Loading...

ពេជ្រ ច័ន្ទបរមី រំភើបចិត្ត ស្វាមីឡើងឋានៈនាយឧត្តមសេនីយ៍

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 15:18 pm

កូនៗប្រុសស្រីទាំង៣ របស់អ្នកនាងចាន់ តារាទី បានជូនបាច់ស និងម្តែងការអបអរសាទរប៉ារបស់ពួកគេ លោកកែវ វ៉ាន់ថន ដែលត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផ្កាយ៤ ដែលត្រូវបានរាជរដ្ឋាភិបាលប្រកាសកាលពីពេលថ្មីៗនេះ ខណៈដែលអ្នកនាងពេជ្រ ច័ន្ទបរមី ក៏បានស្វាគមន៍យ៉ាងរាក់ទាក់ចំពោះកូនៗរបស់អតីតភរិយាដើមស្វាមី ដូចក្រុមគ្រួសារតែមួយ។

ប៉ុន្តែ មានការកត់សម្គាល់ថា មិនមានវត្តមានអ្នកនាងចាន់ តារាទី ទៅបង្ហាញខ្លួនអបអរអតីតស្វាមីដែលឡើងផ្កាយ៤ នោះឡើយ។

តាមប្រភពថា ទោះបីអ្នកនាងចាន់ តារាទី បានចែកផ្លូវគ្នាជាមួយអតីតប្តី លោកកែវ វ៉ាន់ថន ទៅហើយក្តី តែលោកវ៉ាន់ថន នៅតែគិតគូរដល់កូនៗទាំង៣ របស់ភរិយាដើម (អ្នកនាងចាន់ តារាទី) អ៊ីចឹងតាមរយៈការផ្តល់ប្រាក់កាសឱ្យសិក្សាឱ្យបានខ្ពង់ខ្ពស់គ្រប់ៗគ្នា។

ដោយឡែក កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦នោះ លោកកែវ វ៉ាន់ថន បានរៀបមង្គលការឱ្យកូនប្រុសលោក ថន បញ្ញារិទ្ធ ដោយមានការចូលរួមពីអ្នកនាងពេជ្រ ច័ន្ទបរមី និងអ្នកនាងចាន់ តារាទី ទៀតផង ទើបធ្វើឱ្យដំណឹងទាំងឡាយដែលធ្លាប់លេចឮថា អ្នកនាងតារាទី និងបរមី មិនត្រូវគ្នានោះ ត្រូវបានស្ងប់ស្ងាត់ទៅវិញ។

ពេជ្រ ច័ន្ទបរមី បានបោះបង់អាជីពសិល្បៈជាង១ទសវត្សមកហើយ ក្រោយពេលដែលអ្នកនាងក្លាយទៅជាភរិយារបស់លោកឧត្តមសេនីយ៍ឯក កែវ វ៉ាន់ថន អ្នកនាំពាក្យអគ្គនាយដ្ឋានអន្តោប្រវេសន៍ ដែលពេលនេះត្រូវដំឡើងឋានន្តរស័ក្តិ ទៅជានាយឧត្តមសេនីយ (ផ្កាយ៤) នោះ ពេលនេះ អ្នកនាងច័ន្ទបរមី បានក្លាយទៅជាជំទាវទៅហើយ ជាមួយការរស់នៅលើគំនរទ្រព្យស្តុកស្តម្ភ វីឡាស្កឹមស្កៃនៅសង្កាត់ភ្នំពេញថ្មី ជាមួយកូនប្រុសស្រីទាំង៣។ យូរៗម្តង គេបានឃើញអ្នកនាងច័ន្ទបរមី ចូលរួមកម្មវិធីអ្នកសិល្បៈដែលធ្លាប់មានការរាប់អានគ្នាជិតដិតពីមុននោះ ហើយតារាទាំងឡាយបានហៅអ្នកនាងបរមី ថា “ជំទាវ” ទៀតផង។

អតីតតារាសម្តែងល្បីល្បាញកាលពីឆ្នាំ១៩៩៧ អ្នកនាងច័ន្ទបរមី ក៏ត្រូវបានគេសរសើរថា នៅតែរក្សាបានរូបសម្រស់ស្អាតដែរ បើទោះជាពេលនេះ អ្នកនាងមានកូនដល់ទៅ៣នាក់ទៅហើយក្តី។

ពេជ្រ ច័ន្ទបរមី ត្រូវបានមហាជនបានមើលឃើញថា ពេលនេះ អ្នកនាងមានអ្វីៗគ្រប់បែបយ៉ាងទាំងអស់ ទាំងឋានៈជំទាវ លុយ ឡាន និង វីឡាដែលស្រីៗ ទាំងឡាយប្រាថ្នាចង់បាន។

ទោះជាយ៉ាងណា អ្នកសិល្បៈមួយចំនួន បែរជានិយាយថា ពេលខ្លះអ្នកនាងបរមី ក៏ស្រងូតស្រងាត់តែម្នាក់ឯងដែរ។

ព័ត៌មានបានឱ្យដឹងថា អ្នកនាងបរមី មិនចេះប្រចណ្ឌស្វាមីរបស់នាងផ្តេសផ្តាសនោះទេ ហេតុនេះហើយ បានជាស្វាមីនាង លោកផ្កាយ៤ កែវ វ៉ាន់ថន ស្រលាញ់កាន់តែខ្លាំង ហើយរយៈពេលចុងក្រោយនេះ គេឃើញលោកផ្កាយ៤ បានបណ្តើរអ្នកនាងបរមី ជាញឹកញាប់ ជាងមុនក្នុងកម្មវិធីថ្នាក់ជាតិ និងការសម្ពោធក្រុមហ៊ុនមួយចំនួនទៀតផង។

គួរបញ្ជាក់ថា ក្រៅពីពេជ្រ ច័ន្ទបរមី តារាដែលបោះបង់អាជីពសិល្បៈ ក្លាយទៅជាជំទាវ មានដូចជា អ្នកនាងស្រីតូច ចំណាន, ឱក បូរី, លី យ៉ាណា ជាដើម ដែលពេលនេះពួកគេដេកលើគំនរទ្រព្យ ដោយប្រើសុទ្ធតែរបស់ម៉ាកល្បី (ប្រេនប្រេន) សូម្បីតែកាបូបដៃមួយ តម្លៃជាង១០ម៉ឺនដុល្លារ”