Loading...

បរិយាយថ្ងៃនេះ ៖ អឺរ៉ុប ស្តាប់ជួងទាំងសងខាង

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨​ | បរិយាយ | | 0 | ម៉ោង 17:28 pm

សុភាសិតបារាំង ថា “អ្នកណាស្តាប់ជួងតែមួយ គឺស្តាប់សំឡេងតែមួយ” (Qui n’entent qu’une cloche n’entent q’un son) មានខ្លឹមសារអប់រំមនុស្សសំខាន់ ឬអ្នកនយោបាយ ឱ្យចេះស្តាប់មតិយោបល់ពីបក្សពួកខ្លួនផង ពីពួកប្រឆាំងផង។ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនគណៈបេសកកម្ម ១ក្រុម ចេញទៅអឺរ៉ុប ដើម្បីបញ្ចុះបញ្ចូលអឺរ៉ុប ជុំវិញលក្ខខណ្ឌ “ប្រព័ន្ធអនុគ្រោះពន្ធ” ស្រាប់តែសហភាពអឺរ៉ុប បញ្ជូនក្រុមការងារមកស្វែងយល់នូវការពិតដល់កម្ពុជា នោះ បង្ហាញថា “អឺរ៉ុប ស្តាប់ជួងទាំងសងខាង” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ធម្មតាវត្តពីរ មានទីតាំងក្បែរគ្នា ដូចវត្តតាំងកសាងខាងជើង និងវត្តតាំងកសាងខាងត្បូង ក៏ដូចជាវត្តព្រះពុទ្ធឃោសា និងវត្តចិនដំដែក នៅរាជធានីភ្នំពេញ ដែលខណ្ឌចែកដោយផ្លូវមួយនោះ បើតាអាចារ្យវាយជួង និមន្តព្រះសង្ឃឆាន់ចង្ហាន់ ធ្វើឱ្យអ្នកនៅចំកណ្តាលស្តាប់ដឹងថា “សំឡេងជួង ចេញពីវត្តណា?” មិនច្រឡំឡើយ។ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្បែរវត្តទាំងពីរនោះ អាចចំណាំដឹងថា ជួងឮម៉ាងៗ ចេញពីវត្តខាងជើង ចំណែកជួងឮម៉ឺងៗ ចេញពីវត្តខាងត្បូង ស៊ាំត្រចៀកអស់ទៅហើយ។ ប៉ុន្តែបើឮជួងតែមួយ ឯជួងមួយទៀត មិនឮសូរ ច្បាស់ជាវត្តមិនឮជួងនោះ មានបញ្ហាអ្វីមួយហើយ ចាំបាច់ត្រូវតែតាមដាន។

យ៉ាងណាមិញ ជម្លោះនយោបាយរវាងបក្សកាន់អំណាច (CPP) និងខ្មោចបក្សសង្គ្រោះជាតិ (CNRP) កាន់តែធ្ងន់ទៅៗ គឺឈ្លោះគ្នាតាំងពីនៅធ្វើការចូលគ្នាក្នុងរដ្ឋសភា រហូតដល់មន្ត្រីប្រឆាំងខ្ចាត់ព្រាត់ទៅរស់នៅក្រៅប្រទេស ក៏នៅតែឈ្លោះមិនឈប់។ ពុំត្រឹមតែឈ្លោះខ្មែរគ្នាឯងនោះទេ តែជម្លោះនេះកំពុងរាលដាលដល់អ្នកដឹកនាំអាមេរិក សហភាពអឺរ៉ុប ឯណោះទៀត ជាពិសេស ពួកអឺរ៉ុប ដែលធ្លាប់ទទួលទិញផលិតផលវាយនភណ្ឌពីកម្ពុជា កំពុងពិចារណាថា “តើត្រូវកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ ឬយ៉ាងណា?”។

កន្លងមក CPP បានចោទពួកប្រឆាំង ដែលមានលោកសម រង្ស៊ី ជាមេខ្លោងថា បានទៅញុះញង់ពួកអឺរ៉ុប ឱ្យធ្វើបាបជាតិឯង ចង់ផ្កាប់ឆ្នាំងបាយកម្មករ ប៉ុន្តែពួកប្រឆាំង វាយបកវិញថា មកពី CPP រំលោភសិទ្ធិមនុស្ស ទាញប្រជាធិបតេយ្យឱ្យដើរថយក្រោយ ដែលការចោទប្រកាន់គ្នាទៅវិញទៅមកនេះ សហភាពអឺរ៉ុប ត្រូវតែ “ស្តាប់ជួងទាំងសងខាង” ទើបបាន។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាល បានបញ្ជូនក្រុមការងារដឹកនាំដោយលោកសុក ស៊ីផាន់ណា ឱ្យទៅបញ្ចុះបញ្ចូលសហភាពអឺរ៉ុប “កុំឱ្យដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា”។ បន្ទាប់មក ក៏ស្រាប់តែសហភាពអឺរ៉ុប បញ្ជូនមនុស្សជំនាញឱ្យមកកម្ពុជា ដើម្បីស្ទាបស្ទង់រកការពិត ដោយបានជួបមន្ត្រីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងពួកប្រឆាំង ដែលអស់សិទ្ធិធ្វើនយោបាយ។ ករណីនេះ អាចថា សហភាពអឺរ៉ុប កំពុងអនុវត្តតាមសុភាសិតបារាំងថា “អ្នកណាស្តាប់ជួងតែមួយ គឺស្តាប់សំឡេងតែមួយ” នេះឯង ប៉ុន្តែនៅពេលចេញផុតពីកម្ពុជា ១ថ្ងៃ ស្រាប់តែអ្នកមកស្តាប់ជួងទាំងនោះ ចេញសេចក្តីថ្លែងការណ៍ជាអាទិ៍ថា “ការពិភាក្សា និងការប្រមូលព័ត៌មានក្នុងអំឡុងពេលបេសកកម្ម នៃសហភាពអឺរ៉ុបរបស់យើង បានផ្តោតយកចិត្តទុកដាក់លើការធ្លាក់ចុះធ្ងន់ ក្នុងវិស័យសិទ្ធិនយោបាយ និងសិទ្ធិបោះឆ្នោត ព្រមទាំងការទប់ទល់នឹងសកម្មភាពរបស់សង្គមស៊ីវិល។ នៅមានគុណវិបត្តិច្រើនផងដែរ ដែលពាក់ព័ន្ធនឹងយន្តការដោះស្រាយជម្លោះដីធ្លី និងការគំរាមកំហែងធ្ងន់ ចំពោះសេរីភាពខាងសមាគម និងសិទ្ធិចរចាជាសមូហភាព…”។

សេចក្តីថ្លែងការណ៍ ដែលមិនទាន់យកជាផ្លូវការនេះ បណ្តាលឱ្យមានប្រតិកម្មពីអ្នកនាំពាក្យ CPP ថា “មកពីមានរុយ និងមូស ចាក់ចុចខ្លាំងពេក បានជាសហភាពអឺរ៉ុប លម្អៀងទៅពួកប្រឆាំង”។ ផ្ទុយទៅវិញ តាញៀនកាហ្វេម្នាក់ ដែលមាននិន្នាការប្រឆាំង និយាយថា “មកពីមានគំរង់ ទើបមានរុយ និងមូស…”។

ដូច្នេះយើងឃើញថា ជម្លោះនយោបាយរវាងខ្មែរនិងខ្មែរ កំពុងរាលដាលដល់អាមេរិក អឺរ៉ុប កាណាដា អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន ឯណោះ ប៉ុន្តែសហភាពអឺរ៉ុប ស្តាប់សំឡេងមន្ត្រីរដ្ឋាភិបាលផង ស្តាប់សំឡេងពួកប្រឆាំងផង ឯរឿងដែលគេលម្អៀងទៅពួកប្រឆាំងនោះ អាចថា “បើខាងណាមានភ័ស្តុតាងច្បាស់លាស់ គេជឿខាងហ្នឹង”។

នៅក្នុងរឿងព្រេងខ្មែរ បានតំណាលពីបុរសឆោតម្នាក់ និយាយរឿងឆោតឱ្យគេស្តាប់ថា ថ្ងៃមួយ គាត់ជិះក្របី យកស្រូវមួយកញ្ជើ ទៅសាបព្រោះឯស្រែ។ បុរសនោះគិតថា ខ្លួនគាត់ធ្ងន់ណាស់ទៅហើយ ថែមស្រូវមួយកញ្ជើទៀត មិនដឹងជាក្របី វាធ្ងន់យ៉ាងណាទេ។ បុរសនោះ អាណិតក្របីពេក ក៏លើកកញ្ជើស្រូវទូលលើក្បាល ជិះលើខ្នងក្របីទៅ បណ្តាលឱ្យអ្នកស្តាប់ហួសចិត្ត ព្រោះបុរសនោះឆោតពេក។ រីឯបុរសម្នាក់ទៀត បាននិយាយរឿងឆោតឱ្យគេស្តាប់ថា ថ្ងៃមួយ គាត់វេចបាយមួយកញ្ចប់ ចងនឹងចុងលំពែង ពុនដើរចូលព្រៃ រកកាប់អុស។ ដើរទៅដល់មាត់ស្រះមួយ គាត់បញ្ឈរលំពែងផ្អែកនឹងដើមឈើ ប្រះដេកមួយស្របក់ នឹកឃ្លានបាយ លូកយកបាយកញ្ចប់មិនកើត ព្រោះបាយនោះចងភ្ជាប់នឹងចុងលំពែង។ គាត់ក៏ស្រវេស្រវាឡើងដើមឈើ ទៅយកបាយកញ្ចប់នោះ ស្រាប់តែរបូតដៃ ធ្លាក់ទៅត្រូវចុងលំពែងមុតថ្ពាល់ ប៉ុន្តែសំណាងល្អ គ្រាន់តែមុតជ្រិះប៉ុណ្ណោះ ខានបានស៊ីបាយនោះទៅ ព្រោះឈឺថ្ពាល់ពេក។ បុរសឆោតនោះ បានទាំងបង្ហាញស្នាមរបួសថ្ពាល់ ដែលនៅស្លាកស្នាមឱ្យគេឃើញ បណ្តាលឱ្យអ្នកស្តាប់អាណិតអាសូរ យល់ថា បុរសនេះបានចំតួជាមនុស្សឆោតមែន ព្រោះមានស្នាមលំពែងមុតថ្ពាល់ជាភ័ស្តុតាង យកជាការបាន ឯបុរសជិះក្របីទូលស្រូវនោះ អត់ភ័ស្តុតាង ឃើញថា ឆោតមិនដល់គេ។

ឧទាហរណ៍រឿងនេះ ចង់បង្ហាញថា ខ្មែរឆោតឈ្លោះតែគ្នាឯង រាលដាលដល់អឺរ៉ុប បញ្ជូនមនុស្សមកស្វែងរកការពិត គេច្បាស់ជាពិនិត្យរកភ័ស្តុតាង ឬទិដ្ឋភាពជាក់ស្តែងមិនខាន បើភាគីណាមានភ័ស្តុតាងច្បាស់ គេជឿខាងនោះ។ ដូចករណីយុវជនប្រឆាំងម្នាក់ បាននិយាយឆ្ការដៃឆ្ការជើង គូរលើផ្លូវ ទាមទារយុត្តិធម៌ ស្រាប់តែប្រធានសន្តិសុខខណ្ឌ ដាក់មួយកំផ្លៀងនោះ ភ័ស្តុតាងបានបង្ហាញក្នុងវីដេអូឃ្លីប គេមើលឃើញច្បាស់ ដែលអាចបញ្ជាក់ថា ប្រធានសន្តិសុខឆោតល្មមទេ ព្រោះគាត់ធ្វើតាមបញ្ជាគេ ក្រែងបានការសរសើរ ភ្លេចពីរឿង “សិទ្ធិមនុស្ស” ឯយុវជនត្រូវមួយកំផ្លៀងនោះ ឆោតមែនទែន ព្រោះនៅសុខៗទៅនិយាយឆ្ការដៃឆ្ការជើង ដៀមដាមឱ្យអាជ្ញាធរ ប៉ុន្តែស្នាមមួយកំផ្លៀងនោះ អាចយកជាភ័ស្តុតាងនៃការរំលោភសិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចោញមតិ។

អ៊ីចឹងលក្ខខណ្ឌ “ប្រព័ន្ធអនុគ្រោះពន្ធ” នឹងចេញលទ្ធផលជាផ្លូវការ បន្ទាប់ពីបោះឆ្នោតរួចរាល់ អាស្រ័យលើសហភាព អឺរ៉ុប “ស្តាប់ជួងទាំងសងខាង” ឬ “ស្តាប់មនុស្សឆោត និយាយរឿងឆោត” ពោលគឺបើអ្នកឆោតដល់ថ្នាក់ផ្លែលំពែងមុតថ្ពាល់ គេនឹងជឿតាម ឯអ្នកឆោត ជិះក្របីទូលស្រូវ ខ្លាចធ្ងន់ក្របីនោះ អត់ភ័ស្តុតាង គេមិនជឿទេ។ ចំណុចសំខាន់នៅត្រង់ “ជួង CPP” ឮសូរម៉ឺង!ៗ រីឯ “ជួង CNRP” ឮសូរម៉ាង!ៗ បើអឺរ៉ុប យកតាមសំឡេងជួងណា ក៏ស្រេចតែគេ មិនអាចបង្គាប់បញ្ជាគេបានឡើយ។ ទោះជាយ៉ាងណា សហភាពអឺរ៉ុប នឹងគិតដល់ប្រយោជន៍ប្រជាពលរដ្ឋភាគច្រើនមិនខាន នៅពេលបានស្តាប់សំឡេងទាំងសងខាងរួចហើយ។

សរុបទៅ “អ្នកស្តាប់ជួងតែមួយ គឺស្តាប់សំឡេងតែមួយ” មានន័យផ្តោតជាសំខាន់ទៅលើសហភាពអឺរ៉ុប ដែលបញ្ជូនអ្នកជំនាញ ឱ្យមកស្វែងយល់ការពិតនៅកម្ពុជា នេះឯង។ ទោះជារដ្ឋាភិបាល បញ្ជូនក្រុមការងារជំនាញខាងការទូត និងសេដ្ឋកិច្ច ទៅបញ្ចុះបញ្ចូលយ៉ាងណា ក៏សហភាពអឺរ៉ុប មិនទាន់សម្រេច ឬអនុគ្រោះពន្ធ បែរជាចាត់គ្នាមក “ស្តាប់ជួងទាំងសងខាង” គឺដើម្បីស្វែងរកការពិត ឱ្យឃើញជាក់ផ្ទាល់ភ្នែក ព្រោះបានឮមួយរយដង មិនស្មើបានឃើញមួយដង…៕