Loading...

ពាក្យប្តឹងរំលាយគណបក្សសង្គ្រោះជាតិធ្លាក់ដល់ដៃក្រសួងមហាផ្ទៃ

​ dara chan​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០១៧​ | នយោបាយ | | 0 | ម៉ោង 3:40 am

ភ្នំពេញ ៖ ពាក្យបណ្តឹងរបស់គណបក្សយុវជនកម្ពុជា ដែលមានលោកពេជ្រ ស្រស់ ជាប្រធាន ដែលប្តឹងសុំរំលាយគណបក្សសង្គ្រោះ ជាតិ បានធ្លាក់ដល់ដៃក្រសួងមហាផ្ទៃហើយ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ ដោយក្នុងពាក្យបណ្តឹងនោះ លោកពេជ្រ ស្រស់ ស្នើសុំ ឱ្យសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់វិធានការតាមនីតិវិធី ដើម្បីប្តឹងទៅតុលាការកំពូល រំលាយគណបក្សប្រឆាំង ស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយ។ 

ពាក្យបណ្តឹងរបស់លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា លេខ០៩៧/១៧ គ.យ.ក ចុះថ្ងៃទី០៤ តុលា ឆ្នាំ២០១៧ គោរពជូនសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកម្មវត្ថុ “ស្នើសុំក្រសួងមហាផ្ទៃ ចាត់នីតិវិធីប្តឹងទៅតុលាការកំពូល ដើម្បីរំលាយ គណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយជាធរមាន” នោះ មានខ្លឹមសារថា “ខ្ញុំមានកិត្តិយសសូមជម្រាបជូន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជ្រាបថា ក្រោយពីមានការបែកធ្លាយជាសាធារណៈ នូវវីដេអូឃ្លីបរបស់ លោកកឹម សុខា ដែលត្រូវបានផ្សាយដោយព័ត៌មាន CBN (Cambodian Broadcasting Network) មានទីតាំងនៅប្រទេសអូស្ត្រាលី លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបាននគរបាលចាប់ខ្លួន និងត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស” តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះជាបទល្មើសក្បត់ជាតិ។ យោងតាមវីដេអូឃ្លីបខាងលើ លោកកឹម សុខា បាន រៀបរាប់អំពីផែនការប្រព្រឹត្តអំពើក្បត់ជាតិរបស់ខ្លួន ដែលបានឃុបឃិត និងធ្វើតាមបញ្ជារបស់បរទេស។ ហើយលោកកឹម សុខា បាននិយាយ ដោយមោទនភាពថា ផែនការក្បត់ជាតិនេះ ត្រូវបានរៀបចំឡើងជាមួយបរទេស ចាប់តាំងពីឆ្នាំ១៩៩៣ ដែលពេលនោះ លោកកឹម សុខា ជាតំណាងរាស្ត្រ។ រូបលោកត្រូវបានបរទេស ហៅទៅបំពាក់បំប៉នយុទ្ធសាស្ត្រនៅប្រទេសរបស់គេ មួយឆ្នាំម្តងៗ និងត្រូវបានរៀបចំឱ្យដកខ្លួនពីឆាកនយោបាយ ដោយលាឈប់ពីគណបក្សនយោបាយ នៅឆ្នាំ២០០២ ដើម្បីទៅបង្កើតអង្គការក្រៅរដ្ឋាភិបាល ឈ្មោះថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ជាសកម្មភាពបន្តបន្ទាប់ នៅឆ្នាំ២០០៧ លោកកឹម សុខា ត្រូវបានឱ្យវិលត្រឡប់ចូលនយោបាយវិញ ដោយបង្កើតគណបក្សសិទ្ធិមនុស្ស ហើយបន្ទាប់មក ក៏បានបន្តបញ្ចូលគ្នាជាមួយនឹងគណបក្សសម រង្ស៊ី ទៅជាគណបក្សតែមួយ គឺគណបក្សសង្គ្រោះជាតិ។ នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ការបង្កើតគណបក្សសង្គ្រោះជាតិ មិនមែនជា រឿងចៃដន្យនោះឡើយ ពោលគឺអាចជាផែនការមួយ ដែលត្រូវបានរៀបចំឡើងដោយមានយុទ្ធសាស្ត្រច្បាស់លាស់ ពាក់ព័ន្ធនឹងការអនុវត្តតាម ការបង្គាប់បញ្ជារបស់បរទេស។

តាមរយៈសម្តីរបស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងវីដេអូឃ្លីប ដែលបានបែកធ្លាយនោះ បានបង្ហាញថា គណបក្សសង្គ្រោះជាតិ បានធ្វើការឃុបឃិតគ្នាជាមួយបរទេស ក្នុងគោលដៅធ្វើបដិវត្តន៍ពណ៌ ដោយយកម៉ូដែលតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ ជាក់ស្តែង សកម្មភាពពេលកន្លងមករបស់គណបក្សសង្គ្រោះជាតិ ជាពិសេស គឺសកម្មភាពនានា នៅក្រោយការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នៅឆ្នាំ២០១៣ ដែលតែងតែរៀបចំដឹកនាំធ្វើបាតុកម្មជាច្រើនលើកច្រើនសា រហូតដល់រៀបចំឱ្យមានព្រឹត្តិការណ៍បង្កហិង្សា នៅច្រើនកន្លែង ដូចជានៅចំណុចក្បាលថ្នល់ នៅផ្លូវវេងស្រេង និងនៅក្បែរស្ពានអាកាស ស្ទឹងមានជ័យ ដែលបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងបាត់បង់ជីវិតមនុស្សមួយចំនួន ដោយយកការចោទប្រកាន់ពីភាពមិនប្រក្រតីនៃការបោះឆ្នោត ធ្វើជាលេស ក្នុងចេតនាអនុវត្តនូវផែនការសកម្មភាពដូច ដែលលោកកឹម សុខា បាននិយាយនៅក្នុងវីដេអូ ឃ្លីបខាងលើ។

យោងតាមស្មារតីនៃច្បាប់ស្តីពីគណបក្ស នយោបាយជាធរមាន ជាពិសេស ត្រង់មាត្រា ៦ថ្មី (ពីរ) មាត្រា៧, មាត្រា៣៨ថ្មី និងមាត្រា ៤៤ថ្មី (ពីរ) បានកំណត់យ៉ាងច្បាស់ថា គណបក្សនយោបាយណា ដែលស្ថិតនៅក្រោមចំណុះ ឬការបង្គាប់បញ្ជារបស់បរទេស ឬធ្វើសកម្មភាព ប៉ះពាល់សន្តិសុខរដ្ឋ គឺអាចជាកម្មវត្ថុនៃការ សម្រេចរំលាយចោលដោយតុលាការកំពូល។

ផ្អែកតាមច្បាប់នេះ ក្រសួងមហាផ្ទៃ មានសមត្ថកិច្ច ក្នុងការប្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សនយោបាយ ដែលប្រព្រឹត្តខុសច្បាប់ ហើយដោយសារករណីនេះ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទក្បត់ជាតិ ផងដែរ ជាពិសេស ក្នុងនាមខ្ញុំជាអ្នកនយោបាយជំនាន់ក្រោយ ដែលស្រលាញ់សន្តិភាព មិនចង់ឱ្យប្រទេសកម្ពុជា ធ្លាក់ក្នុងសង្គ្រាមដូចប្រទេស មួយចំនួននៅមជ្ឈិមបូព៌ា ដូចនេះ ខ្ញុំក្នុងនាមជាប្រធានគណបក្សយុវជនកម្ពុជា សូមស្នើសុំ សម្តេចក្រឡាហោម ដែលជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់វិធានការ តាមនីតិវិធី ដើម្បីប្តឹងទៅតុលាការកំពូល ដើម្បី រំលាយគណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយជាធរមាន…”។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ បានបញ្ជាក់ប្រាប់ “នគរធំ” យ៉ាងខ្លីនៅ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ ថា ពេលបាន ទទួលបណ្តឹងរបស់លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ខាងលើនេះហើយ ក្រសួងមហាផ្ទៃ នឹងធ្វើការពិនិត្យទៅតាមនីតិវិធី។ ប៉ុន្តែចំពោះការសម្រេចច្បាស់លាស់ ពិតប្រាកដយ៉ាងណានោះ ក្នុងនាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យសម្តេច ឧបនាយករដ្ឋមន្ត្រី ស ខេង លោកមិនទាន់អាច ជម្រាបមុនបានទេ គឺនឹងមានការបញ្ជាក់នៅ ពេលក្រោយ។

គួរបញ្ជាក់ដែរថា ក្រៅពាក្យបណ្តឹងរបស់ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដាក់ចូលទៅក្រសួងមហាផ្ទៃនោះ  សម្រាប់គណបក្សហ៊្វុនស៊ិនប៉ិច ដែលមានសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ជាព្រះប្រធាន ក៏បានចេញសេចក្តីថ្លែងការណ៍ ប្រកាសប្តឹងរំលាយ គណបក្សសង្គ្រោះជាតិផងដែរ ដោយក្នុងសេចក្តី ថ្លែងការណ៍ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ នោះ ក្រៅពីបានគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិធានការទាន់ពេលវេលា ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនយោបាយនៃប្រទេសកម្ពុជា ដោយការចាប់ខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីបទក្បត់ជាតិ “សន្ទិដ្ឋិភាពជាមួយបរទេស” នោះ គណបក្សរាជានិយមនេះ  ក៏បានបញ្ជាក់បន្ថែមថា រដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា១ បានចែងថា “ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រ ទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស”។ ដូច្នេះ រដ្ឋធម្មនុញ្ញ មិនមានមាត្រាណាមួយដែល ចែងថា ព្រះរាជាណាចក្រកម្ពុជា ត្រូវតែមានគណបក្សប្រឆាំងនោះទេ។

ទោះបីយ៉ាងណា ក្រុមមេធាវី និងអ្នកច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ ក្នុងន័យដូចគ្នាថា តាមទិដ្ឋភាពច្បាប់ ការប្តឹង រំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្ស ប្រឆាំងដ៏ធំនៅកម្ពុជា មិនអាចទៅរួចទេ។

មេធាវីជូង ជូងី បានបញ្ជាក់ថា លោក កឹម សុខា មកដល់ពេលនេះ តុលាការមិនទាន់ បានកាត់ទោស ចេញសាលក្រមថា ក្បត់ជាតិ នៅឡើយទេ។ ដូច្នេះការប្រកាសប្តឹងរបស់គណបក្សនយោបាយចំនួន២នោះ មិនអាចបានជោគជ័យឡើយ ហើយប្រជាពលរដ្ឋរាប់លាននាក់ ក៏នៅគាំទ្រគណបក្សសង្គ្រោះជាតិ គាំទ្រលោក កឹម សុខា និងមិនបានចាត់ទុកថា លោកកឹម សុខា ក្បត់ជាតិនោះដែរ។

ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និង នីតិកម្ម នៃគណបក្សសង្គ្រោះជាតិ និងជាមេធាវី មួយរូប លោកស្រីម៉េង សុភារី បានបញ្ជាក់ថា  មិនដឹងថា មានមូលដ្ឋានអ្វីដែលគណបក្សយុវជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សគ្មានអាសនៈក្នុងរដ្ឋសភា ចង់ប្តឹង រំលាយគណបក្សសង្គ្រោះជាតិនោះទេ ព្រោះបើសិនជាផ្អែកទៅលើស្ថានភាពសំណុំរឿងរបស់លោកកឹម សុខា មិនទាន់ត្រូវបានតុលាការ កាត់ក្តី ហើយក៏មិនទាន់មានសាលក្រមចូលជា ស្ថាពរដែរ ហើយបច្ចុប្បន្ន កំពុងស្ថិតនៅក្រោម ការស៊ើបអង្កេត របស់សមត្ថកិច្ចតុលាការតែ ប៉ុណ្ណោះ។

លោកមេធាវី សំ សុគង់ បានបញ្ជាក់ថា បើមើលក្នុងទិដ្ឋភាពច្បាប់ អ្នកទាំង២ គឺគណបក្ស យុវជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច មិនមាន សិទ្ធិក្នុងការធ្វើបណ្តឹងប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ទេ ដោយសារគណបក្សទាំង២ អត់មាន លក្ខណសម្បត្តិគ្រប់គ្រាន់ ក្នុងការធ្វើជាដើមបណ្តឹង ព្រោះកាលណា នរណាមួយអាចប្តឹង ទៅនរណាមួយបាន ទាល់តែវាមានទំនាក់ទំនង ហេតុនិងផល ហើយនិងមានការខូចខាត។ បានន័យថា បើមានការខូចខាត ទើបទាមទារនូវ ព្យសនកម្មដែលខូចខាតហ្នឹង ទើបគណបក្ស ទាំង២នោះ អាចធ្វើដើមបណ្តឹងចំពោះស្ថាប័ន ឬចំពោះបុគ្គលណាមួយ។ ប៉ុន្តែជាក់ស្តែងទៅ គណបក្សទាំង២ អត់មានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការធ្វើជាដើមបណ្តឹង ប្តឹងការរំលាយគណបក្សសង្គ្រោះជាតិ នោះទេ ហើយមើលទិដ្ឋភាព ច្បាប់មួយទៀត ទាក់ទិននឹងគណបក្សនយោបាយ ក៏មិនអនុញ្ញាតឱ្យគណបក្សផ្សេងមក ប្តឹងរំលាយគណបក្សផ្សេងមួយទៀតដែរ មាន តែអាជ្ញាធរ ឬក៏តុលាការប៉ុណ្ណោះ ដែលមានសិទ្ធិក្នុងការប្តឹងនេះ។

ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងមេធាវីដ៏ល្បីមួយរូប លោកសុក សំអឿន បានបញ្ជាក់ថា លោកមិនទាន់ហ៊ាននិយាយ ដោយដាច់ណាត់នោះទេថា គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា មិនអាចប្តឹង សុំឱ្យរំលាយគណបក្សសង្គ្រោះជាតិ ព្រោះលោក មិនទាន់ដឹងច្បាស់ថា គណបក្សទាំងពីរ ផ្អែកលើភ័ស្តុតាង និងមូលដ្ឋានអ្វីខ្លះ។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ដើម្បីប្តឹងសុំឱ្យរំលាយគណបក្សសង្គ្រោះជាតិ លុះត្រាតែបទល្មើសនោះ ទាក់ទងនឹង គណបក្សសង្គ្រោះជាតិទាំងមូល។ បានន័យថា ករណីរបស់លោកកឹម សុខា គឺជារឿងបុគ្គល ដូច្នេះ ពុំអាចយកទៅភ្ជាប់នឹងគណបក្សសង្គ្រោះជាតិឡើយ។ ម៉្យាងទៀត ប្រសិនបើករណីរបស់ លោកកឹម សុខា ឬគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងរឿងព្រហ្មទណ្ឌ មានតែព្រះរាជអាជ្ញាទេ ដែលជាអ្នកដើរតួជាដើមបណ្តឹង៕

កុលបុត្រ