Loading...

តារាប្រុសស្រីល្បី6រូបនេះ កំព្រាឪពុក តែងនឹកស្រមៃគ្រប់ពេល

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 15:59 pm

ថ្មីៗនេះ តារាចម្រៀងឱក សុគន្ធកញ្ញា បានបង្ហូរទឹកភ្នែកយំឡើងជោកថ្ពាល់ ដោយតូចចិត្តរឿង ត្រូវបែកពីឪពុក តាំងពីនាងនៅក្រហមរងាល ព្រោះថា ម្តាយនិងឪពុកនាង បានចែកផ្លូវគ្នា ដែលធ្វើឱ្យរូបនាងជាកូនច្បង តស៊ូរកលុយរៀន និងផ្គត់ផ្គង់គ្រួសារយ៉ាងលំបាក ទម្រាំមានថ្ងៃនេះ។ វាចារបស់ឱក សុគន្ធកញ្ញា មុននេះ បានធ្វើឱ្យមហាជនជាច្រើនបានសម្តែងក្តីអាណិតអាសូរនាង និងខ្លះទៀត បានយកនាងជាគំរូក្នុងការតស៊ូជម្នះឧបសគ្គគ្រប់យ៉ាង ទើបធ្វើឱ្យនាងបានជោគជ័យក្លាយទៅជាកំពូលតារាចម្រៀងម្នាក់ ដូចបច្ចុប្បន្ននេះ។

យ៉ាងណា គេចាប់អារម្មណ៍ថា ក្រៅពីឱក សុគន្ធកញ្ញា នោះ នៅមានតារាល្បីឈ្មោះ៥ដួងផ្សេងទៀត ដែលសុទ្ធតែកំព្រាឪពុក ដូចតារាចម្រៀងរូបនេះដែរ។

  • ព្រាប សុវត្ថិ ៖ កំពូលតារាចម្រៀងរូបនេះ ធ្លាប់និយាយដោយអួលដើមកថា លោកបែកពីឪពុក តាំងពីម្តាយរបស់លោកសម្រាលរូបលោកបានប៉ុន្មានថ្ងៃម៉្លេះ ហើយអ្វីដែលលោកតូចចិត្តបំផុតនោះ គឺរហូតមកដល់ពេលនេះ លោកមិនដឹងថា ឪពុកមានមុខមាត់យ៉ាងម៉េចនោះទេ ព្រោះសូម្បីតែរូបថត១សន្លឹក ក៏គ្មានផង។

ព្រាប សុវត្ថិ ជាកូនទោលដែលរស់នៅតែ២នាក់ម្តាយតាំងពីតូច ដោយក្រោយថ្ងៃរំដោះ៧មករា លោកធ្លាប់ដើររកត្រីតាមលូទៀតផង។ ក្រោយមក ទើបព្រាប សុវត្ថិ ចូលច្រៀងតាមក្លឹបនានានៅរាជធានីភ្នំពេញ និងបានចូលច្រៀងនៅហង្សមាស កាលពីឆ្នាំ១៩៩៧ តាមរយៈបទ “អូនជាបេះដូងបង”។

ព្រាប សុវត្ថិ ក៏ធ្លាប់ស្វែងរកឪពុកផងដែរ អំឡុងពេលដែលលោកល្បីល្បាញឈ្មោះខ្លាំងនោះ តែរកមិនឃើញហើយលោកសង្ឃឹមតិចតួចបំផុតថា ឪពុកលោកនៅមានជីវិត។ ដោយមិនអាចរកឪពុកឃើញព្រាប សុវត្ថិ បានឱ្យហង្សមាស និពន្ធបទចម្រៀង១បទ មានចំណងជើងថា “លោកឪពុក” ដែលជាសាច់រឿងខ្លួនឯងទៀតផង។

  • ឱក សុគន្ធកញ្ញា ៖ ថ្វីត្បិតតែមិនអាចរួមរស់ក្នុងគ្រួសារមួយ ដែលមានឪពុកម្តាយជុំគ្នាមែន តែសុគន្ធកញ្ញា និងឪពុករបស់នាង បានជួបគ្នាជាញឹកញាប់ ដោយសារអតីតស្វាមីរបស់អ្នកស្រីអ៊ិន ថាច ជាតន្ត្រីករបុរាណម្នាក់ នាពេលបច្ចុប្បន្ននេះ ហើយពេលមានកម្មវិធីសម្ពោធភាពយន្តមួយចំនួននោះ ឪពុកសុគន្ធកញ្ញា ច្រើនតែទៅលេងភ្លេងបុរាណ ដែលតារាជាច្រើនបានស្គាល់រូបលោកថា ជាឪពុកតារាចម្រៀងល្បីឈ្មោះសុគន្ធកញ្ញា។ ទំនាក់ទំនងងនេះមិនកាត់ផ្តាច់ទាំងស្រុងនោះទេ តែអ្វីដែលសុគន្ធកញ្ញា បង្ហូរទឹកនេត្រាជោកថ្ពាល់នោះ ដោយសារតែនាងតូចចិត្តមិនបានរួមរស់នៅជុំគ្រួសារជាមួយឪពុក ដូចក្រុមគ្រួសារដទៃទៀត តាំងពីនាងនៅក្មេងៗម៉្លេះ។

  • មាស សុខសោភា ៖ តារាចម្រៀងល្បីល្បាញរបស់ផលិតកម្មថោន និង Camtrax នេះ ក៏កំព្រាឪពុកដែរ ហើយនាងទៅណាតែងមានម្តាយតាមជាប់ជានិច្ច។ ប៉ុន្តែ ៥ឆ្នាំចុងក្រោយនេះ តាំងពីសុខសោភា ភ្ជាប់ស្នេហ៍ជាមួយបុរសអាណិកជនខ្មែរ-កាដាណា លោកអ៊ឹត រ៉ាដា មក នាងត្រូវបានលោករ៉ាដា ជូនដំណើរគ្រប់ឆាកតន្ត្រីទាំងអស់ បន្ទាប់ពីអ្នកទាំង២ បានរួមរស់ជាមួយគ្នា១១ឆ្នាំ ដោយមិនទាន់រៀបការតាមប្រពៃណីខ្មែរនោះ។

  • ពេជ្រ សោភា ៖ តារាជើងចាស់ផលិតកម្មរស្មីហង្សមាស នេះ ឪពុករបស់នាងទទួលមរណភាពកាលពីឆ្នាំមុន ធ្វើឱ្យនាងស្រងូតស្រងាត់ នឹកឪពុកគ្រប់វិនាទី។

ពេជ្រ សោភា បានឱ្យដឹងថា ១ជីវិតរបស់នាងនៅតែមានវិប្បដិសារៈជានិច្ច ព្រោះនៅពេលដែលនាងមានជីវភាពធូរធារ អាចរកប្រាក់បាន បែរជាឪពុករបស់នាងចាកចោល ដោយគ្មានថ្ងៃត្រឡប់។

តារាហង្សមាស រូបនេះ បានឱ្យដឹងទៀតថា ឪពុករបស់នាងធ្លាប់ធ្វើជាកម្មករសំណង់រកលុយចិញ្ចឹមនាង ដោយលំបាក តែពេលនាងមានលុយ មិនដឹងជាត្រូវសងគុណឪពុកបានតាមវិធីណា ហេតុនេះហើយបានជាធ្វើឱ្យនាងនឹងឪពុកកម្សត់គ្រប់វិនាទីទាំងអស់។

  • សុគន្ធ និសា (ប៊ុន សុគន្ធា) ៖ តារាចម្រៀងមកពីខេត្តក្រចេះ រូបនេះ ក៏ធ្លាប់មានឪពុកជាមន្ត្រី ដែលមានមុខមាត់នៅខេត្តក្រចេះ ដែរ មុនពេលដែលនិសា ប្រលងចម្រៀងជាប់លេខ១ ប្រចាំខេត្តក្រចេះ ហើយចូលប្រឡូកក្នុងសិល្បៈនោះ។

ពេលនេះ និសា ក៏កំព្រាឪពុកដូចមាស សុខសោភា ដែរ ហើយនាងត្រូវបានម្តាយនាងជូនតាមបណ្តាកម្មវិធីមួយចំនួន។

សុគន្ធ និសា បានទាត់ចោលសំណើប្រុសៗអ្នកមាន អ្នកធំជាច្រើន ដោយបានរៀបការជាមួយអាណិកជនខ្មែរ នៅអាមេរិក លោកចៅ សម្បត្តិ ហៅសាំបា ដែលជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុន Manulife។ ពេលនេះ និសា មិនទាន់មានកូនឡើយ ហើយនាងសម្រុកការថតភាពយន្តច្រើនជាងច្រៀង។

  • ខេម (ប៉ុន សុណារិន្ទ) ៖ អតីតអ្នករត់ម៉ូតូឌុប ក្លាយជាតារាចម្រៀងល្បីរបស់ថោន រូបនេះ ក៏ធ្លាប់បង្ហាញការខកចិត្តផងដែរថា ពេលដែលលោកល្បីឈ្មោះអាចរកប្រាក់បាន តែមិនអាចសងគុណលោកឪពុកបានដូចគេ ជាហេតុធ្វើឱ្យពេលខ្លះមានអារម្មណ៍តូចចិត្ត។

ខេម  ដែលជាអ្នកចម្រៀងប្រុសដ៏សំខាន់របស់ថោន នោះ មានត្រូវបានគេបង្ហើបថា មានគូស្នេហ៍នៅប្រទេសបារាំង តែតារាដែលត្រូវបានគេចោទប្រកាន់ថា ពេលបានល្បីចរិតខុសពីមុននេះ មិនដែលហ៊ានបណ្តើរគូស្នេហ៍ជាចំហឡើយ៕