យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េ Yon-Hap ចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា រដ្ឋមន្ត្រីកីឡាកូរ៉េខាងត្បូង លោក Do Jong-hwan គ្រោងចាប់ដៃប្រទេសអាស៊ី៣ទៀត ដេញថ្លៃរួមគ្នាធ្វើម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក២០៣០។ ប្រទេសដែលកូរ៉េខាងត្បូង គ្រោងនឹងបបួលនោះ រួមមាន ប្រទេសចិន ជប៉ុន និងកូរ៉េខាងជើង។
លោក Do Jong-hwan បានលើកឡើងថា ការធ្វើម្ចាស់ផ្ទះរួមគ្នានេះ គឺអាចរក្សាបរិយាកាសនៃសន្តិភាពនាពេលបច្ចុប្បន្ន ពង្រីកសន្តិភាពក្នុងតំបន់ និងនៅឧបទ្វីបកូរ៉េទៀតផងដែរ។
ជាមួយគ្នានេះដែរ លោកដ្ឋមន្ត្រីកីឡាកូរ៉េខាងត្បូងរូបនេះ ក៏គ្រោងស្នើកូរ៉េខាងជើង រួមគ្នាធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ឆ្នាំ២០៣២ទៀតផង។
សម្រាប់ការដេញថ្លៃធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោក២០៣០ មានប្រទេសពីតំបន់អាមេរិកឡាទីន៣ រួមមាន អាហ្សង់ទីន អ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយ បានប្រកាសរួមគ្នាប្រជែងធ្វើម្ចាស់ផ្ទះរួចហើយ រួមទាំង ម៉ារ៉ុក ទុយនីស៊ី និងអាល់ហ្សេរី ក៏រួមគ្នាដើម្បីរៀបចំការប្រកួតនេះដែរ៕
