Loading...

នាយករដ្ឋមន្ត្រី រំលឹកជាថ្មីរឿងឆ្នាំ២០១៣ បក្សប្រឆាំងញុះញង់កម្មករធ្វើបាតុកម្មក្នុងរូបភាពបដិវត្តន៍ពណ៌

​ dara chan​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០១៧​ | នយោបាយ | | 0 | ម៉ោង 2:33 am

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចហ៊ុន សែន បានរលឹកជាថ្មីទាក់ទង នឹងរឿងហិង្សា កាលពីឆ្នាំ២០១៣ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ កន្លងទៅ ដោយលើកឡើងថា គណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) ជាអ្នកញុះញង់ឱ្យកម្មករ ធ្វើបាតុកម្ម ក្នុងរូបភាពបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ប្រមាណជាង១ម៉ឺននាក់ នៅរោងចក្រតំបន់កំបូល ផ្លូវជាតិលេខ៤ កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០១៧ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជាថ្មីដូចការថ្លែងមុនៗថា ការអភិវឌ្ឍ រីកចម្រើន និងសមិទ្ធផលរបស់ជាតិ មកដល់ពេលនេះ គ្មានបាតដៃបក្សប្រឆាំងនោះទេ។ ផ្ទុយទៅវិញ បក្សប្រឆាំងបានស្នើឱ្យបរទេស និងសហគមន៍អន្តរជាតិ កាត់ជំនួយពីកម្ពុជា ហើយក្រោយការបោះឆ្នោតឆ្នាំ២០១៣ កន្លងទៅ បក្សប្រឆាំងក៏បានញុះញង់កម្មករ ឱ្យធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរដ្ឋាភិបាល ក្នុងរូបភាពបដិវត្តន៍ពណ៌។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា “ចំណុចមួយដែលពូសុំនិយាយទៅកាន់ក្មួយៗ ហើយក៏ដូចជាទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលជាក្រុមគ្រួសារ ឬក៏ជាប្រជាពលរដ្ឋ អ្វីដែលបាននិងមានសព្វថ្ងៃ គឺបានចេញមកពីបាតដៃនៃការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ហើយខ្លួនខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានរួមចំណែកជាមួយប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងការរំដោះខ្លួនចេញពីរបបប្រល័យពូជាសាសន៍ ប៉ុល ពត ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ប៉ុល ពត និងការស្វែងរកសន្តិភាព ដើម្បីប្រទេសកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះនោះ គឺផ្តល់ឱកាសឱ្យយើងកសាងប្រទេសឡើងវិញ ពីការលំបាកគ្រប់យ៉ាង ដែលយើងបានជួបប្រទះ យើងបានខិតខំកសាងប្រទេស នេះជាមួយនឹងញើសឈាមរបស់យើង ដើម្បីយើងនាំប្រទេសមកដល់ពេលនេះ។ គ្មានបាតដៃរបស់គណបក្សប្រឆាំងនោះទេ ពួកគេមិនបានធ្វើអ្វីក្រៅតែទៅរារាំងប្រទេសក្រៅ មិនឱ្យផ្តល់ជំនួយមកកម្ពុជា មិនឱ្យវិនិយោគមកកាន់កម្ពុជា និងមិនឱ្យទិញទំនិញពីកម្ពុជា។ នេះជាទង្វើមិនទទួលខុសត្រូវ ហើយវាក៏ជាទង្វើក្បត់ នឹងផលប្រយោជន៍ប្រជាជនខ្លួនឯង។ បើសិនជាប្រទេសក្រៅ ធ្វើទៅតាមការចង់បានរបស់បក្សប្រឆាំង តើក្មួយៗមានការងារធ្វើឬអត់? ពិតជាមិនមានទេ ហើយបើសិនគេស្នើទៅវិញ គឺជាវិធីរុញឱ្យខ្លោច រោចឱ្យឆៅ ទាមទារដំឡើងប្រាក់ខែ ដំឡើងៗៗ ន័យពិតប្រាកដ គឺអ្វី? ដំឡើងរួចហើយ ទីចុងបំផុត ថៅកែទ្រាំមិនបាន បិទរោងចក្រ អ្នកដែលស្លាប់ អ្នកដែលបាត់បង់ការងារ និងប្រាក់ចំណូល គឺកម្មករ។ នេះហើយជាវិធីសម្លាប់តាមរបៀបដុតឱ្យខ្លោច រោចឱ្យឆៅតែម្តង ប៉ុន្តែសមត្ថភាពពួកគេមានកម្រិត មិនមែនអ្នកណាចេះតែជឿចំពោះពួកគេនោះទេ។ ការខិតខំប្រឹងប្រែងរបស់កម្មករ កម្មការិនី បាននាំមកនូវផលប្រយោជន៍ ហើយតំបន់នេះជាតំបន់ដែលគេមកទម្លាយទ្វាររោងចក្រ ដើម្បីឱ្យទៅធ្វើបាតុកម្ម ក្នុងពេលវេលា ដែលគេចង់ផ្តួលរំលំ កាលពីឆ្នាំ២០១៣ នៅកន្លែងហ្នឹងឯង។ ប៉ុន្តែជាការល្អ ដែលក្មួយៗពេលនោះ កំពុងធ្វើការតម្រូវការធ្វើការ ប៉ុន្តែអ្នកនយោបាយតម្រូវការឱ្យក្មួយៗចេញទៅធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ នោះហើយជាទង្វើក្បត់ជាតិ ដែលគេត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដែលបាននិងកំពុងដំណើរការតាមផ្លូវច្បាប់នេះ មិនមែនរឿងអ្នកឯងធ្វើពីថ្ងៃមុន ហើយរួចខ្លួននោះទេ ត្រូវទទួលខុសត្រូវលើរឿងនេះ មិនមែនជាបាតុកម្ម ដើម្បីទាមទារលក្ខខណ្ឌការងារទេ ក៏ប៉ុន្តែគឺជាបាតុកម្មផ្តួលរំលំតាមបែបបដិវត្តន៍ពណ៌ ព្រោះការបោះឆ្នោតបានធ្វើរួចទៅហើយៗអ្នកឯងចង់ផ្តួលរំលំរដ្ឋាភិបាល អ្នកឯងមកប្រមូលកម្មករ គេមិនព្រមទៅ អ្នកឯងទៅទម្លាយទ្វារគេ”។

សម្តេចហ៊ុន សែន បានមានប្រសាសន៍បន្តថា “ចំណុចនេះ ខ្ញុំគួរតែនិយាយបន្តិច ខ្ញុំសូមអបអរ សាទរដែលការដោះស្រាយបញ្ហានានានៅតាម បណ្តារោងចក្រ សហគ្រាសកាន់តែល្អប្រសើរ។ ខ្ញុំមានជំនួបជាមួយប្រធានរដ្ឋបាល ខ្ញុំមានជំនួប ជាមួយនឹងម្ចាស់រោងចក្រ ជាមួយប្រធានផ្នែក ប្រធានក្រុម ក្នុងគោលដៅធំបំផុត ការធ្វើ សុខដុមនីយកម្មក្មុងចំណោមកម្មករនៅក្នុង ក្របខ័ណ្ឌរោងចក្រនីមួយៗ។ តួនាទីរបស់ប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាល វាមានសារសំខាន់ ដើម្បីរួមចំណែកជាមួយនឹងភាពសុខសាន្តនៅក្នុងរោងចក្រ យើងត្រូវយល់ឱ្យបានថា ថៅកែ បើគ្មានកម្មករ គេមិនហៅថា ថៅកែទេ ឯកម្មករ បើសិនជាគ្មានរោងចក្រ ដើម្បីធ្វើការងារ ហើយបែរជាទៅកាន់ចប កាន់ឧប ករណ៍កសិកម្ម ក៏គេមិនហៅថា កម្មករដែរ។ ដូច្នេះហើយវាទាមទារឱ្យមានការធ្វើការសម្រុះសម្រួលគ្នាដោយហ្មត់ចត់ ដំណោះស្រាយដោយ សន្តិវិធី និងដំណោះស្រាយដោយមានការជឿទុកចិត្តគ្នា និងក្នុងន័យស្ថាបនា គឺជាការរក្សា នូវឆ្នាំងបាយ សម្រាប់កម្មករ-កម្មការិនី ហើយវាជាផលប្រយោជន៍ត្រូវបំពេញឱ្យគ្នាទៅវិញទៅមក។ កម្មករត្រូវការរោងចក្រធ្វើការ ហើយផ្តើមចេញពីរបៀបនេះ វាត្រូវការមានអ្នកវិនិយោគមកធ្វើការវិនិយោគ ឯអ្នកវិនិយោគ តែគេវិយោគហើយ ក៏គេត្រូវការកម្មករ ត្រូវការកម្លាំងពលកម្ម។ ដោយសារបញ្ហានេះហើយ បានជាចំនួនវិវាទការងារ បាតុកម្ម កូដកម្ម មាន ការថយចុះ តាមរយៈនៃការយោគយល់ដោះស្រាយបញ្ហាជាមួយគ្នា ដោយសន្តិវិធី ហើយទៅមុខទៀត ខ្ញុំអំពាវនាវឱ្យមានការដោះស្រាយបញ្ហាទាំងអស់ ដោយសន្តិវិធី និងការយោគយល់គ្នា ដើម្បីរក្សាការងាររបស់យើង”។

សម្តេចហ៊ុន សែន បានបន្តថា “វាមិនមែនជាដំណោះស្រាយទេ បើសិនជាអ្វីក៏ចេះ តែនាំគ្នាលើកលែងតែរឿងហ្នឹង វាដោះស្រាយ មិនបានកន្លែងខ្លះ ប៉ុន្តែនៅពេលដែលយើងដោះស្រាយបាននោះ កន្លែងខ្លះ ឥឡូវវាមានអ្នក ដែលក្ស័យធន រត់ចោលរោងចក្រទេ ដែលវាមានបញ្ហាច្រើន ប៉ុន្តែដោយសារតែប្រញាប់ប្រញាល់ទៅដោះស្រាយដោយក្រសួងការងាររបស់យើង ក៏យើងដោះស្រាយបានរហ័សដែរ ឯក្រៅពីនោះរឿងតូចតាចមួយចំនួន ក៏យើង ដោះស្រាយប្រញាប់ប្រញាល់ ប៉ុន្តែខ្ញុំក៏មាន សំណូមពរកុំឱ្យមានជើងកាងក្នុងការធ្វើកូដកម្ម។ ម៉េចទៅ ដែលហៅថា កូដកម្ម? នៅត្រង់អ៊ីចេះ យើងត្រូវគោរពសិទ្ធិគ្នាទៅវិញទៅមក ទើបបាន។ នៅក្នុងចំណោម ដូចជា១ពាននាក់ នៃរោងចក្រមួយ ធ្វើកូដកម្ម ៥០នាក់ អ្នក៩៥០ នាក់ទៀត ត្រូវគោរពសិទ្ធិអ្នកធ្វើកូដកម្ម ប៉ុន្តែ អ្នកកូដកម្ម ក៏ត្រូវគោរពសិទ្ធិ៩៥០នាក់ផ្សេងទៀត ដែលគេចង់ធ្វើការ ហើយមិនចង់ចូល រួមកូដកម្ម។ កន្លងទៅនេះ មានបងធំខាងផ្នែក កូដកម្ម ខ្លួនឯងធ្វើកូដកម្ម ទៅរារាំងអ្នកដទៃ មិនឱ្យចូលធ្វើការ គំរាមកំហែងគេ រឿងនេះ មិនត្រូវឱ្យមានជាបន្តទេ។ ក្នុងក្របខ័ណ្ឌសហជីព សិទ្ធិរបស់អ្នកធ្វើកូដកម្ម ត្រូវបានគោរព ប៉ុន្តែសិទ្ធិអ្នកដែលចង់ធ្វើការ មិនចង់ចូលរួម កូដកម្ម ក៏ត្រូវបានគោរពទាំងអស់គ្នា មិនត្រូវ ឈរទ្រើងធ្វើជាបងធំនៃការធ្វើកូដកម្មនៅតាម រោងចក្រ សហគ្រាសនោះទេ។ ថ្ងៃ០១ ខែឧសភា ដែលជាទិវាពលកម្មអន្តរជាតិ គឺមានសិទ្ធិដូចគ្នា អ្នកខ្លះមានសិទ្ធិទៅដង្ហែ ដើម្បីដាក់ញត្តិ ហើយនាំគ្នាដើរហែទៅ យើងគោរព នូវសិទ្ធិនោះ ប៉ុន្តែអ្នកទាំងនោះក៏ត្រូវគោរពត្រឡប់មកវិញ ដែលនៅតាមរោងចក្រមួយចំនួន ចាត់តាំងពិធីកម្សាន្ត បាយទឹក ហើយ មានរហូតដល់ប្រលងបវរកញ្ញានោះ ហើយខ្ញុំ គាំទ្រឱ្យមានការប្រលងបវរកញ្ញារោងចក្រតទៅទៀត។ កន្លងទៅ បានប្រលង២ឆ្នាំហើយ យើងប្រលងអាហ្នឹង ដល់ទៅពេលហ្នឹង ថៅកែរោងចក្រចេញប្រាក់ចំណាយទៅហើយចាំទៅ យកទៅផ្តាចព្រ័ត្រ ផ្សាយបន្តផ្ទាល់ទៀត។ បវរកញ្ញាមួយចំនួនហ្នឹងមិនបានស្មើនឹងក្មួយៗកម្មកររោងចក្រផងទេ កុំថាអន់ គ្រាន់តែយើងមិន ទាន់ក្រូមេតែប៉ុណ្ណឹង។ មិនទាន់ក្រូមេស្អាតប៉ុណ្ណឹង ទៅហើយ គ្រាន់តែក្រូមេទៀត ស្អាតប៉ុនណាទៅទៀត? អាហ្នឹងនិយាយឱ្យពិត មិនថាទេ កម្មករហ្នឹងមិនមែនមិនស្អាត កសិករ មិនមែន មិនស្អាត វាទាល់តែពាណិជ្ជករ វាទាល់តែអ្នក នេះស្អាត មិនមែនអ៊ីចឹងទេ មនុស្សដូចតែគ្នា។ អ៊ីចឹងទេ បានជាថ្ងៃ០១ ខែឧសភា ជារៀងរាល់ឆ្នាំ តែងមានសកម្មភាពខុសៗគ្នា សហជីពខ្លះ នាំកម្មករដើរតាមរយៈការដាក់ញត្តិ អើ! ធ្វើ ទៅ អាហ្នឹងជាសិទ្ធិរបស់យើង ប៉ុន្តែអ្នកក៏ត្រូវ គោរពសិទ្ធិតាមរោងចក្រនានា ដែលគេចាត់តាំងកម្មវិធីសប្បាយនៅតាមរោងចក្ររបស់គេ ហើយមានរោងចក្រខ្លះ គេក៏អាចចាត់តាំងពិធី នេះពិធីនោះ ដើម្បីកម្សាន្តសប្បាយ ដូចជាការធ្វើដំណើរទៅកាន់កន្លែងនេះ កន្លែងនោះ តាមដែលអាចធ្វើទៅកើត។ ឥឡូវសុំបញ្ជាក់សាជាថ្មីថា ការងាររបស់ក្មួយៗ ប្រាក់ចំណូលរបស់ក្មួយៗ ដែលបាននិងកំពុងទទួលសព្វថ្ងៃនេះបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានគណបក្សប្រជាជនកម្ពុជាដឹកនាំ។ យើងបានប្រឹងណាស់ ដើម្បីម្ខាងរកសន្តិភាពសម្រាប់ប្រទេសជាតិនេះ ដែលជាលើកដំបូង នៅក្នុងប្រវត្តិរបស់កម្ពុជា រាប់រយឆ្នាំ ដែលប្រទេសនេះលុបចោលតំបន់អបគមន៍ត្រួតត្រា ដាច់ដោយឡែកពីគ្នា បង្កើតឡើងនូវស្ថានភាព ឯកភាពជាតិមួយ ដោយគ្មានរបងខណ្ឌដោយកម្លាំងផ្សេងៗគ្រប់គ្រងនោះទេ។ ម្ខាងទៀត ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីទាញអ្នកវិនិយោគមក។ គ្មានអ្នកណាមកវិនិយោគ នៅពេលដែលយើងខ្វះផ្លូវដឹកជញ្ជូនទេ គ្មានអ្នកមកវិនិយោគ នៅពេលដែលយើងអត់អគ្គិសនី គ្មានអ្នកណាមកវិនិយោគ នៅពេល ដែលយើងអត់មានកំពង់ផែ អត់មានព្រលានយន្តហោះ ហើយក៏គ្មានអ្នកណាមកវិនិយោគ នៅពេលដែលយើងអត់មានច្បាប់ធានាឱ្យពួកគេ គ្មានអ្នកណាមកវិនិយោគ នៅពេលដែលយើងមិនមានធនធានមនុស្ស ហើយក្នុងហ្នឹង ក៏មានកម្លាំងក្មួយៗ ដែលជាចំណែកពលកម្មនេះដែរ។ អ៊ីចឹងយើងត្រូវខិតខំកសាងទាំង ផ្នែករឹង និងផ្នែកទន់ ដើម្បីទាក់ទាញការវិនិយោគ យើងខិតខំរកទៅរកទីផ្សារនៅខាងក្រៅប្រទេស ដើម្បីនាំទំនិញដែលក្មួយផលិត សម្រាប់ការនាំ ចេញទៅក្រៅប្រទេស។ ដូច្នេះកុំរំពឹងទៅលើ បាតដៃរបស់ពួកបក្សប្រឆាំង ក្រៅពីការបំផ្លាញ គឺគ្មានបានធ្វើអ្វីនោះទេ ពាក្យថាដំឡើងប្រាក់ ខែ គឺពាក្យសម្លាប់កម្មករ យ៉ាងពិតប្រាកដ។ យើងគាំទ្រនូវសំណើណាក៏ដោយ ដែលវាផ្តល់ អត្ថប្រយោជន៍ពិតៗឱ្យកម្មករ និងលទ្ធភាព ដែលធ្វើទៅកើត ប៉ុន្តែការញុះញង់ឱ្យកម្មករ ទាមទារលើសកម្រិត ដើម្បីញុះញង់ឱ្យកម្មករ ធ្វើបាតុកម្ម ដើម្បីគាំទ្រទង្វើខុសច្បាប់របស់ខ្លួន គឺជាទង្វើដែលក្បត់នឹងផលប្រយោជន៍កម្មករ នេះតែម្តង គ្មានរឿងអ្វីផ្សេងទេ…”។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន សម្តែងការសោកស្តាយ និងថ្កោលទោសជាខ្លាំង ចំពោះការបាញ់ប្រហារនៅក្នុងទីក្រុងឡាស់ វេហ្គាស់ សហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមនុស្ស៥៩ នាក់ បានបាត់បង់ជីវិត និងរហូតដល់ជាង៥០០ នាក់ បានរងរបួស ដោយសម្តេចបានចូលរួម រំលែកមរណទុក្ខជាមួយក្រុមគ្រួសារ និងរដ្ឋាភិបាលអាមេរិក របស់លោកដូណាល់ ត្រាំ ផងដែរ និងបានលើកឡើងថា ប្រសិនបើគ្មានការ គ្រប់គ្រងអាវុធឱ្យបានល្អប្រសើរទេនោះ ការបាញ់សម្លាប់រង្គាលនៅអាមេរិក អាចនឹងនៅ តែបន្តកើតមាន ព្រោះអំពើបាញ់ប្រហារនៅ ទីក្រុងឡាស់ វេហ្គាស់នោះ អាចជាសកម្មភាព មួយ ចំអកឱ្យឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅ កម្ពុជា លោកវីល្លៀម ហេដត៍ ផងដែរ បន្ទាប់ ពីឯកអគ្គរដ្ឋទូតរូបនេះ កាលពីបុណ្យភ្ជុំបិណ្ឌ កន្លងទៅ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ខ្លួន ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ត្រូវ មានការប្រុងប្រយ័ត្នខ្ពស់លើសុខសុវត្ថិភាពរបស់ ពួកគេ។

ទន្ទឹមនោះ សម្តេចហ៊ុន សែន ក៏ប្រកាស ស្នើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ សហរដ្ឋអាមេរិក មានការប្រុងប្រយ័ត្នអំពីសុវត្ថិភាព ក្រោយពីមានករណីបាញ់សម្លាប់មនុស្ស យ៉ាងព្រៃផ្សៃនេះ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន មានប្រសាសន៍ថា “ក្នុងនាមរាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា សុំសម្តែងនូវការចូលមរណទុក្ខ ចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែល បានទទួលរងនូវការបាញ់ប្រហារយ៉ាងសាហាវ នៅតំបន់ឡាស់ វេហ្គាស់ ដែលធ្វើឱ្យមនុស្សស្លាប់ រហូតទៅដល់៥៩នាក់ និងរបួសជាង៥០០នាក់ ដែលជាសោកនាដកម្មធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយក៏អាចចាត់ទុកថា ជា សោកនាដកម្មដ៏ធំបំផុតនៅក្នុងពិភពលោកផង ដែរ ដែលមានការបាញ់ត្រឹមតែរយៈពេល១៥ នាទី ដែលមានមនុស្សស្លាប់រហូតទៅដល់ជិត ៦០នាក់ និងរបួសជាង៥០០នាក់បែបនេះ ខ្ញុំ ពិតជាមានការសោកស្តាយ និងសម្តែងនូវការ ចូលរួមរណទុក្ខ ជាមួយនឹងរដ្ឋាភិបាល ក៏ដូចជា ប្រជាជនអាមេរិក ហើយរឿងនេះ នៅប្រទេស អាមេរិក ប្រសិនបើមិនមានការគ្រប់គ្រងហ្មត់ចត់ទៅលើអាវុធទេ ការបាញ់ប្រហារនៅតាម សាលារៀន នៅតាមហាងលក់ដូរ នៅតាមទីកន្លែងនេះ តាមទីកន្លែងនោះ ក៏វានៅតែមាន ជាបន្ត ក៏ប៉ុន្តែនេះជាកិច្ចការផ្ទៃក្នុងរបស់អាមេរិក ទេ។ វាជាការដើរផ្ទុយមួយ ជាមួយនឹងសំណូមពរ និងការប្រកាសរបស់អគ្គរដ្ឋទូតអាមេរិក នៅ ទីក្រុងភ្នំពេញ។ អគ្គរដ្ឋទូតអាមេរិក នៅមុន ពេលភ្ជុំ បែរជាធ្វើការដាស់តឿនប្រជាជនអាមេរិក ដែលមកប្រទេសកម្ពុជា សុំឱ្យមានការប្រុងប្រយ័ត្នពីសន្តិសុខ ប៉ុន្តែវាមិនបានកើតរឿងនេះនៅប្រទេសកម្ពុជា ឯណាវាទៅកើត នៅប្រទេសអាមេរិកខ្លួនឯង។ វាហាក់ដូចជា ការចំអកមួយចំពោះអគ្គរដ្ឋទូតអាមេរិកតែម្តង ប៉ុន្តែទោះបីវាជាការចំអកសម្រាប់អគ្គរដ្ឋទូត អាមេរិក ដែលបំភ័យប្រជាជនកម្ពុជា ក៏ដោយ ចុះ តែការស្លាប់នៅអាមេរិក គឺជាសោកនាដកម្មដែលគួរឱ្យសោកស្តាយ ហើយយើងធ្វើការ ថ្កោលទោសជាមួយនឹងអំពើឃោរឃៅបែប នេះ។ កំពុងតែ Concert សប្បាយរីករាយ ជាមួយនឹងការប្រគំតន្ត្រី មនុស្សរាប់ម៉ឹននាក់ ត្រូវបាញ់មកតែមួយដុំ ហើយទៅមើលទីតាំង តំបន់ដែលគេបាញ់ ជាន់ទី៣២ ហើយបាញ់ ចម្ងាយ៤០០យ៉ាត។ បើ៤០០យ៉ាត វាជាងបី រយម៉ែត្របន្តិច ហើយកាំភ្លើងហ្នឹង បើយោង ទៅលើយើងស្តាប់ គឺមីត្រីយើ៣០តែម្តង ហើយ កាំភ្លើងដូចជា៣៤ដើម មិនដឹងថា ការគ្រប់គ្រង សន្តិសុខនៅអាមេរិក របៀបម៉េចទេ? ក៏ប៉ុន្តែ យើងក៏មិនទាន់ដឹងថា តើមានពលរដ្ឋខ្មែររបស់ យើងនៅទីនោះឬអត់? ហើយសុំប្រជាពលរដ្ឋ ខ្មែរដែលរស់នៅអាមេរិក ក៏មានការប្រុងប្រយ័ត្ន អំពីសន្តិសុខនៅអាមេរិកដែរ មិនធានា មិនគត់មត់ទេ សុំប្រយ័ត្នប្រយែងដែរ។ ឥឡូវគេវិភាគ ថា មិនជាពួកអាយស៊ីស ក៏ប៉ុន្តែពួកអាយស៊ីស ចេញមកអះអាងថា អ្នកហ្នឹងអាយស៊ីស។ ប៉ុន្តែ អាយស៊ីស មិនអាយស៊ីស ការប្រុងប្រយ័ត្ន វាជាការល្អនៅក្នុងប្រទេសរបស់យើង។ កាលពីថ្ងៃចន្ទនេះ ខ្ញុំបាននិយាយថា ធ្វើម៉េចធានានូវ ស្ថិរភាព សន្តិសុខសម្រាប់ទេសចរណ៍ បើទោះបីជាយើងមានសុវត្ថិភាពក៏ដោយ ក៏យើងនៅ តែមានការប្រុងប្រយ័ត្ន។ អ៊ីចឹងទេ សុំអគ្គរដ្ឋទូតអាមេរិក កុំយល់ថា ខ្ញុំនិយាយចំអកឱ្យឯកឧត្តមឱ្យសោះ ខ្ញុំគ្រាន់តែលើកឡើងថា វាហាក់ ដូចជាការចំអក ព្រោះនៅពេលដែលអគ្គរដ្ឋទូត អាមេរិក អំពាវនាវឱ្យជនជាតិអាមេរិក ប្រុងប្រយ័ត្ននៅលើទឹកដីកម្ពុជា វាទៅកើតនៅក្នុង ប្រទេសអាមេរិក ដែលទូតអាមេរិក ជាអ្នក អំពាវនាវទៅវិញ។ អាហ្នឹងបើនិយាយតាមភាសា មួយបែប វាហាក់ដូចជាការចំអកនៃព្រហ្មលិខិត តែម្តង ប៉ុន្តែយើងសោកស្តាយ និងអាណិតអាសូរ ចំពោះអ្នកដែលស្លាប់និងរបួសនៅឯប្រទេសអាមេរិក ទៅវិញទេ”។

គួរបញ្ជាក់ដែរថា នៅថ្ងៃដដែលនោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ក៏បានដំណើរអញ្ជើញចុះសួរសុខទុក្ខ កម្មករ-កម្មការិនី ដែលកំពុងធ្វើការនៅក្នុង រោងចក្រកាត់ដេរសម្លៀកបំពាក់នៃក្រុមហ៊ុន CAMBO HANDSOME LTD. ដែលស្ថិតសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ក្រុមហ៊ុននេះ មានកម្មករ-កម្មការិនីធ្វើការ ប្រមាណជាង២០០០នាក់ លើ ផ្នែកកាត់ដេរសម្លៀកបំពាក់ ដើម្បីនាំចេញទៅ ទីផ្សារបរទេស។

ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញពិសាបាយថ្ងៃត្រង់ជាមួយបងប្អូន កម្មករ-កម្មការិនី នៅរោងអាហារ ខាងក្រៅរោងចក្រ ក្នុងបរិយាកាសរីករាយ និង ស្និទ្ឋស្នាលបំផុត ក្នុងន័យបញ្ជាក់ថា សម្តេចមិន ដែលភ្លេចពីសុខទុក្ខបងប្អូនកូនក្មួយកម្មករ-កម្មការិនី ដែលកំពុងធ្វើការនៅតាមរោងចក្រ នានាឡើយ ព្រោះសុខទុក្ខកម្មករ-កម្មការិនី គឺ ជាសុខទុក្ខផ្ទាល់របស់សម្តេច៕

កុលបុត្រ