facebook
facebook
Loading...

ឪពុករន្ធត់ចិត្ត ឃើញសពកូនស្រីឱបគ្នាក្នុងទឹក

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | 43 | 0 | ម៉ោង 14:04 pm

ខេត្តកំពង់ធំ ៖ ក្មេងស្រី២នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា ត្រូវបានឪពុកប្រើឱ្យទៅដឹកគោយកទៅឱ្យផឹកទឹកស្រះ លុះបាត់យូរពេក ឪពុកក៏តាមទៅរកមើល ស្រាប់តែប្រទះឃើញសាកសពកូនស្រីទាំង២នាក់ បានលង់ស្លាប់ទាំងសភាពឱបគ្នាស្ទើរបេះមិនចេញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០ថ្ងៃត្រង់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចទឹកស្រះរណ្តៅអាអ៊ិចខាងកើតភូមិ ប្រមាណ១៥០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងទូក ឃុំប៉ាក់ស្នា ស្រុកបារាយណ៍។

ក្មេងស្រីរងគ្រោះទាំង២នាក់បងប្អូនដែលលង់ទឹកស្លាប់ឱបគ្នាបេះស្ទើរមិនចេញនេះ រួមមាន ទី១-ឈ្មោះសឿន ឡាត់ អាយុ១៤ឆ្នាំ ត្រូវជាបង និងទី២-ឈ្មោះសឿន លិស អាយុ៨ឆ្នាំ ត្រូវជាប្អូន។ ក្មេងស្រីទាំង២នាក់បងប្អូន មានលំនៅក្នុងភូមិកើតហេតុខាងលើ។

លោកហូរ សារ៉ាន់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបាក់ស្នា បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ ក្មេងស្រីទាំង២នាក់បងប្អូន ត្រូវបានឪពុកប្រើឱ្យចេញទៅដឹកគោយកទៅឱ្យផឹក និងលាងទឹកនៅក្នុងស្រះទឹកកើតហេតុខាងលើ។ លុះក្រោយពីកូនស្រីចេញទៅដឹកគោបាត់យូរពេក មិនឃើញត្រឡប់មកផ្ទះវិញ ក៏នឹកឆ្ងល់ដើរតាមទៅរកមើល ស្រាប់តែទៅដល់ឃើញតែគោនៅក្បែរមាត់ស្រះ ប៉ុន្តែមិនឃើញមនុស្ស ទើបសង្ស័យថាកូនស្រីទាំង២នាក់លង់ទឹក ក៏ស្រែកឆោឡោ ហៅអ្នកភូមិជួយចុះទៅរាវរក រហូតប្រទះឃើញសាកសពកូនស្រីទាំង២នាក់ លង់ទឹកស្លាប់ ក្នុងសភាពឱបគ្នាស្ទើរបេះមិនចេញ។

លោកនាយប៉ុស្តិ៍បន្តថា តាមការសន្និដ្ឋាន ក្មេងស្រីទាំង២នាក់បងប្អូន នៅពេលដឹកគោចុះទៅផឹកទឹកស្រះ ប្រហែលជាប្អូនស្រីរអិលជើង ចូលទឹកជ្រៅបណ្តាលឱ្យលង់ ហើយលើកដៃឱ្យបងស្រីជួយ លុះបងស្រីឃើញប្អូនស្រីលង់ទឹក ក៏ស្ទុះទៅជួយ តែជួយមិនរួច ក៏បណ្តាលឱ្យក្មេងស្រីទាំង២នាក់បងប្អូនឱបរមូចូលគ្នា លិចចូលបាតស្រះស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ ក្រុមគ្រួសារបានចុះស្រង់យកសាកសពក្មេងស្រីរងគ្រោះទាំង២នាក់បងប្អូន យកមកផ្ទះ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។

បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះទាំង២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។

សាកសពក្មេងស្រីទាំង២នាក់បងប្អូនខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យឪពុកម្តាយ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕