Saturday, July 19, 2025
Homeព័ត៌មានជាតិម្នាក់ៗលាន់មាត់ថា "កាចណាស់" រឿងបាត់សំបុត្រម៉ូតូសោះ ដល់ថ្នាក់យកកាំភ្លើងភ្ជង់ក្បាល

ម្នាក់ៗលាន់មាត់ថា “កាចណាស់” រឿងបាត់សំបុត្រម៉ូតូសោះ ដល់ថ្នាក់យកកាំភ្លើងភ្ជង់ក្បាល

ភ្នំពេញ ៖ ហេតុការណ៍បុរសម្នាក់យកកាំភ្លើងភ្ជង់ក្បាលសន្តិសុខ ព្រោះតែស្រវឹងធ្លាក់ភ្នែកបាត់សំបុត្រម៉ូតូ ហើយត្រូវសន្តិសុខមិនឲ្យចេញនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខហាងខារ៉ាអូខេ យីហោ KTV J មានទីតាំងនៅតាមបណ្តោយផ្លូវ១០៥ កែងផ្លូវ៤៨៨ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំកាមន។

បុរសដែលដកកាំភ្លើងភ្ជង់ក្បាលសន្តិសុខខាងលើនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ ហើយក៏មិនដឹងថា ជាកងកម្លាំងនៅអង្គភាពណានោះដែរ។

តាមសម្តីជនរងគ្រោះជាសន្តិសុខហាងរ៉ាអូខេខាងលើ បានឱ្យដឹងដោយសុំមិនបញ្ចោញឈ្មោះថា នៅមុនពេលកើតហេតុ បុរសម្នាក់ដែលជាអ្នកដកកាំភ្លើងខាងលើ បានផ្ញើម៉ូតូចូលទៅក្នុងខារ៉ាអូខេ KTV J លុះក្រោយពីផឹកស៊ីស្រវឹង ចេញមកវិញ ស្រាប់តែបាត់សំបុត្រម៉ូតូ និងបានសុំសន្តិសុខចេញ តែសន្តិសុខមិនហ៊ានឱ្យចេញ ព្រោះខ្លាចបាត់ម៉ូតូគេ គ្មានលទ្ធភាពសង។ ពេលនោះ បុរសខាងលើ បាននិយាយទៅកាន់សន្តិសុខថា បើបាត់សំបុត្រយកកាំភ្លើងរបស់ខ្លួនទុកទៅ តែសន្តិសុខមិនហ៊ានយក រួចក៏បាននិយាយថា សុំតែអត្តសញ្ញាណប័ណ្ណ ដើម្បីទុកជាឯកសារបានហើយ។ ស្រាប់តែភ្លាមនោះ ជនសង្ស័យខឹងច្រឡោតយ៉ាងខ្លាំង រួចក៏បានដកកាំភ្លើងពីចង្កេះមកភ្ជង់ក្បាលទៅលើសន្តិសុខ ធ្វើឱ្យភ័យព្រលឹងចុងសក់តែម្តង។ បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីឱ្យខាងកងរាជអាវុធហត្ថ ជួយរកយុត្តិធម៌ឱ្យខ្លួន។

ក្រោយពេលកើតហេតុ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានចុះមកដល់ និងបានឃាត់ខ្លួនបុរសដែលមានកាំភ្លើងខ្លី ភ្ជង់សន្តិសុខនៅមុខខារ៉ាអូខេខាងលើ បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវធហត្ថខណ្ឌចំការមន ដើម្បីចាត់ការ និងដោះស្រាយគ្នាតាមច្បាប់៕

RELATED ARTICLES