Loading...

បាញ់សម្លាប់សង្សាររួចឆ្លងដែនគេចខ្លួន

​ សោម សុភា​​ | ថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨​ | សង្គម និងជីវិត | | 0 | ម៉ោង 17:05 pm

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន២នាក់ ដែលបានធ្វើសកម្មភាពបាញ់សម្លាប់សង្សាររួច បាននាំគ្នាព្យាយាមរត់ឆ្លងដែនចូលទៅក្នុងទឹកដីថៃ បំណងរត់គេចខ្លួន តែទីបំផុតក៏ត្រូវសមត្ថកិច្ចថៃ ចាប់ឃាត់ខ្លួនបាន រួចនាំយកមកប្រគល់ឱ្យសមត្ថកិច្ចខ្មែរវិញ ដើម្បីចាត់ការតាមច្បាប់។

ករណីប៉ូលិសថៃ ចាប់ជនសង្ស័យជាឃាតករ២នាក់ ប្រគល់ឱ្យប៉ូលិសខ្មែរវិញនេះបានធ្វើឡើង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចខេត្តចាន់ថាក់បុរី ប្រទេសថៃ។

ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចថៃចាប់ខ្លួន រួមមាន ទី១-ឈ្មោះប៉ុន ផ្រោះ អាយុ២១ឆ្នាំ និងទី២-ឈ្មោះអួន វឿនណា អាយុ២២ឆ្នាំ។ ជនសង្ស័យទាំង២នាក់ មានលំនៅក្នុងខេត្តបាត់ដំបង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនសង្ស័យជាជនជាតិខ្មែរទាំង២នាក់ខាងលើនេះ បានធ្វើសកម្មភាពបាញ់សម្លាប់សង្សារបស់ខ្លួននៅស្រុកខ្មែរ បន្ទាប់មកក៏បានឆ្លងដែនចូលក្នុងទឹកដីដៃ បំណងរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនបាននៅក្នុងភូមិសាស្ត្រខេត្តចាន់ថាក់បុរី ប្រទេសថៃ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើបាន សមត្ថកិច្ចថៃ បានបញ្ជូនខ្លួនមកឱ្យសមត្ថកិច្ចកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយ ប៉ែត ដើម្បីប្រគល់បន្តទៅឱ្យសមត្ថកិច្ចខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕