ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នកញៀននឹងល្បែងបញ្ជល់មាន់ភ្នាល់ដាក់លុយ ៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលអន្តរាគមន៍ នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ ឃាត់ខ្លួនរឹបអូសវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចដីឡូត៍របស់ឈ្មោះអ៊ួង ភុំ ភេទប្រុស អាយុ៧២ឆ្នាំ នៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន។

មន្ត្រីនគរបាលបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបអ្នកញៀនល្បែងបញ្ជល់មាន់ភ្នាល់ដាក់លុយនេះ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ជា វណ្ណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខណៈដែលពួកគេប្រើវិធីណាត់ផ្គូរផ្គង ដោយថ្លឹងគីឡូមាន់ និងចរចាតម្លៃភ្នាល់គ្នាតាមទូរស័ព្ទ ណាត់ពេលវេលា និងទីកន្លែង រួចដឹកមាន់មកជល់តែម្តង ដែលជារបៀបថ្មី ធ្វើឱ្យសមត្ថកិច្ចពិបាកតាមបង្ក្រាបពួកគេ។

មន្ត្រីដដែលបន្តថា ដោយអនុវត្តបទបញ្ជារបស់ស្នងការនគរបាលខេត្ត ក៏ដូចជាគណៈបញ្ជាការឯកភាពខេត្តផងនោះ កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ និងតាមដានមុខសញ្ញារហូតកំណត់បានច្បាស់ ឈានទៅបង្ក្រាបក្រុមនេះបាន ដោយចាប់ខ្លួន៦នាក់ ដកហូតវត្ថុតាង មាន់ជល់ ៩ក្បាល, ម៉ូតូចំនួន២២គ្រឿង និងសម្ភារៈផ្សេងៗជាច្រើនទៀត។

បន្ទាប់ពីឃាត់ខ្លួនជនញៀននឹងល្បែងភ្នាល់បក្សីកីឡាទាំងនោះ រួមនឹងវត្ថុតាងត្រូវកម្លាំងនគរបាលនាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕





