Sunday, July 27, 2025
Homeព័ត៌មានជាតិនាងអើយនាង ទុកតាធ្វើបុណ្យមិនបានទេ?

នាងអើយនាង ទុកតាធ្វើបុណ្យមិនបានទេ?

ខេត្តកណ្តាល ៖ ករណីអំពើហិង្សាដោយចេតនាមួយបានកើតឡើង ដោយសារតែស្ត្រីជើងខ្លាំង វាយសំពងបុរសចំណាស់រយះក្បាល ព្រោះតែខឹងរកវាយឆ្កែរបស់ខ្លួននេះ ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៤ និង២០នាទីរសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង។

ស្ត្រីជើងខ្លាំងមានឈ្មោះម៉ូវ ង៉ិចហៀក អាយុ២៨ឆ្នាំ មុខរបរកម្មការិនី មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកបុរសចំណាស់ជាជនរងគ្រោះ មានឈ្មោះលីវ ឈៀង អាយុ៩៤ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា (រងរបួសរយះក្បាល និងដៃឆ្វេង)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញលោកតារងគ្រោះឈ្មោះលីវ ឈៀង បានដើរកាន់ឈើច្រត់ តាមផ្លូវលំកាត់មុខផ្ទះរបស់ស្ត្រីជើងខ្លាំង ឈ្មោះម៉ូវ ង៉ិចហៀក។ រំពេចនោះស្រាប់តែសត្វឆ្កែរបស់ជនបង្ក ២ក្បាល បានព្រុសខ្លាំងៗចេញពីក្នុងផ្ទះមក និងថែមទាំងដេញតាមខាំលោកតារងគ្រោះទៀតផង ទើបធ្វើឱ្យលោកតារងគ្រោះលើកឈើច្រត់របស់គាត់ យារកវាយឆ្កែការពារខ្លួន ស្រាប់តែត្រូវឈ្មោះម៉ូវ ង៉ិចហៀក ប្រទះឃើញ ក៏ស្ទុះចេញពីក្នុងផ្ទះ មករករឿងឈ្លោះប្រកែកជាមួយលោកតារងគ្រោះ ដោយបានចោទប្រកាន់ថា លោកតារងគ្រោះ បានវាយឆ្កែរបស់នាង ហើយនាងបានស្ទុះទៅទាញដំបងឬស្សី ប្រវែងជាង១ម៉ែត្រ វាយសំពងលោកតារងគ្រោះ ចំពីលើក្បាល បណ្តាលឱ្យបែក និងរបួសមុតដៃចេញខាងឆ្វេងចេញឈាមទៀតផង។

ក្រោយកើតហេតុ លោកតារងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅសម្រាកព្យាបាលរបួសនៅមន្ទីពេទ្យឯកជនមួយ​នៅស្វាយតានី។​ ចំណែកស្ត្រីជើងខ្លាំងដែលជាជនដៃដល់ ត្រូវបានសមត្ថកិច្ចចុះចាប់វាយខ្នោះ ដោយដកហូតបានដំបងឬស្សីងាប់ ចំនួន១ដើម ប្រវែង១,០៦ម៉ែត្រ។

ស្ត្រីជើងខ្លាំងខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES