Loading...

បរិយាយថ្ងៃនេះ ៖ រវល់តែវីវរ ឆ្កែទរប្រហុកអស់

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨​ | បរិយាយ | | 0 | ម៉ោង 17:49 pm

សុភាសិតខ្មែរ ដ៏មានតម្លៃ១ថា “រវល់តែវីវរ ឆ្កែទរប្រហុកអស់” ពិតជាមានខ្លឹមសារអប់រំជ្រាលជ្រៅណាស់ សម្រាប់វាស់មើលពុតត្បុតខិលខូច ពុករលួយរបស់មន្ត្រីថ្នាក់ក្រោម ពោលគឺឆ្លៀតពេលថ្នាក់លើកំពុងរវល់រឿងនយោបាយ ថ្នាក់ក្រោមក៏ឆ្លៀតឱកាសប្រព្រឹត្តអំពើពុករលួយ។ ខណៈដែលរាជរដ្ឋាភិបាល រវល់ធ្វើលិខិតស្នាមថ្លឹងថ្លែងលើកលែងទោសឱ្យពួកប្រឆាំង ដោយទូលថ្វាយស្នើសុំព្រះមហាក្សត្រតាមនីតិវិធីនោះ ក៏ស្រាប់តែមានសេចក្តីរាយការណ៍ពីពលរដ្ឋថា “សកម្មភាពកាប់បំផ្លាញព្រៃឈើ កក្រើកឡើងវិញហើយ” ស្របនឹងសុភាសិតខាងលើ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

បើបរិយាយតាមន័យត្រង់ “រវល់តែវវីរ ឆ្កែទរប្រហុកអស់“ គឺសំដៅដល់ឆ្កែចាំផ្ទះ ដែលម្ចាស់តែងឱ្យបាយចំណីត្រីសាច់ស៊ីជាប្រក្រតី។ លុះម្ចាស់មានរវល់កូនចៅឈឺថ្កាត់ ឬរត់រកថ្នាំឱ្យកូន ភ្លេចដាំបាយឱ្យចំណីឆ្កែ បណ្តាលឱ្យឆ្កែវាឃ្លាន ទ្រាំមិនបានក៏លោតឡើងលើចង្ក្រាន ទរ (ស៊ី) ប្រហុកក្នុងក្រឡអស់ទៅ។ “ប្រហុក” ទោះជាមានរសជាតិប្រៃ និងស្អុយ ក៏ស្អុយឆ្ងាញ់ វាជាម្ហូបពិសេសរបស់ខ្មែរ បើឆ្កែបានទរម្តង ច្បាស់ជាញ៉ាម លួចស៊ីជាហូរហែ ដោយសារតែមេផ្ទះទុកក្រឡប្រហុកធ្វេសប្រហែស។

បើពោលតាមន័យធៀប “រវល់តែវីវរ ឆ្កែទរប្រហុកអស់” សំដៅដល់ “មន្ត្រីពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ” ឬថាមន្ត្រី ក៏ដូចឈ្មួញរកស៊ីជួញឈើដែលកន្លងមក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងព្រមានជារឿយៗឱ្យមន្ត្រីថ្នាក់ក្រោម “ការពារព្រៃឈើ” បានទាំងបង្កើត “គណៈកម្មការប្រឆាំងបទល្មើសព្រៃឈើ” ទៀតផង ជាពិសេសបើកសិទ្ធិឱ្យ “បាញ់រះពីលើឧទ្ធម្ភាគចក្រ ទៅលើពួកជនទុច្ចរិតបំផ្លាញព្រៃឈើ និងរថយន្តដឹកឈើ” ក្នុងករណីឃើញជាក់ស្តែង។ នៅពេលនាយករដ្ឋមន្ត្រីស្រែកដាក់មីក្រូ សកម្មភាពកាប់បំផ្លាញព្រៃឈើ និងជួញឈើប្រណីត ក៏ស្ងប់ស្ងាត់បន្តិចទៅ លុះដល់ប្រមុខរាជរដ្ឋាភិបាលរវល់កិច្ចការនយោបាយ ជាពិសេស ក្រោយពេលបោះឆ្នោត “រវល់លើកលែងទោសជាទ្រង់ទ្រាយធំដល់សកម្មជនបក្សប្រឆាំង” ក៏ស្រាប់តែបទល្មើសព្រៃឈើកក្រើកឡើងវិញ។

យោងតាមប្រភពព័ត៌មានចេញពីខេត្តពោធិ៍សាត់ បានឱ្យដឹងថា ប្រមាណ២សប្តាហ៍កន្លងមកនេះ “នៅតំបន់ភ្នំ១៥០០” មានឈ្មួញទុច្ចរិតស៊ុមគ្រលុំជាមួយមន្ត្រីពាក់ព័ន្ធ កាប់អារផ្តួលរំលំឈើធំៗ ដែលមានមុខកាត់ចាប់ពី១,៥០ម៉ែត្រ រហូតដល់មុខកាត់៣ម៉ែត្រ ដែលឈើទាំងនោះ វាដុះនៅកណ្តាលព្រៃជ្រៅ មានអាយុរាប់រយឆ្នាំមកហើយ បានដៃពួកឈ្មួញប្រមូលផលចំណេញយ៉ាងកាក់កប ឆ្លៀតពេលថ្នាក់លើមានរវល់។ ប្រជាពលរដ្ឋរាយការណ៍ថា ពួកគាត់បានឃើញអ្នកស៊ីឈ្នួលកាប់ឈើជាច្រើននាក់ ដើរតាមផ្លូវលេខ៨០ ខ្លះលីរណារយន្ត ខ្លះរែកអង្ករ ឆ្នាំងចាន កាន់កាំបិតពូថៅ ចូលទៅក្នុងព្រៃតំបន់ភ្នំ១៥០០ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជាងនេះទៀត មានទាំងប៊ុលដូហ្ស៊ែរ សម្រាប់ឈូសឆាយធ្វើផ្លូវរថយន្ត និងអាអ៊ិច សម្រាប់អូសឈើចេញពីជ្រលងភ្នំទៀតផង។ ឈើដែលឈ្មួញត្រូវការ មិនសូវរើសឈើដូចមុនពេកទេ គឺឱ្យតែឈើមានមុខកាត់ពីរបីឱប ដូចជា ឈើខ្វាវ កន្ទុយដំរី ស្នោព្រៃ គគីរ ជាដើម គេកាប់មិនទុកទេ។

រឿងកាប់ឈើកក្រើកព្រៃនេះ ក៏បានដឹងដល់អ្នកកាសែតចុះទៅថត ដោយប្រុងប្រយ័ត្ន ព្រោះ “ខ្លាចឆ្កែខាំ” បានទាំងទូរស័ព្ទសួរទៅអស់លោកមន្ត្រីពាក់ព័ន្ធការពារតំបន់ព្រៃនោះទៀតផង ប៉ុន្តែអស់លោកឆ្លើយមកវិញថា “រវល់ប្រជុំ” រួចក៏បិទទូរស័ព្ទ។ បើម៉្លឹងៗ ច្បាស់ណាស់ថា ព្រៃឈើនៅខេត្តពោធិ៍សាត់ ដែលសព្វថ្ងៃនៅសល់ច្រើនក្នុងស្រុកវាលវែង នឹងក្លាយទៅវាលស្បូវក្នុងពេលឆាប់ៗនេះហើយ។ ត្រឹមតែខេត្តពោធិ៍សាត់ មួយ ឃើញភាពអនាធិបតេយ្យបំផ្លាញព្រៃឈើល្មើសនឹងបទបញ្ជនាយករដ្ឋមន្ត្រី ទៅហើយ ចុះទម្រាំខេត្តឯទៀត ដែលនៅសល់ព្រៃឈើតិចតួច ដូចជា ខេត្តកំពង់ធំ ព្រះវិហារ មណ្ឌលគិរី រតនគិរី ជាដើម តើការបំផ្លាញព្រៃឈើមានកម្រិតណា បើ “ទឹកមាត់ប្រមុខរាជរដ្ឋាភិបាល កាន់តែសាបយ៉ាងនេះ?”។ ទោះយ៉ាងណា ករណីនេះ គេមិនអាចបន្ទោសថ្នាក់លើបានឡើយ ព្រោះថ្នាក់លើ ប្រៀបបាននឹងម្ចាស់ផ្ទះ ដែលមានរវល់កូនឈឺ ភ្លេចដាក់បាយឱ្យឆ្កែស៊ី ស្រាប់តែអាគី ទរប្រហុកក្នុងក្រឡខ្មុក។ បច្ចុប្បន្ន មានតែ “វិមានរដ្ឋសភា” អត់ទាន់មានអ្នកតំណាងរាស្ត្រថ្មីចូលអង្គុយ ចំណែក “រដ្ឋាភិបាលចាំផ្ទះ” ក៏មិនទាន់មានឈ្មោះជា “រាជរដ្ឋាភិបាលអាណត្តិថ្មី“ ដែរ។ សមាជិករដ្ឋាភិបាល ឬរដ្ឋមន្ត្រី ចាំផ្ទះ២៨រូបនោះ កំពុងភ័យបុកពោះ ខ្លាចបាត់ឈ្មោះក្នុងសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ក៏បានត្រឹមធ្វើការ “បណ្តែតៗ” មើលខ្យល់ មើលមេឃសិន។ ដោយឡែក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ CPP មានរវល់មមាញឹកជាងគេ តាំងពីមុនបោះឆ្នោត រហូតដល់ពេលនេះ ក្នុងការថែរក្សាដំណើរការស្ថាប័នជាតិ និងស្ថិរភាព។ រឿងព្រៃឈើ សម្តេចបានដាក់បទបញ្ជា រួចហើយ ឱ្យក្រសួងបរិស្ថាន ក្រសួងកសិកម្ម សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចតាមគោលដៅ ទប់ឱ្យជាប់រឿងបំផ្លាញព្រៃឈើ និងជួញឈើប្រណីត ប៉ុន្តែឆ្លៀតពេលសម្តេច មានរវល់កិច្ចការនយោបាយ ស្រាប់តែបទបញ្ជានោះគ្មានប្រសិទ្ធភាព។

តាមអ្វីដែលប្រជាពលរដ្ឋរាយការណ៍មកថា ការកាប់ឈើយ៉ាងកក្រើកសាជាថ្មី ពេលថ្នាក់លើកំពុងមានរវល់នេះ មកពី “ខ្មោចស្រុកឱ្យដៃ ទើបខ្មោចព្រៃវាហ៊ាន” ចំណែកកងការពារទប់ស្កាត់បទល្មើសតាមដងផ្លូវ “ត្រូវថ្នាំសណ្តំឈ្មួញ ដេកលក់អស់ទៅហើយ”។ លុះដល់ថ្នាក់លើរវល់ខ្វែងដៃខ្វែងជើងក្នុងការរៀបចំរដ្ឋសភាថ្មី គណៈរដ្ឋមន្ត្រីថ្មី ជាពិសេស រវល់ត្រួតពិនិត្យធ្វើ លិខិតទូលថ្វាយស្នើសុំព្រះមហាក្សត្រ ព្រះរាជទានទោសដល់ទណ្ឌិតជាង១០នាក់ ជាសកម្មជនបក្សប្រឆាំង និង “ប្រើយុទ្ធសាស្ត្រ ទប់ទល់អន្តរជាតិ” ផងនោះ ជាហេតុនាំឱ្យ “ធ្វេសប្រហែសក្រឡប្រហុក” បានដៃ ឯ “ឆ្កែទរខ្ទេច”។

ដូច្នេះយើងឃើញថា ការដែលថ្នាក់លើទុកចិត្តមន្ត្រីថ្នាក់ក្រោមពេក មិនស្រួលទេ ស្របនឹងឃ្លាឃ្លោងបុរាណថា “ទុកចិត្តខ្ញុំមើលដាក់ ស្មើភ្នែកខ្វាក់ទាំងសងខាង ប្រើកូនគន់មើលខាង ស្មើភ្នែកម្ខាងពុំពេញពីរ”។ តើនេះជាកំហុសអ្នកណា? កំហុសថ្នាក់លើ? ចៅហ្វាយខេត្ត? មន្ត្រីមូលដ្ឋាន? ចម្លើយគឺ “ខុសទាំងអស់គ្នា” ព្រោះតែរឿងទុកចិត្តគ្នានេះឯង។ នៅពេលមានបញ្ហា មន្ត្រីពាក់ព័ន្ធចូលចិត្តបិទទូរស័ព្ទ ឬប្រាប់យ៉ាងខ្លីថា “រវល់ប្រជុំ” ប៉ុន្តែបើមានថ្នាក់លើដេញដោល ស្រាប់តែថ្នាក់ក្រោម ឆ្លើយដាក់គ្នា “ឱ្យរយោងដូចសម្លកំពឹស” ដល់អ៊ីចឹងទៅ មិនដឹងជាចាប់ទោសកំហុសមន្ត្រីណាទេ បើ “ទៅទាំងប៉ី ទាំងស្គរ” យ៉ាងនេះ មានតែទុកឱ្យនៅតាមយថាកម្មទៅចុះ ពោលគឺ ទាល់តែអស់ព្រៃរលីងពីស្រុកខ្មែរ ទើបចប់។

ទោះយ៉ាងណា បញ្ហាខ្សត់ព្រៃ បានត្រឹមនាំគ្រោះទឹកជំនន់ រាំងស្ងួត និងឡើងកម្តៅខ្លាំងយ៉ាងពិបាកទ្រាំ មិនខុសពីម្ចាស់ផ្ទះអស់ប្រហុក គ្មានអ្វីបង់សម្ល ធ្វើឱ្យសម្លកកូរ លែងឆ្ងាញ់។ បើនឹងវ៉ៃឆ្កែស៊ីប្រហុកនោះ ក៏មិនសមដែរ ព្រោះរឿងឆ្កែទរប្រហុក មកពីម្ចាស់ផ្ទះរវល់ ភ្លេចដាក់បាយឱ្យឆ្កែស៊ី ទើបវាអ៊ីចឹងទៅ។ ពុំដឹងជាអកុសលអ្វី ស្រុកខ្មែរ មិនដូចស្រុកថៃ ឬស្រុកយួន នោះទេ ព្រោះស្រុកគេមានច្បាប់តឹងរ៉ឹង ព្រៃឈើនៅគង់វង្សល្អណាស់ ទោះជាមេដឹកនាំថៃ រវល់ធ្វើរដ្ឋប្រហារដណ្តើមអំណាចគ្នា ក៏គ្មានអ្នកណាហ៊ានកាប់ឈើ។ ចំណែកស្រុកយួន គេព្យាយាមអភិរក្សព្រៃឈើខ្លាំងណាស់ បន្ទាប់ពីព្រៃឈើត្រូវវិនាស ដោយសង្គ្រាមជាង៣០ឆ្នាំ អភ័ព្វអ្វីតែព្រៃឈើខ្មែរ ហាមមិនស្តាប់ កាប់តាំងពីក្បែរភូមិ រហូតដល់ជ្រោះជ្រលងដងភ្នំ។

សរុបទៅ “រវល់តែវីវរ ឆ្កែទរប្រហុកអស់” ជាពាក្យចាស់ថាមិនខុសមែន ក្នុងន័យដាស់តឿនក្រើនរំព្ញកថ្នាក់លើ ឱ្យប្រយ័ត្នថ្នាក់ក្រោម យកបទបញ្ជាទៅធ្វើឱ្យសាបដូចទឹកមាត់។ បើដឹងថា ឆ្កែណាចេះស៊ីប្រហុក ត្រូវដាក់ច្រវាក់វា នៅពេលម្ចាស់មានរវល់ ប៉ុន្តែបើធ្វេសប្រហែសដូចពេលនេះ ប្រហុកក៏អស់ ព្រៃឈើក៏វិនាស ក្លាយជាវាលស្បូវជាបន្តបន្ទាប់….ឱ! រដ្ឋមន្ត្រីក្រសួងកសិកម្ម ពេលណា ទើបចេះទប់ទល់រឿងបំផ្លាញព្រៃឈើ?…៕