បន្ទាប់ពីលោកយិន ង្គិច បានចូលខ្លួនដោះស្រាយនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលម្សិលមិញនេះ លោកបានបញ្ជាក់ប្រាប់សមត្ថកិច្ចយ៉ាងច្បាស់ថា កូនស្រីលោក ឈ្មោះយិន ម៉ាណា ដែលមានវ័យទើបតែ១៧ឆ្នាំ បានបើកឡានបុកនិស្សិតស្រីឆ្នាំទី៤ ស្លាប់ពិតប្រាកដមែន។
បើតាមមន្រ្តីនគរបាលជាន់ខ្ពស់ សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់វប្រាប់យ៉ាងច្បាស់ៗថា លោកយិន ង្គិច ដែលជាឪពុករបស់ក្មេងស្រីបើកឡានបង្កហេតុ បានព្រមសារភាពថា អ្នកបើករថយន្តនោះជាកូនស្រីរបស់លោកពិតប្រាកដមែន ហើយលោកក៏បានយល់ព្រមផ្តិតមដៃនៅលើកិច្ចសន្យាផងដែរ។ ហើយលោកក៏បានសន្យាថា នឹងនាំខ្លួនកូនស្រីមកប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធីតាមផ្លូវច្បាប់។

មន្រ្តីដដែលរូបនោះ បានរៀបរាប់ថា មុនពេលកើហេតុ ជនបង្កឈ្មោះ យិន ម៉ាណា មានអាយុ១៧ឆ្នាំ រួមជាមួយមិត្តភក្តិមានវ័យគ្នាស្របាលគ្នា ចំនួន៤នាក់ (ប្រុស៣នាក់ ស្រីម្នាក់) បានបើករថយន្ត Range Rover បានចូលទៅហាងបុកល្ហុកមួយកន្លែងនៅក្បែរនោះ បន្ទាប់ពីហូបអីហើយ ជនបង្កបានឡើងបើករថយន្តវិញ អមដោយមិត្តភក្តិប្រុសៗ ជិះជាមួយ ចំនួន២នាក់ រួចបើកយ៉ាងលឿនចេញទៅ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយបានជ្រុលទៅបុកនិស្សិតស្រីរងគ្រោះស្លាប់យ៉ាងអាណោចអាធ័មពែពនេះតែម្តងទៅ។
មន្រ្តីនគរបាលជាន់ខ្ពស់រូបនេះ បានបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ច លោក យិន ហ្គិច បានសន្យាថានឹងនាំខ្លួនកូនស្រីមកប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តទំនើប ម៉ាក Range Rover ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បើកបរយ៉ាងលឿន ជ្រុលទៅបុកនិស្សិតស្រីឆ្នាំទី៤ម្នាក់ សិក្សានៅសាលាផារ៉ាហ្គន ផ្ទប់នឹងជញ្ជាំង បណ្តាលឲ្យនាងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ហេតុការណ៌នេះកើតឡើងនៅតាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ចំណែកជនបង្ក ពេលបង្កហេតុ បានរួចគេចខ្លួនបាត់ស្រមោល។

លុះនៅកណ្តាលយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចបានប្រទះឃើញរថយន្តបង្កហេតុ ឈប់នៅតាមបណ្តោយផ្លូវសឡា (៣៧១) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ហើយក៏ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយបន្តទៀត និងតាមស្វែងរកអ្នកបើកមកទទួលទោសតាមច្បាប់។

តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចបានរកឃើញឈ្មោះ យិន ង្គិច ដែលជាម្ចាស់រថយន្តបង្កហេតុ៕


