ភ្នំពេញ ៖ តារាចម្រៀងហង្សមាស លោកអ៊ឹម ថៃ (Em Thai) បានប្ដូរឈ្មោះទៅជាអ៊ឹម អាយដល (Em Idol ) ឬគេអាចហៅថា អ៊ឹម ខ្មែរ ក៏បាន។ ការប្ដូរឈ្មោះរបស់លោកថៃ បន្ទាប់ពីតារាចម្រៀងរួមក្រុមខ្លួន ពេជ្រ ថៃ បានប្ដូរឈ្មោះជា ពេជ្រ ខ្មែរ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោយពីប្រជាជនខ្មែរ ធ្វើពហិការទំនិញថៃ ហើយភាពយន្ដថៃ ត្រូវបានបិទ មិនឲ្យចាក់ផ្សាយនៅប្រទេសកម្ពុជា ដោយសារតែក្រុមជ្រុលនិយមថៃ មួយចំនួន បានប្រមាថមើលងាយជនជាតិខ្មែរ ក្រោយមានបញ្ហាវិវាទរឿងព្រំដែន តំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ។

ចំពោះលោកអ៊ឹម ថៃ មាន Fan ជំរុញឲ្យប្ដូរឈ្មោះថ្មី តាំងពីថ្ងៃទី១៦ ខែមិថុនា ខណៈដែលនៅថ្ងៃទី១៩ ខែមិថុនា ក្រោយឃើញតារាចម្រៀងរួមដំបូល លោកនាង ដាវីន បានខម្មិនទៅលោកថៃ ថា «ពេជ្រ ថៃ ប្ដូរទៅជាពេជ្រ ខ្មែរ អ៊ឹម ថៃ ប្ដូរទៅជាអីបង?» នោះ ទើបលោកថៃ សម្រេចចិត្តប្ដូរឈ្មោះទៅជាអ៊ឹម អាយដល ឬអ៊ឹម ខ្មែរ ។

អ្នកយកព័តមានយើង បានទូរស័ព្ទទៅលោកអ៊ឹម ថៃ ជាច្រើនដង នៅរសៀលថ្ងៃទី៤ កក្កដា ឆ្នាំ២០២៥ តែមិនអាចទាក់ទងបាន ។ ប៉ុន្ដែតាមព័តមានថា តារារួមអាជីព និងក្រុមតន្រ្ដីនៅកន្លែងលោកច្រៀងតាមបណ្ដាហាងនានា រួមទាំងអ្នកជួបលោកតាមផ្លូវ ពួកគេនៅតែជាប់មាត់ហៅលោកថា អ៊ឹម ថៃ ដដែល បើទោះជាលោកឲ្យគេហៅខ្លួនថា អ៊ឹម អាដល ឬអ៊ឹម ខ្មែរ ក៏ដោយ។


លោកពេជ្រ ថៃ ដូរឈ្មោះមកជាពេជ្រ ខ្មែរ
ថ្វីត្បិតតែតារាចម្រៀងហង្សមាស នាពេលនេះ បានប្ដូរឈ្មោះដល់ទៅពីរនាក់ គឺអ៊ឹម ថៃ និងពេជ្រ ថៃ សុទ្ធតែមានឈ្មោះថ្មីរៀងៗខ្លួនក្ដី ប៉ុន្ដែគេឃើញតារាចម្រៀងម្នាក់ទៀត របស់ហង្សមាស គឺលោកគ្រី ថៃពៅ ម្ចាស់ពាន Cambodian Idol រដូវកាលទី៣ នៅរក្សារឈ្មោះដដែល ខណៈដែលតារាសម្ដែងលោក ថៃ ប៊ុននាង ក៏មិនប្ដូរឈ្មោះដែរ។ ដោយឡែកតារាចម្រៀង Galaxy លោកខែម ប៊ុនថៃ បានប្ដូរឈ្មោះទៅជាខេមរៈ សិរីមន្ដ តាំងពី ២០ឆ្នាំមុន មិនមែនទើបប្ដូរតាមពេជ្រ ថៃ ឡើយ ។


គួររំលឹកថា អ៊ឹម ថៃ ជាអតីតបេក្ខភាព Beat The Best រដូវកាលទី២ តែបរាជ័យលើកពានដោយសារតែមិនអាចយកឈ្នះលោកសួរ វិចិត្រ ។ តារាចម្រៀងសំឡេងក្រអួនក្រអៅរូបនេះ ក៏ឈានចូលប្រលងកម្មវិធីប្រលងចម្រៀង I Am A Singer Cambodia រដូវកាលទី២ ដែរ ប៉ុន្ដែខកខានលើកពាន ព្រោះម្ចាស់ជ័យលាភី គឺអ្នកនាង ឌី សូនីតា ។ យ៉ាងណាលោកថៃ ហៅអាយដល ឬខ្មែរ នោះនៅតែមានឱកាសឈរជើងនៅហង្សមាស បើទោះជាបច្ចុប្បន្ន តារាល្បីៗផលិតកម្មនេះ បានចាកចេញសឹងតែអស់ហើយក្ដី ។

លោកអ៊ឹម ថៃ និងលីន សោម៉ា
មហាជនរង់ចាំមើលថា តើលោកអ៊ឹម ថៃ ក្រោយប្រើឈ្មោះថ្មីនេះ មានយីអ៊ុនល្អ ល្បីថែមទៀត ឬយ៉ាងណា? ព្រោះតាមព័តមានថា បទចម្រៀងលោក ចេញពឹងលើផលិតកម្មទម្លាក់ឲ្យច្រៀងទាំងស្រុង ពោលគឺមិនផលិតពីខាងក្រៅឲ្យផលិតកម្មឆាប់បានចេញ ដូចតារាខ្លះទេ ។ ប៉ុន្តែមានការកត់សម្គាល់ថា លោកថៃ បើទោះជាមិនទាន់មានឈ្មោះល្បីរន្ទឺ ប៉ុន្ដែលោកជាតារាចម្រៀងត្រូវប៉ាន់ ច្រៀងតាមហាង និង Pub ជាច្រើនកន្លែង នៅភ្នំពេញ ដែលធ្វើឲ្យលោកអាចរកប្រាក់ចំណូលបានរាប់ពាន់ដុល្លារ ក្នុង១ខែៗ តែលោកថៃ មិនអាចបញ្ឈប់ មិនឲ្យអ្នកធ្លាប់ស្គាល់ហៅឈ្មោះចាស់ខ្លួនបានឡើយ ខណៈដែលគេហៅថា Idol នោះ សំដៅតារាទូទៅ ហើយបើហៅថា លោកខ្មែរ អាចច្រឡំគ្នាទៅនឹងឈ្មោះម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ ៕

លោកអ៊ឹម ថៃ និងអ្នកនាងខាត់ សុឃីម

លោកអ៊ឹម ថៃ និងកញ្ញាផន ស្រីខួច
