Loading...

ស្នងការរាជធានីភ្នំពេញ ត្រូវបានដាក់ឱ្យចូលនិវត្តន៍

​ សោម សុភា​​ | ថ្ងៃសៅរ៍ ទី១ ខែកញ្ញា ឆ្នាំ២០១៨​ | នយោបាយព័ត៌មានជាតិ | | 0 | ម៉ោង 15:06 pm

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទូលថ្វាយព្រះមហាក្សត្រ ស្នើសុំដាក់ឱ្យចូលនិវត្តន៍ជាមួយនឹងនាយនគរបាលជាន់ខ្ពស់ចំនួន៩រូបផ្សេងទៀត។

យោងតាមលិខិតរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៧៩៩ អ.ស ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈ

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ទូលព្រះបង្គំជាខ្ញុំ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈ សូមទ្រង់ព្រះមេត្តាជ្រាប ដោយយោងតាមព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា និងពិនិត្យលក្ខណៈសម្បត្តិរបស់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន១០រូប នៃក្រសួងមហាផ្ទៃ។

ទូលព្រះបង្គំជាខ្ញុំ តាងនាមរាជរដ្ឋាភិបាលកម្ពុជា សូមទ្រង់ព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ដាក់ឱ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន១០រូប នៃក្រសួងមហាផ្ទៃ ដូចមានរាយនាមខាងក្រោម ៖

១-នាយឧត្តមសេនីយ៍ ម៉ៅ ប៊ុនណារិន អត្តលេខ ០០៣៦, ២-នាយឧត្តមសេនីយ៍ សុខ ផល អត្តលេខ ០០៥១, ៣-នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា អត្តលេខ ០០២៣,  ៤-នាយឧត្តមសេនីយ៍ ថោង សំអាត អត្តលេខ ០៤៩៣,  ៥-នាយឧត្តមសេនីយ៍ ផាង ពៅ អត្តលេខ ១២៦៤៤,  ៦-នាយឧត្តមសេនីយ៍ មួន សារ៉ន អត្តលេខ ០៧៧២,  ៧-នាយឧត្តមសេនីយ៍ សួស អង្គារ៍ អត្តលេខ ០១៣២,  ៨-នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អត្តលេខ ៦៧១៦៨,  ៩-នាយឧត្តមសេនីយ៍ ឯម សំណាង អត្តលេខ ០៥៧៥,  ១០-នាយឧត្តមសេនីយ៍ លី គឹមឡុង អត្តលេខ ០៣៤២។

សេចក្តីដូចបានក្រាបបង្គំទូលថ្វាយខាងលើ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈ ទ្រង់ព្រះរាជតម្រិះ និងមានព្រះរាជយោបល់លើសេចក្តីស្នើសុំដាក់ឱ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន១០រូបខាងលើ ដោយព្រះទ័យអនុគ្រោះបំផុត។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ ទ្រង់ព្រះមេត្តាទទួលនូវភក្តីភាព និងការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំ ជាខ្ញុំ…”។

ដោយឡែកនៅថ្ងៃដដែលនោះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញលិខិតិមួយផ្សេងទៀត ដាក់ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈផងដែរ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈ

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ទូលព្រះបង្គំជាខ្ញុំ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈ សូមទ្រង់ព្រះមេត្តាជ្រាបអំពីសំណូមពរចាំបាច់នៃការងារ និងពិនិត្យលក្ខណៈសម្បត្តិ សមត្ថភាព អតីតភាពការងារ ដែលកន្លងមក មានស្នាដៃយ៉ាងល្អ ប្រសើរ ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ ទូលព្រះបង្គំជាខ្ញុំ សូមទ្រង់ព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ជាអគ្គនាយកចំនួន៣រូប នៃក្រសួងមហាផ្ទៃ ដូចមានរាយនាមខាងក្រោម ៖

១-ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អត្តលេខ ០២៤៧ ពីអគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍។

២-ឯកឧត្តមនាយឧត្តមសេនីយ៍ កង សុខន អត្តលេខ ០៣៣៨ ពីអគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយក នៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម។

៣-ឯកឧត្តម សេង យូអ៊ាន់ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ អគ្គនាយករង ទៅជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។

សេចក្តីដូចបានក្រាបបង្គំទូលថ្វាយខាងលើ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះរាជតម្រិះលើសេចក្តីស្នើផ្ទេរភារកិច្ច និងងែតាំងមុខតំណែង ដោយព្រះទ័យអនុគ្រោះ។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈ ទ្រង់ព្រះមេត្តាទទួលនូវភក្តីភាព និងការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំ ជាខ្ញុំ…”៕