ខេត្តកំពង់ចាម ៖ ករណីប្តីចិត្តស្មោះ ខឹងប្រពន្ធចោទប្រកាន់ថាមានស្រី រកហេតុផលអ្វីមកសំអាងឱ្យប្រពន្ធជឿសម្តីមិនបាន បែរជាដាច់ចិត្តលោតទឹកសម្លាប់ខ្លួន ដើម្បីបញ្ជាក់ចិត្តស្មោះនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចលើស្ពានគីហ្សូណា ត្រង់បង្គោលលេខ ភ៧ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
បុរសចិត្តខ្លាំងគំនិតខ្លី ដែលលោតទឹកសម្លាប់ខ្លួន ដើម្បីបង្ហាញពីទឹកចិត្តស្មោះចំពោះប្រពន្ធនេះ មានឈ្មោះគឹម សុខស៊្រុន អាយុ៣១ឆ្នាំ មានលំនៅក្នុងភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែក ប្រាប់ថា នាងនិងប្តី បានឈ្លោះប្រកែកទាស់ពាក្យសំដីគ្នា ដោយនាងជាប្រពន្ធសង្ស័យថាប្តីមានស្រី រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ប្តីបានចេញពីផ្ទះមកធ្វើការនៅក្រុងកំពង់ចាមតាំងពីព្រឹក រហូតដល់ម៉ោងប្រមាណ៨យប់ មិនទាន់ឃើញត្រឡប់មកផ្ទះវិញ ទើបនាងបានទូរស័ព្ទទៅរកប្តី ហើយប្តីបានឆ្លើយថា គាត់កំពុងផឹកជាមួយមិត្តភក្តិនៅមាត់ទន្លេ កំពង់ចាម។ ឮបែបនេះ ធ្វើឱ្យនាងក្តៅចិត្តយ៉ាងខ្លាំង ព្រោះថាប្តីចប់ការងារ មិនព្រមត្រឡប់ទៅផ្ទះវិញ រវល់អង្គុយផឹកស៊ី ណាមួយសង្ស័យថា ប្តីកំពុងផឹកស៊ី ជាមួយស្រីញីផង ក៏បានឈ្លោះប្រកែកគ្នាតាមទូរស័ព្ទ១ប៉្រាវ រួចហើយនាងជាប្រពន្ធបានជិះម៉ូតូពីផ្ទះមករកប្តីដល់កំពង់ចាម។

ស្ត្រីជាប្រពន្ធរូបនេះ បន្តថា លុះពេលនាងធ្វើដំណើរមកដល់លើស្ពានគីហ្សូណា ក៏ប្រទះឃើញប្តីឈរនៅលើស្ពាន ទើបនាងបានឈប់ម៉ូតូ សួរនាំប្តី រួចក៏ផ្ទុះជាជម្លោះនឹងគ្នា១ប៉្រាវទៀត បន្ទាប់មកប្តីរបស់នាង ក៏បាននិយាយថា “ទាល់តែលោតទឹកស្ពានមែន បានជឿ?…” លុះគ្រាន់តែនិយាយមិនទាន់រួចពីមាត់ផង ស្រាប់តែប្តីរបស់នាងបានដោះស្បែកជើងចេញ រួចឡើងតោងបង្កាន់ដៃលោតពីលើស្ពានចូលទៅក្នុងទឹកប្រូងតែម្តង ធ្វើឱ្យនាងរន្ធត់ចិត្តយ៉ាងខ្លាំង មិននឹកស្មានថា ប្តីចិត្តខ្លាំងដល់ម្លឹង។

លោកអធិការ បានប្រាប់ថា សពបុរសដែលបានលោតទឹកសម្លាប់ខ្លួនូ ក្រោយពីផ្ទុះជម្លោះជាមួយប្រពន្ធនោះ រហូតមកដល់វេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបសមត្ថកិច្ចបានប្រទះឃើញសពបុរសរងគ្រោះ ឈ្មោះគឹម សុខស៊្រុន ដែលបានផុសអណ្តែតឡើងនៅកណ្តាលទន្លេ រួចក៏ចេញកម្លាំងទៅអូសយកសាកសពមកច្រាំងទន្លេ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ រួចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕