Saturday, July 19, 2025
Homeព័ត៌មានជាតិលែងលះមិនទាន់ដាច់ ប្តីលួចការប្រពន្ធថ្មី ប្រពន្ធដើមតាមឈ្លោះបែកផ្សែង

លែងលះមិនទាន់ដាច់ ប្តីលួចការប្រពន្ធថ្មី ប្រពន្ធដើមតាមឈ្លោះបែកផ្សែង

ខេត្តកណ្តាល ៖ បុរសម្នាក់បានលែងលះប្រពន្ធដើមរបស់ខ្លួនមិនទាន់ដាច់ស្រេចនៅឡើយ ស្រាប់តែលួចលាក់ទៅរៀបការជាមួយនឹងប្រពន្ធថ្មី រួមរស់រហូតដល់មានផ្ទៃពោះ ស្រាប់តែប្រពន្ធដើមដឹងរឿង នាំកូនប្រុសស្រី២នាក់ តាមមករកមុខដល់ផ្ទះ ធ្វើឱ្យកើតជាជម្លោះបែកផ្សែង កាលពីព្រឹកថ្ងៃ១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិ ខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

បុរសដែលលែងលះប្រពន្ធមិនទាន់ដាច់ បែរជាលួចរៀបការប្រពន្ធថ្មី មានឈ្មោះស៊ីវ ឥន្ទរ៉ា អាយុ៣៦ឆ្នាំ ជាមន្ត្រីយោធា នៅអង្គភាពកងដឹកជញ្ជូន៩៩ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។ ចំណែកស្ត្រីជាប្រពន្ធក្រោយ មានឈ្មោះឃ្លោក វាសនា អាយុប្រមាណ៣៧ឆ្នាំ។ ដោយឡែកស្ត្រីជាប្រពន្ធដើម មានឈ្មោះសុង បញ្ញា អាយុ៣៤ឆ្នាំ ជាពលការិនីធ្វើការនៅប្រទេសជប៉ុន មានលំនៅក្បែរផ្សារក្រោម ក្រុងសៀមរាប ខេត្តសៀមរាប។

តាមស្ត្រីជាប្រពន្ធដើម បានរៀបរាប់ប្រាប់ថា នាងត្រូវប្តីនេះលួចទៅរៀបការជាមួយប្រពន្ធថ្មី ចោលកូន២នាក់ ខណៈដែលនាងកំពុងធ្វើការនៅប្រទេសជប៉ុន។ នាងនិងប្តីឈ្មោះស៊ីវ ឥន្ទរ៉ា បានរៀបការនឹងគ្នាតាំងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១០ និងថែមទាំងមានអេតាស៊ីវិលត្រឹមត្រូវ ព្រមទាំងមានកូន២នាក់ ក្នុងនោះកូនស្រីច្បង អាយុ៨ឆ្នាំ និងកូនប្រុសពៅ​អាយុ៦ឆ្នាំទៀតផង។

ស្ត្រីជាប្រពន្ធដើម បន្តថា កាលពីអំឡុងចុងឆ្នាំ២០១៥ នាងបានចេញទៅធ្វើការនៅប្រទេសជប៉ុន បានប្រមាណ១ឆ្នាំ ស្រាប់តែប្តីដែលនៅស្រុកខ្មែរ​ ទូរស័ព្ទទៅរករឿងសុំលែងលះគ្នា ហើយសុំទៅរៀបការប្រពន្ធថ្មី តែនាងមិនព្រម ដោយប្រាប់ថា ចាំផ្តិតមេដៃលែងគ្នាសិន ទើបអាចរៀបការបាន ហើយត្រូវបានលោកប្តីគំរាម និងបោះពាក្យថា “អញការ ធ្វើអីអញ!” ព្រមទាំងធ្វើ លិខិតបញ្ជាក់មួយទៅឱ្យម្តាយរបស់នាងផ្តិតមេដៃ ឯកភាពព្រមព្រៀងផ្តាច់ចំណងអាពាហ៍ពិពាហ៍ប្តីប្រពន្ធ ដោយស្ម័គ្រចិត្តរៀងៗខ្លួន។ មូលហេតុដោយមិនអាចរស់នៅជាមួយគ្នា និងមិនចុះសម្រុក ស្គាល់តែភាពរកាំរកូស មានបញ្ហាលំបាក ស្មុគស្មាញគ្រប់យ៉ាង ដោយនាងពុំបានដឹងអ្វីទាំងអស់ ព្រោះកំពុងធ្វើការនៅជប៉ុន។

ស្ត្រីជាប្រពន្ធដើម បានបន្ថែមថា បន្ទាប់ពីបានលិខិតនោះដែលម្តាយផ្តិតមេដៃមិនទាន់មានការឯកភាពពីនាង និងមិនមានសាលក្រមពីតុលាការផង ឈ្មោះស៊ីវ ឥន្ទរ៉ា បានទៅធ្វើលិខិតពីចៅសង្កាត់ក្រគរ ដោយមានការគុបគិតគ្នា ចេញលិខិតបញ្ជាក់ថាឈ្មោះស៊ីវ ឥន្ទរ៉ា ជាពោះម៉ាយទៅវិញ តើលោកចៅសង្កាត់មានយល់ពីច្បាប់អត់? ហើយមានអ្វីជាសំអាង ដែលហ៊ាន ចេញលិខិតបញ្ជាក់ថាពោះម៉ាយ? ដោយសារតែបានលិខិតនោះ ទើបប្តីនាងបានទៅសុំរៀបអាពាហ៍ពិពាហ៍ជាមួយឈ្មោះឃ្លោក វាសនា ដែលកូនជាលោកគ្រូអនុវិទ្យាល័យសេរីភាព ក្រុងតាខ្មៅ កាលពីថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៨ ខណៈពេលដែលនាងនៅប្រទេសជប៉ុន ព្រមទាំងហ៊ានទៅចុះសំបុត្រអាពាហ៍ពិពាហ៍បានទៀត។

ស្ត្រីជាប្រពន្ធដើមរូបនេះ បានបញ្ជាក់ថា នៅខែវិច្ឆិកា ឆ្នាំ២០១៨ នៅពេលដែលនាង ត្រឡប់មកពីប្រទេសជប៉ុនវិញ បានដឹងរឿង ដែលប្តីបានទៅលួចរៀបការប្រពន្ធថ្មី តែហួស ពេលទៅហើយ នាងបានទាក់ទងឱ្យប្តីចូលខ្លួនមក ផ្តិតមេដៃលែងលះគ្នា តែប្តីគេចរហូត និងមិន ទទួលស្គាល់ចិញ្ចឹមកូន២នាក់ ហើយនាងក៏បាន ស្វែងរកលោកប្តី និងតាមទៅរកផ្ទះប្រពន្ធក្រោយទៀត។

តាមព័ត៌មានឱ្យដឹងថា នៅព្រឹកដែលស្ត្រីជា ប្រពន្ធដើម តាមរកប្តីឃើញនោះ ពួកគេឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង នៅផ្ទះប្រពន្ធក្រោយ ក្រោយមកក៏បាននាំគ្នាទៅសាលាសង្កាត់កំពង់សំណាញ់ ដើម្បីចង់ដឹងថា ហេតុអ្វីបានជាលោកចៅសង្កាត់ ចេញប័ណ្ណប្រកាសឱ្យប្តីអាចរៀបការ និងផ្តិតមេដៃលែងលះគ្នាបាន?

លោកចៅសង្កាត់កំពង់សំណាញ់ បានបញ្ជាក់ប្រាប់ថា មូលហេតុដែលលោកចេញប័ណ្ណប្រកាស ឱ្យឈ្មោះស៊ីវ ឥន្ទរ៉ា និងឈ្មោះឃ្លោក វាសនា រៀបការនេះ គឺដោយសំអាងលើលិខិតបញ្ជាក់ពីចៅសង្កាត់ក្រគរ ថា ឈ្មោះស៊ីវ ឥន្ទរ៉ា ជាពោះម៉ាយ។ លោកចៅសង្កាត់បញ្ជាក់ថា នេះជាកំហុសលោកចៅសង្កាត់ក្រគរ ដែលខាងប្រុសមិនមានសាលក្រម ក៏ហ៊ានបញ្ជាក់ថា ឈ្មោះស៊ីវ ឥន្ទរ៉ា ជាបុរសពោះម៉ាយ។

បន្ទាប់ពីមានការសម្របសម្រួលគ្នា និងមានការណែនាំពីចៅសង្កាត់ ពួកគេទាំង២នាក់ ក៏បានឯកភាពលែងលះ និងបាននាំគ្នាទៅសាលាឃុំកោះមិត្ត ស្រុកកំពង់សៀម ដើម្បីផ្តិតមេដៃលែងលះ តែពុំត្រូវលោកមេឃុំធ្វើឱ្យ ដោយណែនាំឱ្យពួកគេប្តឹងផ្តល់នៅតុលាការ ដើម្បីផ្តាច់សង្វាស៕

RELATED ARTICLES