Loading...

បរិយាយថ្ងៃនេះ ៖ គ្រូទាយអត់ទ្រនឹប

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨​ | បរិយាយ | | 0 | ម៉ោង 17:45 pm

នៅសល់តែ៤ថ្ងៃទៀត ដល់ពេលបោះឆ្នោតជ្រើសតំណាងរាស្ត្រ អាណត្តិទី៦ ស្រាប់តែលេច “គ្រូទាយអត់ទ្រនឹប” ចេញមុខទស្សន៍ទាយពីលទ្ធផលបោះឆ្នោត ជាបន្តបន្ទាប់ ដែលការទាយឆ្នោតនេះ មិនខុសពី “ចាក់ឆ្នោតកន្ទុយលេខ”។ បើកន្ទុយលេខ មានខុស មានត្រូវ អ៊ីចឹងគ្រូទាយលទ្ធផលបោះឆ្នោត ក៏មានខុស មានត្រូវ ដូចតែគ្នាហ្នឹង ដែល “នគរធំ” ក្តាប់ចំណុចនេះបាន ក៏លើករឿង “ទស្សន៍ទាយ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

កាលពីពេលថ្មីៗនេះ ហ្វេសប៊ុក “ចៅចាក់ស្មុក” បានសរសេរថា “ពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត ៨៤% នឹងទៅបោះឆ្នោត” សំណេរនេះ យោងតាមការស្ទាបស្ទង់មតិពលរដ្ឋខ្ទង់ពាន់នាក់ មិនអាចយកជាការបាន នឹងត្រូវអ្នកវិភាគខ្លះចាត់ទុកថា ជា “ការទស្សន៍ទាយ” ដូចគ្រូទាយសន្លឹកបៀ ឬមើលក្រយៅបាតដៃ។ ចំណែកអ្នកនាំពាក្យបក្សកាន់អំណាច លោកសុខ ឥសាន លើកឡើងថា “គ្រាន់តែសមាជិកគណបក្សប្រជាជនកម្ពុជា ដែលនៅក្នុងស្រុកហ្នឹង វាជាង ៦០% ទៅហើយ…” មានន័យថា អាចនឹងមានអ្នកទៅបោះឆ្នោតលើសពី ៦០% ឬចូលដល់៨០%ឯណោះ។ រីឯលោកជាម ច័ន្ទនី អតីតតំណាងរាស្ត្រ CNRP មណ្ឌលខេត្តកំពង់ធំ លើកឡើងថា “បើធៀបជាមួយឆ្នាំ២០១៣ គឺខុសគ្នាច្រើនណាស់ អ្នកទៅបោះហ្នឹង ប្រមាណ៨០% តែឥឡូវយើងថា ប្រហែលជា ៥០-៦០% ប៉ុណ្ណឹងទេ”។ ដោយឡែក លោករស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា ក៏បានព្យាករថា “ការស្ទង់មតិរបស់ផេកចៅចាក់ស្មុក ហ្នឹង ខ្ញុំយល់ថា ជាការស្ទង់មតិលក្ខណៈនយោបាយ ទេ… ទិន្នន័យហ្នឹងអត់ត្រឹមត្រូវទេ…” មានន័យថា អ្នកទៅបោះឆ្នោតមិនដល់ ៨០% នោះទេ។

ក្រៅពីគ្រូទាយសំខាន់ៗទាំងនេះ ក៏នៅមាន “គ្រូទាយតាមតៀមកាហ្វេ” ផងដែរ ដូចតាម្នាក់នោះ អាយុជាង៧០ឆ្នាំ ទាយថា “បញ្ជីឈ្មោះអ្នកបោះឆ្នោត មានជាង៨លាន៣សែននាក់ ឱ្យតែបានពាក់កណ្តាលទៅបោះ វាសំណាងណាស់ទៅហើយ”។ ចំណែកតាម្នាក់ទៀត ទាយបញ្ឆិតបញ្ឆៀងថា “កាលជំនាន់ប៉ុល ពត ប្រធានភូមិបានស្ទង់មតិបែបនេះដែរ ដោយសួរខ្ញុំថា បងឯងស្រលាញ់អង្គការដល់កម្រិតណា? ខ្ញុំឆ្លើយថា ស្រលាញ់ ១០០% ព្រោះអង្គការធ្វើឱ្យមានហូប ធ្វើឱ្យអ្វីៗស្មើភាពគ្នា លុះប្រធានភូមិ ចេញទៅបាត់ ខ្ញុំជេរម៉្រាយអង្គការឱ្យវារលាយ…” នៅមានគ្រូទាយច្រើនទៀត ខ្លះថាអ៊ីចេះ ខ្លះថាអ៊ីចុះ ដោយម្នាក់ៗប្រឹង “ទាយអត់ទ្រនឹប” ខណៈដែលថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់។ រឿងទាយអត់ទ្រនឹបបែបនេះ “បានត្រឹមគេស្អប់” ដូចករណីព្រះសង្ឃខ្មែរមួយអង្គ បានទាយតាមហ្វេសប៊ុកថា “ក្មេងថៃ ១៣នាក់ ជាប់ក្នុងរូងភ្នំនោះ ស្លាប់អស់តាំងពីចូលរូងបាន៣ម៉ោងម៉្លេះ”។ លុះក្មេងៗទាំងនោះ ត្រូវរកឃើញដោយអ្នកមុជទឹកអង់គ្លេស ក៏មានការរិះគន់ព្រះសង្ឃអង្គនោះជុំទិស រហូតដល់ព្រះអង្គចេញមុខសុំអភ័យទោស ទើបស្ងប់ទៅ។ អ៊ីចឹងរឿងគ្រូទាយលទ្ធផលឆ្នោតនោះ បើគ្រូណាទាយត្រូវ “អាចនឹងបានទ្រនឹបពីបក្សកាន់អំណាច” ឬថា បើមានអ្នកទៅបោះឆ្នោត ៨៤% មែននោះ ច្បាស់ជា CPP រៀបទ្រនឹបជូនមិនខាន ប៉ុន្តែបើទាយខុស គួរប្រញាប់សុំទោសមហាជន ព្រោះឈ្មោះគ្រូទាយទាំងនោះ គេស្គាល់អស់ហើយ។

ធម្មតាទំនាយ ឬគ្រូទាយអាជីព លុះត្រាតែមានអ្នកមកពឹងពរ ទើបទាយឱ្យគេបាន និងមានដាក់ទ្រនឹបតាមសទ្ធាជ្រះថ្លា ដូចជា ចេក១ស្និត ទៀន៥ ធូប៥ ផ្កា៥ទង បច្ច័យដាក់តាមលទ្ធភាព ទើបគ្រូទាយឱ្យបាន។ បើមិនដាក់ទ្រនឹប ជួនកាលគ្រូនោះ ទៅជាងងឹតភ្នែក វៀចមាត់ ក៏សឹងមាន ព្រោះ “ខុសគ្រូបាធ្យាយ” ប៉ុន្តែរឿងទាយលទ្ធផលឆ្នោត គ្មានអ្នកណាពឹងពរនោះ បានត្រឹមមានអ្នកស្រលាញ់ មានអ្នកស្អប់ប៉ុណ្ណោះ។

ចំណុចសំខាន់នៃការទស្សន៍ទាយ គឺ “ពហិការបោះឆ្នោត” និង “ទៅបោះឆ្នោត” កំពុងប្រតោងប្រទាញលើសង្វៀននយោបាយ រវាងបក្សកាន់អំណាច CPP និងអតីតបក្សប្រឆាំង CNRP។ បើចង់ទាយឱ្យត្រូវ លុះត្រាតែគ្រូទាយទាំងនោះ “ស្តាប់ជួងទាំងសងខាង” ម៉្យាងទៀត បើមន្ត្រី CPP ដើរស្ទង់មតិ ដោយសួរថា “ទៅបោះឆ្នោត ឬដេកផ្ទះ?” ច្បាស់ជាគ្មានអ្នកណាហ៊ានឆ្លើយថា “ដេកផ្ទះ” នោះទេ សូម្បីតែអ្នកមាននិន្នាការប្រឆាំង ក៏ត្រូវតែឆ្លើយថា “ខ្ញុំនឹងទៅបោះឆ្នោត” ដើម្បីបញ្ចៀសការរើសអើងស្អប់ខ្ពើមគ្នា។

ដូច្នេះបើចង់ទាយឱ្យត្រូវ លុះត្រាយកគំរូតាម “ធនញ្ជ័យ” ឬធ្វើតាម “លោកគ្រូ ឥ ឦ” ដែលទាយមិនចេះខុស នាំផលប្រយោជន៍ដល់ប្រទេសជាតិមាតុភូមិ និងឯកជន ដែលយើងសូមបង្ហាញចំណុចខ្លះនៃរឿងទាំងពីរនេះ ដូចខាងក្រោម ៖

នៅក្នុងរឿង “ធនញ្ជ័យ” បានតំណាលពីស្តេចស្រុកចិន បានបញ្ជូនអ្នកប្រាជ្ញចិន មកល្បងប្រាជ្ញាជាមួយធនញ្ជ័យ អ្នកប្រាជ្ញខ្មែរ។ កាលនោះ ចិន បានយកផ្លែឪឡឹក៣ ឱ្យធនញ្ជ័យ ទាយថា តើអាធំមានគ្រាប់ប៉ុន្មាន អាកណ្តាល មានគ្រាប់ប៉ុន្មាន អាតូចជាងគេ មានគ្រាប់ប៉ុន្មាន? ធនញ្ជ័យ ទាយមិនត្រូវ ខ្លាចនគរចំណុះគេ ក៏ទៅលោតទឹកសម្លាប់ខ្លួន ប៉ុន្តែលិចអណ្តែតៗ ក៏រសាត់ទៅដល់សំពៅចិន ក៏តោងយុថ្កាជាប់។ ពេលនោះ ស្រាប់តែឮអ្នកប្រាជ្ញចិន និយាយគ្នាថា ឪឡឹកធំ មាន៣គ្រាប់ អាកណ្តាល មាន២គ្រាប់ អាតូចជាងគេ មាន១គ្រាប់។ ធនញ្ជ័យ ស្តាប់ឮច្បាស់ ក៏លែងចង់សម្លាប់ខ្លួន រួចបានទាយត្រូវទាំងអស់ ធ្វើឱ្យចិន ចុះចាញ់ ត្រូវខ្មែរ រឹបអូសយកទ្រព្យសម្បត្តិ…។

រីឯរឿង “លោកគ្រូ ឥ ឦ” បានតំណាលពីបុរសម្នាក់ ទោះជាខំរៀនយ៉ាងណា ក៏ចេះតែអក្សរ២តួ គឺ ឥ ឦ ក៏ជាប់ឈ្មោះថា បុរស ឥ ឦ លុះក្រោយមក គាត់រើសបានស្បង់ចីវរ ក៏កោរសក់បួសដោយគ្មានឧបជ្ឈាយ៍ គ្មានវត្តនឹងគេ តែបានទៅសង់អាស្រមគង់នៅ ដោយមានក្មេងទំនើង២នាក់ តាមបម្រើផង។ ដើម្បីឱ្យពុទ្ធបរិស័ទជឿ មកធ្វើបុណ្យជាមួយលោកគ្រូ ឥ ឦ ក៏ប្រើសិស្សទាំងពីរ ទៅលួចនង្គ័លអ្នកស្រុក យកទៅត្រាំលាក់ទុកក្នុងត្រពាំងមួយ។ កសិករបាត់នង្គ័ល ក៏ប្រឹងដើររក ត្រូវបានសេក្ខលោក ប្រាប់ឱ្យទៅពឹងពរលោកគ្រូ ឥ ឦ ទស្សន៍ទាយ។ លោកគ្រូនោះក៏ទាយថា នង្គ័ល ត្រូវចោរលួចទៅលាក់ក្នុងត្រពាំងឯណោះ ដាក់ចុងនង្គ័លទៅទិសខាងជើង ញោមឯងទៅរាវរកនឹងឃើញមិនខាន។ កសិករនោះ ក៏ទៅរាវតាមទំនាយគ្រូ ឃើញដូចបំណង ក៏ជឿថា លោកគ្រូ ឥ ឦ ទាយឆុតណាស់ និងផ្អើលដល់ពុទ្ធបរិស័ទ នាំគ្នាយកចង្ហាន់ទៅប្រគេនមិនដែលដាច់…។

ដូច្នេះរឿង “ធនញ្ជ័យ” និងរឿង “លោកគ្រូ ឥ ឦ” ដែលទាយមិនខុសនោះ ចាត់ទុកជាមេរៀន សម្រាប់ “គ្រូទាយលទ្ធផលឆ្នោត”។ រឿងទាយលទ្ធផលឆ្នោត មិនងាយទេ សូម្បីការបោះឆ្នោតនៅអាមេរិក រវាងលោកដូណាល់ ត្រាំ និងលោកស្រីហ៊ីលឡារី គ្លីនតុន ក៏ខ្មែរយើងភាគច្រើនទាយខុសដែរ ចុះទម្រាំរឿងទាយ “ពហិការ គិតជាភាគរយ” នោះ ពិបាកណាស់។ បើទាយថា “CPP នឹងឈ្នះឆ្នោត” អាហ្នឹងអ្នកណាក៏ទាយត្រូវដែរ ព្រោះមើលឃើញលើគោក ប៉ុន្តែបើឱ្យទាយ “ទៅបោះឆ្នោតប៉ុន្មាន ដេកផ្ទះប៉ុន្មាន?” គិតជាភាគរយនោះ ពិបាកបន្តិច។ “នគរធំ” ក៏ចេះទាយដែរ តែកាលៈទេសៈបែបនេះ យើងមិនទាយទេ ម៉្យាង “អត់ទ្រនឹប” ផង បើខំទាយ “ខ្លាចខុសគ្រូ” ដោយទុកឱ្យអ្នកនយោបាយ អ្នកវិភាគ តាៗញៀនកាហ្វេ ទាយចុះ ខុសឬត្រូវយ៉ាងណា ចាំគិតទៀត។

សរុបទៅ “គ្រូទាយអត់ទ្រនឹប” ដែលគ្រូចៅចាក់ស្មុក ទាយថា មានអ្នកបោះឆ្នោត ៨៤% នោះ ចាត់ទុកជាតួលេខខ្ពស់បំផុត ខណៈដែលលោកសម រង្ស៊ី មេចលនាសង្គ្រោះជាតិ នៅតែបន្តផ្សាយខិត្តប័ណ្ណតាមប្រព័ន្ធអ៊ីនធើរណេត អំពាវនាវឱ្យប្រជាពលរដ្ឋ “ធ្វើពហិការ”។ ដូច្នេះបើចង់ដឹងថា គ្រូទាយអត់ទ្រនឹបទាំងនោះ ទាយខុស ឬត្រូវយ៉ាងណា មានតែរង់ចាំអ៊ុតលទ្ធផល ដែលចេញដោយ គ.ជ.ប ក្នុងការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ឯរឿងទាយថា ជភភ ឈ្នះឆ្នោតនោះ គ្រូណាក៏ថា ឈ្នះដែរ តែអ្វីដែលគេចង់ដឹង គឺ “ចំនួនអ្នកពហិការ និងអ្នកទៅបោះឆ្នោត” នេះឯង៕