Loading...

ខ្យល់កន្ត្រាក់ប៉ើងដំបូលឃ្លាំង សង្កត់កម្មកររបួស៣នាក់

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 18:06 pm

ភ្នំពេញ ៖ ករណីគ្រោះធម្មជាតិ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ខ្លាំង បានបោកបក់ធ្វើឱ្យប៉ើងដំបូលឃ្លាំង ដែលកំពុងសាងសង់មួយកន្លែង បណ្តាលឱ្យសង្កត់ក្រុមកម្មករចំនួន៣នាក់ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចឃ្លាំងកំពុងសាងសង់១កន្លែង ស្ថិតក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ឃ្លាំងដែលបើងសង្កត់មនុស្ស គឺដំបូលធ្វើពីដែកប្រក់ស័ង្កសី ដែលមិនទាន់សាងសង់រួច មានទំហំខូចខាតមានប្រហែល២៩៧០ម៉ែត្រការ៉េ ទទឹង៣៣ ម៉ែត្រការ៉េ បណ្តាយ៩០ម៉ែត្រការ៉េ និងខូចខាតរថយន្តចំនួន២គ្រឿង។

ជនរងគ្រោះទាំង៣នាក់ ដែលត្រូវដំបូលឃ្លាំងសង្កត់ខាងលើ រួមមាន ទី១-ឈ្មោះអេង ធី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ ធ្វើឃ្លាំង ទី២-ឈ្មោះយូរ ផុត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករ ហើយម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញានៅឡើយទេ ព្រោះរងរបួសធ្ងន់ធ្ងរ។ ចំណែកម្ចាស់ឃ្លាំងមានឈ្មោះ អ៊ីង ប៊ុនប៉េង ជនជាតិខ្មែរ។

ក្រោយកើតហេតុរួច សមត្ថកិច្ចបានចុះត្រួតពិនិត្យមើលឃើញថា ការចាក់ធ្វើសសរដែកនេះ មិនមានគ្រឹះច្បាស់លាស់ទេ ដោយមានដែកសរសៃតូចៗ ទើបធ្វើឱ្យមានខ្យល់កន្ត្រាក់មក បណ្តាលឱ្យរលំបាក់សង្កត់ទៅលើកម្មកររងរបួស ធ្ងន់និងស្រាល ហើយបច្ចុប្បន្នឃ្លាំងនោះ ត្រូវផ្អាកបណ្តោះអាសន្នសិន រង់ចាំមន្ត្រីជំនាញចុះ ពិនិត្យពីបញ្ហាបច្ចេកនៃការសាងសង់។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យសួគ៌ា ដើម្បីនាំទៅសង្គ្រោះបន្ទាន់៕