Monday, July 21, 2025
Homeព័ត៌មានជាតិគ្រូបង្រៀនខ្វះការខន្តី វ៉ៃសិស្សស្រីជាំខ្នង ម្តាយប្តឹងសមត្ថកិច្ច ចុងក្រោយក៏...

គ្រូបង្រៀនខ្វះការខន្តី វ៉ៃសិស្សស្រីជាំខ្នង ម្តាយប្តឹងសមត្ថកិច្ច ចុងក្រោយក៏…

ភ្នំពេញ ៖ ករណីគ្រូបង្រៀននៅសាលាបឋមសិក្សាម្នាក់ បានវ៉ៃដំក្មេងស្រីរហូតដល់រងរបួសជាំខ្នង ត្រូវស្ត្រីជាម្តាយប្រទះឃើញ សួរនាំដឹងរឿង ក៏ក្តៅឆួលកើតទុក្ខមិនសុខចិត្ត ក៏នាំកូនស្រីចូលប៉ុស្តិ៍នគរបាល ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។

ក្មេងស្រីរងគ្រោះ មានឈ្មោះបូរិទ្ធ សុវណ្ណដាលិស អាយុ៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី២ “ក” នៃសាលាបឋមសិក្សាតេជោហ៊ុន សែន ច្រាំងចម្រេះ មានម្តាយឈ្មោះម៉ៅ សុភារម្យ អាយុ៣៦ឆ្នាំ រស់នៅភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។ ចំណែកអ្នកគ្រូដែលប្រើអំពើហិង្សាវាយដំសិស្ស មានឈ្មោះផ្លុង គឹមហេង ត្រូវជាគ្រូប្រចាំថ្នាក់ទី២ “ក” នៃសាលាបឋមសិក្សាតេជោហ៊ុន សែន ច្រាំងចម្រេះ និងត្រុវជាប្រពន្ធនាយកសាលាបឋមសិក្សាតេជោ ហ៊ុន សែន ច្រាំងចំរេះ ឈ្មោះ ពេជ ច័ន្ទត្រា នោះតែម្តង។

តាមសម្តីស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែលកូនស្រីគាត់ត្រឡប់មកពីរៀនវិញ ដោះអាវងូតទឹក ស្រាប់តែគាត់ឃើញមានស្នាមជាំយ៉ាងធំ នៅលើខ្នងកូនស្រីរបស់គាត់ លុះគាត់នឹកឆ្ងល់ក៏សួរ ទើបកូនស្រីគាត់បានប្រាប់ថា ត្រូវអ្នកគ្រូផ្លុង គឹមហេង ជាគ្រូប្រចាំថ្នាក់វ៉ៃ ខណៈដែលនាងឡើងសរសេរនៅក្តារខៀនហើយ មិនចេះ។ តាមពិត នេះមិនមែនជាលើកទី១ទេ ដែលអ្នកគ្រូបង្រៀនម្នាក់នេះ តែងវាយកូនសិស្ស មិនថាតែ កូនរបស់គាត់ ឬសិស្សដទៃទៀតទេ គឺកូនស្រីគាត់ប្រាប់ថា គាត់វាយស្ទើរគ្រប់គ្នា ប៉ុន្តែម្តាយឪពុកក្មេងចេះតែអត់ឱនឱ្យ ហើយទង្វើបែបនេះគាត់ជាម្តាយ ទទួលយកមិនបានទេទេ និងសំណូមពរឱ្យក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសមត្ថកិច្ចចាត់វិធានការផង។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះខាងលើរួចមក សមត្ថកិច្ចបានកោះហៅអ្នកគ្រូ ផ្លុង គឹមហេង និងលោកនាយកសាលា ដែលត្រូវជាប្តីរបស់អ្នកគ្រូរូបនោះ ចូលប៉ុស្តិ៍នគរបាលច្រាំងចំរេះ២ ដើម្បីធ្វើការ សម្របសម្រួលជាមួយភាគីអាណាព្យាបាលក្មេងស្រីរងគ្រោះ។ បន្ទាប់មកភាគីអ្នកគ្រូបង្រៀន ក៏បានធ្វើការសុំទោសម្តាយក្មេងស្រីរងគ្រោះ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់អំពើហិង្សានេះតទៅទៀតផងដែរ៕

RELATED ARTICLES