Saturday, July 19, 2025
Homeព័ត៌មានជាតិគ្រាន់តែម៉ែស្តីបន្ទោសចប់ភ្លាម កូនប្រុសលេងយ៉ាងចាស់ដៃតែម្តង

គ្រាន់តែម៉ែស្តីបន្ទោសចប់ភ្លាម កូនប្រុសលេងយ៉ាងចាស់ដៃតែម្តង

ខេត្តកណ្តាល ៖ ហេតុការណ៍គ្រោះអគ្គិភ័យ ដោយសារយុវជនឈាមរាវម្នាក់ គ្រាន់តែត្រូវម្តាយស្តីបន្ទោសតិចតួច ស្រាប់តែមួួម៉ៅក្តៅចិត្ត ធ្វើសកម្មភាពដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងថែមទាំងឆេះរាលដល់ផ្ទះអ្នកជិតខាង១ខ្នងទៀត ទីបំផុត ក៏ត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ចាប់វាយខ្នោះនាំយក ទៅចាត់ការតាមច្បាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង។

លំនៅដ្ឋានដែលទទួលរងការឆាបឆេះទាំងស្រុង ក្រោមស្នាដៃកូនប្រុសចង្រៃលួចដុតនេះ មានទំហំ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ សង់ពីឈើ លើថ្មក្រោម ប្រក់ស័ង្កសី ជញ្ជាំងឈើ ជាកម្មសិទ្ធិរបស់ឈ្មោះតាត់ ភឿន ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុ ខាងលើ និងត្រូវជាម្តាយបង្កើតរបស់ជនបង្កហេតុ។ ចំណែកផ្ទះអ្នកជិតខាង១ខ្នងទៀត ដែលទទួលរងការឆាបឆេះដែរនោះ មានទំហំ ៥,៥ម៉ែត្រ គុណនឹង១២ម៉ែត្រ ធ្វើពីថ្ម (ជាប្រភេទផ្ទះល្វែង)។

ដោយឡែកជនបង្កហេតុ ដែលធ្វើសកម្មភាពដុតផ្ទះម្តាយខ្លួនឯងឱ្យឆេះហ្មត់ មានឈ្មោះភី វ៉ុង អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកេតិហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្ចាស់ផ្ទះខាងលើ និងត្រូវជាម្តាយរបស់ជនបង្ក បានធ្វើការស្តីបន្ទោសជនបង្កជាកូនប្រុស ពីរឿងដើរលេងឥតប្រយោជន៍ មិនគិតជួយធ្វើការងារផ្ទះ ឬរកការងារ អ្វីធ្វើដើម្បីចិញ្ចឹមជីវិត។ ស្រាប់តែក្រោយពេលដែលម្តាយស្តីបន្ទោសចប់ ជនបង្កក៏បានធ្វើសកម្មភាពដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ហើយភ្លាមនោះ មានប្រជាពលរដ្ឋក្បែរខាង បានជួយពន្លត់ភ្លាមៗដែរ តែមិនឈ្នះ ទើបទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ តែហាក់យឺតពេលទៅហើយ ព្រោះផ្ទះខាងលើត្រូវភ្លើងឆេះអស់ទាំងស្រុងទៅហើយ ទើបសមត្ថកិច្ច បានព្យាយាមបាញ់ទឹកទប់ស្កាត់កុំឱ្យឆេះរាលដល់លំនៅដ្ឋានប្រជាពលរដ្ឋជាប់នោះ ដោយគ្រាន់តែធ្វើឱ្យមានការឆេះរោលជញ្ជាំង ខូចខាតកម្រិតស្រាលប៉ុណ្ណោះ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យខាងលើនេះ គឺដោយសារតែកូនប្រុសរបស់ម្ចាស់ផ្ទះ ខឹងនឹងម្តាយស្តីបន្ទោសតិចតួច ក៏ដុតផ្ទះចោល ទើបធ្វើឱ្យឆេះផ្ទះខ្លួនឯងខ្ទេចអស់ និងបង្កឱ្យរាលឆេះផ្ទះអ្នកជិតខាងតិចតួចប៉ុណ្ណោះ។ យ៉ាងណា អគ្គិភ័យ នេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ។

ក្រោយពេលកើតហេតុ កម្លាំងកងរាជអាវុធហត្ថស្រុកស្អាង បានចុះដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនបង្កហេតុឈ្មោះភី វ៉ុង ដើម្បីនាំយកទៅធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES