ភ្នំពេញ៖ ទីបំផុត នៅរសៀលថ្ងៃនេះ នារីដែលបានបើករថយន្តស៊េរីទំនើប បុកសិស្សស្រីឆ្នាំទី៤ ស្លាប់យ៉ាងអាណោចអាធ័ម បានចូលខ្លួនមកដោះស្រាយនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញហើយ នេះបើយោងតាមលោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹង។

ការចូលខ្លួនមកដោះស្រាយនេះ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ជាឲ្យសម្លាំងសមត្ថកិច្ចស្រាជ្រាវរកមុខជនបង្ក មកផ្តន្ទាទោសតាមច្បាប់ អំឡុងពេលដែលសម្តេចអញ្ជើញចូលរួមប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិត ដែលបានបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ សរុបចំនួន១,៩១៨នាក់ នៅវិទ្យាស្ថានាជាតិអប់រំ ។

យ៉ាងណា លោកវរសេនីយ៍ឯក សែម គន្ធា ប្រាប់ថា ម្ចាស់រថយន្ដឈ្មោះយិន ង្គិច មិនទាន់បានបញ្ជាក់ថា នរណាជាអ្នកបើករថយន្ដទៅបុកនិស្សិតឆ្នាំទី៤ ស្លាប់យ៉ាងអនោចអធ័មនោះទេ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តទំនើប ម៉ាក Range Rover ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បើកបរយ៉ាងលឿន ជ្រុលទៅបុកនិស្សិតស្រីឆ្នាំទី៤ម្នាក់ សិក្សានៅសាលាផារ៉ាហ្គន ផ្ទប់នឹងជញ្ជាំង បណ្តាលឲ្យនាងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ហេតុការណ៌នេះកើតឡើងនៅតាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ចំណែកជនបង្ក ពេលបង្កហេតុ បានរួចគេចខ្លួនបាត់ស្រមោល។

លុះនៅកណ្តាលយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចបានប្រទះឃើញរថយន្តបង្កហេតុ ឈប់នៅតាមបណ្តោយផ្លូវសឡា (៣៧១) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ហើយក៏ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយបន្តទៀត និងតាមស្វែងរកអ្នកបើកមកទទួលទោសតាមច្បាប់។

តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចបានរកឃើញឈ្មោះ យិន ង្គិច ដែលជាម្ចាស់រថយន្តបង្កហេតុ៕

