Saturday, July 19, 2025
Homeព័ត៌មានជាតិនារីរូបស្រស់ ឆ្កែខាំ៩ថ្ងៃ ស្លាប់ចោលប្តី គួរឲ្យសោកស្តាយបំផុត

នារីរូបស្រស់ ឆ្កែខាំ៩ថ្ងៃ ស្លាប់ចោលប្តី គួរឲ្យសោកស្តាយបំផុត

ខេត្តកំពង់ចាម ៖ នារីរូបស្រស់ម្នាក់ ត្រូវបានសាច់ញាតិអះអាងថា ត្រូវបានសត្វឆ្កែខាំ និងត្រូវបានក្រុមគ្រួសារប្រាប់ឱ្យទៅចាក់ថ្នាំបង្ការដែរ តែមិនព្រមទៅ ដោយយល់ថា មិនអីទេៗ ទីបំផុត ៩ថ្ងៃក្រោយមក ក៏បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។

នារីរូបស្រស់ដែលត្រូវសត្វឆ្កែខាំ បណ្តាលឱ្យស្លាប់នោះ មានឈ្មោះសែម សុផាត អាយុ២៨ឆ្នាំ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។

យោងតាមបងប្រុសរបស់នារីរងគ្រោះ បានឱ្យដឹងថា បន្ទាប់ពីត្រូវឆ្កែខាំ គាត់បានដេញឱ្យប្អូនស្រី (នារីរងគ្រោះ) ទៅចាក់ថ្នាំបង្ការរោគឆ្កែឆ្កួតដែរ តែនាងមិនទៅ ដោយយល់ថា គ្រាន់តែដាច់រលាត់មិនអី។

បងស្រីរបស់នារីរងគ្រោះខាងលើ ក៏បានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ថា “ប្អូនស្រីរបស់ ខ្ញុំស្លាប់ដោយសារឆ្កែខាំ តែរយៈពេល៩ថ្ងៃទេ ហេតុអីបានមិនចេះប្រយ័ត្នហើយ ថែខ្លួនអ៊ីចឹង ដេញឱ្យទៅចាក់ថ្នាំ ថាមិនអីទេ…”។

ចំណែកបងស្រីជីដូនមួយរបស់នារីរងគ្រោះ បានបង្ហោះរូបភាព និងសារទុក្ខសោកមួយ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ដែរថា “បងប្អូនខ្ញុំទៅចោលខ្ញុំហើយ គ្មានថ្ងៃត្រឡប់ទេ បងប្អូនសូមមេត្តាប្រយ័ត្ន បើមានឆ្កែខាំ ត្រូវ ប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ វាអាចគ្រោះថ្នាក់ដល់អាយុជីវិត គាត់ត្រូវឆ្កែក្រញៅ រយៈពេល៩ថ្ងៃទេ…”។

នារីដដែលបានសរសេរបន្ថែមថា “យើងមានតែម្តាយមួយកូនមួយដូចគ្នា ហេតុអីក៏ឯងដាច់ចិត្តទៅចោលគាត់ចឹងហា តើអ៊ុំគាត់គិតម៉េច? ហេតុអីបានជាឯងទៅចោលយើង យើងមិនចង់ជឿទេ បងប្អូនជីដូមួយខ្ញុំទៅចោលខ្ញុំហើយ ទៅរហូត…”។

នារីជាបងជីដូនមួយរបស់នារីរងគ្រោះ បានឱ្យដឹងថា នារីរងគ្រោះដែលត្រូវជាបងប្អូនជីដូនមួយរបស់គាត់ ត្រូវបានសត្វឆ្កែចិញ្ចឹមរបស់នាងខាំដាច់រលាត់ត្រង់ដៃ បណ្តាលឱ្យមានស្លាកស្នាមរបួស កាលពី៩ថ្ងៃមុន លុះឃើញបែបនេះ ក្រុមគ្រួសារបានដេញឱ្យនាងទៅចាក់ថ្នាំបង្ការដែរ តែនាងមិនព្រមទៅ ដោយចេះតែនិយាយថា មិនអីទេៗ ស្រាប់តែអកុសល​ មកដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នាងក៏បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ធ្វើឱ្យក្រុមគ្រួសារយំសោកបោកខ្លួនយ៉ាងខ្លាំង ស្ទើរតែមិនអាចទទួលយកបាន។

គួររំលឹកថា កាលពីពេលថ្មីៗកន្លងទៅនេះ ក៏មានករណីស្រដៀងគ្នានេះកើតឡើងផងដែរ ដោយក្មេងស្រីម្នាក់ ត្រូវសត្វឆ្មាខាំ អស់រយៈពេលជាងបីខែ ប៉ុន្តែដោយសារភាពឆកល្វែងរបស់ក្រុមគ្រួសារ មិនបានបញ្ជូនទៅចាក់ថ្នាំ បង្ការឱ្យបានត្រឹមត្រូវ និងបានត្រឹមបញ្ជូនឱ្យពេទ្យភូមិចាក់ថ្នាំ ទីបំផុត៣ខែក្រោយមក ក្មេងស្រីរងគ្រោះក៏កើតមានអាការប្រកាច់ ថប់ដង្ហើម លុះក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីសង្គ្រោះ សុទ្ធតែត្រូវគ្រូពេទ្យអះអាងដូចគ្នាថា យឺតពេលទៅហើយ ទីបំផុតក្មេងស្រីរងគ្រោះ ក៏បានដាច់ ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់នាង ស្ថិតក្នុងភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

យ៉ាងណា ករណីទាំង២ខាងលើនេះ អាច ជាបទពិសោធន៍ និងមេរៀន សម្រាប់ប្រជាពលរដ្ឋទូទៅ ដែលត្រូវសត្វឆ្កែ-ឆ្មា ឬសត្វស៊ីសាច់ផ្សេងៗខាំ ត្រូវប្រញាប់បញ្ជូនទៅព្យាបាល ឬចាក់ថ្នាំបង្ការ ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីចៀសផុតពីការស្តាយក្រោយករណីទាំង២ខាងលើ ជាឧទាហរណ៍ជាក់ស្តែងស្រាប់៕

RELATED ARTICLES