដូច្នេះសូមសហគមន៍អន្តរជាតិ ចាត់វិធានការ សកម្មភាពជាក់ស្តែង ដើម្បីសង្គ្រោះកម្ពុជា ឱ្យទាន់ពេលវេលា។ បើមិនដូច្នេះទេ ការជួយរបស់សហគមន៍អន្តរជាតិ ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីកម្ពុជា ឆ្នាំ១៩៩១ ជាពិសេសការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ “ជាការឥតប្រយោជន៍ និងមិនអាចទទួលយកបាន”។

គ.សមត្ថកិច្ច រាជរដ្ឋាភិបាល និងតុលាការ ៖

សូមពិចារណាឡើងវិញនូវការចោទប្រកាន់មកលើរូបខ្ញុំ ដោយនេះមិនមែនជាយុទ្ធសាស្ត្រដែលធ្វើឱ្យខ្មែរណាម្នាក់ បានទទួលប្រយោជន៍យូរអង្វែងឡើយ។ ខ្ញុំមិនមែនជាសត្រូវ របស់លោកអ្នក ខ្ញុំជាគូប្រកួតដែលមានតួនាទី រួមចំណែកកែលម្អជាតិយើង ដោយការរិះគន់ និងប្រជែងយកការគាំទ្រពីប្រជាពលរដ្ឋ។ កម្ពុជា មានថ្ងៃនេះ ដោយសារលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ អ្នកវិនិយោគចូលមកកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ មកក្នុងខណៈដែលកម្ពុជា ចាប់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គេមិនបានមកកម្ពុជា ក្នុងរបបឯកបក្សឡើយ។

សូមកុំសម្លាប់សេដ្ឋកិច្ចខ្មែរ ដោយការ សម្លាប់លទ្ធិប្រជាធិបតេយ្យ។ បើជាតិយើងរស់ កូនចៅយើងមិនថាបក្សណា នឹងរស់ទាំង អស់គ្នា។ បើជាតិយើងស្លាប់ មិនថាអ្នកមាន លុយ ឬអំណាចយ៉ាងណាឡើយ គឺនឹងអស់អ្វីៗ គ្រប់បែបយ៉ាងទាំងអស់គ្នា។

ដោយស្មារតីយុត្តិធម៌ ប្រជាធិបតេយ្យ និងការបង្រួបបង្រួមជាតិ ខ្ញុំសូមឱ្យគ្រប់ភាគី ទាំងអស់ តម្ពល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរជាធំ”៕

កុលបុត្រ