Saturday, May 16, 2026
Homeសន្ដិសុខសង្គមប៉េអឹមបង្ក្រាបក្រុមចាប់ជំរិតចិន ៤នាក់ ធ្វើទារុណកម្ម ចាប់ញាត់វ៉ាលិស

ប៉េអឹមបង្ក្រាបក្រុមចាប់ជំរិតចិន ៤នាក់ ធ្វើទារុណកម្ម ចាប់ញាត់វ៉ាលិស

ខេត្តព្រះសីហនុៈ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបទល្មើសចាប់បង្ខាំងធ្វើទារុណកម្មយ៉ាងឃោឃៅនិងជំរិតទារប្រាក់ ប្រព្រឹត្តនៅចំណុចកាស៊ីណូ ស៊ីងហោភីក ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយចាប់ជន ល្មើស ចំនួន៤នាក់ (ចិន ៣នាក់) និងរំដោះជនរងគ្រោះជនជាតិចិន ដែលរងរបួសពេញខ្លួន។

ប្រតិបត្តិការបំបែកករណីនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជា ការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស លោក ម៉ាង ស៊ីណេត អភិបា លខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត ក្រោមការសម្រប សម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត។

យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលព័ត៌ មានថា មានករណីចាប់ជំរិតទារប្រាក់មួយ កើតឡើង ប្រព្រឹត្ត នៅចំណុចក្រុងព្រះសីហនុ បង្កដោយជន សង្ស័ យជាជនជាតិចិន និងជនរងគ្រោះ ជាជនជាតិចិន ដូចគ្នា ហើយជនសង្ស័យ បានបើករថយន្តម៉ាក Lexus NX-200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-4899 យកទៅប្លុងចោលនៅចំណុចភូមិស្មាច់ដែង សង្កាត់រាម ក្រុងព្រះសីហនុ។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះទៅចំណុចទីតាំងរថយន្តប្លុងចោលខាងលើ និងបានយករថ យន្ត មករក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ និងជួយសង្គ្រោះជនរងគ្រោះ។

លុះដល់វេលាម៉ោង ៦និង៤០នាទីព្រលប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញ ចំនួន១០នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្រេបសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះ សីហនុ បានចុះទៅចំណុចផ្ទះវីឡាមួយកន្លែង ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានធ្វើការឡោមព័ទ្ធផ្ទះវីឡានោះ ជនសង្ស័យបានដឹងខ្លួន មានបំណងចង់រត់គេចខ្លួន តែត្រូវបានជនរងគ្រោះឆ្លៀតឱកាសរត់ចេញពីផ្ទះវីឡានោះ ក្រោយមក ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះជនរងគ្រោះបាន។

ជនរងគ្រោះដែលត្រូវបានសមត្ថកិច្ចជួយរំដោះ មានឈ្មោះ HUANG ZEWEI ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (រងរបួសធ្ងន់ និងមានរបួសស្នាមពេញខ្លួន)។ចំណែកជនសង្ស័យ មានចំនួន៤នាក់ (ចិន ៣នាក់ និងខ្មែរម្នាក់) រួមមាន ទី១-ឈ្មោះ LAN HUAI MIN អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសី ហនុ។ ទី២-ឈ្មោះ SHIY INGYA អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ទី៣-ឈ្មោះ ZHENG XIANG ZHU អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងទី៤-ឈ្មោះ ជា ជ័យជេស្តា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ចំពោះ វត្ថុតាងដែលដកហូតបាន រួមមាន ៈ ១-ស្លាកលេខរថយន្ត ភ្នំពេញ 2BA-9099 ចំនួន១គូ។ ២-ខ្នោះដៃ ចំនួន៧គូ។ ៣- ដែកចុងស្រួច ចំនួន១។ ៤-ដែកទីបមូល ប្រហែល ២,៥ម៉ែត្រ ចំនួន១ដើម។ ៥-ដង្កាប់ ចំនួន១។ ៦-ស្នាប់ដៃ ចំនួន២។ ៧-ខ្សែកៅស៊ូ ចំនួន១។ ៨-កូនកាំបិត ចំនួន១។ ៩-វិទ្យុទាក់ទង ចំនួន២គ្រឿង។ ១០-កន្សែងតូច ចំនួន២ (ប្រឡាក់ឈាម)។ ១១-វាំងនន ចំនួន១ (ប្រឡាក់ឈាម)។ ១២- ស្រោមខ្នើយ ចំនួន១ (ប្រឡាក់ឈាម សម្រាប់រុំមុខ)។ ១៣-តង់កៅស៊ូពណ៌ខៀវ (ប្រឡាក់ឈាម)។ ១៤-ដែកជើងតុ ពណ៌មាស ចំនួន១ (បាក់)។ ១៥-វ៉ាលស ពណ៌ខ្មៅ ចំនួន១។ ១៦-ទូរស័ព្ទដៃ ចំនួន៦គ្រឿង។ ១៧-លិខិតឆ្លងដែនជនជាតិខ្មែរចំនួន១។ ១៨- លិខិតឆ្លងដែនជនជាតិចិន ចំនួន១។ ១៩-លិខិតឆ្លងដែនជនជាតិឡាវ ចំនួន១។

របាយការណ៍ដដែល បានបញ្ជាក់ថា ករណីខាងលើ គឺជនសង្ស័យមានការរៀបចំគម្រោងទុកជាមុន (មានអង្គការចាត់តាំង) ដោយក្នុងប្រតិបត្តិការនោះ គឺជនសង្ស័យ មានគ្នាប្រហែល ៧ទៅ៨នាក់ ជនជាតិចិន ហើយក្នុងចំណោមជនសង្ស័យនោះ គឺមានម្នាក់ ជាមិត្តភក្តិរបស់ជនរងគ្រោះ ដោយដឹងពីស្ថានភាពរបស់ជនរងគ្រោះ ច្បាស់លាស់ និងបានរៀបចំសម្ភារធ្វើសកម្មភាព ដូចជា ខ្នោះដៃ វ៉ាលិស ឧបករណ៍ធ្វើទារុណកម្ម ជាដើម ជា ពិសេសរថយន្ត និងផ្ទះសម្រាប់ធ្វើសកម្មភាព (រថយន្ត ៣គ្រឿង ទុកផ្លាស់ប្តូរគ្នា)។

បន្ទាប់ពីរៀបចំគម្រោងរួចរាល់ ជនសង្ស័យដែលជាមិត្តភក្តិរបស់ជនរងគ្រោះ បានហៅជនរងគ្រោះ មកកាស៊ីណូ មួយកន្លែង ម្តុំតោ២។ បន្ទាប់ពីជនរងគ្រោះបានទៅដល់ ជនសង្ស័យបាននាំជនរងគ្រោះឡើងទៅជាន់ទី១ រួចបាន ធ្វើសកម្មភាពចាប់បង្ខាំជនរងគ្រោះតែម្តង ដោយគ្នា របស់ជនសង្ស័យ ចំនួន៤នាក់ ក្លែងបន្លំធ្វើជាសមត្ថ កិច្ចប៉ូលីសចិន ថាជនរងគ្រោះ បានប្រព្រឹត្តបទល្មើស ត្រូវបានប៉ូលិសចិន ចាប់ខ្លួន និងបានចាប់វាយខ្នោះដៃ និងចងជើងជនរងគ្រោះ ដាក់ចូលក្នុងវ៉ាលិសធំ ពណ៌ខ្មៅ រួចក៏រុញវ៉ាលិសនោះ ចេញពីកាស៊ីណូ សំដៅទៅផ្ទះវីឡា ធ្វើសកម្មភាព ដោយប្រើប្រាស់រថយន្ត ចំនួន៣គ្រឿង ផ្លាស់ប្តូរពីមួយទៅមួយ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងបានធ្វើទារុណកម្មលើជនរងគ្រោះ ជំរិតយកប្រាក់ បានចំនួន៥ម៉ឺនដុល្លារ។

ជនសង្ស័យទាំង៤នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថ បញ្ជូនទៅតុលាការ  ចាត់ការតាមច្បាប់៕

RELATED ARTICLES