Loading...

អធិការរងខណ្ឌ៧មករា ប្រើហិង្សា​ អតីតចៅសង្កាត់ប្តឹងទាំងទឹកភ្នែក

​ សោម សុភា​​ | ថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨​ | តារាបរទេស | | 0 | ម៉ោង 16:56 pm

ភ្នំពេញ ៖ អតីតចៅសង្កាត់ពន្សាំង លោកស្រី ឌី សារៀម និងប្តី បានចោទប្រកាន់លោកអ៊ូ ពៅ ដែលមានតួនាទីជាអធិការរងខណ្ឌ៧មករា ថាបាននាំបក្ខពួក ចូលទៅធ្វើសកម្មភាពវាយតប់ប្រើអំពើហិង្សាដាក់គាត់និងប្តី ដល់ក្នុងទីតាំងសាលាសង្កាត់ បណ្តាលឱ្យរងរបួសហើមជាំដៃជើង ដោយខឹងសម្បាពីរឿង លុយកម្រៃជើងសារទិញលក់ដីធ្លីរបស់គាត់។

យោងតាមពាក្យរបស់លោកសេត សឹម ជាប្តី និងលោកស្រី ឌី សារៀម អតីតចៅសង្កាត់ពន្សាំង ជាប្រពន្ធ បានប្តឹងឈ្មោះអ៊ូ ពៅ ភេទប្រុស អាយុប្រហែល៤១ឆ្នាំ មុខរបរជាអធិការរងខណ្ឌ៧មករា ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ដោយចោទប្រកាន់ឈ្មោះអ៊ូ ពៅ ថាបានវាយពួកខ្លួនបណ្តាលឱ្យត្រូវក្បាល និងដងខ្លួន រងរបួសហើម។

 ពាក្យបណ្តឹងខាងលើ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះឈ្មោះសេត សឹម និងឈ្មោះឌី សារៀម បានទៅសាលាសង្កាត់ពន្សាំង ដោះស្រាយរឿងឈ្មោះយី សុខជា ពាក់ព័ន្ធរឿងលុយកម្រៃជើងសារ ទិញលក់ដីធ្លីរបស់ជនរងគ្រោះ។ ខណៈដែលជនរងគ្រោះ និងឈ្មោះយី សុខជា កំពុងតែដោះស្រាយគ្នា ស្រាប់តែឈ្មោះអ៊ូ ពៅ ជាអ្នកស្គាល់គ្នាជាមួយឈ្មោះយី សុខជា ដែលមិនមានជាប់ពាក់ព័ន្ធក្នុងរឿងនោះសោះ បានដើរចូលទៅក្នុងបន្ទប់ ហើយគំរាមកំហែងជនរងគ្រោះ ទើបជនរងគ្រោះ បានយកទូរស័ព្ទថតរូបឈ្មោះអ៊ូ ពៅ ក៏ត្រូវឈ្មោះ អ៊ូ ពៅ វាយតែម្តង។

តាមសម្តីលោកស្រី ឌី សារៀម អតីតចៅសង្កាត់ពន្សាំង បានបញ្ជាក់ថា តាមពិតរឿងលុយកម្រៃជើងសារដំបូងឡើយ គឺប្តីប្រពន្ធរបស់គាត់បានលក់ដីមួយកន្លែង ដោយមិនមានឈ្មោះយី សុខជា ជាអ្នកគក់ជេនោះទេ ហើយគាត់ ក៏បានកាត់៣ភាគរយនៃថ្លៃដីឱ្យទៅក្រុមនាំម៉ូយ មកទិញដីរបស់ពួកគាត់រួចហើយ ស្រាប់តែលេចមុខឈ្មោះយី សុខជា និងបក្ខពួកឈ្មោះអ៊ូ ពៅ បានមកទាមទារលុយ៣ភាគរយពីពួកគាត់ទៀត និងបានគំរាមកំហែងពួកគាត់ដល់ផ្ទះ និងរហូតតាមវាយធ្វើបាប ពួកគាត់នៅមុខអាជ្ញធរមានសមត្ថកិច្ចតែម្តង។
ពាក់ព័ន្ធករណីលោកអ៊ូ ពៅ អធិការរងខណ្ឌ៧មករា បានទៅវាយ និងគំរាមកំហែង លោកស្រី ឌី សារៀម និងប្តី ដល់ក្នុងសង្កាត់ពន្សាំង លោកឌិន សារ៉ាតុប អធិការរងខណ្ឌព្រែកព្នៅ ទទួលបន្ទុកព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកមិនទាន់ទទួលបានព័ត៌មាននេះ នៅឡើយទេ។
ចំណែកលោកណេត ស៊ីថុន អធិការខណ្ឌ៧មករា ក៏មិនទាន់អាចសុំការបញ្ជាក់ពាក់ព័ន្ធករណីលោកអ៊ូ ពៅ ជាកូនចៅរបស់លោក បាននៅឡើយដែរ។
ដោយឡែក សាមីខ្លួនលោកអ៊ូ ពៅ “នគរធំ“ មិនទាន់អាចទាក់ទងសុំការបំភ្លឺបាននៅឡើយ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំ ការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។/