Loading...

ចោរលួចក្របី6ក្បាលរត់បាត់ បានតែសត្វនិងរថយន្ត

​ សោម សុភា​​ | ថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 18:21 pm

ខេត្តត្បូងឃ្មុំ ៖ ជនទុច្ចរិតមួយក្រុមបាន ធ្វើសកម្មភាពទៅលួចក្របីចំនួន៦ក្បាល របស់ប្រពលរដ្ឋនៅក្នុងភូមិថ្នល់ថ្មី ឃុំកោងកាង ស្រុកពញាក្រែក ដែលចោរកម្មនោះកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ដោយបានដឹកតាមរថយន្តយកទៅលក់ នៅប្រទេសវៀតណាម តែសំណាងល្អរថយន្ត ជាប់ផុងទៅមុខមិនរួច ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចតាមទាន់ឯចោរគេចខ្លួនបាត់ស្រមោល។

ប្រភពពីលោកអនុសេនីយ៏ឯក ទឺ សា នាយប៉ុស្តិ៍រដ្ឋបាលឃុំកោងកាងបានឱ្យដឹងថា បុរសជាម្ចាស់ក្របីឈ្មោះ អឿន ចុន អាយុ៤៧ឆ្នាំ នៅមុនពេលកើតហេតុគាត់បានជួបជុំមិត្តភក្តិផឹកស៊ីនៅក្នុងភូមិតែមិនបានស្រវឹងនោះទេ ហើយក៏បានដេកលក់មួយភាំង។ លុះពេលដឹងខ្លួនបានបញ្ចាំងភ្លើងពិលមើលទៅក្រោលក្របីមានចម្ងាយប្រមាណ១០ម៉ែត្រ ខាងក្រោយផ្ទះ ស្រាប់តែបាត់ក្របី៦ក្បាល និងបានឆោឡោរាយការណ៍ប្រាប់មេភូមិជាបន្ទាន់រួចមេភូមិ រាយការណ៍ប្រាប់ប៉ូលិស ។

បន្ទាប់ពីបានព័ត៌មាននេះ ភ្លាមរូបលោកបានដឹកនាំកម្លាំងចុះមកដល់ផ្ទះកើតហេតុដោយ ចាត់ឱ្យពលរដ្ឋរាប់រយនាក់បែងចែកកម្លាំងតាមរុករកគោលដៅដោយកាន់ដំបង កាំបិត ពិល គ្រប់ដៃ នាំគ្នាដើរតាមដានជើងក្របី។ រហូតដល់ចម្ងាយជាង១០០០ម៉ែត្របានប្រទះឃើញរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយចំណុះ២តោន កន្លះជាប់ផុងទៅមុខមិនរួចហើយក្របី៦ក្បាល ត្រូវបានចងនៅនឹងដើមឈើជិតរថយន្តនោះ។ ចំណែកក្រុមចោរលួចក្របីមិនដឹងជាមានគ្នា ប៉ុន្មាននាក់នោះទេបាននាំគ្នារត់គេចខ្លួនចូលទៅក្នុងព្រៃបាត់អស់បន្សល់ទុករថយន្ត និងក្របីទើបអ្នកភូមិរឹបអូសបានមកវិញ ។

ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនេះ មានការបញ្ជាពីលោកស្នងការនគរបាលខេត្ត លោកអធិការនគរបាលស្រុកពញាក្រែក និងមានសហការពីសំណាក់ប៉ុស្ត៏រដ្ឋបាលកក់ផងដែរ ទើបតាមប្រមាញ់រករថយន្តដឹកក្របី។

លុះមកដល់ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ក្របីទាំង៦ក្បាល ត្រូវបានសមត្ថកិច្ច ប្រគល់ជូន ម្ចាស់វិញ ហើយស្រាវជ្រាវតាមរកក្រុមចោរបន្តទៀតតាមរយៈរថយន្តខាងលើ និងដឹងច្បាស់ថា ក្រុមចោរមានបំណងលួចក្របី ដាក់រថយន្តដឹកទៅលក់នៅវៀតណាម តែស៊យឡានជាប់ផុង ខាតឡុងចុងយ៉ាងនេះទៅ៕