ភ្នំពេញ ៖ ករណីមួយបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចខាងមុខផ្សារស៊ិនជូរី ផ្លាហ្សា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ដោយសារនារីវ័យក្មេងម្នាក់ កាន់រូបថតប្រុសស្នេហ៍ជើងល្អ មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចោទព្រកាន់ពីប្រុសស្នេហ៍ បានខ្លួនប្រាណហើយ ប្រើល្បិច ចិខ្ចីទាំងម៉ូតូ និងទូរស័ព្ទ ស្រីស្នេហ៍ រួចក៏យកទៅបាត់លែងវិលវិញ ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

នារីរងគ្រោះមានឈ្មោះអាន ស្រីលីន អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។ ចំណែកប្រុសស្នេហ៍ជើងល្អ ត្រូវបាននារីរងគ្រោះ ប្រាប់ថា មានឈ្មោះណាក់ ភារៈ អាយុ៣២ឆ្នាំ មុខរបរជាមន្ត្រីនគរបាល តែមិនដឹងអង្គភាព និងមិនដែលស្គាល់ផ្ទះខាងប្រុសសោះ។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នាងបានស្គាល់គ្នាជាមួយបុរសខាងលើ តាមរយៈហ្វេសប៊ុកជាង២ខែមកហើយ ដោយគេបាន ប្រាប់ថា គេជាមន្ត្រីនគរបាល នៅអំឡុងពេលស្គាល់គ្នានោះ ពួកនាងធ្លាប់ណាត់ជួបគ្នាដើរលេងបានចំនួន២ដងដែរ ប៉ុន្តែនាងមិនដែលស្គាល់ផ្ទះបុរសខាងលើឡើយ។ លុះមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលត្រូវនឹងថ្ងៃបុណ្យនៃក្តីស្រលាញ់ បុរសជាសង្សារបានប្រាប់នាងថា ចង់ទៅលេងស្រុកកំណើតរបស់នាង ពេលនោះពួកនាងក៏បានណាត់គ្នាជួបគ្នា និងបានជិះម៉ូតូរបស់នាង១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1NT-2943 ឌុបគ្នាទៅលេងស្រុកកំណើតនាង នៅខេត្តកំពង់ចាម។

នារីរងគ្រោះបានឱ្យដឹងទៀតថា ក្រោយពីទៅដល់ស្រុកកំណើតរបស់នាង ពួកនាងក៏បានដេក១យប់ លុះដល់ព្រឹកឡើង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបនាំគ្នាជិះម៉ូតូដឹកគ្នាត្រឡប់មកភ្នំពេញវិញ។ ពេលធ្វើដំណើរមកដល់ចំណុចមុខផ្សារស៊ិនជូរីផ្លាហ្សា បុរសជាសង្សារបានប្រាប់នាងថា ឱ្យនៅចាំគាត់មុខផ្សារមួយភ្លែត គាត់ជិះម៉ូតូទៅយកកូនសោចូលផ្ទះ ដែលផ្ញើនឹងមិត្តភក្តិ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងខ្ចីទូរស័ព្ទដៃនាង១គ្រឿង ម៉ាក HUAWEI ទៅផង ហើយក៏ទៅបាត់រហូតតែម្តង មិនឃើញប្រុសស្នេហ៍ត្រឡប់មកវិញ នាងក៏បានចុចទូរស័ព្ទទៅសួរ ស្រាប់តែទូរស័ព្ទមិនចូលសោះ លុះនាងឆែកហ្វេសប៊ុកមើល ក៏ស្រាប់តែប្រុសស្នេហ៍បានប្លុកគណនីហ្វេសប៊ុករបស់នាងចោលទៀត ទើបនាងភ្ញាក់ខ្លួនដឹងថា ចាញ់ល្បិចប្រុសព្រាន អស់ទាំងចិត្ត អស់ទាំងម៉ូតូ អស់ទាំងទូរស័ព្ទ។

បន្ទាប់ពីដឹងថា ប្រុសស្នេហ៍បោកទាមងខ្លួនហប្រាណ យកទាំងម៉ូតូនិងទូរស័ព្ទទៅបាត់នោះ ទើបនារីរងគ្រោះ បានសម្រេចកាន់រូបថតប្រុសស្នេហ៍មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាប១ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍៕