Loading...

កុល ដាវី សង្សារមិនប្រចណ្ឌថៅកែសំណង់

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 14:26 pm

ថ្មីៗនេះ មានព័ត៌មានថា កុល ដាវី បានធ្វើឱ្យសង្សារបណ្តូលចិត្តសុខ រក្សា រងទឹកភ្នែកជូតក្បាលជង្គង់ ដោយសារតែនាងលែងចង់រៀបការជាមួយតន្ត្រីកររូបនេះ ហើយងាកទៅស្និទ្ធស្នេហ៍ថៅកែសំណង់ ដែលជាប្រធានក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់។

ព័ត៌មាននោះបានឱ្យដឹងថា នាងកុល ដាវី ជាទូតសុច្ឆន្ទៈ (Ambassador) របស់ក្រុមហ៊ុនគ្រឿងសំណង់ ស្រាប់តែក្រោយមក តារាសិចស៊ីរូបនេះទៅណាក៏តែពីរនាក់លោកថៅកែសំណង់ដែរ ដោយទុកចោលសុខ រក្សា ឱ្យនៅកណ្តោចកណ្តែងដេកផ្ទះតែម្នាក់ឯង ទាំងតូចចិត្ត ព្រោះតែដាវី ងាករេទៅស្នេហ៍លោកថៅកែសំណង់ ដែលមានទ្រព្យស្តុកនោះទៅហើយ។

ក្នុងជំនួបផ្ទាល់ នាងកុល ដាវី និយាយដោយមិនសប្បាយចិត្តថា នាងពិតជាមិនពេញចិត្តចំពោះការលេចឮទាំងនោះឡើយ ហើយថែមទាំងឆ្ងល់ថា អ្នកដែលពូកែដើរនិយាយថា នាងមានស្នេហាជាមួយលោកថៅកែនោះ ម៉េចបានមិនមកសួរនាំនាង និងលោកថៅកែជាមុនសិន។

តារាសិចស៊ីដើមទ្រូងទ្រលុកទ្រលន់រូបនេះ បានថ្លែងទាំងសៅហ្មងថា “នេះសំណាងហើយ ដែលនាងមានសង្សារជាសុខ រក្សា ដែលជាបុរសម្នាក់ជឿជាក់លើរូបនាង បើមិនអ៊ីចឹងទេ ច្បាស់ជាមានរឿងធំផ្ទុះជាមិនខាន”។

តារាដែលទៅណាក៏ស្និទ្ធតែ២នាក់លោកថៅកែគ្រឿងសំណង់នោះ បានបន្ថែមទៀតថា “ទំនាក់ទំនងរវាងរូបនាងនិងលោកថៅកែនោះ គឺធម្មតាជាមេនិងកូនចៅ គ្មានអ្វីពិសេសដូចការលេចឭនោះទេ ហើយនាងក៏ចង់ដឹងថា អ្នកណាអីក៏ពូកែនិយាយបំផ្លើសម៉្លេះថា នាងនិងលោកថៅកែសំណង់ មានទំនាក់ទំនងជាមួយគ្នានោះ ព្រោះការពិតគ្រាន់ តែនាងធ្វើជាទូតសុច្ឆន្ទៈឱ្យក្រុមហ៊ុនរបស់គាត់តែប៉ុណ្ណោះ”។

ក្រៅពីមិនទទួលស្គាល់រឿងគេថា នាងបង្កាត់ភ្លើងស្នេហ៍ជាមួយលោកថៅកែសំណង់ នាងកុល ដាវី ដែលសាងស្នេហាជាមួយសុខ រក្សា ជាច្រើនឆ្នាំមកហើយនោះ ហាក់នៅតែស្ទាក់ស្ទើរមិនហ៊ានរៀបការជាមួយសុខ រក្សា ដដែល នៅចុងឆ្នាំ២០១៨នេះ ដោយនាងសំអាងថា ត្រូវការស្វែងយល់ចិត្តគ្នាបន្ថែមទៀត។

ទោះជាយ៉ាងណា តារាចម្រៀងសាន់ដេ សុខ រក្សា ដែលត្រូវមិត្តភក្តិធ្លាប់បង្អាប់ថា ស្បែកខ្មៅមិនស័ក្តិសមជាមួយកុល ដាវី កំពូលសិចស៊ីដើមទ្រូងធំទ្រលុកទ្រលន់នោះ បានអះអាងមុននេះថា នៅឆ្នាំ២០១៨ ឬដើមឆ្នាំ២០១៩ ខាងមុខនេះ លោកដាច់ខាតត្រូវតែដឹកដៃកំពូលស្នេហ៍របស់លោក អូនកុល ដាវី ចូលរោងការឱ្យខាងតែបាន ព្រោះមិនចង់ទុកយូរ នាំតែជូរផ្អូមទៅទៀត។

 

ការតក់ក្រហល់អន្ទះសាចង់ដឹកដៃកុល ដាវី ក្រាបផ្ទឹមរបស់សុខ រក្សា នៅពេលនេះ ធ្វើឱ្យគេសន្និដ្ឋានថា ព្រោះតែរក្សា មិនចង់ឱ្យដាវី លេចឮថា មានទំនាក់ទំនងស្នេហាជាមួយលោកថៅកែសំណង់តទៅទៀតនេះ ឱ្យតែលោកពិបាកចិត្ត ដែលអាចប្រឈមការប្រេះទ្រូងស្លាប់ជាមិនខានឡើយ។ ប៉ុន្តែ រក្សា បានបញ្ជាក់ថា ការដែលលោកគិតថា គួរដល់វេលាត្រូវរៀបការជាមួយអូនកុល  ដាវី នោះ ដោយសារតែពេលនេះ លោកនិងគូដណ្តឹងសិចស៊ីនេះ មានអ្វីៗដែលខ្លួនចង់បានអស់ទៅហើយ ដូចជា រថយន្តទំនើប២គ្រឿង ផ្ទះ២ល្វែង និងដីធ្លីមួយចំនួនទៀតផងដែរ ហេតុនេះហើយបានជាគិតថា បើរៀបការហើយ ប្រាកដជាមានសុភមង្គលជាមិនខានឡើយ។

កុល ដាវី ដែលត្រូវសុខ រក្សា ប្រចណ្ឌហួងហែងខ្លាំង សូម្បីតែនិយាយទូរស័ព្ទក៏លួចស្តាប់ ព្រោះខ្លាចនាងនិយាយជាមួយលោកថៅកែសំណង់នោះ ពេលនេះ តារាដើមទ្រូងធំរូបនេះ កំពុងលេចធ្លោរឿង “ផ្កាថ្ម” របស់ក្រុមហ៊ុនហង្សមាស ក្នុងតំណែងជាតួកាចឆ្នាស់ឆ្នើម។

អនាគតប្រពន្ធសុខ រក្សា រូបនេះ បានឱ្យដឹងដែរថា “នាពេលនេះ នាងកំពុងតែសម្ងំថតរឿងភាគ២រឿងទៀត ឱ្យប៉ុស្តិ៍ហង្សមាស ហើយកន្លងមក នាងធ្លាប់តែសម្តែងជាតួកាចហេតុនេះ ហើយនាងចង់ប្តូរស្ទីលសម្តែងជាតួស្លូតវិញម្តងក្នុងរឿងថ្មីនោះ ដើម្បីឱ្យអ្នកដឹកនាំរឿងមានការជឿជាក់លើរូបនាងថា អាចសម្តែងបានគ្របប្រភេទ កាចក៏បាន ស្លូតក៏បាន”។

កុល ដាវី បាននិយាយការពារសង្សារថ្លើមថ្លៃសុខ រក្សា ទៀតថា “មិនជាប្រចណ្ឌនាងជ្រុលពេកនោះទេ បើមិនអ៊ីចឹងទេ ការលេចឮថា នាងមានទំនាក់ទំនងស្នេហ៍ជាមួយលោកថៅកែសំណង់នោះ ច្បាស់ជាមានរឿងធំជាមិនខានឡើយ”៕