Saturday, July 19, 2025
Homeព័ត៌មានជាតិពុទ្ធោ!!! សុទ្ធតែក្មេងស្រីៗ ជួយបានតែ៤នាក់ ២នាក់ទៀត លិចចូលទឹកបាត់

ពុទ្ធោ!!! សុទ្ធតែក្មេងស្រីៗ ជួយបានតែ៤នាក់ ២នាក់ទៀត លិចចូលទឹកបាត់

ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍ក្មេងស្រីលង់ទឹកស្លាប់២នាក់ ក្នុងចំណោម៦នាក់ ពេលរអិលជើងចូលកន្លែងទឹកជ្រៅ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចអាងពង្រ ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា បានបញ្ជាក់ប្រាប់ថា ក្មេងស្រីរងគ្រោះទាំង២នាក់ ដែលលង់ទឹលស្លាប់រួមមាន ទី១-ឈ្មោះ បឿន ស្រីណូ អាយុ៩ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ មានឪពុកឈ្មោះប៊ិត ប៊ុននី អាយុ៣២ឆ្នាំ ម្តាយឈ្មោះតែម ស៊ីម អាយុ២៨ឆ្នាំ បច្ចុប្បន្នចេញទៅធ្វើការងារនៅប្រទេសថៃអស់ទៅហើយ ដោយទុកកូនស្រីឱ្យរស់នៅជាមួយជីដូន និងទី២-ឈ្មោះប៉ុច សុឃីម អាយុ១១ឆ្នាំ មានឪពុកឈ្មោះកែវ ម៉ៅ អាយុ៤១ឆ្នាំ ម្តាយឈ្មោះសេក សោម អាយុ៤៣ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។

ប្រភពដដែលបន្តថា ជារៀងរាល់ថ្ងៃ នៅអាងទឹកពង្រ មានក្មេងៗជាច្រើននាក់នាំគ្នាមកលេង រណ្តៅទឹកអាង ដែលមានជម្រៅ៣ទៅ៤ម៉ែត្រ។ លុះមកដល់ថ្ងៃកើតហេតុ គេឃើញក្មេងស្រីចំនួន៦នាក់ បាននាំគ្នាមកងូតទឹកលេងនៅចំណុចកើតហេតុខាងលើ ស្រាប់តែមួយសន្ទុះក្រោយមក ក្មេងស្រីទាំង៦នាក់ ក៏រអិលជើងចូលទៅកន្លែងទឹកជ្រៅ បណ្តាលឱ្យលង់ទាំងអស់គ្នា និងព្យាយាមស្រែកឆោឡោឡើងហៅគេឱ្យជួយ ទើបប្រជាពលរដ្ឋដែលកំពុងបង់ត្រីនៅក្បែរនោះ ស្ទុះទៅជួយសង្គ្រោះបានតែក្មេងស្រីចំនួន៤នាក់ប៉ុណ្ណោះ ចំណែកក្មេងស្រី២នាក់ទៀត បានលិចចូលទៅក្នុងទឹក ទម្រាំរាវរកឃើញ បានឈ្លក់ទឹកស្លាប់បាត់អស់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះទាំង២នាក់ ពិតជាស្លាប់ដោយសារ លង់ទឹកប្រាកដមែន រួចក៏ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES