Loading...

បរិយាយថ្ងៃនេះ ៖ ចាក់បាល់ មើលជើងទាត់

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨​ | បរិយាយ | | 0 | ម៉ោង 17:14 pm

បកស្រាយសុភាសិតយូរៗទៅ ចេះតែក្តៅខួរ សូមលើកពីរឿង “ចាក់បាល់ មើលជើងទាត់” ម្តងវិញ បន្ទាប់ពីកីឡាបាល់ទាត់ពិភពលោក (World Cup) ទើបនឹងបញ្ចប់កាលពីពេលថ្មីៗនេះ។ ទោះជាច្បាប់ហាមឃាត់ការភ្នាល់បាល់ ក៏ប្រជាពលរដ្ឋ ខ្មែរភាគច្រើន ចូលចិត្តទស្សនាកីឡាបាល់ទាត់ថ្នាក់ពិភពលោកនេះណាស់ ខ្លះទៀត ក៏លួចចាក់ភ្នាល់ដាក់លុយ ឯរបៀបភ្នាល់នោះ ជួនកាលគេតាមដានទូរទស្សន៍មើលជើងទាត់ ឬល្បិចស្នៀតរបស់កីឡាករសិន ទើបគេចាក់ទៅតាមនោះ ដែលមិនខុសពីយុទ្ធសាស្ត្រនយោបាយ ពេលឃោសនាបោះឆ្នោត គេមើល “គោលនយោបាយ និងសមត្ថភាព” របស់បក្សនីមួយៗដែរ ដែល “នគរធំ” សូមលើករឿង “ចាក់បាល់” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

លទ្ធផលកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០១៨នេះ ពានរង្វាន់ត្រូវធ្លាក់ទៅក្នុងកណ្តាប់ដៃកីឡាករប្រទេសបារាំង ដែលកីឡាករទាំងនោះ ភាគច្រើនជាជនជាតិស្បែកខ្មៅ សញ្ជាតិបារាំង។ ករណីសម្បុរស្បែក បង្ហាញថា កីឡាករដែលខ្លាំង “គេមើលជើងទាត់” មិនមែន “រើសស្បែកស” នោះទេ ពោលគឺបើកីឡាករណាខ្លាំង គេជ្រើសយកភ្លាម។ សម្រាប់កម្ពុជា ទោះបីជាគ្មានក្រុមកីឡាករជម្រើសជាតិ អាចចូលប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកបាន ក៏អ្នកស្នេហាកីឡាបាល់ទាត់ តាមដានសម្បើមណាស់ ខ្លះទៀតក៏ចាក់ភ្នាល់លួចលាក់ មានចាញ់ឈ្នះជាហូរហែ សូម្បីតែអ្នកនយោបាយ ឬអ្នកវិភាគខ្លះ ក៏បានបង្ហោះសំណេរក្នុងហ្វេសប៊ុកថា “ពេលឈ្នះស៊ីស៊ុប ពេលចាញ់ស៊ីសៀង” ផងដែរ។

ធម្មតាការ “ចាក់បាល់ មើលជើងទាត់” ដោយមិនគិតថា ស្បែកខ្មៅ ស្បែកស ប្រទេសតូច ប្រទេសធំអ្វីទេ ឱ្យតែខ្លាំងស្វិតស្វាញ មានល្បិចប្រយុទ្ធខ្ពស់ ជាក់ស្តែងក្រុមកីឡាករប្រទេសបារាំង ភាគច្រើនជាកីឡាករស្បែកខ្មៅ ប៉ុន្តែអាចដណ្តើមពានរង្វាន់ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ជាមួយក្រូអាត។ ដោយឡែក កីឡាកររ៉ូណាល់ដូ ជនជាតិព័រទុយហ្គាល់ ជាប្រទេសតូចមួយនៅទ្វីបអឺរ៉ុប ប៉ុន្តែសមត្ថភាពកីឡាករនេះ ឡើងដល់កំពូល ក្លាយជា “កំពូលកីឡាករបាល់ទាត់ពិភពលោក” ស្នងតំណែងលោកម៉ារ៉ាដូណា ជនជាតិអាហ្សង់ទីន។ ករណីក្លាយជាកំពូលកីឡាករបែបនេះ មកពី “មានយុទ្ធសាស្ត្រល្បិចកលកម្លាំង” និយាយរួម មាន “ជើងទាត់វិសេសវិសាល” គ្មានគូប្រដូច ដោយមិនគិតពីប្រទេសតូច ជាតិសាសន៍តូចទាបនោះទេ។ ផ្ទុយទៅវិញ ក្រុមកីឡាករអាមេរិក រុស្ស៊ី ចិន អង់គ្លេស ជាមហាអំណាច បែរជារកកីឡាករណាម្នាក់ឱ្យស្មើរ៉ូណាល់ដូ ឬម៉ារ៉ាដូណា នោះមិនបាន។

យ៉ាងណាមិញ យុទ្ធសាស្ត្រនយោបាយ ឬគណបក្សនីមួយៗ យើងអាចប្រៀបបាននឹង “ក្លឹបកីឡាបាល់ទាត់” ក្នុងប្រទេស ចាំបាច់ត្រូវតែរៀបចំសេណារីយោទាត់បាល់ឱ្យមានប្រសិទ្ធភាព។ សេណារីយោបាល់ទាត់ មានតាំងពី “គ្រូបង្វឹក អ្នកចាំទី ខ្សែការពារ ខ្សែបម្រើ ខ្សែប្រយុទ្ធ” ជាជម្រើសសុទ្ធជើងខ្លាំងខាងទាត់ ដៃស្អិតខាងចាំទី ទើបសង្ឃឹមឈ្នះគេ។ កាលពីអាណត្តិមុន យើងឃើញ “ក្លឹប CPP” ឡើងប្រកួតជាមួយ “ក្លឹប CNRP” ល្អមើលមែនទែន ដោយ CPP ឈ្នះពាន ប៉ុន្តែ CNRP តវ៉ាឡាំប៉ាថា មកពី “អាប៊ីតមិនអព្យាក្រឹត”។ ជំនាន់នោះ “ក្លឹប CPP” បានរៀបសេណារីយោ តាមជំនាញ គឺសម្តេចហ៊ុន សែន ជាគ្រូបង្វឹក លោកសុខ ឥសាន ជាអ្នកចាំទី ដោយពង្រាយឥស្សរជនសំខាន់ៗ ១០នាក់ទៀត សម្រាប់ខ្សែការពារ បម្រើ និងប្រយុទ្ធ។ ចំណែកក្លឹប CNRP មានលោកសម រង្ស៊ី ជាគ្រូបង្វឹក លោកយឹម សុវណ្ណ ជាអ្នកចាំទី និងប្តូរដៃគ្នាជាមួយលោកយ៉ែម បុញ្ញប្ញទ្ធិ ដោយពង្រាយកីឡាករខ្លាំងក្នុងខ្សែការពារ បម្រើ ប្រយុទ្ធ ដូចគ្នា។ ការប្រកួតអាណត្តិទី៥ ក្លឹប CNRP ហាលអាវក៏ពិតមែន តែធ្វើឱ្យ “ក្លឹប CPP” ផ្អែមមាត់មិនល្មមទេ ដោយលទ្ធផលប្រកៀកប្រកិតគ្នាពេក រហូតមានការប្តឹងផ្តល់រំលាយ “ក្លឹប CNRP” ចោលទៅ ថែមទាំង “ពិន័យកាតក្រហម” ដល់កីឡាករជម្រើស និងបម្រុង ១១៨នាក់ លែងឱ្យចូលប្រកួត ៥ឆ្នាំ។

ចូលមកដល់ការប្រកួតជម្រើសជាតិ ឆ្នាំ២០១៨នេះ នៅសល់តែក្លឹបធំមួយ គឺ “ក្លឹប CPP” ត្រូវប្រកួតជាមួយ “ក្លឹបតូចៗ” មានដូចជា “ក្លឹប LDP”, “ក្លឹបហ៊្វុនស៊ិនប៉ិច” ជាដើម ដែលអ្នកទស្សនាបាល់ទាត់ ភាគច្រើន ច្បាស់ជា “ចាក់ខាង CPP” មិន ខានឡើយ ព្រោះធ្លាប់ដឹងពី “ប្រវត្តិឈ្នះ” របស់ក្លឹបចាស់វស្សានេះ។ ទោះយ៉ាងណា “ចាក់បាល់ មើលជើងទាត់” គេមិនត្រូវរើសអើងក្លឹបធំ ក្លឹបតូច សម្បុរស្បែកនោះទេ ពោលគឺ បើក្លឹបតូចៗទាំងនោះ ចេះរៀបសេណារីយោបានល្អ ជួនកាលអាចឈ្នះ “ក្លឹប CPP” ក៏ថាបាន បើសិនជា CPP យកតែកីឡាករចាស់ដដែលៗ។ ក្លឹបតូចៗទាំងនោះ ត្រូវរើសកីឡាករជើងខ្លាំង ដាក់ក្នុងខ្សែប្រយុទ្ធ សម្រាប់ “ស៊ុតបញ្ចូលទី” លៃយ៉ាងណា កុំឱ្យអ្នកចាំទីខាង CPP ចាប់បាល់បាន។ រឿងស៊ុតបាល់នោះ សំដៅ “ទាត់ឱ្យចំកន្លែងពុករលួយ បក្ខពួក គ្រួសារនិយម” នេះឯង ដោយមានភ័ស្តុតាងច្បាស់លាស់គឺ “ទាត់ឱ្យចូលសំណាញ់” ធានាថា “ក្លឹប CPP” នឹងពិបាកទប់។ កន្លងមក ដោយសារតែ “ក្លឹប CNRP” ដឹងចំណុចខ្សោយនេះ ក៏ស៊ុតចូលសំណាញ់ CPP ជាច្រើនគ្រាប់ ប៉ុន្តែទីបំផុត ក៏ត្រូវអាជ្ញាកណ្តាលផ្លុំកញ្ចែ ពិន័យកាតក្រហម ចាប់ទាំងគ្រូបង្វឹកទី២ ឈ្មោះកឹម សុខា ទៅដាក់គុកទៀត ដោយចោទប្រកាន់ពីបទ “លេងខុសបច្ចេកទេស” ឬ “មិនប្រើក្បាច់ខ្មែរ បែរជាប្រើក្បាច់អាមេរិក”។ លុះអាជ្ញាកណ្តាលខ្មែរ ពិន័យកាតក្រហម “ក្លឹប CNRP” ដែលមានសម រង្ស៊ី ជាគ្រូបង្វឹកកើតទុក្ខមិនសុខចិត្ត ក៏ “ប្តឹងទៅ FIFA” ឱ្យជួយរកយុត្តិធម៌ ពោលគឺអាមេរិក សហភាពអឺរ៉ុប បានព្រមានកម្ពុជា “ឱ្យដោះលែងគ្រូបង្វឹកកឹម សុខា” និងសុំឱ្យ “ក្លឹប CNRP” បានចូលប្រកួតវិញ។

ទោះយ៉ាងណា ថ្ងៃប្រកួតជម្រើសជាតិ កាន់តែកៀកណាស់ហើយ “ក្លឹប CNRP” គ្មានវាសនាបានប្រមូលកីឡាករដែលចែកផ្លូវគ្នារប៉ាត់រប៉ាយ មករៀបសេណារីយោដូចមុនបានឡើយ ឃើញសល់តែ “ក្លឹប CPP” ត្រូវប្រកួតជាមួយ “ក្លឹបតូចៗ” ហើយអាចប្រឈមនឹងទស្សនិកជនដែលធ្លាប់ “គាំទ្រក្លឹប CNRP” មិនទិញសំបុត្រចូលមើល។ ឧបមាថា អ្នកស្រលាញ់ក្លឹប CNRP មិនចូលទស្សនា ធ្វើឱ្យខាតថវិកា ឬប្រភពចំណូល ព្រោះរឿង “ពហិការ” មិនមែនស្រួលទេ។

យ៉ាងណាក៏ដោយចុះ “ចាក់បាល់ មើលជើងទាត់” សំដៅដល់ក្លឹបតូចៗ តាំងពីក្លឹបទី១ ដល់ក្លឹបទី១៩ បើចេះរៀបសេណារីយោ ឬជើងទាត់ ចម្រាញ់ចម្រោះយកកីឡាករជើងខ្លាំង អាចនឹងឈ្នះ ឬបានពិន្ទុខ្លះ មិនសូន្យ ហាលអាវនោះទេ។ ដូចយើងផ្តល់យោបល់រួចហើយថា ក្លឹបតូចៗទាំងនោះ ត្រូវរើសខ្សែប្រយុទ្ធ ដែលស៊ុតបានត្រង់ ឬស៊ុតឱ្យចំកន្លែងពុករលួយ បក្ខពួក គ្រួសារនិយម អយុត្តិធម៌សង្គម ឡើងបុណ្យស័ក្តិតាមខ្សែ ការរំលោភដីធ្លី ជាដើម ដែលគ្រាប់បាល់បែបនេះ “រអិលភ្លីត” អ្នកចាំទីដៃស្អិតយ៉ាងណាក៏ចាប់មិនជាប់ដែរ។ ដើម្បីទប់ទល់នឹងគ្រាប់បាល់ដ៏រអិលនេះ “ក្លឹប CPP” ក៏ឆ្លាតណាស់ដែរ ដោយដាក់យុទ្ធសាស្ត្រ “ដំឡើងប្រាក់ខែមន្ត្រីរាជការ បានបើកកន្លះខែម្តង” និងគោលនយោបាយផ្សេងៗទៀត ជាហេតុនាំឱ្យអ្នកស៊ុតបាល់របស់ក្លឹបតូចៗ បាក់ស្មារតី ទន់ជើង “ទាត់មិនចូលសំណាញ់”។ អ្នកវិភាគមើលឃើញពីបរាជ័យរបស់ក្លឹបតូចៗនោះ ច្បាស់ណាស់ ព្រោះរឿងលុយ អាចយកឈ្នះអ្វីៗទាំងអស់ ទោះជាអ្នកទាត់បាល់ពូកែយ៉ាងណាក៏ដោយ។

សរុបទៅ “ចាក់បាល់ មើលជើងទាត់” សំដៅដល់អ្នកភ្នាល់បាល់កន្លងមក ចាក់តែ “ក្លឹប CPP” និង “ក្លឹប CNRP” លុះក្លឹបប្រឆាំងត្រូវពិន័យកាតក្រហម ក៏លែងចាប់អារម្មណ៍នឹងក្លឹបតូចៗ។ បើសិនជាមានការអនុញ្ញាតឱ្យក្លឹប CNRP ចូលប្រកួតវិញ ទើបស្រួលចាក់ ប៉ុន្តែក្លឹប CPP មិនហ៊ានឱ្យសាកទេ ដូច្នេះទោះបីជាក្លឹបតូចៗ រៀបជើងទាត់ពូកែយ៉ាងណា ក៏ជាជើងថ្មី មិនធ្លាប់មានប្រវត្តិឈ្នះ ច្បាស់ជាជ័យជម្នះ ធ្លាក់ទៅ “ក្លឹប CPP” ក្លាយជាជើងឯក បានលើកពានឆ្នាំ២០១៨ទៀតហើយ៕