ខេត្តព្រះសីហនុ៖ ជារឿងដ៏គួរឱ្យរន្ធត់ និងសោកសៅបំផុតសម្រាប់ក្រុមគ្រួសារមួយនេះ ខណៈដែលកំពុងនាំគ្នាធ្វើដំណើរកម្សាន្ត បុរសជាប្តីបានអែបឡានឈប់នៅលើចិញ្ចើមផ្លូវ ដើម្បីឱ្យប្រពន្ធកូនចុះទិញអីហូប ស្រាប់តែអកុសល មានរថយន្តបែនដឹកថ្ម១គ្រឿង បើកចុះចំណោតដាច់ហ្វ្រាំង ជ្រុលទៅបុករួចក្រឡាប់សង្កត់ពីលើរថយន្តបុរសរងគ្រោះ បណ្តាលឱ្យក្រពិតកៀបជាប់ជនរងគ្រោះនៅក្នុងរថយន្តស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យស្ត្រីជាប្រពន្ធតក់ស្លុត រន្ធត់ចិត្ត ស្រែកទ្រហោយំបោកខ្លួន ដង្ហើយហៅប្តីឱ្យត្រឡប់មកវិញ មើលថែ ផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសារ។

បុរសរងគ្រោះជាប្តីដែលត្រូវរថយន្តដឹកថ្ម ក្រឡាប់សង្កត់ស្លាប់ មានឈ្មោះសុទ្ធ រិទ្ធី អាយុ៣៨ឆ្នាំ មានប្រពន្ធ និងកូនប្រុសម្នាក់អាយុប្រមាណ៦ឆ្នាំ និងមានលំនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
យោងតាមគណនីហ្វេសប៊ុក ឈ្មោះ Channa KaKa ដែលត្រូវជាប្រពន្ធរបស់ជនរងគ្រោះឈ្មោះសុទ្ធ រិទ្ធី បានបង្ហោះសារទុក្ខសោកមួយ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយបានរៀបរាប់ថា “បងហា បងក្រោកឡើង ក្រោកមកនិយាយជាមួយអូន ក្រោកមកមើលថែអូនដូចមុន ជិតដល់ម៉ោងកូនទៅរៀនហើយ ក្រោកឡើងជូនកូនយើងទៅរៀន កុំដេកយូរពេក ប្រយ័ត្នយឺតម៉ោងកូនទៅរៀនណា កូនសួររកប៉ាប៉ាវា វាហៅ ឱ្យជូនទៅរៀន បងក្រោកមក អូនសុំអង្វរ បងកុំធ្វើអ៊ីចឹងដាក់អូន បងមិនដែលទុកអូនចោលបែបនេះទេ កុំទុកអូនចោលឱ្យនៅម្នាក់ឯងអី អូនខ្លាចណាស់បង បងត្រូវក្រោកមកមើលថែអូនដូចមុនណាបងសម្លាញ់…”។

ម្ចាស់គណនីខាងលើ បានបន្តថា “ស្រស់ៗពេកហើយ អូនធ្វើចិត្តអត់បានទេបង មកវិញមក កូន អូនត្រូវការបងណាស់ ក្រោកឡើងវិញ ណាបងអូនស្រលាញ់…”។

គួររំលឹកថា កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤០-១៤១ ត្រង់ចំណុចផ្លូវបំបែកស្រែអំបិល ស្ថិតក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សិលា ដោយប្តីប្រពន្ធ២នាក់ រួមនឹងកូនប្រុសតូចម្នាក់ បាននាំគ្នាធ្វើដំណើរកម្សាន្ត លុះពេលបុរសជាប្តី អែបឡានឈប់ឱ្យប្រពន្ធកូនចុះទិញអីហូប ស្រាប់តែត្រូវរថយន្តបែនដឹកថ្ម១គ្រឿងបើកចុះចំណោតដាច់ហ្វ្រាំង ក្រឡាប់សង្កត់ពីលើរថយន្តបុរសរងគ្រោះ បណ្តាលឱ្យ ក្រពិតកៀបជាប់ជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យស្ត្រីជាប្រពន្ធខំស្រែកហៅគេឯងឱ្យជួយប្តីផង តែអកុសល បុរសជាប្តីបានបាត់បង់ជីវិតទៅហើយ បានត្រឹមដឹកសពប្តីត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ។

រថយន្តដែលទទួលរងគ្រោះ ដោយសាររថយន្តដឹកថ្មក្រឡាប់សង្កត់ពីលើខ្ទេចគ្មានសល់ ម៉ាកហុងដា CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M-2821 បើកបរដោយបុរសរងគ្រោះឈ្មោះសុទ្ធ រិទ្ធី អាយុ៣៨ឆ្នាំ (ស្លាប់នៅនឹងកន្លែង) និងរួមដំណើរដោយប្រពន្ធ ព្រមទាំងកូនប្រុស ម្នាក់ (គ្មានរងរបួស) និងមានលំនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ជាប្រភេទរថយន្តដឹកថ្ម ពាក់ស្លាកលេខ កំពង់ធំ 3A-1369 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានជួយគាស់យក បុរសជាអ្នកបើករថយន្តដឹកថ្ម ចេញមកក្រៅ រួចបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ដើម្បីសង្គ្រោះជីវិត។ ចំណែកសាកសពជនរងគ្រោះឈ្មោះសុទ្ធ រិទ្ធី ដែលកៀបស្លាប់ក្នុងរថយន្ត ត្រូវសមត្ថកិច្ចប្រើពេលវេលារាប់ម៉ោង ទើបអាចគាស់យកសពចេញមកក្រៅបាន រួចប្រគល់ទៅឱ្យស្ត្រីជាប្រពន្ធដឹកកសពប្តីត្រឡប់ទៅផ្ទះវិញ រៀបចំធ្វើបុណ្យតាមប្រពៃណី។

ដោយឡែករថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង រួចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕






