Loading...

ឱក សុគន្ធកញ្ញា រំភើបចិត្ត សង្សារថ្មីធ្វើខួបកំណើតឱ្យ

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 17:03 pm

ថ្វីត្បិតតែខួបកំណើតឱក សុគន្ធកញ្ញា មិនទាន់ចូលដល់ក្តី តែកាលពីថ្ងៃអាទិត្យ ទី៩ ខែកញ្ញា លោកអ៊ឹង សុខលី ដែលជាអនាគតស្វាមីសុគន្ធកញ្ញា និងជាប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន នោះ បានរៀបចំខួបកំណើតឱ្យតារាចម្រៀងល្បីរូបនេះ នៅវីឡាទ្រនំស្នេហ៍របស់ពួកគេនៅបូរីអ័រគីដេ ក្បែរសាលាណតប៊្រីដ។

ឱក សុគន្ធកញ្ញា ត្រូវបានគូដណ្តឹង លោកសុខលី លើកនំខេកជូន ហើយនាងរំភើប ដោយមានម្តាយរបស់នាង អ្នកស្រីអ៊ិន ថាច និងប្អូនប្រុសប្អូនស្រីរបស់នាងចូលរួមអបអរសាទរផងដែរ។

តាមរយៈរូបភាពផ្អែមល្ហែមស្នេហ៍រវាងឱក សុគន្ធកញ្ញា និងគូដណ្តឹងនេះ ធ្វើឱ្យគូស្នេហ៍តារាមួយចំនួនទៀតច្រណែនតារារូបនេះ មិនតិចឡើយ ព្រោះយល់ថា ពេលនេះ សុគន្ធកញ្ញា ហាក់មានសេចក្តីសុខក្នុងជីវិតខ្លាំងណាស់ គឺជោគជ័យទាំងអាជីពចម្រៀង និងស្នេហា។

តារាចម្រៀងល្បីឈ្មោះ សុគន្ធកញ្ញា ត្រូវបានលោកសុខលី ថ្នាក់ថ្នមចិន្តា ដោយយកចិត្តទុកដាក់ចំពោះខួបកំណើតរបស់នាង មិនហ៊ានភ្លេច បើទោះជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស រូបនោះ មានការរវល់យ៉ាងណាក៏ដោយ។

តាមព័ត៌មានបានឱ្យដឹងថា ក្រៅពីរៀបចំខួបកំណើតជូនសុគន្ធកញ្ញា នេះ លោកសុខលី ក៏ធ្លាប់ផ្តល់កាដូធំដល់អនាគតភរិយារបស់លោក សុគន្ធកញ្ញា ផងដែរ តាមរយៈការទិញរថយន្តទំនើបម៉ាក Audi ពណ៌ខ្មៅ តម្លៃជិត១០ម៉ឺនដុល្លារ មុនពេលដែលពួកគេបានភ្ជាប់ពាក្យកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នោះ។

ប៉ុន្តែអ្នកស្រីអ៊ិន ថាច ធ្លាប់អះអាងថា រថយន្តនោះកូនប្រសាគាត់ (លោកសុខលី) ទិញជិះខ្លួនឯងទេ ហើយដោយសារតែពួកគេជាគូដណ្តឹងនឹងគ្នាទៅហើយ ហេតុនេះការជិះរថយន្តជាមួយគ្នា គ្មានអ្វីខុសឡើយ។

គួរបញ្ជាក់ថា ឱក សុគន្ធកញ្ញា ត្រូវបានអ្នកគាំទ្ររបស់នាងធ្វើខួបកំណើតឱ្យជារៀងរាល់ឆ្នាំ  នៅថ្ងៃទី១៤ ខែកញ្ញា ដោយតារាចម្រៀងហង្សមាស រូបនេះ តែងតែទទួលបានកាដូជាវត្ថុអនុស្សារីយ៍ជាច្រើន ពីអ្នកគាំទ្ររបស់នាង ជាពិសេស គឺតុក្កតា។

ដោយឡែក សម្រាប់ឆ្នាំនេះវិញ សាច់ញាតិសុគន្ធកញ្ញា បានបង្ហើបឱ្យដឹងថា អ្នកចម្រៀងល្បីល្បាញរូបនេះ គម្រប់ខួប៣៣ឆ្នាំហើយ ក្រៅពីត្រូវគូដណ្តឹងធ្វើខួបកំណើតឱ្យនោះ សុគន្ធកញ្ញា មិនមានគម្រោងធ្វើខួបធំនៅហាងណាមួយ ដែលហៅតារាផ្សេងៗទៀតមកចូលរួមអបអរសាទរដូចតារាផ្សេងៗទៀតនោះទេ។ ប៉ុន្តែតាមដំណឹងថា អនាគតស្វាមីសុគន្ធកញ្ញា គឺលោកសុខលី អាចនឹងដឹកដៃតារាចម្រៀងរូបនេះទៅដើរកម្សាន្តនៅក្រៅប្រទេស រយៈពេលខ្លី ដើម្បីសាងអនុស្សារីយ៍ជាមួយគ្នាឱ្យបានកាន់តែច្រើនថែមទៀត មុនពេលដែលពួកគេដឹកដៃគ្នាចូលរោងការនៅពេលខាងមុខនេះ។

ទោះជាយ៉ាងណា ក្រោយពេលដែលឱក  សុគន្ធកញ្ញា ត្រូវបានគូដណ្តឹងនាង លោកសុខលី ធ្វើខួបកំណើតឱ្យ និងបង្ហាញភាពផ្អែមល្ហែមស្នេហ៍យ៉ាងណាក៏ដោយ ក៏ពេលនេះ ពួកគេមិនទាន់កំណត់ពេលវេលាចូលរោងការទេ បើទោះជារួមរស់ក្រោមដំបូលផ្ទះតែមួយក្តី។

អ្នកស្រីអ៊ិន ថាច បានឱ្យដឹងថា មង្គលការសុគន្ធកញ្ញា និងកូនប្រសា ពិតជាមិនទាន់ដេញពេលាមែន តែក្នុងនាមកូនស្រីគាត់ជានារីខ្មែរ ដាច់ខាតត្រូវតែចូលរោងការនៅពេលណាមួយ មិនអាចលេងស្នេហ៍ដូចពួកអឺរ៉ុប ព្រោះខ្លាចធ្លាក់កូដមិនហ៊ានរៀបការនោះទេ៕