Loading...

បរិយាយថ្ងៃនេះ ៖ ដាវស្រីខ្មៅ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨​ | បរិយាយ | | 0 | ម៉ោង 17:52 pm

គ្រាន់តែឃើញចំណងជើងខាងលើនេះ ច្បាស់ជាមិត្តអ្នកអានងឿងឆ្ងល់មិនខាន លុះត្រាតែតាមដានអានឱ្យចប់បទបរិយាយនេះ ទើបបំបាត់ចម្ងល់បាន។ រឿងរ៉ាវពាក់ព័ន្ធនឹង “ដាវស្រីខ្មៅ” បានកើតឡើងនៅខេត្តបាត់ដំបង ក្នុងសម័យលោកម្ចាស់ ដែលចាស់ៗតំណាលតៗគ្នា និងមានចារទុកក្នុងឯកសារលោកតូច ឈួង ទៀតផង ពាក់ព័ន្ធដល់ “ការដោះលែងអ្នកទោស” លុះអ្នកទោសនោះ មានសេរីភាពមួយរយៈ ភ្លេចៗខ្លួន ក៏ត្រូវ “ពួកពេជ្ឈឃាតតាមចាប់មកកាត់ក្បាល” ដោយប្រើ “ដាវស្រីខ្មៅ” ដែល “នគរធំ” សូមគាស់កកាយអតីតកាលមកបង្ហាញជូនទុកជាប្រធានបទបរិយាយថ្ងៃនេះ….។

តាមឮចាស់ៗរស់នៅខេត្តបាត់ដំបង និយាយតៗគ្នាថា កាលពីដើម ខេត្តបាត់ដំបង ឋិតនៅក្រោមអំណាចស្តេចសៀម តាំងពីរជ្ជកាល “ព្រះពុទ្ធយ៉តហ្វា ចូឡាលោក ឬព្រះរាមាទី១”។ ព្រះមហាក្សត្រអង្គនេះ តាមឯកសារមហាបុរសខ្មែរ ចារទុកថា ព្រះអង្គមានដើមកំណើតជាខ្មែរ មានស្រុកកំណើតនៅភូមិត្រាំសសរ ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវកងទ័ពសៀម កៀរយកទៅស្រុកសៀម តាំងពីនៅកុមារ រួមជាមួយឪពុកម្តាយ។ ដោយសារកុមារនោះ ជាអ្នកមានបុណ្យ ក៏បានចូលបម្រើកងទ័ពសៀម ពេលចូលសញ្ជាតិសៀម រហូតបានឡើងបុណ្យស័ក្តិ ជាមេទ័ពធំបំផុត ងារជា “ព្រះយ៉ាចក្រី ដួង” ធ្លាប់ទទួលបញ្ជាពី “ព្រះចៅតាកស៊ីន” វាយលុកចូលកម្ពុជា ទៀតផង។ ក្រោយមក នៅពេល “ព្រះចៅតាកស៊ីន” ធ្លាក់ខ្លួនវិកលចរិត ចក្រីដួង ក៏ដណ្តើមរាជ្យបាន និងឡើងសោយរាជសម្បត្តិ តាំង “រាជវង្សចក្រី” តាំងពីគ.ស១៧៨២មក។ កាលនោះ ខេត្តបាត់ដំបង នៅក្រោមអំណាចសៀម ហើយស្តេចសៀម បានតែងតាំងមន្ត្រីខ្មែរម្នាក់ ឈ្មោះ “ចៅហ៊្វាបែន” ឱ្យឡើងជា “ស្តេចត្រាញ់” ត្រួតខេត្តបាត់ដំបង ដោយលើកសួយសារអាករទៅថ្វាយស្តេចសៀម រៀងរាល់ឆ្នាំ។ ពូជពង្សចៅហ៊្វាបែន គ្រប់គ្រងខេត្តបាត់ដំបង ជាង១សតវត្ស អស់៦តំណ តកូនចៅ រហូតមកដល់ “លោកម្ចាស់កថាថន ឈុំ” ទើបអស់ឥទ្ធិពលសៀម ដោយសារបារាំងធ្វើអន្តរាគមន៍ទាមទារខេត្តបាត់ដំបង ឱ្យមកខ្មែរវិញ។

ចាស់ៗរស់នៅខេត្តបាត់ដំបង បាននិយាយតៗគ្នាទៀតថា “លោកម្ចាស់កថាថន ឈុំ” កាន់អំណាចផ្តាច់ការ អាចកាប់សម្លាប់ជនណាក៏បាន ដោយមាន “ក្រុមជំនុំជម្រះក្តី” ឬ “សាលាលុឃុន” ចាំតែកាត់ក្តី ឬធ្វើតាមបញ្ជាលោកម្ចាស់។ នៅសម័យនោះ បើចាប់បានចោរ ឬអ្នកសមគំនិតជាមួយចោរ ច្បាស់ជាត្រូវទទួលទោស “ប្រហារជីវិត” មិនខានឡើយ។

ស្តេចត្រាញ់ចំណុះសៀមនេះ មានដាវមួយមុតណាស់ ឈ្មោះ “ដាវស្រីខ្មៅ” អាចកាប់ទៀន ដែលដោតបញ្ឈរ ឱ្យដាច់ ដោយមិនរលំទៀន ក្រោយមក ដាវនេះមានបារមីព្រាយអសុរកាយថែរក្សា ចាំបាច់ត្រូវមានឈាមប្រឡាក់មុខដាវ ទើបថ្នាក់ដឹកនាំ ធ្វើអ្វីមិនចេះចាញ់គេ។ លោកម្ចាស់ក៏បានប្រគល់ដាវនេះ ទៅពួកពេជ្ឈឃាត សម្រាប់កាត់ក្បាលអ្នកទោស ប៉ុន្តែ មិនអាចកាត់ក្បាលមនុស្សម្នាក់ៗបានឡើយ លុះត្រាតែ “មានគូ ឬ២នាក់” ទើបកាត់បាន។ មានរឿងតំណាលថា កាលនោះ ពួកតម្រួតខេត្ត ចាប់បានបុរសស្លូតត្រង់ម្នាក់ពាក់ព័ន្ធនឹងចោរកម្ម ត្រូវក្រុមចៅក្រមកាត់ទោសប្រហារជីវិត ដោយប្រើ “ដាវស្រីខ្មៅ” ប៉ុន្តែមិនទាន់មានគូ ក៏បើកឱ្យពិរុទ្ធជននោះទៅនៅផ្ទះសិន។ ឯបុរសកម្សត់នោះ នឹកស្មានថា ចៅក្រមដោះលែងរហូត ហើយក៏ទៅធ្វើស្រែចម្ការ ចិញ្ចឹមប្រពន្ធកូន ជិត១ឆ្នាំ លុះថ្ងៃមួយ ពេលគាត់កំពុងឡើងជួសជុលដំបូលផ្ទះស្លឹក ស្រាប់តែពួកពេជ្ឈឃាតទៅដល់ ប្រាប់គាត់ថា “អ្នកឯងដល់គូហើយ” គ្រាន់តែឮថាដល់គូ និងឃើញ “ដាវស្រីខ្មៅ” បណ្តាលឱ្យបុរសកម្សត់តក់ស្លុត របូតដៃធ្លាក់ពីលើដំបូល និងត្រូវពេជ្ឈឃាតចាប់ចងយកទៅកាប់ចោល ទន្ទឹមចោរម្នាក់ទៀតដែលជាគូ រួចកប់ចោលក្បែរផ្លូវ។ សម័យនោះ អ្នកស្រុកខ្លាចដាវស្រីខ្មៅ ដូចមច្ចុរាជ ប៉ុន្តែដោយសារការជិះជាន់ខ្លាំងពេក ធ្វើឱ្យចោរកម្មកើតច្រើនទៅៗ ទោះចាប់មកកាត់ក្បាលយ៉ាងណា ក៏មិនចេះអស់….។

ការគាស់កកាយអតីតកាលនៅខេត្តបាត់ដំបង ពាក់ព័ន្ធនឹង “ដាវស្រីខ្មៅ” ដ៏មុត ស្រេកឈាមមនុស្សនោះ ក៏អាចយកមកប្រៀបធៀបនឹង “ការដោះលែងអ្នកទោស” នៅសម័យនេះបានដែរ ពោលគឺអ្នកទោសដែលពាក់ព័ន្ធរឿងដីធ្លី រឿងនយោបាយ នៅពេលរួចពីពន្ធនាគារ “អស់ទោសមួយករណី នៅសល់មួយករណីទៀត” ដូចអ្នកស្រីទេព វន្នី អស់១ករណី នៅ១ករណី ពេលចេញពីគុកបាន៤ថ្ងៃ ត្រូវតុលាការកោះហៅមកកាត់ទោសដាក់គុក៦ខែទៀត តែទោសនោះត្រូវព្យួរ។ រឿងព្យួរនេះ បើគាត់ភ្លេចខ្លួន ឬមានកំហុសអ្វី ច្បាស់ជាមានអ្នកតាមហៅមកដាក់គុកវិញមិនខានឡើយ។ ចំណែកលោកគឹម សុខ អ្នកវិភាគនយោបាយ ទើបនឹងចេញពីគុក រួចទោស១ករណី នៅសល់១ករណីទៀត “រឿងជំពាក់លុយ៨០០លានរៀល” បើគាត់ភ្លេចខ្លួន ច្បាស់ជាមានអ្នកតាមហៅមកដាក់គុក ដូចរឿងពេជ្ឈឃាតតាមហៅបុរសកំពុងប្រក់ផ្ទះ មកឱ្យ “ដាវស្រីខ្មៅ បឺតឈាម” យ៉ាងនោះដែរ គ្រាន់តែសម័យនេះ “គ្មានទោសប្រហារជីវិត”។

ករណីដោះលែងអ្នកទោស តែនៅជាប់ទោសបែបនេះ មិនខុសពី “ការបង្ហើរខ្លែង” ពោលគឺពេលមានខ្យល់បោកបក់មកដល់ គេពន្លែងខ្លែងពីដៃ ឱ្យវាហើរទៅលើអាកាស លុះស្ងប់ខ្យល់ អ្នកលេងខ្លែងនោះ ក៏ស្រាវខ្សែទាញខ្លែងមកវិញ រួចក៏យកខ្លែងនោះ ទៅដាក់ក្នុងជង្រុកស្រូវ។ យ៉ាងណាមិញ ករណីលោកគឹម សុខ មាជ សុវណ្ណារ៉ា អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ក៏ដូចអ្នកទើបនឹងរួចពីពន្ធនាគារជាង១០នាក់នោះ ក៏មិនខុសពីខ្លែងជាប់ខ្សែ គេចង់ទាញមកវិញពេលណាក៏បាន។

ទោះយ៉ាងណា ក៏មានតាញៀនកាហ្វេម្នាក់ និយាយថា “លែងហើយចាប់វិញ បានត្រឹមធ្វើឱ្យលោកគឹម សុខ ល្បីឈ្មោះតែប៉ុណ្ណោះ“។ តាម្នាក់ទៀត ពោលបន្តថា “ពងមាន់ជល់នឹងថ្ម មិនឈ្នះថ្មទេ ប៉ុន្តែពេលពងមាន់បែក វាឆ្អាបថ្ម”។ សម័យនេះ “គ្មានដាវស្រីខ្មៅ” ដូចសម័យលោកម្ចាស់កថាថន ឈុំ នោះទេ តែអតីតកាលជាកញ្ចក់ឆ្លុះមើលបច្ចុប្បន្នកាល មិនខុសគ្នាប៉ុន្មានទេ។ អ្នកឆ្លាតដូចលោកមាជ សុវណ្ណារ៉ា ដែលពេលចេញពីពន្ធនាគារ និយាយសរសើរអ្នកដឹកនាំប្រទេសនោះ គឺមិនខុសពី “ខ្លែងឯកកំពុងជក់ខ្យល់” គេមិនទាញខ្សែមកវិញទេ ប៉ុន្តែលោកគឹម សុខ ដែលក្លាហានដូច “ក្រឡាហោមគង់” ដែលមិនព្រមរណបពួកអាណាព្យាបាល រហូតដល់បារាំង ចាប់ចងផ្អោបបំពង់ផ្សែងកប៉ាល់ ដរាបដល់ស្លាប់នោះ ជាបញ្ហាពាក់ព័ន្ធដល់សុវត្ថិភាពផ្ទាល់ខ្លួន។

កាលពីសម័យសង្គមរាស្ត្រនិយម បន្ទាប់ពី “តុលាការសឹក កាត់ទោសប្រហារជីវិតមក” លោកព្រាប អ៊ិន និងលោកសាំង សន ត្រូវក្រុមពន្ធនាគារដឹកទៅចូលរួមក្នុង “សមាជជាតិ” ដើម្បីឱ្យអ្នកទោសដែលពាក់ព័ន្ធពីបទ “ក្បត់ជាតិ” ក្នុងចលនា “ខ្មែរសេរី” សុំព្រះរាជទានទោសពីសម្តេចព្រះប្រមុខរដ្ឋ។ កាលនោះ មានការចាក់សំឡេងបន្តផ្ទាល់តាមវិទ្យុ ឮតែលោកសាំង សន ឆ្លើយសារភាពថា “ពិតមែន ! ក្រាបទូល!” ទោះជាសួរពីសកម្មភាពអ្វីក៏ពិរុទ្ធជនសាំង សន ឆ្លើយ “ពិតមែនៗ” រហូតក៏បានទទួលការប្រោសព្រះរាជទានទោស រួចផុតពីការប្រហារជីវិត។ ផ្ទុយទៅវិញ លោកព្រាប អ៊ិន នៅតែស្ងៀមមិនព្រមសារភាព ទីបំផុត សម្តេចឪ មិនអាចជួយបាន ក៏ត្រូវពេជ្ឈឃាតនាំទៅភ្នំត្រពាំងក្រឡឹង… ដូចអ្វីដែលប្រជាពលរដ្ឋខ្មែរ បានដឹងស្ទើរគ្រប់គ្នា។ បានន័យថា បើមិនសុំទោស មិនសារភាព “ព្រះរាជសិទ្ធិ” មិនអាចជួយបានទេ ព្រោះអ្វីៗធ្វើតាមនីតិវិធី ពិសេស ឱ្យតែធ្វើស្លូតដូចលោកសាំង សន ក៏រួចជីវិតដែរ។ ទោះយ៉ាងណាក៏ដោយចុះ ធម្មតាអ្នកក្លាហានដូច “ក្រឡាហោមគង់, ព្រះអាចារ្យហែម ចៀវ” មិនខ្លាចសេចក្តីស្លាប់ទេ ក៏មិនខុសពីសម័យស្តេចត្រាញ់ខេត្តបាត់ដំបង ទោះជា “ដាវស្រីខ្មៅ” រង់ចាំ បឺតឈាម ក៏នៅតែមានអ្នកប្រឆាំងអំណាចស្តេចត្រាញ់នោះច្រើនទៅៗ រហូតដល់ទឹកដីខេត្តបាត់ដំបង បានវិលមកខ្មែរវិញ។

សរុបទៅ “ដាវស្រីខ្មៅ” ជារឿងកប់បាត់ជាង១០០ឆ្នាំទៅហើយ ដែលយើងគាស់កកាយមកបង្ហាញ ប្រៀបធៀបនឹងការដោះលែងអ្នកទោស ដែលរួចទោស១ករណី នៅសល់១ករណី។ សម័យនេះ គ្មានដាវស្រីខ្មៅទៀតទេ តែមានគុកព្រៃស គុកត្រពាំងផ្លុង “រង់ចាំជួបគូ” ប៉ុន្តែសម្រាប់អ្នកក្លាហានដែលធ្លាប់ជាប់គុកនោះរាប់ឆ្នាំ ចេញមកវិញធាត់ទ្រលុក គ្មានឃើញស្លាកស្នាមទារុណកម្មអ្វីសោះនោះ ប្រហែលជាមិនខ្លាចគុកទេ មើលទៅ…?៕