Loading...

វិធីស្ប៉ាស្បែកជុំវិញភ្នែក បន្ថយស្នាមខ្មៅ ហើម និងជ្រួញ

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨​ | សម្រស់ | | 0 | ម៉ោង 14:53 pm

ស្បែកជុំវិញភ្នែក និងក្រោមភ្នែក ងាយមានស្នាមខ្មៅ ហើម និងជ្រួញ ប៉ុន្តែអ្នកអាចកាត់បន្ថយបញ្ហាទាំងនេះបាន ដោយការស្ប៉ាស្បែកជុំវិញភ្នែក តាមវិធីធម្មជាតិ ខាងក្រោម ៖

១-ត្រសក់ត្រជាក់ ៖ យកត្រសក់ក្លាស្សេត្រជាក់ មកហាន់ជាចំណិតមូលស្តើងៗ ២ចំណិត រួចយកមកដាក់លើត្របកភ្នែក ទុកប្រមាណ១៥-២៥នាទី ត្រសក់នឹងជួយបន្ថយអាការ រួយភ្នែក ហើយភាពត្រជាក់ នឹងជួយបន្ថយអាការរលាក និងហើមរបស់ថ្នក់ក្រោមភ្នែក។

២-ថង់តែក្លាស្សេ ៖ ថង់តែ មិនថាជាតែធម្មតា ឬតែបៃតង រឹតតែល្អ ក្រោយពេលឆុងពិសា ហើយកុំទាន់បោះចោល យកវាក្លាស្សេក្នុងទូទឹកកក ទុកប្រើការ ឬបើមិនទាន់ក្លាស្សេ អាចយកវាមកត្រាំទឹកត្រជាក់ខ្លាំង ឬត្រាំក្នុងទឹកកកក៏បាន រួចយកមកស្អំលើត្របកភ្នែក ឬថ្នក់ក្រោមភ្នែក ១៥នាទី នោះសារធាតុថែននីន និងប៉ូលីធីណុល ក្នុងតែ នឹងជួយឱ្យស្បែកក្រោមភ្នែកបង្រួមខ្លួន បន្ថយអាការហើម មានអារម្មណ៍ធូរស្បើយឡើង។

៣-ស្លាបព្រាក្លាស្សេត្រជាក់ ៖ បើថ្ងៃណាមួយអ្នកភ្ញាក់ពីគេង មានអាការហើមភ្នែក សូមយកស្លាបព្រាអ៊ីណុក មកក្លាស្សេក្នុងទូទឹកកកឱ្យត្រជាក់ រួចយកមកស្អំបរិវេណជុំវិញភ្នែក តែស្លាបព្រា កុំឱ្យត្រជាក់ពេក ព្រោះអាចកើតគ្រោះថ្នាក់ដល់ភ្នែក។

៤-ស៊ុតស ៖ គោះពងមាន់ ១គ្រាប់ ញែកស៊ុតស ចេញពីស៊ុតក្រហម រួចប្រើជក់ផាត់មុខ ឬសំឡីជ្រលក់ ស៊ុតស មកលាបជុំវិញភ្នែក ទុកចោល២០នាទី សឹមលាងចេញដោយទឹក ត្រជាក់ដុសថ្នមៗឱ្យស្អាត។ ស៊ុតស នឹងជួយបន្ថយអាការហើមភ្នែក និងសម្អាតវត្ថុកខ្វក់ពីបរិវេណជុំវិញភ្នែកផងដែរ។

៥-ទឹកឃ្មុំសុទ្ធ និងទឹករ៉ែ ៖ យកទឹករ៉ែ ២ស្លាបព្រា និងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ មកលាយចូលគ្នា រួចយកសំឡីមកជ្រលក់ឱ្យសើម ហើយបិទសំឡីនោះលើត្របកភ្នែក និងជុំវិញភ្នែក ទុកចោល១៥នាទី ឬអាចប្រើតែទឹកឃ្មុំសុទ្ធ តែម៉្យាងក៏បាន។ ទឹកឃ្មុំ នឹងជួយសម្អាតស្បែក ជុំវិញភ្នែកបានយ៉ាងល្អ។ ម៉្យាងទៀត ទឹកឃ្មុំ មានគុណប្រយោជន៍ជួយសម្លាប់មេរោគបាក់តេរី ជួយផ្តល់សំណើមដល់ស្បែក និងបន្ថយស្នាមជ្រួញ។

៦-ដំឡូងបារាំង ៖ យកដំឡូងបារាំង ក្លាស្សេត្រជាក់ មកចិតជាបន្ទះមូលស្តើងៗ២បន្ទះ រួចយកមកបិទលើថ្នក់ក្រោមភ្នែក ទុកចោល១៥នាទី ជួយបន្ថយអាការហើម និងរលាករបស់ថ្នក់ ក្រោមភ្នែក។

៧-ទឹកដោះគោស្រស់ត្រជាក់ ៖ ទឹកដោះគោស្រស់ត្រជាក់ ក៏ជួយបន្ថយអាការហើមភ្នែកបាន ដោយយកសំឡីមកជ្រលក់ទឹកដោះគោ ស្រស់ត្រជាក់ឱ្យសើម ហើយបិទសំឡីនោះ លើត្របកភ្នែក ទុកចោល១៥នាទី៕