ខេត្តព្រៃវែង ៖ ហេតុការណ៍បុរសខូចចិត្ត ឈឺចិត្តស្អិតទ្រូង សម្រេចចិត្តគិតខ្លី ចងកសម្លាប់ខ្លួន ព្រោះប្រពន្ធលបលួចទាក់ទងជាមួយប្រុសថ្មី រហូតដល់ត្រូវរ៉ូវគ្នាវេចបង្វេចរត់ចោលប្តី ទៅសម្ងំរួមស្នេហ៍ជាមួយប្រុសថ្មី បានកើតមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិកំពង់ស្លែង ឃុំធាយ ស្រុកបាភ្នំ។
បុរសគិតខ្លី ដែលចងកធ្វើអត្តឃាត មានឈ្មោះញូវ ហៀង អាយុ៣៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា តាំងពីប្រពន្ធរត់ចោល ទៅសាងស្នេហ៍ជាមួយប្រុសថ្មីមក ធ្វើឱ្យបុរសជាប្តីឈឺចិត្តស្អិតទ្រូងយ៉ាងខ្លាំង មិនគួរប្រពន្ធដែលខ្លួនស្រលាញ់ស្មើនឹងជីវិត ដាច់ចិត្តរត់ចោលប្តីដែលធ្លាប់កម្សត់កម្រនឹងគ្នាបែបនេះសោះ និងធ្វើឱ្យប្តីចេះតែដើរផឹកស្រាស្រវឹង និងពោលពាក្យប្លែកៗ បែបអស់សង្ឃឹមក្នុងជីវិតរហូត ទីបំផុតមិនបានប៉ុន្មានផង ស្រាប់តែបុរសជាប្តីរូបនេះ បានសម្រេចចិត្តចងកបញ្ចប់ជីវិតតែម្តង។
ប្រភពខាងលើបញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមិនឃើញជនរងគ្រោះចុះពីផ្ទះសោះ ទើបសាច់ញាតិនឹកឆ្ងល់ ក៏ឡើងទៅមើលស្រាប់តែប្រទះឃើញជនរងគ្រោះ ចងសម្លាប់ខ្លួននៅលើផ្ទះបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើល និងរាការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែអង្រឹងប្រវែង២ម៉ែត្រ ចងកជាប់នឹងននងផ្ទះ បណ្តាលឱ្យស្លាប់។ មូលហេតុ ដោយសារតែជនរងគ្រោះ តូចចិត្តនឹងរឿងប្រពន្ធរត់ចោល ទៅតាមប្រុសថ្មី។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕