Loading...

ខឹងឆ្លងផ្លូវមិនបាន តាមវ៉ៃសម្លាប់

​ សោម សុភា​​ | ថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៨​ | សង្គម និងជីវិត | | 0 | ម៉ោង 16:28 pm

ភ្នំពេញ ៖ បុរស២នាក់ ទើបនឹងត្រឡប់មកពីផឹកស៊ី បំណងបន្តទៅខារ៉ាអូខេមួយតង់ទៀត លុះធ្វើដំណើរតាមផ្លូវ ឃើញក្មេងស្ទាវ៣ម៉ូតូបម្រុងឆ្លងផ្លូវ ប៉ុន្តែដោយសារល្បឿនម៉ូតូរបស់ខ្លួនលឿនពេក មិនអាចបង្អង់បាន ក៏បើកកាត់ទៅមុន ធ្វើឱ្យក្រុមុក្មេងស្ទាវអាក់ខានឆ្លងផ្លូវ ក៏ផ្ទុះកំហឹង ជិះម៉ូតូប្រដេញតាមព្រួតវ៉ៃ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ លុះដឹកបញ្ជូនដល់មន្ទីរពេទ្យ ក៏ដាច់ខ្យល់ម្នាក់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍អំពើហិង្សាដ៏ឃោឃៅខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចខាងមុខដីឧកញ៉ា លីហួរ ផ្លូវ៥៩៨ ក្រុម៦ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

បុរសរងគ្រោះដែលត្រូវក្រុមក្មេងស្ទាវព្រួតវ៉ៃរហូតដល់ស្លាប់ មានឈ្មោះឆាន់ នី អាយុ២៦ឆ្នាំ មុខរបររត់តុនៅផ្សារអ៊ីអន២ ស្នាក់នៅផ្ទះជួល ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត (ស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ)។

ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ ឈ្មោះសឿន សាន់ អាយុ២២ឆ្នាំ មុខរបរចុងភៅនៅផ្សារអ៊ីអន២ ស្នាក់នៅផ្ទះជួល ខណ្ឌសែនសុខ រងរបួសបែកក្បាលដេរ២០ថ្នេរ និងបាក់កដៃខាងឆ្វេង។

ដោយឡែកក្រុមជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ មានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង រួមមាន ទី១-ម៉ាក Zoomer-X ពណ៌ខ្មៅ ទី២-ម៉ាក MSX ពណ៌ស និងទី៣-ម៉ាក ស៊ុយុស៊ូគីនិក ពណ៌ខៀវ (មិនចាំស្លាកលេខទាំង៣ម៉ូតូ)។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូចេញពីផឹកស៊ី នៅមុខបន្ទប់ជួលជិតផ្សារដើមអំពិល ខណ្ឌសែនសុខ គោលបំណងទៅច្រៀង ខារ៉ាអូខេ នៅម្តុំផ្សារដីហុយ ដោយជិះម៉ូតូតាមបណ្តោយផ្លូវម៉ុងរិទ្ធី ក្នុងទីសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានក្រុមជនសង្ស័យខាងលើមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿង បម្រុងឆ្លងផ្លូវ តែដោយជនរងគ្រោះបើកបរលឿន ធ្វើឱ្យក្រុមជនសង្ស័យឆ្លងផ្លូវមិនបាន ក៏ខឹងសម្បាស្រែកជេរទៅលើខាងជនរងគ្រោះ ហើយបានជិះម៉ូតូដេញវាយរហូតមកដល់មុខដីឧកញ៉ា លីហួរ ជនរងគ្រោះក៏បានដួលម៉ូតូ ពេលនោះក្រុមជនសង្ស័យ ចុះមកវាយបន្ថែមទៀត រួចក៏គេចខ្លួនអស់ទៅ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយស្ថានភាពធ្ងន់ធ្ងរជនរងគ្រោះម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ពេលទៅដល់មន្ទីពេទ្យ៕